ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ផ្តល់​អភ័យ​ឯកសិទ្ធិ​សភា​ដល់​សមាជិក​គ.ជ.ប​ថ្មីនៅ​មិន​ទាន់​ច្បាស់​លាស់


លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន​​​ សែន​​​កំពុង​​​ចាប់​​​ដៃ​​​គ្នា​​​ជាមួយ​​​លោក​​​​​​ សម​​​ រង្ស៊ី​​​ ប្រធាន​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​បន្ទាប់​​​ពី​​​កិច្ច​​​ប្រជុំ​​​នៅ​​​មន្ទីរ​​​ព្រឹទ្ធ​​​សភា​​​​​​ ដែល​​​ឈាន​​​ដល់​​​ការ​​​បញ្ចប់​​​វិបត្តិ​​​ជាប់​​​គាំង​​​នយោបាយ​​​នៅ​​​កម្ពុជា​កាល​​​​​ពី​​​ថ្ងៃ​​​ទី​ ២២​​​ ខែ​​​កក្កដា​​​ ឆ្នាំ​​​២០១៤​​​។​​​
លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន​​​ សែន​​​កំពុង​​​ចាប់​​​ដៃ​​​គ្នា​​​ជាមួយ​​​លោក​​​​​​ សម​​​ រង្ស៊ី​​​ ប្រធាន​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​បន្ទាប់​​​ពី​​​កិច្ច​​​ប្រជុំ​​​នៅ​​​មន្ទីរ​​​ព្រឹទ្ធ​​​សភា​​​​​​ ដែល​​​ឈាន​​​ដល់​​​ការ​​​បញ្ចប់​​​វិបត្តិ​​​ជាប់​​​គាំង​​​នយោបាយ​​​នៅ​​​កម្ពុជា​កាល​​​​​ពី​​​ថ្ងៃ​​​ទី​ ២២​​​ ខែ​​​កក្កដា​​​ ឆ្នាំ​​​២០១៤​​​។​​​

គណបក្ស​សង្គ្រោះ​ជាតិ​ និង​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​មិន​ទាន់​មាន​ជំហរ​រួម​គ្នា​ក្នុង​ការ​ផ្តល់​ការ​ការពារ​ដល់​សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ថ្មី​ដែល​នឹង​ត្រូវ​បង្កើត​ឡើង​ក្រោយ​ការព្រម​ព្រៀង​គ្នា​រវាង​គណបក្ស​គូ​ទំនាស់​ទាំង​ពីរនេះ​នៅ​ឡើយ​ទេ។

តាម​ប្រភព​ដែល​សិ្នទ្ធ​នឹង​ការ​ចរចា​ឱ្យ​ដឹងថា ​សេចក្តី​ព្រាងច្បាប់​រដ្ឋ​ធម្មនុញ្ញ​ថ្មី​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ស្នើ​ឡើង​បាន​ស្នើ​សុំ​ឱ្យ​សមាជិក​សមាជិកា​គ.ជ.ប​ថ្មី​មាន​អភ័យ​ឯកសិទ្ធិ​ដូច​អ្នក​តំណាង​រាស្រ្ត​ដែរ។ ប៉ុន្តែគណបក្ស​កាន់​អំណាច​យល់​ថា​សំណើ​នេះ​មិន​អាច​ធ្វើ​បាន​ទេ។

ការស្នើសុំ​ផ្តល់​អភ័យ​ឯកសិទ្ធិ​ដល់​សមាជិក​នៃ​គ.ជ.ប​កើត​ឡើង​បន្ទាប់​ពីលោកស្រី​ពុង ឈីវកេក​ប្រធាន​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​យល់​ព្រម​ចូល​បម្រើ​ការងារ​ក្នុង​ស្ថាប័ន​ដែល​កំពុង​មាន​រឿង​ចម្រូង​ចម្រាស​នេះ​ដោយភ្ជាប់​លក្ខខណ្ឌ​មួយ​ចំនួន​ក្នុងនោះគឺ​ការ​ផ្តល់​អភ័យ​ឯកសិទ្ធិ​ដើម្បី​កុំ​ឱ្យ​មាន​គណបក្ស​នយោបាយ​ណា​មក​ប្រើ​ប្រាស់​ឥទ្ធិពល​លើ​បាន។​

លោក​អេង ឆៃអ៊ាង ​អ្នក​តំណាងរាស្ត្រ​ជាប់ឆ្នោត​នៃ​គណបក្ស​សង្គ្រោះជាតិ​និង​ជាប្រធាន​ក្រុម​ការងារ​ធ្វើ​វិសោធនកម្ម​រដ្ឋ​ធម្មនុញ្ញ​ខាង​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បញ្ជាក់​ថា៖

«ម្សិល​មិញ​ពេល​ដែល​ខ្ញុំ​ប្រជុំ​ការងារ​ជាមួយ​គណបក្ស​ប្រជាជន​ដែល​មាន​ឯកឧត្តម​ប៉ែន បញ្ញា​ជា​ប្រធាន​ខ្ញុំ​ក៏​បាន​លើក​ពី​សំណើ​របស់​គាត់​ទៅ​ពិភាក្សា​ដែរ​ប៉ុន្តែ​នៅ ​មិន​ទាន់​ដឹង​លទ្ធផល​យ៉ាង​ម៉េច​ទេ​ព្រោះ​ ខាង​ក្រុម​ការងារ​គណបក្ស​ប្រជាជន​គេ​នឹង​យក​គំនិត​ហ្នឹង​ទៅ​ជជែក​ជាមួយ​ផ្ទៃក្នុង​គណបក្ស។ ប៉ុន្តែ​ចំពោះ​គណបក្ស​សង្គ្រោះ​ជាតិ​យើ​ង​គាំទ្រ​នូវ​សំណើ​និង​សំណូម​ពរ​របស់​គាត់​ហ្នឹង»។​

​យោងតាម​មាត្រា​១៥២​ថ្មីដែល​ប្រភព ​ស្និទ្ធ​នឹង​ការ​ចរចា​ឱ្យ​វីអូអេ​ដឹង​គឺ​គណបក្ស​សង្គ្រោះ​ជាតិ​សរសេរ​ថា៖​«សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ត្រូវ​ជ្រើសរើស​ក្នុង​ចំណោម​ឥស្សរជន​ដែល​មាន​សញ្ជាតិ​ជា​ខ្មែរ​ពី​កំណើត​ មាន​សញ្ញាបត្រ​កម្រិត​ឧត្តម​សិក្សា​ឡើងទៅ​ហើយ​មាន​ពិសោធន៍​ច្រើន​ក្នុង​ការ​បម្រើ​សង្គម។ សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​មាន​អភ័យ​ឯកសិទ្ធិ​ដូច​តំណាងរាស្រ្ត​ក្នុង​ការ​បំពេញ​តួនាទី​ខ្លួន។ ការរៀបចំ​និងការ​ប្រព្រឹត្ត​ទៅ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​នឹង​ត្រូវ​កំណត់​ក្នុង​ច្បាប់​មួយ។
វីដេអូ៖ ការ​ចរចា​បញ្ចប់​វិបត្តិ​នយោបាយ​ ២២ កក្កដា ២០១៤
វិបត្តិ​នយោបាយ​នៅ​កម្ពុជា​​ត្រូវ​បញ្ចប់
សូម​រង់ចាំ

No media source currently available

0:00 0:05:09 0:00
ទាញ​យក​ពី​តំណភ្ជាប់​ដើម

ប៉ុន្តែ​ការលើក​ឡើង​នេះ​ត្រូវ​បាន​លោក​ឈាង វុន​ ប្រធាន​គណៈកម្មាធិការ​កិច្ចការ​បរទេស​របស់​រដ្ឋ​សភា​ជាតិនៃ​គណបក្ស​ប្រជាជន​កម្ពុជា​យល់​ថា​មិន​អាច​ទទួល​យក​បាន​ទេ។​

លោក​ឈាង វុន​បាន​បញ្ជាក់​ប្រាប់​វីអូអេ​ថា៖​

«គ.ជ.ប​គាត់​មិន​មែន​ជា​តំណាងរាស្រ្ត​ទេ។ កុំ​លើក​ពី​អ្វីដែល​តំណាង​ពលរដ្ឋ​គាត់មាន។​ បុព្វសិទ្ធិអ្នក​តំណាងរាស្រ្ត​និង​អភ័យ​ឯកសិទ្ធិ​អ្នក​តំណាងរាស្រ្ត​ហ្នឹង​គឺ​ជា​ការ​ធានា​ពី​ការនិយាយ​ស្តីរបស់​គាត់​ហើយ​និយាយ​ពី​ការ​ចំណាយ​ដើម្បី បម្រើ​រាស្រ្ត​របស់​គាត់​បី​បួន​ម៉ឺននាក់​ដែល​គាត់​តំណាង​ដូច្នេះ​ក្នុង​នាម​អ្នក​តំណាងរាស្រ្ត​គាត់​សំខាន់​ណាស់​អញ្ចឹង​ហើយ​គេ​ការពារ​គាត់​ កុំ​ឱ្យ​គាត់​ការពារ​ប្រជារាស្រ្ត​របស់​គាត់​ទៅ​គាត់​ត្រូវ​ទទួល​ទោស​នៅ​ក្នុង​ការ​និយាយ​ស្តី ការពារ​នៅ ក្នុង​រដ្ឋ​សភា។ ​អញ្ចឹង​ហើយ​បាន​ជា​គេ​ឱ្យ​អភ័យ​ឯកសិទ្ធិ។ ការងារ​គ.ជ.​ប​គឺ​ជាការ​ងារ​ប្រតិបត្តិ​ក្នុង​ការបោះឆ្នោត​អញ្ចឹង​ការងារ​បោះឆ្នោត​វាអត់​មាន​រឿង​អ្វី​ត្រូវ​មាន​អភ័យ​ឯកសិទ្ធិ​ផង។ ការ​សុំ​នេះ​អត់​ត្រឹម​ត្រូវ​ទេ​ហើយ​វាមិន​ដែល​មាន​ប្រទេស​ណា​មាន​អភ័យ​ឯកសិទ្ធិ​ជូន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ទេ»។​

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ទទួល​រងការ​ចោទ​ប្រកាន់​ថា​មាន​ការលំអៀង​ទៅ​រក​គណបក្ស​កាន់​អំណាចដែល​នាំ​ឱ្យ​លទ្ធផល​ឆ្នោត​ដែល​ប្រកាស​ដោយស្ថាប័ន​នេះ​មិន​ត្រូវ​បាន​គណបក្ស​ប្រឆាំង​ទទួល​ស្គាល់ហើយ​មិន​ទទួល​យក​និង​ធ្វើ​ពហិការ​កិច្ច​ប្រជុំ​សភា​ជាតិ។​

អង្គការ​សង្គមស៊ីវិល​យល់​ថា​អភ័យ​ឯកសិទ្ធ​នេះ​គឺ​ជា​ការ​ការពារ​បន្ថែម​ទៀត​ដល់​អ្នក​ធ្វើ​ការ​នៅ​ក្នុង​ស្ថាប័ន​នេះ​បើ​ទោះ​បី​ជា​គំរូ​ដូចនេះ​នៅ​មិន​ទាន់​មាន​អនុវត្ត​នៅ​ប្រទេស​ណា​ក៏ដោយ។

លោក​បណ្ឌិត​ ហង្ស​ ពុទ្ធា ​នាយក​ប្រតិបត្តិ​អង្គការ​និកហ្វិក​បាន​បញ្ជាក់​ថា៖

«ខ្ញុំ​ថា​ការកែទម្រង់​ស្ថាប័ន​រៀបចំការបោះឆ្នោត​នេះ​មាន​ការ​ចាំ​បាច់​ដែល​តម្រូវ​ឱ្យ​សមាជិក​នីមួយៗ​មាន​អភ័យ​ឯកសិទ្ធិ​ដូច​ជា​តំណាងរាស្ត្រ​ដែរ​ដោយសារ​ស្ថាប័ន​នេះ​កំណត់​នៅ​ក្នុង​រដ្ឋ​ធម្មនុញ្ញ​ហើយ​ស្ថាប័ន​នេះ​ឯង​គឺ​នឹង​ធ្វើ​ការ​ជា​កណ្តាល​រវាង​គណបក្ស​នយោបាយ​ទាំង​អស់។ អញ្ចឹង​ប្រសិនបើ​ស្ថាប័ន​មួយ​នេះ​ស្ថិត​នៅ​ក្នុងគំនាប​គណបក្ស​នយោបាយ​ណា​ដូច​ជា​កា​របញ្ឈប់​ឬ​ក៏ការ​បៀតបៀន​ចាប់​ខ្លួន​អ្វី​នោះ អីចឹង​ពួកគាត់​មិន​មាន​ឯករាជ្យ​ក្នុង​ការ​ធ្វើ​ការ​ងារ​ទេ»។​

ប៉ុន្តែ​លោក​ឈាង វុន សមាជិកក្រុម​ចរចា​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​បញ្ជាក់​ថា​បើ​សមាជិក​គ.ជ.ប​ធ្វើការ​បន្លំ​សន្លឹកឆ្នោត​គឺ​ត្រូវ​តែ​ទទួលទោស៖

«គាត់​ទៅ​លួច​បន្លំ​ការបោះឆ្នោត​ហើយ​ឱ្យ​គាត់​អត់​មាន​ទោស​យ៉ាង​ម៉េច? ​វាមិនដែល​មាន។ ខ្ញុំ​មិន​ថា​អី​ទេ​បើ​ថា​ឱ្យ​ក៏ឱ្យ​ទៅ​ក៏ប៉ុន្តែ​ខ្ញុំ​មិន​ស្តាយ​ទេ​នោះ​មិន​មែន​របស់​ខ្ញុំ​ផង​ប៉ុន្តែ​ជា​គោលការណ៍​ច្បាប់​វាអត់​មាន​ការអនុវត្ត​បែប​នេះ»។​

គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ព្រម​ព្រៀងគ្នា​បញ្ចប់​វិបត្តិ​នយោបាយ​ក្រោយ​ការ​បោះឆ្នោត​ដែល​មាន​រយៈ​ពេល​ជិត​មួយ​ឆ្នាំ។ ប៉ុន្តែ​សមាជិក​សភា​ជាប់ឆ្នោត​ទាំងអស់​របស់​គណបក្ស​សង្គ្រោះជាតិ​នៅ​មិន​ទាន់​ស្បថ​ចូល​កាន់​តំណែង​នៅឡើយ​ទេ​ដោយ​រង់ចាំ​ក្រុម​ការងារ​ដែល​បាន​បង្កើត​ឡើ​ង​ចំនួន​បី​ចរចា​លើ​ចំណុច​លម្អិត​សម្រាប់​យក​ទៅ ​អនុវត្ត​នៅ​ពេល​ដែល​ចូល​កាន់​តំណែង។

ការបង្កើត​គ.ជ.ប​ថ្មី​ត្រូវ​ផ្អែកលើ​រូបមន្ត​បួន​នាក់​មក​ពី​គណបក្ស​កាន់​អំណាច ​៤​នាក់​មក​ពី​គណបក្ស​ប្រឆាំង​និង​មួយ​នាក់​ជា​បុគ្គល​ឯករាជ្យ។ ​សម្រាប់​សមាសភាព​ខាងផ្នែក​គណបក្ស​ប្រឆាំង​ត្រូវបាន​ប្រភព​ប្រាប់​ឱ្យ​ដឹង​ថា​ ​មាន​សមាសភាព​មក​ពី​អង្គការ​សង្គម​ស៊ីវិល​ចូលរួម​ច្រើន​ក្រៅពី​លោកស្រី​ ពុង ឈីវ​កេក​៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG