ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

គណបក្ស​កាន់អំណាច​តែងតាំង​សមាសភាព​គ.ជ.ប.​ថ្មីតែមិនទាន់​បញ្ចេញ​ឈ្មោះ​​

  • ហេង រស្មី

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ពិភាក្សា​គ្នា​នៅ​មន្ទីរ​រដ្ឋសភា​ជាតិ​នៅ​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កក្កដា ឆ្នាំ​២០១៤។ កាល​ពី​ថ្ងៃ​ច័ន្ទ រដ្ឋសភា​កម្ពុជា​បាន​គាំទ្រ​បេក្ខភាព​តំណាងរាស្ត្រ​របស់​លោក​សម រង្ស៊ី ដែល​ជា​ផ្នែក​មួយ​នៃ​កិច្ចព្រមព្រៀង​ជាមួយ​លោក ហ៊ុន សែន ដែល​ជា​គូ​បដិបក្ខ​ខាង​នយោបាយ​របស់​លោក ដើម្បី​បញ្ចប់​​វិបត្តិ​នយោបាយ​រយៈ​ពេល​មួយ​របស់​កម្ពុជា។

លោក ​ជាម យៀប​ មន្ត្រី​ជាន់​ខ្ពស់​និង​ជាសមាជិក​សភា​តំណាង​រាស្ត្រ​ខាង​គណបក្ស​បក្ស​ប្រជាជន​កម្ពុជា​មាន​ប្រសាសន៍​ថា ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​សម្រេច​ជ្រើស​រើស​សមាសភាព​គណៈកម្មាធិការ​ជាតិ​រៀច​ចំការ​បោះ​ឆ្នោត​ចំនួន​៤​រូប​រួច​រាល់​ហើយ។ ក៏ប៉ុន្តែ​លោក​មិន​ទាន់​ប្រកាស​ឈ្មោះឲ្យដឹង​ជាសារធារណៈនៅ​ឡើយ។​

លោក​មាន​ប្រសាសន៍​ថា​ បេក្ខភាព​ទាំង​៤​រូប​នោះ​សុទ្ធសឹង​ជាមន្ត្រី​ដែល​បាន​បម្រើការ​ងារ​យូរ​ឆ្នាំ​ និង​ពោរ​ពេញ​ទៅ​ដោយ​បទ​ពិសោធន៍​ខាង​កិច្ច​ការ​រៀបចំ​ការ​បោះ​ឆ្នោត។​ ក៏​ប៉ុន្តែ​សមាសភាព​ថ្មី​នេះ​គ្មាន​ឈ្មោះ​លោក​អ៊ឹម សួស្តី​ ប្រធាន​គ.ជ.ប. ​បច្ចុប្បន្ន​នេះ​ និង​លោក​ ទេព​ នីថា​ ​អគ្គលេខាធិការ​គ.ជ.ប. ​បច្ចុប្បន្ន​នេះ។​

លោក​បាន​បញ្ជាក់​ថា​ គណបក្ស​ប្រជាជននៅ​រង់ចាំការ​ជ្រើស​រើស​បេក្ខភាព​របស់​គណបក្ស​សង្គ្រោះជាតិ​តែ​ប៉ុណ្ណោះ។​

វីអូអេ​បានព្យាយាម​ទាក់ទងសុំការ​បំភ្លឺ​ពី​មន្ត្រី​ជាន់​ខ្ពស់​សំខាន់ៗរបស់​គណបក្ស​សង្គ្រោះ​ជាតិ ​រួម​មាន​លោក​សម រង្ស៊ី​ ប្រធាន​ លោក​កឹម សុខា​ អនុប្រធាន​ និង​លោក​យឹម សុវណ្ណ​ អ្នក​នាំពាក្យ​គណបក្ស​ តែ​មិន​អាច​បាន​ទេ​ ដោយ​ទូរស័ព្ទ​ទទួល​ការ​ហៅ​ចូល​ហើយ​ តែ​គ្មាន​អ្នក​ទទួល។​

ក៏​ប៉ុន្តែ​លោក​ គួយ ប៊ុនរឿន​ បេក្ខភាព​ដែល​គណបក្ស​សង្គ្រោះជាតិ​បាន​ជ្រើសរើស​មុន​ដំបូង​គេ​សម្រាប់​ក្លាយ​ជា​សមាស​ភាព​គ.ជ.ប.​ថ្មី​ មាន​ប្រសាសន៍​ប្រាប់​ក្រុម​អ្នក​កាសែត​នៅ​ឯ​មន្ទីរ​រដ្ឋ​សភា​កាល​ពី​ថ្ងៃ​អង្គារ​ថា​ បេក្ខភាព​គ.ជ.ប.​ថ្មី​របស់​គណបក្ស​សង្គ្រោះ​ជាតិ​មិន​ទាន់​បាន​សម្រេច​នៅ​ឡើយ។​

លោក​បាន​និយាយ​ថា៖ ​«មក​ទល់​ពេល​នេះ​មិន​ទាន់​មាន​ភាព​ច្បាស់​លាស់​ទេ។មាន​តែ​រូប​ខ្ញុំ​មួយ​ ហើយ​គណៈ​អចិន្ត្រៃយ៍​នឹង​ពិនិត្យ​ឆាប់ៗនៅ​ពេល​ខាង​មុខ»។​

យោង​តាម​កិច្ច​ព្រម​ព្រៀង​ថ្នាក់​ដឹក​នាំ​កំពូល​នៃ​គណបក្ស​ទាំង​ពីរ ​សមាសភាព​គ.ជ.ប.​ថ្មី​ត្រូវ​បាន​ជ្រើស​រើស​ដោយ​ចំហ​ដោយ​គណៈ​អចិន្ត្រៃយ៍​នៃ​រដ្ឋ​សភា​តាម​រូប​មន្ត​៤-៤-១​ មាន​ន័យ​ថា​ បួន​រូប​ត្រូវ​បាន​ជ្រើស​ចេញ​ពី​គណបក្ស​សង្គ្រោះជាតិ​និង​បួន​រូប​ទៀត​ចេញ​ពី​គណបក្ស​សង្គ្រោះជាតិ។

ចំណែក​ឯ​បេក្ខភាពទី៩​របស់​សមាសភាព​គ.ជ.ប.​គឺ​អ្នក​ស្រី ​ពុង ឈីវកេក ប្រធាន​អង្គការ​សិទ្ធិមនុស្ស​លីកាដូ​បាន​យល់​ព្រម​ហើយ​ក្រោយ​ពីមាន​ការ​ស្នើ​សុំ​ពី​គណបក្ស​ទាំង​ពីរ។

បេក្ខភាព​ដែល​គ្រោង​នឹង​ដាក់​ពាក្យ​ជា​សមាសភាព​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ថ្មី​មាន​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ និង​មន្ត្រី​មក​ពី​គណបក្ស​នយោបាយ​ផង​ដែរ។​

លោក ​គល់ បញ្ញា​ នាយក​ប្រតិបត្តិ​អង្គការ​ឃ្លាំ​មើល​ដំណើរ​ការ​បោះ​ឆ្នោត​មួយ​ឈ្មោះ​ខុមហ្វ្រែល ​មាន​ប្រសាសន៍​ថា ​លោក​កំពុង​ពិចារណា​ដាក់​ពាក្យ​ទៅ​គណៈ​អចិន្ត្រៃយ៍​នៃ​រដ្ឋ​សភា​ ក្រោយ​ពី​មាន​ការ​ស្នើ​សុំ​ពី​គណបក្ស​នយោបាយ។

លោក​មាន​ប្រសាសន៍​ថា​ លោក​ចង់​យក​បទ​ពិសោធន៍​ដែល​លោកបាន​ធ្វើ​ការ​ងារ​ខាង​ក្រៅ​ រឿង​ទាក់​ទិន​នឹង​កិច្ច​ការ​បោះ​ឆ្នោត​ដើម្បី​អាច​ផ្លាស់​ប្តូរ​របៀប​ធ្វើ​ការ​ និង​កែ​លម្អ​ការ​បោះ​ឆ្នោត​ឲ្យបាន​ត្រឹម​ត្រូវ ​កុំឲ្យមាន​ការ​ឈ្លោះ​ប្រកែកគ្នា​រាល់​ពេល​បោះ​ឆ្នោត​ម្តងៗ។​

លោក​បាន​និយាយ​ថា៖​ «ខ្ញុំ​គិត​ថា ​វា​ជា​ឱកាស​ដែរ​ ដែល​យើង​អាច​ទៅ​ធ្វើឲ្យការ​ងារ​គ.ជ.ប.​ហ្នឹង​បាន​ល្អ។ ខ្ញុំ​គិត​ខ្លួន​ឯង​ហើយ។ ​កន្លង​មក​យើង​ធ្វើការ​នៅ​ខាង​ខុមហ្វែ្រល​ខាង​ក្រៅ​បាន​ច្រើន​ដែរ។​ ​តែ​គ្រាន់​ថា​ វានៅ​មាន​ការ​កម្រិត។​ នេះ​ហើយ​បាន​ជា​ខ្ញុំ​ពិចារណា​នៅ​ក្នុង​រឿង​ហ្នឹង»។​

កញ្ញា​កឹម មនោវិទ្យា​ កូន​ស្រី​បង្កើត​របស់​លោក​កឹម សុខា​វិញ​ មាន​ប្រសាសន៍​ថា​ កញ្ញា​កំពុង​រៀបចំ​បែប​បទ​ដាក់​ពាក្យ​ទៅ​គណៈ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា​ដែរ​ដើម្បីឲ្យគណបក្ស​ជ្រើស​រើស​ជា​សមាស​ភាព​គ.ជ.ប.​ថ្មី។​

កញ្ញា​បាន​និយាយ​ថា៖ ​«អាស្រ័យ​ទៅ​លើ​កិច្ច​ព្រម​ព្រៀង​មុន​នឹង​ពេល​សង្គ្រោះ​ជាតិ​ចូល​ទៅ​សភា​ហ្នឹង ​ពីព្រោះ​បើ​សិន​ជា​កិច្ច​ព្រម​ព្រៀង​នយោបាយ​មិន​ច្បាស់​លាស់​ទេ​ អាច​គ.ជ.ប.​ហ្នឹង​មិន​បាន​ដំណើរ​ការ​ល្អ​ ដូច​យើង​សង្ឃឹម​ទុក»។​

សមាស​ភាព​គ.ជ.ប.​បច្ចុបន្ន​នេះ​ត្រូវ​បាន​គណបក្ស​ប្រឆាំង​ និង​ប្រជា​ពលរដ្ឋបានស្តី​បន្ទោស​ទៅ​លើ​ភាព​លម្អៀង​ទៅ​រក​គណបក្ស​កាន់​អំណាច​ ដោយ​សារ​តែ​សមាសភាព​តាំង​ពី​កំពូល​រហូត​ដល់​ថ្នាក់​ឃុំ​ជា​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា។ តែ​ការ​ចោទ​ប្រកាន់​នេះ​ត្រូវ​បាន​មន្ត្រី​គ.ជ.ប.​បដិសេធ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG