អ្នកវិភាគខ្លះចាត់ទុកឆ្នាំ២០២៣ជាឆ្នាំមួយមានការច្របូកច្របល់សម្រាប់រដ្ឋាភិបាលក្រុងប៉េកាំងហើយនិយាយថាហេតុការណ៍ជាច្រើនដែលបានកើតមានជាផ្នែកមួយនៃផលប៉ះពាល់ដោយសារគោលនយោបាយធ្វើមិនឱ្យមានជំងឺកូវីដ (ឬសូន្យកូវីដ) ដែលមានរយៈពេលជិតបីឆ្នាំ។
លោក Dali Yang អ្នកជំនាញខាងនយោបាយចិននៅសាកលវិទ្យាល័យ Chicago បាននិយាយប្រាប់វីអូអេតាមទូរស័ព្ទថា៖ «អ្វីជាច្រើនដែលបានកើតមានគឺពាក់ព័ន្ធនឹងយុទ្ធសាស្ត្រសូន្យកូវីដ។ គ្មានកូវីដទេនៅពេលនេះ តែផលប៉ះពាល់ដល់សេដ្ឋកិច្ចនៃគោលនយោបាយទាំងនោះនៅតែមាន»។
សេចក្តីសម្រេចរបស់អាជ្ញាធរចិនក្នុងការបញ្ឈប់គោលនយោបាយសូន្យកូវីដ ជាបន្ទាន់នៅដំណាច់ឆ្នាំ២០២២បានបណ្តាលឱ្យមានកំណើនខ្លាំងនៃករណីកូវីដ១៩និងការស្លាប់នៅទូទាំងប្រទេសចិននៅដើមឆ្នាំ២០២៣។ រូបភាពតាមបណ្តាញសង្គមបានបង្ហាញឱ្យឃើញពលរដ្ឋចិនឈរបន្តគ្នាច្រើនម៉ោងនៅក្រៅមន្ទីរពេទ្យ។
នៅពេលបន្ទាប់មក វីដេអូបណ្តាញសង្គម រូបថតផ្កាយរណបនិងរូបថតរបស់បណ្តាញព័ត៌មានបរទេសនៅនឹងកន្លែងបានបង្ហាញកន្លែងបូជាសពមានមនុស្សស្លាប់កើនច្រើន។ ការិយាល័យស្ថិតិជាតិនៃប្រទេសចិនមិនបានផ្សាយអំពីចំនួនសរុបនៃការស្លាប់ក្នុងខែធ្នូទេ។
អ្នកស្រី Sherry Liang គ្រូបង្រៀនភាសាអង់គ្លេសអាយុ៣៥ឆ្នាំនៅភាគកណ្តាលនៃប្រទេសចិនបានថ្លែងប្រាប់វីអូអេតាមទូរស័ព្ទថា៖«កំណើនយ៉ាងច្រើននៃករណីជំងឺកូវីដនិងការស្លាប់ ជាពិសេសក្នុងចំណោមមនុស្សចាស់ បានធ្វើឱ្យខ្ញុំដឹងថារដ្ឋាភិបាលចិនមិនគិតគូរអំពីថាតើសេចក្តីសម្រេចរបស់ខ្លួនមានផលប៉ះពាល់បែបណាលើប្រជាជនចិនទេ»។
អត្រាយុវជនគ្មានការងារធ្វើ
ក្រៅពីការកើនឡើងនៃករណីកូវីដនិងការស្លាប់កាលពីខែមករា ប្រទេសចិនក៏មានកំណើនអត្រាយុវជនមិនមានការងារធ្វើក្នុងកម្រិតខ្ពស់ជាប្រវត្តិសាស្ត្រ ហើយសេដ្ឋកិច្ចក៏មានដំណើរយឺតផងដែរ។ ជាច្រើនខែមកហើយ អត្រាយុវជនគ្មានការងារធ្វើក្នុងប្រទេសចិនមានលើស២០% ដែលនាំឱ្យនិស្សិតមានបរិញ្ញាបត្ររាប់លាននាក់អស់សង្ឃឹម។
ជាជាងផ្សព្វផ្សាយរូបភាពរីករាយនៃពិធីទទួលសញ្ញាបត្រ យុវជនជាច្រើននាក់ក្នុងប្រទេសចិនបានផ្សព្វផ្សាយរូបថតពួកគេដេកលើដី ទម្រេតខ្លួនផ្កាប់មុខលើជណ្តើរឬដាក់សញ្ញាបត្រក្នុងធុងសម្រាម។
ផ្សារការងារក្រៀមក្រោះបានបង្ខំយុវជនខ្លះឱ្យវិលទៅកាន់ស្រុកកំណើតរបស់ពួកគេវិញហើយក្លាយជា«កូននៅផ្ទះគ្រប់ពេល» ចំណែកឯយុវជនឯទៀតៗវិញជួបការលំបាកក្នុងការរស់នៅជាធម្មតាដោយសារមានបញ្ហាផ្លូវចិត្ត។ លោក Jacky Wang អាយុ២២ឆ្នាំជាអ្នកមានបរិញ្ញាបត្រនៅក្នុងក្រុង Shanghai បាននិយាយប្រាប់វីអូអេតាមទូរស័ព្ទថា៖«ខ្ញុំត្រូវបានពិនិត្យឃើញថាមានជំងឺធ្លាក់ទឹកចិត្តតាំងពីខ្ញុំបាត់បង់ការងារកាលពីខែមិថុនា»។
លោកបានបន្ថែមថា៖«ខ្ញុំខ្លាចមិនហ៊ានស្វែងរកការងារ។ នៅពេលណាខ្ញុំបើកគេហទំព័រស្វែងរកការងារ ខ្ញុំច្រួលច្រាលក្នុងចិត្តហើយឈឺក្បាលខ្លាំង។ ពេលណាខ្ញុំមើលតួលេខថ្មីៗអំពីយុវជនគ្មានការងារធ្វើ ខ្ញុំគិតថាតើនេះជាជីវិតខ្ញុំនៅពេលខ្ញុំរស់ក្នុងប្រទេសចិនឬយ៉ាងណា»។
កាលពីខែសីហា ចិនប្រកាសថាខ្លួនលែងផ្សាយទិន្នន័យយុវជនគ្មានការងារធ្វើទៀតហើយ ដោយនិយាយយោងដល់សេចក្តីត្រូវការកែលម្អវិធីប្រមូលទិន្នន័យ។
ការច្របូកច្របល់ខាងនយោបាយនិងក្តីទោមនស្សសាធារណៈ
នៅពេលតស៊ូនឹងឧបសគ្គដោយសារការបញ្ឈប់គោលនយោបាយសូន្យកូវីដរដ្ឋាភិបាលចិនបានប្រឈមនឹងពេលលំបាកខាងនយោបាយខ្លះដែរ ព្រមទាំងក៏មានការអាក់អន់ចិត្តអំពីរបៀបដឹកនាំឆ្គាំឆ្គងរបស់លោក Xi Jinping ផងដែរ។
តាំងពីខែកក្កដាមក មន្ត្រីជាន់ខ្ពស់ពីរនាក់គឺអតីតរដ្ឋមន្ត្រីការបរទេសលោក Qin Gang និងអតីតរដ្ឋមន្ត្រីការពារប្រទេសលោក Li Shangfu មិនបានបង្ហាញខ្លួនជាសាធារណៈ ហើយបន្ទាប់មកបានត្រូវដកចេញពីតំណែង។ ដោយត្រូវយល់ឃើញថាជាអ្នកស្មោះស្ម័គ្រជាមួយលោក Xi អ្នកសង្កេតការណ៍ខ្លះបាននិយាយថាការដករដ្ឋមន្ត្រីទាំងពីរនាក់នេះចេញពីតំណែងឆ្លុះបញ្ចាំងឱ្យឃើញកង្វះតម្លាភាពនិងការទទួលខុសត្រូវខ្ពស់តាមនយោបាយរបស់មនុស្សតែម្នាក់របស់លោក Xi។
លោក Alfred Wu អ្នកជំនាញខាងនយោបាយចិននៅសាកលវិទ្យាល័យជាតិសិង្ហបូរីបាននិយាយថានៅពេលដែលលោក Xi គ្រប់គ្រងប្រទេសតឹងរ៉ឹងជាងមុន ដោយបន្តឹងការត្រួតត្រាលើសង្គមស៊ីវិលនិងបង្ក្រាបធុរកិច្ចដូចជាក្រុម Alibaba ជាដើម ប្រជាជនខ្លះបានប្រើឱកាសនានាដូចជាមរណភាពកាលពីខែតុលាមុននៃអតីតនាយករដ្ឋមន្ត្រីលោក Li Keqiang ដើម្បីប្រឆាំងនឹងការគ្រប់គ្រងដោយមនុស្សតែម្នាក់របស់លោក Xi។
លោកបានថ្លែងប្រាប់វីអូអេតាមទូរស័ព្ទថា«ដោយកាន់មរណទុក្ខដល់លោក Li ប្រជាជនចិនចង់បង្ហាញថាពួកគេនឹករឭកសម័យមានមនុស្សធម៌ជាងមុនក្នុងប្រទេសចិន ហើយពួកគេមានប្រតិកម្មដល់ការប្រែប្រួលដែលបានកើតមានក្នុងប្រទេសចិនក្រោមការគ្រប់គ្រងរបស់លោក Xi។
នៅក្រោយបណ្តាញព័ត៌មានរដ្ឋប្រកាសអំពីមរណភាពរបស់លោក Li កាលពីថ្ងៃទី២៧ខែតុលាមក រូបថតនិងវីដេអូក្នុងបណ្តាញសង្គមបានបង្ហាញឱ្យឃើញពលរដ្ឋចិនរាប់រយនាក់ឈរនៅក្រៅផ្ទះលោក Li កាលលោកនៅក្មេងក្នុងខេត្ត Anhui ដើម្បីសម្តែងការគោរពដល់អតីតនាយករដ្ឋមន្ត្រីរូបនេះ។
នៅលើបណ្តាញសង្គមចិន Weibo ពលរដ្ឋប្រើ internet ខ្លះបានហៅលោក Li ថាជា«នាយករដ្ឋមន្ត្រីល្អដែលបានឧទ្ទិសខ្លួនលោកដល់ប្រជាជន»។ ចំណែកឯជនឯទៀតៗវិញបាននិយាយថាពួកគេតែងតែ«ស្រឡាញ់និងគោរព»លោក Li។ តែក្នុងពេលខ្លីតមកកម្មវិធីត្រួតពិនិត្យតាមអ៊ីនធឺណិតនៃប្រទេសចិនបានរាំងខ្ទប់ការរុករកពាក្យពាក់ព័ន្ធទាំងនេះ។
នៅពេលប្រារព្ធពិធីបុណ្យ Halloween នៅឆ្នាំនេះ អ្នកចូលរួមខ្លះបានស្លៀកពាក់សម្លៀកបំពាក់ hazmat suits ដែលដូចពួកអាជ្ញាធរពង្រឹងបទបញ្ញត្តិប្រឆាំងជំងឺកូវីដ១៩នៅពេលរាតត្បាតជំងឺនេះ។ ចំណែកឯមនុស្សឯទៀតវិញបានពាក់ផ្ទាំងក្រដាសលើសម្លៀកបំពាក់ពួកគេជានិមិត្តរូបនៃការប្រឆាំងនឹងយុទ្ធសាស្ត្រសូន្យកូវីដក្នុងឆ្នាំ២០២២។
ដោយសកម្មភាពផលិតកម្មចុះថយក្នុងខែទីពីរបន្តបន្ទាប់កាលពីខែវិច្ឆិកា ហើយសេដ្ឋកិច្ចប្រទេសមិនបានបង្ហាញសញ្ញាអំពីការរើបឡើងវិញ លោក Wu នៅសិង្ហបូរីមិនរំពឹងថាស្ថានភាពទាំងស្រុងនឹងល្អប្រសើរជាងមុនសម្រាប់ប្រទេសចិនក្នុងពេលអនាគតឆាប់ៗនេះទេ។
លោកបានថ្លែងប្រាប់វីអូអេថានៅពេលដែលអ្វីៗភាគច្រើននឹងនៅដដែលក្នុងប្រទេសចិននៅឆ្នាំក្រោយក៏ដោយក៏«ស្ថានភាពជាមូលដ្ឋាន ជាពិសេសស្ថានភាពសេដ្ឋកិច្ចនឹងអាក្រក់ជាងឆ្នាំ២០២៣»។
ទោះជាមានទស្សនៈទុទិដ្ឋិនិយមអំពីប្រទេសចិនក្នុងឆ្នាំ២០២៤ក៏ដោយ ក៏ពលរដ្ឋចិនខ្លះយល់ថាបើប្រៀបធៀបជាមួយប្រជារាស្ត្រអ៊ុយក្រែនដែលបានរងទុក្ខវេទនាដោយសារសង្គ្រាមរបស់រុស្ស៊ីជាងមួយឆ្នាំមកហើយ ស្ថានភាពពួកគេហាក់ដូចជាល្អជាងនៅអ៊ុយក្រែន។
លោក Allen Wang បុរសចិនអាយុ៣៧ឆ្នាំនៅខេត្ត Jiangsu បានថ្លែងប្រាប់វីអូអេតាមទូរស័ព្ទថា៖«ទោះជាការគ្រប់គ្រងផ្តាច់ការរបស់រដ្ឋាភិបាលចិនគួរឱ្យខ្លាចក៏ដោយ ក៏សង្គ្រាមនៅអ៊ុយក្រែនមានមនុស្សស្លាប់ច្រើន»៕
ប្រែសម្រួលដោយលោកឈឹម សុមេធ