ស្ត្រីសកម្មជនដីធ្លីនិងជាអ្នករងគ្រោះដោយសារជម្លោះដីធ្លីក្នុងទីក្រុងភ្នំពេញពីរនាក់មកពីសហគមន៍បឹងកក់ និងម្នាក់ទៀតមកពីសហគមន៍ថ្មគោលក្បែរព្រលានយន្តហោះអន្តរជាតិក្រុងភ្នំពេញ រួមទាំងអតីតព្រះសង្ឃមួយអង្គផង ត្រូវសាលាដំបូងរាជធានីភ្នំពេញផ្តន្ទាទោសឲ្យជាប់ពន្ធនាគារក្នុងម្នាក់ៗចំនួនមួយឆ្នាំនិងពិន័យជាប្រាក់ចំនួនពីរលានរៀល។
ស្ត្រីទាំងបីនាក់ រួមមានអ្នកស្រីភួង សុភាព មកពីសហគមន៍ថ្មគោលនៅក្បែរព្រលានយន្តហោះអន្តរជាតិក្រុងភ្នំពេញ និងអ្នកស្រីអ៊ឹម សុភាព និងយេង ពេជ្រ មកពីសហគមន៍បឹងកក់។ រីឯអតីតព្រះសង្ឃមានឈ្មោះសឺន ហៃបានស្ថិតក្នុងសវនាការដោយគ្មានស្បែកជើងពាក់។
ស្ត្រីទាំងបីនាក់ត្រូវបញ្ជូនទៅដាក់ពន្ធនាគារព្រៃស។ រីឯអតីតព្រះសង្ឃត្រូវឃុំខ្លួននៅក្រសួងមហាផ្ទៃ។
តុលាការបានចោទប្រកាន់ពួកគេពីបទបង្កការរំខានកិច្ចការមន្ត្រីសាធារណៈតាមមាត្រាទី៥០៤នៃក្រមព្រហ្មទណ្ឌ។
នៅក្នុងបន្ទប់សវនាការ លោកចៅក្រមយី ឆៃបានសន្និដ្ឋានថា៖ «មានធាតុផ្សំនិងភស្តុតាងគ្រប់គ្រាន់ដែលបញ្ជាក់ថា ជនជាប់ចោទទាំងបួនបានបង្កការប្រឆាំងនឹងរាជការសាធារណៈ» ដែលប្រព្រឹត្តនៅមុខសាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃអង្គារម្សិលមិញនេះ។
កាលពីថ្ងៃអង្គារម្សិលមិញដែរ ក្រុមប្រជាពលរដ្ឋរងគ្រោះដោយសារជម្លោះដីធ្លីនៅសហគមន៍បឹងកក់ និងសហគមន៍ថ្មគោលរួមទាំងសហគមន៍ផ្សេងទៀត បានប្រមូលផ្តុំគ្នាតវ៉ានៅពីមុខតុលាការក្រុងភ្នំពេញដើម្បីទាមទារឲ្យដោះលែងជនរងគ្រោះចំនួនប្រាំពីរនាក់ផ្សេងទៀតដែលតុលាការធ្វើការចោទប្រកាន់ និងកាត់ទោស។ អ្នកទាំងប្រាំពីរនាក់នោះមានអ្នកស្រីទេព វន្នី ម្ចាស់ពានរង្វាន់ Vital Voices Global Partnership នៅសហរដ្ឋអាមេរិកផងដែរ។
ស្ត្រីទាំងបីនាក់ក្រោយពីប្រកាសសាលក្រមនៅវេលាម៉ោង៧យប់នេះ បានស្រែកភ្លាមៗថា ការដាក់ទោសមកលើខ្លួនមិនមានយុត្តិធម៌ទេ។
ក្រុមមេធាវី ដែលមានគ្នាសរុបចំនួនប្រាំនាក់ បានសន្និដ្ឋានថា តុលាការមិនមានភស្តុតាងពិតប្រាកដក្នុងការដាក់ទោសលើកូនក្តីរបស់ខ្លួនទេ។
មានសាក្សីដែលជាភ្នាក់ងារចារកម្មរបស់រដ្ឋាភិបាល និងជានគរបាលចរាចរបានដាក់បន្ទុកថា ជនជាប់ចោទទាំងបួនបានបង្កការរាំងស្ទះដល់កិច្ចការរបស់ពួកខ្លួន និងជនទាំងបួននាក់មានភាពចចេសរឹងរូសមិនស្តាប់បង្គាប់ការរៀបចំសណ្តាប់ធ្នាប់ មិនតែប៉ុណ្ណោះពួកគេបានជេរប្រមាថលើក្រុមសមត្ថកិច្ច។
ផ្ទុយទៅវិញ ជនជាប់ចោទបានឆ្លើយបកស្រាយថា ពួកខ្លួនមិនបានប្រព្រឹត្តដូចការចោទប្រកាន់នោះឡើយ។ ហើយការតវ៉ារបស់ពួកគេមិនបានរំខានដល់ប្រតិបត្តិការរបស់ក្រុមសមត្ថកិច្ចនោះទេ។
មានការបង្ហាញឈុតវីដេអូខ្លីមួយដែលជាភស្តុតាងផ្តល់ដោយកងសមត្ថកិច្ច។ នៅក្នុងឈុតវីដេអូនេះបង្ហាញពីក្រុមសមត្ថកិច្ច និងកងសន្តិសុខខណ្ឌ៧មករាដើរស្វែងរក និងតាមចាប់ក្រុមប្រជាពលរដ្ឋចាប់ញាត់បញ្ចូលរថយន្តរបស់ប៉ូលិស។
លោកកុល វិបុល ជាព្រះរាជអាជ្ញា ចាត់ទុកថា វីដេអូនេះជាឈុតសំខាន់ដែលបញ្ជាក់ពីភស្តុតាងដែលថា ក្រុមប្រជាពលរដ្ឋដែលត្រូវចាប់ខ្លួនបានប្រព្រឹត្តល្មើសប្រឆាំងរាជការសាធារណៈ។ ប៉ុន្តែក្រុមមេធាវីបានជំទាស់។
លោកអំ សំអាតអ្នកគ្រប់គ្រងបច្ចេកទេសស៊ើបអង្កេតរបស់អង្គការការពារសិទ្ធិមនុស្សលីកាដូអធិប្បាយថា នេះជាការសម្រេចចិត្តដែលមិនមានយុត្តិធម៌។
«ជារឿងអយុត្តិធម៌ ពីព្រោះគ្មានភស្តុតាងណាមួយដែលបញ្ជាក់ថា អ្នកទាំងបួននាក់ប្រព្រឹត្តដូចការចោទប្រកាន់នោះទេ។ ផ្ទុយទៅវិញនៅក្នុងរូបភាព(វីដេអូ) យើងឃើញថា ក្រុមសមត្ថកិច្ចទៅវិញទេដែលប្រើប្រាស់អំពើហិង្សា និងរុញច្រាននិងចាប់ប្រជាពលរដ្ឋ។ ដូច្នេះការចាប់ខ្លួននេះជាចេតនាមួយក្នុងការបំបាក់ស្មារតីអ្នកតវ៉ាតែប៉ុណ្ណោះទេ»។
ក្រុមសកម្មជនដីធ្លី និងជាអ្នករងគ្រោះដោយសារជម្លោះដីធ្លីដទៃទៀតបានរង់ចាំនៅតុលាការក្រុងភ្នំពេញរហូតដល់ពេលយប់។
អ្នកខ្លះបានស្រែកអំពីអំពើអយុត្តិធម៌។ រីឯអ្នកស្រីយ៉ោម បុប្ផា សកម្មជនដីធ្លីដ៏ល្បីល្បាញម្នាក់ទៀត បានស្រែកលើកទឹកចិត្តដល់ស្ត្រីដែលត្រូវឃុំខ្លួននៅថ្ងៃនេះ៕