ទូរស័ព្ទដៃ កៅអីពូក និងសម្លៀកបំពាក់ «ផលិតនៅវៀតណាម» កាន់តែមានប្រជាប្រិយភាពខ្លាំងជាងពេលណាៗទាំងអស់សម្រាប់ពលរដ្ឋអាមេរិកាំង។ កម្រិតនៃការនាំចូលរបស់សហរដ្ឋអាមេរិកមកពីប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ បានកើនឡើងខ្លាំង ដែលការណ៍នេះបង្ហាញថាទំនាក់ទំនងរវាងប្រទេសទាំងពីរមានភាពប្រសើរឡើង បើទោះបីជាប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ប្រកាន់ជំហរតឹងរ៉ឹងជាងមុននៅក្នុងវិស័យពាណិជ្ជកម្មជាមួយប្រទេសវៀតណាមក្តី។
សហរដ្ឋអាមេរិកបានបង្កើនការនាំចូលពីប្រទេសវៀតណាមចំនួន ៣៦ ភាគរយ កាលពីឆ្នាំមុន ដែលស្មើនឹង ៦៧ ពាន់លានដុល្លារ ដែលនេះគឺជាកំណើនខ្ពស់បំផុតក្នុងមួយឆ្នាំចាប់តាំងពីឆ្នាំ ២០០៣ មក។ នេះបើយោងតាមទិន្នន័យរបស់ការិយាល័យជំរឿនសហរដ្ឋអាមេរិក។
លោក Michael Ryan ប្រធានផ្នែកសេដ្ឋកិច្ចនៃក្រុមហ៊ុនស្រាវជ្រាវការវិនិយោគ IHS Markit Economics បានឲ្យដឹងថា កំណើននេះបង្ហាញថា ប្រទេសវៀតណាមកំពុងវិវឌ្ឍន៍ទៅមុខយ៉ាងខ្លាំងក្នុងវិស័យពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក។
អាជីវកម្មជាច្រើនបានផ្លាស់ទីទៅកាន់ប្រទេសវៀតណាម ដើម្បីកុំឲ្យពឹងផ្អែកច្រើនពេកតែលើប្រទេសចិន ដោយសារការធ្វើអាជីវកម្មក្នុងប្រទេសចិនកាន់តែត្រូវការចំណាយច្រើនជាង ឬក៏ពិបាកធ្វើអាជីវកម្មដោយសារហេតុផលមួយចំនួនដូចជាសង្គ្រាមពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក ការឆ្លងរាតត្បាតនៃមេរោគកូរ៉ូណាថ្មី និងការចំណាយថ្លៃ។
លោក Ryan បាននិយាយដូច្នេះថា៖ «សហរដ្ឋអាមេរិកបានក្លាយជាក្បាលម៉ាស៊ីននាំចេញដ៏សំខាន់បំផុតសម្រាប់វៀតណាម ដែលការនាំចេញនេះស្មើនឹង ២ ភាគ ៣ នៃការកើនឡើងនៃការនាំចេញសរុបរបស់ប្រទេសវៀតណាមកាលពីឆ្នាំ ២០១៩»។
ប្រទេសវៀតណាមគឺប្រភពស្នូលនៃការនាំចេញគ្រឿងអេឡិចត្រូនិក គ្រឿងសង្ហារឹម សម្លៀកបំពាក់ ស្បែកជើង និងត្រី ទៅកាន់សហរដ្ឋអាមេរិក។ ហើយប្រទេសនេះក៏ជាអ្នកនាំចេញកាហ្វេ អង្ករ និងម្ហូបអាហារផ្សេងទៀត ដ៏សំខាន់មួយផងដែរនៅលើពិភពលោក។
បន្ទាប់ពីរដ្ឋាភិបាលសហរដ្ឋអាមេរិកបានស្នើប្រទេសវៀតណាមឲ្យទិញផលិតផលអាមេរិកឲ្យបន្ថែមទៀត វៀតណាមបានប្រកាសកាលពីខែមីនាថា ខ្លួននឹងទិញទំនិញកសិកម្ម ដូចជាសណ្ដែកសៀង ចំណីសត្វ និងស្រូវសាលី ក្នុងទឹកប្រាក់ ៣ ពាន់លានដុល្លារ បន្ថែមពីលើការប្រកាសទិញយន្តហោះសហរដ្ឋអាមេរិកកាលពីពេលកន្លងទៅ។
លោក Trump បានគំរាមយកពន្ធគយ ដោយបាននិយាយកាលពីខែមិថុនាថា ប្រទេសវៀតណាមបានរំលោភលើប្រព័ន្ធពាណិជ្ជកម្ម ប៉ុន្តែលោកមិនបានពន្យល់ឲ្យបានក្បោះក្បាយនោះទេ។ លោកបាននិយាយថា លោកចង់កាត់បន្ថយគម្លាតនៃការនាំចេញរបស់សហរដ្ឋអាមេរិកទៅវៀតណាម ជាមួយនឹងចំនួនដ៏ច្រើននៃអ្វីដែលសហរដ្ឋអាមេរិកនាំចូលពីប្រទសវៀតណាម។
ផ្ទុយទៅវិញ គម្លាតនេះបានកើនឡើងជារៀងរាល់ឆ្នាំចាប់ពីឆ្នាំ ២០០៨ ដល់ឆ្នាំ ២០១៩។ នេះបើយោងតាមការិយាល័យជំរឿនរបស់សហរដ្ឋអាមេរិក។ ទោះបីជាសេដ្ឋវិទូមួយចំនួនបាននិយាយថា តុល្យភាពពាណិជ្ជកម្ម មិនមែនជាវិធីសំខាន់សម្រាប់វាស់ស្ទង់ភាពជោគជ័យនៃការធ្វើពាណិជ្ជកម្មក៏ដោយ ក៏វៀតណាមនាំចេញច្រើនបន្ថែមទៀតដោយារតែបញ្ហាសង្គ្រាមពាណិជ្ជកម្មរវាងសហដ្ឋអាមេរិក និងចិន។
លោកសាស្ត្រាចារ្យ Jing Wu ដែលមកពីមហាវិទ្យាល័យពាណិជ្ជកម្មនៃសាកលវិទ្យាល័យ Chinese University of Hong Kong បាននិយាយថា សង្គ្រាមពាណិជ្ជកម្មរបស់លោក Trump មិនបានធ្វើឲ្យក្រុមហ៊ុនទាំងឡាយផ្លាស់ទីទៅសហរដ្ឋអាមេរិកនោះទេ ផ្ទុយទៅវិញ ក្រុមហ៊ុនទាំងនោះបានផ្លាស់ទីទៅកាន់ប្រទេសផ្សេងដូចជាប្រទេសវៀតណាមជាដើម។
លោក Jing Wu បញ្ជាក់ដូច្នេះថា៖ «ផ្ទុយទៅនឹងសម្មតិកម្មដែលថា ក្រុមហ៊ុនទាំងនោះផ្លាស់ទីតាំងផលិតទៅសហរដ្ឋអាមេរិកវិញដោយសារមានសុវត្ថិភាពជាងនោះ យើងរកឃើញថា កំណើននៃភាពមិនច្បាស់លាស់នៃគោលនយោបាយពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក បានធ្វើឲ្យរអាក់រអួលដល់ដំណើរការផលិតកម្មរបស់ក្រុមហ៊ុនអាមេរិកនៅបរទេសទៅវិញ»។
លោក Jing Wu និងសហការីរបស់លោក បានសិក្សាពីទំនាក់ទំនងរវាងភាពមិនប្រាកដប្រជា នៃពាណិជ្ជកម្ម និងការប្ដូរទីតាំងនៃក្រុមហ៊ុនអាជីវកម្ម ហើយបានរកឃើញថា ក្រុមហ៊ុនអាជីវកម្មមាននិន្នាការបំបែកទៅប្រទេសផ្សេងៗក្នុងពេលមានសង្គ្រាមពាណិជ្ជកម្មកើតឡើងនេះ។ ពួកគេបានលើកឧទាហរណ៍ដូចជាក្រុមហ៊ុន Apple ក្រុមហ៊ុន Chevron និងក្រុមហ៊ុន L Brands ដែលជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុន Victoria's Secret ជាដើម ដែលភាគច្រើនបានផ្លាស់ទីតាំងទៅកាន់ប្រទេសវៀតណាម។
ការសិក្សារបស់ពួកគេនេះបានធ្វើឡើងមុនពេលមានការផ្ទុះឡើង និងឆ្លងរាលដាលនៃជំងឺ COVID-19 ដែលជំងឺនេះបានបង្អាក់ដល់ខ្សែសង្វាក់ផ្គត់ផ្គង់ និងការនាំចេញជុំវិញពិភពលោក។ ទោះជាយ៉ាងនេះក្ដី អាជីវកម្មនានាត្រូវបានគេរំពឹងថានឹងនៅបន្តសកម្មភាព និងការវិនិយោគនៅក្នុងប្រទេសវៀតណាម នៅក្រោយពេលដែលវិបត្តិនេះបញ្ចប់ទៅ។ ជាឧទាហរណ៍ ក្រុមប្រឹក្សាពាណិជ្ជកម្មអាមេរិកអាស៊ាន បានបន្តផែនការបញ្ជូនគណៈប្រតិភូពាណិជ្ជកម្មទៅកាន់ប្រទេសវៀតណាមកាលពីខែមីនានៅពេលកំពុងមានវិបត្តិជំងឺនេះ។
ប្រែសម្រួលដោយ សឿន វឌ្ឍនា