ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុមសិទ្ធិ​មនុស្ស​ជាតិ​និង​អន្តរជាតិ​ប្រតិកម្ម​ទៅ​នឹង​ការ​ចាប់ឃុំ​ខ្លួន​ស្ត្រី​បឹងកក់


លោក​ Phil Robertson​ អនុ​ប្រធាន​អង្គការ​សិទ្ធិ​មនុស្ស​​អាស៊ី​ Human Rights Watch​ Asia
លោក​ Phil Robertson​ អនុ​ប្រធាន​អង្គការ​សិទ្ធិ​មនុស្ស​​អាស៊ី​ Human Rights Watch​ Asia

ក្រុម​មន្ត្រី​សិទ្ធិ​មនុស្ស​ជាតិ​និង​អន្តរជាតិ​ប្រតិកម្ម​ទៅ​នឹង​ការ​ចាប់ឃុំ​ខ្លួន​សកម្មជន​ បឹងកក់​និង​មន្ត្រី​គណបក្ស​ជំទាស់។ ​មន្ត្រី​សិទ្ធិ​មនុស្ស​ទាំងនោះ​បានចាត់​ទុក​ថា ​ការ​ចាប់ខ្លួន​នេះ​ជា​ការ​មិន​អើពើនឹង​ សិទ្ធិ​បញ្ចេញ​មតិ​របស់​ពលរដ្ឋ​ខ្លួន​ឯង​និង​ជា​ការ​រំលោភ​សិទ្ធិមនុស្ស។​

ក្រុម​មន្ត្រី​សិទ្ធិមនុស្ស​ជាតិ​និង​អន្តរជាតិ​បាន​រិះគន់​ថា​ ការ​ចាប់ឃុំខ្លួន​សកម្មជន​បឹង កក់​និង​មន្ត្រី​គណបក្ស​សង្គ្រោះជាតិ​ជា​ការ​មិនគោរព​សិទ្ធិ​មនុស្ស​និង​សិទ្ធិ សេរីភាព​របស់​ពលរដ្ឋ​ជាច្រើន​ ដែលគេ​ចាត់​ទុក​ថា ​ជា​ការ​គួរ​ឲ្យ​ភ្ញាក់ផ្អើល។​

ក្រុម​តំណាង​អ្នក​ភូមិ​បឹងកក់​ចំនួន​៧នាក់​រួមទាំង​អ្នកស្រី​ ទេព វន្នី​ ​ដែលធ្វើ​បាតុកម្ម​តវ៉ាឲ្យ​មានការ​ដោះស្រាយ​ឲ្យពួក​គេ​អំពី​បញ្ហា​ស្ទះលូ​នោះ​ ​ត្រូវកាត់​ទោស​ឲ្យ​ជាប់​ឃុំ​១​ឆ្នាំក្នុង​ម្នាក់ពីបទ​ធ្វើឲ្យ​ខូចខាត​ដល់​ចរាចរណ៍និង​សណ្តាប់​ធ្នាប់​សារធារណៈ។​ ហើយ​មួយ​ថ្ងៃ​បន្ទាប់​មក លោក​មាជ សុវណ្ណារ៉ា ​មន្ត្រី​ព័ត៌មាន​គណបក្ស​សង្គ្រោះ​ជាតិ​ក៏ត្រូវ​ចាប់​ខ្លួនដោយ​សារការ​ចោទ​ប្រកាន់​ថា ​ពាក់ព័ន្ធ​នឹង​បាតុកម្ម​ហិង្សា​កាលពី​ខែ​កក្កដា។ ​ការ​ចាប់​ខ្លួន​នេះបាន​ធ្វើឲ្យ​មាន​ប្រតិកម្ម​រិះគន់​ចម្រុះ​គ្នា​ជា​ថ្មី​ទៀត។​

លោក​ហ្វ៊ីល រ៉ប៊ឺសុន​ (Phil Robertson)​ អនុ​ប្រធាន​អង្គការ​សិទ្ធិ​មនុស្ស​ Human Rights Watch ​ប្រចាំ​តំបន់​អាស៊ី​ បាន​ថ្លែង​ប្រាប់​វីអូអេ​ថា​ ការ​ចាប់​ឃុំខ្លួន​សកម្មជន​ បឹងកក់​គឺជា​ការ​បង្ហាញ​ថា​ រដ្ឋាភិបាល​មិនទទួល​ស្គាល់​សិទ្ធិ​ពលរដ្ឋ​ក្នុង​ការ​ប្រើ ប្រាស់​សិទ្ធិ​បញ្ចេញ​មតិ​ ដែល​លោក​មិន​ដឹង​ ថា​តើរដ្ឋាភិបាល​កំពុង​តែ​គិត​អ្វី​នោះ​ទេ។​

«អ្វី​ដែល​ជារឿង​ច្បាស់​គឺ​ថា ​រដ្ឋាភិបាល​មាន​កម្រិត​ទាបណាស់​ក្នុង​ការ​គោរព​សិទ្ធិ​ ពលរដ្ឋ ​និង​សិទ្ធិ​ចូលរួម​ក្នុង​នយោបាយ​ដ៏​សំខាន់​ ដូចជា​សិទ្ធិ​បញ្ចេញ​មតិ​ សិទ្ធិ​ជួប​ប្រជុំ​ និង​សិទ្ធិ​ប្រមូល​ផ្តុំដោយ​សន្តិវិធី»។​

លោក​នី ចរិយ៉ា​ ប្រធាន​ផ្នែក​ស៊ើបអង្កេត​នៃ​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក​ បាន​ អះអាង​ថា ​ការ​ចាប់ខ្លួន​ក្រុម​សកម្មជន​បឹងកក់​គឺជា​ការ​បង្ហាញ​ថា ​រដ្ឋាភិបាល​នេះ​ ដោះស្រាយ​បញ្ហា​ដោយ​ចាប់​បង្ខំ​ឲ្យជន​រងគ្រោះ​ទទួល​យក។​

«គឺ​ថា ​ប្រសិន​បើមាន​ការ​រំលោភ​ដីធ្លី​ជាដើម​ ហើយ​មាន​ការបង្ខំ​ឲ្យ​ទទួល​យក​ ដំណោះ​ស្រាយ​ណា​មួយ​ហើយ​គឺ​ត្រូវតែ​ទទួល​យក។​ បើ​មិន​អញ្ចឹង​ទេ​ រដ្ឋាភិបាល​ នេះ​នឹង​ប្រើប្រព័ន្ធ​តុលាការ​ដើម្បី​ធ្វើការ​ចាប់​និង​កៀបសង្កត់។​ ហើយ​ចំណុច​ទី២​ ខ្ញុំ​ឃើញ​ថា ​ជា​រៀង​រាល់​ឆ្នាំ​ តែងតែ​មានការ​ចាប់​តំណាង​សហគមន៍​អញ្ចឹង​ឯង​ នៅ​ពេល​ដែល​ជិត​ដាច់​ឆ្នាំម្តងៗ​ ដោយសារ​តែ​អាច​ជា​ហេតុផល​មួយ​ក្នុង​ការ​ដែល យក​ជន​រង​គ្រោះ​ចាប់​ចង​នេះ​ ទៅ​ជា​ថ្នូរ​ជាមួយ​នឹង​ម្ចាស់​ជំនួយ​ដើម្បី​ឲ្យគេ​ផ្តល់ ជំនួយ​ឲ្យ​ ជាថ្នូរ​នឹង​ការ​ដោះលែង»។​

លោក​ថា ​ការ​ចាប់​ឃុំ​ខ្លួន​ក្រុម​បាតុករ​ជាការ​ខុស​ច្បាប់​ ដោយសារ​ថា​ អាជ្ញាធរ​មិន​ អាច​ប្រើប្រាស់​ច្បាប់​ចរាចរណ៍​ទេ​ ក្នុង​ពេល​ធ្វើ​បាតុកម្ម។ ​មានតែ​ច្បាប់​បាតុកម្ម​ដោយ​សន្តិវិធី​មួយ​គត់ ​ដែល​គេ​គួរ​ប្រើ។​

លោក​បាន​អះអាង​ថា ​ការ​ចាប់ខ្លួន​លោក​មាជ សុវណ្ណារ៉ា​ ប្រធាន​ព័ត៌មាន​ គណបក្ស​សង្គ្រោះជាតិ​និង​ជា​អ្នក​បង្កើត​មជ្ឈ​មណ្ឌល​ព័ត៌មាន​ខ្មែរបុស្តិ៍​ក្នុង​ប្រទេស​អាមេរិក ​គឺ​ជា​រឿង​នយោបាយ​ ក្នុង​ពេល​កម្ពុជា​កំពុង​តែ​មាន​ការ​ចរចា​គ្នា​ដើម្បី​កែ​ទម្រង់​ប្រព័ន្ធ​បោះឆ្នោត​ ហើយ​នៅ​មាន​ការ​ខ្វែង​គំនិត​គ្នា​ជា​ច្រើន។​

«វិធី​មួយ​គឺ​ការ​ចាប់​មាជ សុវណ្ណារ៉ា​ដើម្បី​ដាក់​សម្ពាធ​ទៅ​លើ​គណបក្ស​សង្គ្រោះ​ ជាតិ​ ដើម្បី​ឲ្យ​បន្ថយ ​ឬ​ក៏​បន្ទន់​ឥរិយាបទ​ក្នុងការ​ទទួល​យក​នូវ​អ្វី​ដែល​ជា​ការ​លើក​ ឡើង​របស់​គណបក្ស​ប្រជាជន។​ ទី​២​ រឿងនេះ​ដោយសារ​តែនៅ​ថ្ងៃ​ទី១៥​ខែ​កក្កដា​ នេះ​ជា​រឿង​នយោបាយ​សុទ្ធសាធព្រោះ​ថា ​វាជា​រឿង​បាតុកម្ម​អហិង្សា​ទី១។​ ហើយ​ទី​២ ​លោក​មាជ សុវណ្ណារ៉ា​មិនបាន​ចូលរួម​វាយ​ឲ្យ​មនុស្ស​បង្ក​របួស​ស្នាម​ទេ»។​

ក៏​ប៉ុន្តែ​លោក ​ផៃ ស៊ីផាន​វិញ​បាន​បដិសេធ​ថា​ ការ​ដែល​អាជ្ញាធរ​ចាប់​ឃុំ​ខ្លួន​លោក​ មាជ សុវណ្ណារ៉ា​គឺ​ជា​ការ​ធ្វើទៅ​តាម​អង្គហេតុ​និង​អង្គច្បាប់​ប៉ុណ្ណោះ​ គឺ​មិន​មែន​ ជា​រឿង​នយោបាយ​នោះ​ទេ។​

«វា​មិន​មាន​ឥទ្ធិពល​ជះទៅ​លើ​រឿង​នយោបាយ ​ដោយសារ​រឿង​នយោបាយ​ហ្នឹង​ គឺ​ចប់​រួច​ស្រេច​ទៅ​ហើយ​ តាំងពី​គណបក្ស​សង្គ្រោះ​ជាតិ​អញ្ជើញ​ទៅ​អង្គុយ​ក្នុង​ សភា ​ក្លាយ​ទៅ​ជា​ដៃ​គូក្នុង​ការ​អភិវឌ្ឍ​ស្រុក​ទាំង​អស់គ្នា។ ​ទោះបីជា​គណបក្ស​មួយ​ស្ថិត​នៅ​ក្នុង​អំណាច​ និងគណបក្ស​មួយ​ក្រៅ​អំណាច​ តែ​នៅ​តែ​ជាដៃ​គូ។ ​ហើយ​យើង​មើល​ឥទ្ធិពល​របស់​លោក​មាជ សុវណ្ណារ៉ា​ហ្នឹង ​ដូចជា​គ្មាន​ឥទ្ធិពល​នយោបាយ​អី​ធំ​ដុំ​ទេ។​ ​លោក​គ្រាន់​តែ​ធ្វើ​កិច្ចការ​ជា​ប្រព័ន្ធ​ឃោសនា​មួយ​សម្រាប់​ គណបក្ស​សង្គ្រោះ​ជាតិ​តែ​ប៉ុណ្ណោះ»។​

លោក​ផៃ ស៊ីផាន​បដិសេធ​មិន​ធ្វើអត្ថាធិប្បាយ​ទៅ​លើ​រឿងចាប់​ឃុំខ្លួន​សកម្មជន ​ បឹងកក់​ទេ​ ​ដោយ​លោក​បង្វែ​សំណួរទៅ​កាន់​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ។​

លោកឡុង ឌីម៉ង់​ អ្នក​នាំពាក្យ​សាលា​រាជធានីភ្នំពេញ​ បាន​អះអាង​ថា​ ក្រុម​ប្រជា​ពលរដ្ឋ​បាន​ធ្វើការ​តវ៉ា​ខុស​ច្បាប់​ ប៉ះពាល់​ដល់​ចរាចរណ៍។​

តែ​លោក​សៀ ភារម្យ​ នាយកលេខាធិការ​ដ្ឋានក្រុម​ការងារពិសេសសិទ្ធិ​លំនៅ​ដ្ឋាន​ បាន​អះអាង​ថា ​ការ​ចាប់​ឃុំ​ខ្លួន​នេះ​ជា​ការ​គេច​វេស​របស់​សាលា​រាជធានី​ភ្នំពេញ​ ជាពិសេស​រដ្ឋាភិបាល​កម្ពុជា​ ក្នុងការ​ដោះស្រាយ​បញ្ហា​សុខទុក្ខ​ជូន​ប្រជា​ពលរដ្ឋ។​

«ពេល​ដែលប្រជាពលរដ្ឋ​ទាមទារ​ឲ្យមាន​ការ​ដោះស្រាយ​ឬ​ក៏​បញ្ហា​លិចលង់​ បំផ្លិច​បំផ្លាញ​ទ្រព្យសម្បត្តិ​របស់​គាត់​ ហើយ​បែរ​ជាយក​ច្បាប់​ចរាចរណ៍​មកកៀប​សង្កត់​ដើម្បី​បំបាក់​ស្មារតី​ដល់​ប្រជា​ពលរដ្ឋ​ខ្មែរ។ ហើយ​ខ្ញុំ​គិត​ថា​ នេះ​មិន​មែនជា​ការ​ដឹក​នាំ​មួយ​ដែលឆ្លាត​វៃ​ទេ​ គឺ​ជា​ការ​ដឹកនាំ​ដែល​ទល់ច្រក​ ដែល​មិន​មាន​សមត្ថភាព​ក្នុងការ​ដោះស្រាយ​បញ្ហា​ ហើយ​ព្យាយាម​បំបិទ​សំឡេង ដូចឳពុក​ម្តាយ​ដែល​ល្ងង់​ខ្លៅ​ ហើយ​ព្យាយាម​វ៉ៃកូន​កុំ​ឲ្យ​យំ»។​

លោក​បន្ត​ថា ​បើចាត់​ទុក​ថា គេ​ធ្វើ​ឲ្យ​កកស្ទះ​ចរាចរណ៍​ខុសច្បាប់​នោះ​គឺ​នាយករដ្ឋ មន្ត្រី​ក៏​ត្រូវ​មាន​ទោសដែរ​ ដោយសារ​តែ​ការ​ធ្វើ​ដំណើរ​ម្តងៗ​របស់​លោក​ត្រូវ​បិទ​ផ្លូវ និង​ធ្វើ​ឲ្យ​កកស្ទះ​ចរាចរណ៍​យ៉ាង​យូរ។​

អ្នកស្រី​យ៉ោម បុប្ផា​ សកម្មជន​បឹងកក់​ បាន​អះអាង​ថា​ ក្រុម​ពលរដ្ឋ​បឹងកក់​គ្មាន​ធ្វើ​អ្វី​ខុស​ទេ ​គឺ​គ្រាន់តែ​តវ៉ា​សុំឲ្យ​សាលា​រាជធានី​ជួយ​ពួក​គេ​ដើម្បី​បញ្ជៀស​ទឹក​ក្រខ្វក់ ដែល​មាន​មេរោគ​ កំពុង​ជន​លិចផ្ទះ​ពួកគេ​នោះ​តែ​ប៉ុណ្ណោះ។​

«យើង​ឃើញ​ហើយ​សកម្មជន​ យើង​ជា​ស្ត្រី​បឹងកក់​មួយ​ចំនួន​ គាត់​ទៅ​តវ៉ា​ដើម្បី​រក​ ដំណោះ​ស្រាយ ​ធ្វើយ៉ាងណា​ឲ្យ​សាលារាជ​ធានី​នឹង​បណ្តោះ​ទឹក​ហ្នឹង​ តែ​ផ្ទុយ​ ទៅ​វិញ​ បែរ​ជា​ចាប់ពួក​គាត់​ប្រើ​អំពើ​ហិង្សា​ ក៏ដូច​ជាយក​ទៅ​ដាក់​កាត់​ទោស​មួយ​ឆ្នាំ​ ហើយ​ពិន័យ​ជា​ទឹក​ប្រាក់​២លាន​រៀល។​ យក​ទៅ​ដាក់​ពន្ធធនាគារ វាជា​រឿង​មួយ​ ដែល​អយុត្តិធម៌​ជា​ទី​បំផុត​ ​មិនមែនសម្រាប់​តែ​អ្នកភូមិ​បឹងកក់ទេ​ តែ​សម្រាប់ ប្រជា​ពលរដ្ឋ​ខ្មែរ​ទាំងមូល​តែម្តង»។​

អ្នកស្រី​បាន​ចោទ​ប្រកាន់​ថា​ សាលា​រាជធានី​និង​រដ្ឋាភិបាល​មានចេតនា​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​រស់នៅ​មិនបាន​សុខ​ ដូច​ពេល​កន្លង​មក។​

អ្នកស្រី​បាន​អំពាវ​នាវ​ឲ្យសហគមន៍​ជាតិ​ និង​អន្តរជាតិ​បន្តតាម​ដាន​មើល​រឿង​នេះ​ ​ហើយ​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​និង​អាជ្ញាធរ​ ឲ្យ​មានការ​ដោះលែង​ក្រុម​អ្នក​ភូមិ​បឹងកក់​ ឲ្យ​មាន​សេរីភាព​ឡើង​វិញ។​

លោក​ Peter Maguire​ សាស្ត្រាចារ្យ​សកល​វិទ្យាល័យ​អាមេរិកាំង​ម្នាក់​ដែល​ឃ្លាំ​ មើល​ស្ថានកាណ៍​កម្ពុជា​បានស្តី​បន្ទោស​ដល់​ប្រទេស​លោកខាង​លិចខ្លះ​ដែល​មិន​ អើពើ​នឹង​ការ​ដែលរដ្ឋាភិបាល​មិន​បាន​ធ្វើតាម​ប្រជា​ធិបតេយ្យ ហើយ​លោក​សង្កត់​ ធ្ងន់​ថា ​ប្រទេស​ទាំងនោះ​មិន​ហ៊ាន​ប្រតិកម្ម​ជាមួយ​នឹង​រដ្ឋាភិបាល​ទេ៕

XS
SM
MD
LG