ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ធា្លក់ចុះ​នៃ​កំណើន​ប្រជាជន​និង​សេដ្ឋកិច្ច​ចិន​ជា​សញ្ញា​បង្ហាញ​ពី​ផ្លូវ​ដ៏​លំបាក​សម្រាប់​ចិន​នៅ​ពេល​ខាង​មុខ


រូប​ឯកសារ៖ ស្ត្រី​ម្នាក់​និង​កូន​ក្មេង​ម្នាក់​ដើរ​កាត់​កន្លែង​លក់​របស់​ក្មេង​លេង​នៅ​ផ្សារ​ទំនើប​មួយ​កន្លែង​នៅ​ទី​ក្រុង​ប៉េកាំង កាល​ពី​ថ្ងៃ​ទី​១១ ខែ​មករា ឆ្នាំ​២០២៣។
រូប​ឯកសារ៖ ស្ត្រី​ម្នាក់​និង​កូន​ក្មេង​ម្នាក់​ដើរ​កាត់​កន្លែង​លក់​របស់​ក្មេង​លេង​នៅ​ផ្សារ​ទំនើប​មួយ​កន្លែង​នៅ​ទី​ក្រុង​ប៉េកាំង កាល​ពី​ថ្ងៃ​ទី​១១ ខែ​មករា ឆ្នាំ​២០២៣។

ដំណើរ​វិវត្តន៍​របស់​ប្រទេស​ចិន​ក្នុង​ការ​ប្រជែង​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក​ដើម្បី​ឱ្យ​បាន​ក្លាយទៅជា​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ធំ​ជាង​គេ​បំផុត​នៅ​លើ​ពិភពលោក​ហាក់​ដូចជា​បាន​កើតឡើង​យ៉ាង​ជាក់​ច្បាស់​យ៉ាង​ហោច​ណាស់​ក៏​ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​កន្លង​ទៅ​នេះ​ដែរ ប៉ុន្តែ​ការ​រាយការណ៍​ពីរ​របស់​ចិន​កាលពី​ពេល​ថ្មីៗ​នេះ​បាន​បង្ហាញ​ថា ផ្លូវ​ឆ្ពោះ​ទៅកាន់​ការ​ក្លាយជា​មហា​អំណាច​សេដ្ឋកិច្ច​ធំ​ជាង​គេ​បង្អស់​របស់​ប្រទេស​ចិន​នេះ​ប្រហែលជា​មិន​ទាន់​ច្បាស់លាស់​ដូច​អ្វី​ដែល​គេ​ធ្លាប់​បាន​គិត​ក្នុង​ពេល​កន្លង​មក​នោះ​ទេ។

កាលពី​ថ្ងៃ​ទី ១៧ ខែ​មករា​កន្លង​ទៅ​នេះ ប្រទេស​ចិន​បាន​រាយការណ៍​ថា ចំនួន​ប្រជាជន​របស់​ខ្លួន​បាន​ធ្លាក់ចុះ​ក្នុង​ឆ្នាំ ២០២២ ជា​លើក​ដំបូង​បង្អស់​ក្នុង​រយៈពេល​ជា​ច្រើន​ជំនាន់​មក​នេះ។ ទន្ទឹម​ពេល​ជាមួយ​គ្នា​នេះ​ដែរ រដ្ឋាភិបាល​ចិន​បាន​ប្រកាស​ថា​អត្រា​កំណើន​សេដ្ឋកិច្ច​របស់​ខ្លួន​មាន​ភាព​យឺតយ៉ាវ​ខ្លាំង​ក្នុង​ឆ្នាំ ២០២២ គឺ​នៅ​មុន​ការ​បញ្ចប់​គោល​នយោបាយ​គ្មាន​ជំងឺ​កូវីដ១៩ (Zero-COVID) របស់​ខ្លួន​ទៅ​ទៀត។ ការ​បញ្ចប់​គោល​នយោបាយ​នេះ​ក្នុង​ពេល​កន្លង​មក​បាន​ធ្វើ​ឱ្យ​មាន​រលក​នៃ​ការ​ឆ្លង​ជំងឺ​កូវីដ១៩​នេះ​ជា​ថ្មី​នៅ​ក្នុង​ចំណោម​ពលរដ្ឋ​របស់​ខ្លួន។

ការ​រួម​បញ្ជូល​គ្នា​នៃ​ការ​ធ្លាក់ចុះ​កំណើន​ប្រជាជន​និង​ភាព​យឺតយ៉ាវ​ជាង​ការ​រំពឹងទុក​នៃ​កំណើន​សេដ្ឋកិច្ច​របស់​ចិន​មិន​មែន​ជា​ប្រផ្នូល​ល្អ​នោះ​ទេ​សម្រាប់​សមិទ្ធផល​ក្នុង​ពេល​អនាគត​របស់​ប្រទេស​នេះ។

ការ​ធ្វើ​អន្តរាគមន៍​របស់​រដ្ឋាភិបាល​និង​តម្រូវការ​កើនឡើង​របស់​អ្នក​ប្រើប្រាស់​នៅ​ពេល​ដែល​ការ​ហក់​ឡើង​នៃ​ការ​ឆ្លង​ជំងឺ​កូវីដ១៩​នា​ពេល​បច្ចុប្បន្ន​បញ្ចប់​ទៅ​នៅ​ពេល​ណា​មួយ​នោះ ទំនង​ជា​នឹង​បណ្ដាល​ឱ្យ​មាន​ការ​រីក​ចម្រើន​សេដ្ឋកិច្ច​លឿន​ជាង​មុន​នៅ​ក្នុង​ឆ្នាំ ២០២៣ នេះ​សម្រាប់​ប្រទេស​ចិន ប៉ុន្តែ​ការ​ធ្លាក់ចុះ​នៃ​ចំនួន​ប្រជាជន​ជា​ពិសេស​នេះ​បាន​ឆ្លុះ​បញ្ចាំង​អំពី​បញ្ហា​រយៈពេល​វែង​ដែល​រដ្ឋាភិបាល​ចិន​ចាំបាច់​ត្រូវ​ដោះស្រាយ។

កំណើន​ប្រជាជន​ធ្លាក់ចុះ

ការិយាល័យ​ស្ថិតិ​ជាតិ​របស់​ចិន​បាន​រាយការណ៍​កាលពី​ថ្ងៃ​ទី ១៧ ខែ​មករា​ថា ចំនួន​ប្រជាជន​ចិន​បាន​ធ្លាក់ចុះ​ប្រមាណ ៨៥០.០០០ នាក់​ដោយ​ធ្វើ​ឱ្យ​ប្រជាជន​សរុប​មាន​ចំនួន ១.៤១២ លាន​នាក់។ រដ្ឋាភិបាល​ចិន​បាន​កត់ត្រា​នូវ​អត្រា​កំណើត​ថ្មី​របស់​ទារក​ប្រមាណ ៩ លាន ៥ សែន ៦ ម៉ឺន​នាក់​ក្នុង​ឆ្នាំ ២០២២ ខណៈ​អត្រា​ស្លាប់​មាន​ចំនួន ១០ លាន ៤ សែន ១ ម៉ឺន​នាក់។

ការ​ធ្វើ​អន្តោប្រវេសន៍​និង​ការ​ធ្វើ​និរប្រវេសន៍​មិន​មែន​ជា​កត្តា​ចម្បង​នៃ​ការ​ផ្លាស់ប្តូរ​ចំនួន​ប្រជាជន​របស់​ប្រទេស​ចិន​ក្នុង​ឆ្នាំ ២០២២ នោះ​ឡើយ។ បើ​ទោះបីជា​ចំណាប់​អារម្មណ៍​របស់​ពលរដ្ឋ​ក្នុង​ការ​ចេញ​ទៅ​រស់នៅ​ក្រៅ​ប្រទេស​មាន​ការ​កើនឡើង​ក្នុង​អំឡុង​ពេល​មាន​ការ​រាតត្បាត​ជំងឺ​កូវីដ១៩​ក៏ដោយ ក៏​កត្តា​មួយ​ចំនួន​ដូចជា​សេចក្ដី​សម្រេច​របស់​រដ្ឋាភិបាល​ចិន​ដែល​បង្អាក់​ទឹក​ចិត្ត​ដល់​ការ​ធ្វើ​ដំណើរ​ទៅ​ក្រៅ​ប្រទេស ដំណើរការ​ធ្វើ​បែប​បទ​លិខិត​ឆ្លងដែន​មាន​រយៈពេល​យូរ និង​ការ​ពង្រឹង​ការ​រឹត​បន្តឹង​ចរាចរណ៍​លុយ​ទៅ​ក្រៅ​ប្រទេស​ជាដើម មាន​ន័យ​ថា​ប្រទេស​ចិន​បាត់បង់​ពលរដ្ឋ​តិចតួច​ប៉ុណ្ណោះ​ដែល​ទៅ​រស់នៅ​ប្រទេស​ដទៃ​គឺ​តិច​ជាង​បណ្តា​ឆ្នាំ​មុន​មាន​ការ​រាតត្បាត​ជំងឺ​កូវីដ១៩ ទៅ​ទៀត។

ឆ្នាំ​មុន​គឺ​ជា​លើក​ដំបូង​បង្អស់​តាំងពី​ដើម​ទសវត្សរ៍ ១៩៦០ មក ដែល​ចំនួន​ប្រជាជន​ចិន​បាន​ធ្លាក់ចុះ។ កាលពី​ដើម​ទសវត្សរ៍ ១៩៦០ នោះ គ្រោះ​ទុរ្ភិក្ស​ធ្ងន់ធ្ងរ​បាន​សម្លាប់​ប្រជាជន​ចិន​រាប់​លាន​នាក់។ ទោះបីជា​យ៉ាង​ណា​ក៏ដោយ អត្រា​កំណើន​ប្រជាជន​ចិន​បាន​ដាំ​ក្បាល​ចុះ​ក្រោម​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ ភាគ​ច្រើន​ដោយសារតែ​គោល​នយោបាយ «កូន​តែ​មួយ» ដែល​មាន​រយៈពេល​រាប់​ទសវត្សរ៍​របស់​រដ្ឋាភិបាល​ចិន ដែល​គោល​នយោបាយ​នេះ​ដាក់​ពិន័យ​លើ​គូ​ស្រករ​ណា​ដែល​មាន​កូន​លើស​ពី​មួយ​មិន​ថា​កូន​ប្រុស​ឬ​ក៏​កូន​ស្រី​នោះ​ទេ។

ចាប់​តាំងពី​ពេល​នោះ​មក ប្រទេស​ចិន​បាន​បន្ធូរបន្ថយ​គោល​នយោបាយ​នេះ ដោយ​ថែម​ទាំង​ជំនួស​ឱ្យ​គោល​នយោបាយ​នេះ​នូវ​ប្រាក់​ឧបត្ថម្ភ​និង​ការ​លើក​ទឹកចិត្ត​ដើម្បី​ជំរុញ​ឱ្យ​គ្រួសារ​នីមួយៗ​មាន​កូន​ច្រើន ប៉ុន្តែ​ប្រតិកម្ម​អបអរ​ពី​សាធារណជន​ចំពោះ​រឿង​នេះ​ហាក់​ដូចជា​មាន​តិចតួច​ប៉ុណ្ណោះ ហើយ​ភាព​ស្រពិចស្រពិល​ផ្នែក​សេដ្ឋកិច្ច​ពាក់ព័ន្ធ​នឹង​ជំងឺ​កូវីដ១៩​ក៏​មិន​បាន​ជួយ​ដល់​បញ្ហា​នេះ​ដែរ។

កាលពី​ពេល​ថ្មីៗ​នេះ អាជ្ញាធរ​ចិន​បាន​រាយការណ៍​ថា​មាន​ករណី​ស្លាប់​ដោយសារ​ជំងឺ​កូវីដ១៩ ចំនួន ៦០.០០០ ករណី​តាំងពី​ដើម​ខែ​ធ្នូ​ឆ្នាំ​មុន​មក ប៉ុន្តែ​អ្នក​ជំនាញ​ខាង​ក្រៅ​ជឿ​ថា វា​ស្ទើរតែ​ជាក់​ច្បាស់​ហើយ​ថា​តួលេខ​ដែល​រាយការណ៍​ដោយ​អាជ្ញាធរ​ចិន​នេះ​នៅ​មាន​កម្រិត​ទាប​ជាង​តួលេខ​ពិត​ប្រាកដ។

កំណើន​សេដ្ឋកិច្ច​យឺតយ៉ាវ

សេដ្ឋកិច្ច​ចិន​បាន​កើនឡើង​ត្រឹមតែ ៣% ប៉ុណ្ណោះ​នៅ​ក្នុង​ឆ្នាំ ២០២២ គឺ​ធ្លាក់ចុះ​ពី​ចំនួន ៨,១% នៅ​ក្នុង​ឆ្នាំ ២០២១ ដោយសារតែ​ការ​បិទ​ខ្ទប់​ជា​ច្រើន​នៅ​ទូទាំង​ប្រទេស​ទាក់ទិន​នឹង​ជំងឺ​កូវីដ១៩​បាន​ធ្វើ​ឱ្យ​សង្វាក់​ផ្គត់ផ្គង់​និង​ទំនាក់ទំនង​អាជីវកម្ម​ធម្មតា​ធ្លាក់​ចូល​ទៅ​ក្នុង​ភាព​ច្របូកច្របល់។

លើកលែង​តែ​ឆ្នាំ ២០២០ តែ​ប៉ុណ្ណោះ ដែល​នៅ​ពេល​នោះ​រលក​ដំបូង​នៃ​ការ​ឆ្លង​រាតត្បាត​ជំងឺ​កូវីដ១៩​បាន​បង្អាក់​ដល់​កំណើន​សេដ្ឋកិច្ច​ឱ្យ​នៅ​ត្រឹម​តែ ២,២% ឆ្នាំ ២០២២ គឺ​ជា​ឆ្នាំ​ដែល​មាន​អត្រា​កំណើន​សេដ្ឋកិច្ច​ទាប​បំផុត​តាំងពី​ពេល​ដែល​សម័យ​បដិវត្តន៍​វប្បធម៌​បាន​បញ្ចប់​ទៅ​នៅ​ក្នុង​ឆ្នាំ ១៩៧៦។

កំណើន​សេដ្ឋកិច្ច​ចិន​បាន​ដាំ​ក្បាល​ចុះ​ក្រោម​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ បន្ទាប់ពី​បាន​កើន​លើស ១០% ជា​ទៀងទាត់​ក្នុង​មួយ​ឆ្នាំ​នៅ​ក្នុង​ទសវត្សរ៍​ដំបូង​នៃ​សតវត្សរ៍​ទី ២១ មក។ នៅ​ក្នុង​រយៈពេល ៥ ឆ្នាំ​មុន​ពេល​មាន​ការ​រាតត្បាត​ជំងឺ​កូវីដ១៩ អត្រា​កំណើន​សេដ្ឋកិច្ច​បាន​ធ្លាក់ចុះ​ជា​បន្តបន្ទាប់​ពី​ចំនួន ៧,៥% នៅ​ក្នុង​ឆ្នាំ ២០១៤ មក​ចំនួន ៦% នៅ​ក្នុង​ឆ្នាំ ២០១៩។

ទោះជា​យ៉ាងណា​ក៏ដោយ ជំងឺ​កូវីដ១៩ និង​កិច្ច​ប្រឹងប្រែង​របស់​ចិន​នៅ​ក្នុង​ការ​គ្រប់គ្រង​ជំងឺ​នេះ​គឺ​គ្រាន់តែ​ជា​ផ្នែក​មួយ​នៃ​ការ​ធ្លាក់ចុះ​សេដ្ឋកិច្ច​ចិន​កាលពី​ឆ្នាំ​មុន​តែ​ប៉ុណ្ណោះ។

កាលពី​ឆ្នាំ​មុន រដ្ឋាភិបាល​ចិន​បាន​ដាក់​ចេញ​នូវ​វិធានការ​បង្ក្រាប​ទ្រង់ទ្រាយ​ធំ​លើ​វិស័យ​បច្ចេកវិទ្យា​ដែល​កំពុង​ដុះ​ពន្លក​យ៉ាង​ឆាប់​រហ័ស​របស់​ប្រទេស​ចិន នៅ​ពេល​ដែល​ខ្លួន​មាន​បំណង​រក្សា​កម្រិត​នៃ​ការ​ត្រួតត្រា​របស់​រដ្ឋាភិបាល​លើ​ក្រុមហ៊ុន​នានា​ដែល​ចង់​ពង្រីក​ទៅ​ក្រៅ​ប្រទេស។

ស្រប​ពេល​នោះ​ដែរ វិស័យ​អចលនទ្រព្យ​ដ៏​ធំ​របស់​ប្រទេស​ចិន​ប្រឈម​នឹង​វិបត្តិ​បំណុល​កើនឡើង ដោយ​គម្រោង​អភិវឌ្ឍន៍​ជា​ច្រើន ដែល​ក្នុង​នោះ​រួម​ទាំង​សំណង់​អាគារ​នានា​ដែល​មិន​ទាន់​បញ្ចប់​ការ​សាងសង់​ផង​ដែរ ត្រូវ​បាន​ផ្អាក​ដោយ​គ្មាន​ពេល​វេលា​កំណត់។

ជាង​នេះ​ទៀត ទណ្ឌកម្ម​របស់​សហរដ្ឋ​អាមេរិក ជា​ពិសេស​ទណ្ឌកម្ម​ដែល​រារាំង​ការ​លក់​បន្ទះ​អេឡិចត្រូនិក semiconductor ទំនើប​បាន​បង្អាក់​ដល់​ការ​រីក​ចម្រើន​សម្រាប់​ក្រុមហ៊ុន​ចិន​ជា​ច្រើន​ដែល​ផលិត​ផលិតផល​បច្ចេកវិទ្យា​ខ្ពស់។

ការ​រំពឹងទុក​នៃ​កំណើន​សេដ្ឋកិច្ច​ឡើង​វិញ

លោក Graig Allen ប្រធាន​ក្រុមប្រឹក្សា​អាជីវកម្ម​សហរដ្ឋ​អាមេរិក-ចិន បាន​ប្រាប់ VOA ថា អង្គការ​របស់​លោក​រំពឹង​ថា​ឆ្នាំ ២០២៣ គឺ​ជា​ឆ្នាំ​ដែល​សេដ្ឋកិច្ច​មាន​ការ​រីក​ចម្រើន​ខ្លាំង​ជាង​មុន​នៅ​ក្នុង​ប្រទេស​ចិន ដោយសារតែ​វិបត្តិ​ជំងឺ​កូវីដ១៩ មាន​ភាព​ធូរស្រាល​ហើយ​រដ្ឋាភិបាល​ចិន​បាន​ចាត់​វិធានការ​ផ្សេងៗ​ដើម្បី​បង្កើន​តម្រូវការ។

លោក Allen ថ្លែង​ដូច្នេះ​ថា៖ «យើង​រំពឹង​ថា​នឹង​មាន​កំណើន​សេដ្ឋកិច្ច​ឡើង​វិញ​នៅ​ក្នុង​ប្រទេស​ចិន​នៅ​ពេល​អនាគត​ដ៏​ខ្លី​ខាង​មុខ ដោយសារតែ​ផល​ប៉ះពាល់​ផ្នែក​សេដ្ឋកិច្ច​នៃ​ជំងឺ​កូវីដ១៩ បាន​ចាប់ផ្ដើម​ធ្លាក់ចុះ។ បើ​ទោះបីជា​ដូច្នេះ​ក៏ដោយ ក៏​យើង​រំពឹង​ផង​ដែរ​ថា​នឹង​មាន​កំណើន​សេដ្ឋកិច្ច​រយៈពេល​វែង​យឺតយ៉ាវ​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​នេះ ដោយ​ការ​រីក​ចម្រើន​ពី​មុន​ចំនួន ៧% ឬ ៨% នោះ​ប្រហែល​ជា​នឹង​កើតឡើង​នោះ​ទេ»។

លោក Allen បាន​និយាយ​ថា ទោះបីជា​ការ​រីក​ចម្រើន​ប្រហែលជា​មាន​ភាព​យឺតយ៉ាវ​ក៏ដោយ ក៏​អង្គការ​របស់​លោក​រំពឹង​ថា​ប្រទេស​ចិន​នឹង​បន្ត​ពង្រីក​ភាគរយ​នៃ​ប្រជាជន​របស់​ខ្លួន​ដែល​អាច​ត្រូវ​បាន​ចាត់ទុក​ថា «ពលរដ្ឋ​ដែល​មាន​ប្រាក់​ចំណូល​មធ្យម» ដែល​នេះ​ជា​អ្វី​ដែល​លោក​បាន​បញ្ជាក់​ថា​ជា​ដំណឹង​ល្អ​សម្រាប់​ក្រុមហ៊ុន​អាមេរិកាំង​នានា​ដែល​មាន​បំណង​លក់​ទំនិញ​និង​សេវាកម្ម​នៅ​ក្នុង​ទីផ្សារ​ចិន។

លោក Allen បាន​បន្ថែម​ថា៖ «នៅ​ក្នុង​បញ្ហា​នេះ​ដែរ យើង​រំពឹង​ថា​រដ្ឋាភិបាល​ចិន​នឹង​ផ្ដោត​លើ​ការ​បង្កើន​តម្រូវការ​ក្នុង​ស្រុក​នៅ​ក្នុង​ឆ្នាំ​នេះ។ យើង​អាច​មាន​គោល​នយោបាយ​ខ្លះ​ដែល​នឹង​ត្រូវ​អនុវត្ត​ដើម្បី​ឱ្យ​បាន​សម្រេច​គោលដៅ​នេះ ដែល​ជួយ​លើក​កម្ពស់​ផល​ទុន​ជាតិ​សរុប (GDP) នៅ​ឆ្នាំ​ក្រោយ និង​ជា​លទ្ធផល​ជួយ​ក្រុមហ៊ុន​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ទីផ្សារ [ចិន]»។

កត្តា​ប្រជាសាស្ត្រ​គឺ​ជា​បញ្ហា​ចម្បង​មួយ

ប្រទេស​ចិន​មិន​អាច​រំពឹង​ឃើញ​ចំនួន​ប្រជាជន​របស់​ខ្លួន​កើនឡើង​ស្រដៀង​លើក​មុនៗ​បាន​ទេ​នៅ​ពេល​អនាគត​ដ៏​ខ្លី​ខាង​មុខ។ អត្រា​កំណើន​ប្រជាជន​បាន​ដាំក្បាល​ចុះ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ ហើយ​អ្នក​ជំនាញ​មួយ​ចំនួន​តូច​ប៉ុណ្ណោះ​ដែល​រំពឹង​ថា​អត្រា​នេះ​នឹង​កើនឡើង​វិញ​នៅ​ក្នុង​រយៈពេល​ខ្លី​ខាង​មុខ។

ទោះជា​យ៉ាង​នេះ​ក៏ដោយ ក៏​ការណ៍​នេះ​មិន​មែន​មាន​ន័យ​ថា​ប្រទេស​ចិន​មិន​អាច​មាន​សេដ្ឋកិច្ច​រីក​ចម្រើន​ទៅ​មុខ​នោះ​ទេ។

អ្នកស្រី Mary Lovely អ្នក​ស្រាវជ្រាវ​ជាន់​ខ្ពស់​នៃ​វិទ្យាស្ថាន​សេដ្ឋកិច្ច​អន្តរជាតិ Peterson (Peterson Institute for International Economics) បាន​ប្រាប់ VOA ថា៖ «អ្នក​មិន​ចាំបាច់​មាន​កម្លាំង​ពលកម្ម​ដ៏​ធំ​ខ្លាំង​ដើម្បី​មាន​សេដ្ឋកិច្ច​រីក​ចម្រើន​នោះ​ឡើយ។ ចូរ​ក្រឡេក​មើល​សហរដ្ឋ​អាមេរិក ដែល​មាន​ប្រជាជន​តិច​ជាង​ប្រទេស​ចិន ប៉ុន្តែ​មាន​សេដ្ឋកិច្ច​ធំ​ជាង​ប្រទេស​ចិន។ អ្វី​ដែល​អ្នក​ត្រូវ​មាន​គឺ​ផលិតភាព​ខ្ពស់ ហើយ​នេះ​ហើយ​គឺ​ជា​បញ្ហា»។

ដើម្បី​ឱ្យ​បាន​ទិន្នផល​សេដ្ឋកិច្ច​ខ្ពស់​ដោយ​ប្រើ​កម្លាំង​ពលកម្ម​តិច ប្រទេស​ចិន​ចាំបាច់​ត្រូវ​ធ្វើ​ឱ្យ​មាន​ផលិតភាព​ខ្ពស់។

អ្នកស្រី Lovely បាន​និយាយ​ថា ក្នុង​កម្រិត​ខ្លះ រដ្ឋាភិបាល​ចិន​បាន​ទទួល​ស្គាល់​បញ្ហា​នេះ​និង​បាន​ចាត់​វិធានការ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​រួច​ហើយ។ ជា​ឧទាហរណ៍ ប្រទេស​ចិន​គឺ​ជា​ប្រទេស​នាំ​មុខ​គេ​ក្នុង​វិស័យ​រោងចក្រ​ស្វ័យ​ប្រវត្តិកម្ម ដែល​អាច​បង្កើន​ទិន្នផល​ក្នុង​ពេល​ដែល​អាច​កាត់​បន្ថយ​កម្លាំង​ពលកម្ម​ដែល​ត្រូវការ។

អ្នកស្រី​បញ្ជាក់​ដូច្នេះ​ថា៖ «បញ្ហា​ធំ​សម្រាប់​ប្រទេស​ចិន​គឺ​ការ​រួម​ចំណែក​លើ​ការ​វិនិយោគ។ វិស័យ​រដ្ឋ​បាន​បង្កើន​ចំណែក​នៃ​ការ​វិនិយោគ​របស់​ខ្លួន ហើយ​វិស័យ​ឯកជន​បាន​បន្ថយ​ចំណែក​នៃ​ការ​វិនិយោគ​របស់​ខ្លួន។ សេដ្ឋវិទូ​ជា​ច្រើន​នឹង​និយាយ​ថា នេះ​មិន​មែន​ជា​រឿង​ល្អ​នោះ​ទេ​នៅ​ពេល​ជា​បន្តបន្ទាប់​ខាង​មុខ ដោយសារតែ​វិស័យ​ឯកជន​តែងតែ​មាន​ផលិតភាព​ច្រើន​ជាង​វិស័យ​រដ្ឋ»។

មូលធន​មនុស្ស

អ្នកស្រី Lovely បាន​លើកឡើង​ថា បើ​ទោះបីជា​រដ្ឋាភិបាល​ចិន​បែងចែក​ការ​វិនិយោគ​របស់​ខ្លួន​ច្រើន​ទៅ​ឱ្យ​វិស័យ​ឯកជន​ក៏ដោយ ក៏​វា​នៅ​មិន​ទាន់​អាច​មាន​ការ​ធានា​ថា​នឹង​មាន​ការ​កើនឡើង​ផលទុន​ជាតិ​សរុប (GDP) សម្រាប់​មនុស្ស​ម្នាក់ៗ​នោះ​ឡើយ ដោយសារតែ​ប្រទេស​ចិន​កំពុង​ប្រឈម​នឹង​ការ​ធ្លាក់​ចុះ​នៃ​មូលធន​មនុស្ស។

ការ​ទទួល​បាន​នូវ​ការ​សិក្សា​អប់រំ​មិន​ត្រូវ​បាន​ផ្តល់​ឱ្យ​ដោយ​ស្មើភាព​នោះ​ឡើយ ដោយ​ពលរដ្ឋ​ជា​ច្រើន​ដែល​រស់នៅ​តាម​តំបន់​ដាច់​ស្រយាល​នៅតែ​មាន​ការ​អប់រំ​កម្រិត​ទាប និង​គ្មាន​លទ្ធភាព​ទទួល​បាន​សេវា​ថែទាំ​សុខភាព​និង​សេវា​គាំទ្រ​ពី​សង្គម​ដែល​មាន​លក្ខណៈ​គួរ​ឱ្យ​ទុកចិត្ត។

បន្ថែម​ពី​លើ​នេះ​ទៀត ប្រទេស​ចិន​មិន​មាន​ប្រព័ន្ធ​ដ៏​រឹងមាំ​មួយ​ស្រាប់​ដើម្បី​ថែទាំ​ពលរដ្ឋ​វ័យ​ចំណាស់​របស់​ខ្លួន​ដែល​កំពុងតែ​មាន​ចំនួន​កើនឡើង​នោះ​ឡើយ។

អ្នក​ស្រី Lovely បាន​ថ្លែង​ថា៖ «ប្រទេស​ចិន​បាន​ព្យាយាម​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ដើម្បី​កសាង​វិស័យ​សុខាភិបាល​និង​ចូល​និវត្តន៍ [សម្រាប់​មនុស្ស​វ័យ​ចំណាស់] ហើយ​មាន​ការ​វិវឌ្ឍ​ទៅ​មុខ​យ៉ាង​សំខាន់​នៅ​ក្នុង​រឿង​នេះ ក៏​ប៉ុន្តែ​ប្រទេស​ចិន​នៅ​ត្រូវការ​ពេលវេលា​ជា​ច្រើន​ទៀត​ដើម្បី​សម្រេច​ឱ្យ​បាន​គោលដៅ​របស់​ខ្លួន»៕

ប្រែ​សម្រួល​ដោយ​លោក ជ្រា វណ្ណារិទ្ធ

XS
SM
MD
LG