ធនាគារក្នុងប្រទេសក្រិកនៅតែបន្តបិទទ្វារនៅថ្ងៃអង្គារនេះ ក្នុងខណៈដែលប្រទេសនេះហាក់ដូចជារៀបចំខ្លួនជាស្រេចដើម្បីប្រកាសជាផ្លូវការអំពីការមិនសងប្រាក់បំណុលចំនួន១ពាន់៨រយលានដុល្លារ ដែលខ្លួនជំពាក់មូលនិធិរូបិយវត្ថុអន្តរជាតិ ហៅជាអង់គ្លេសថា International Monetary Fund (IMF)។
នៅពេលដែលអនាគតសេដ្ឋកិច្ចរបស់ក្រិកនៅមិនដឹងច្បាស់លាស់នៅព្រឹកថ្ងៃអង្គារនេះ ក្រសួងហិរញ្ញវត្ថុប្រទេសក្រិកនិយាយថា ធនាគារប្រមាណ១ពាន់សាខានៅទូទាំងប្រទេសនឹងបើកទ្វារដើម្បីអនុញ្ញាតឲ្យអ្នកទទួលប្រាក់សោធននិវត្តន៍ ដែលភាគច្រើនមិនមានកាតអេធីអឹម (ATM) អាចបើកលុយបានគ្រប់គ្រាន់សម្រាប់ចាយវាយក្នុងសប្តាហ៍នេះ។
ប្រទេសក្រិកនឹងធ្វើប្រជាមតិនៅថ្ងៃទី៥ ខែកក្កដា លើវិធានការត្បិតត្បៀតដ៏តឹងរឹងថ្មីរបស់ទ្វីបអឺរ៉ុប ដែលលោកនាយករដ្ឋមន្រ្តីក្រិក Alexis Tsipras បានប្រឆាំងជំទាស់។
លោក Tsipras បានថ្លែងកាលពីថ្ងៃច័ន្ទថា លោកនឹងគោរពតាមលទ្ធផលនៃការប្រជាមតិ តែលោកព្រមានថា រដ្ឋាភិបាលនិយមឆ្វេងរបស់លោកនឹងមិនធ្វើតាមកំណែទម្រង់ថ្មីទាំងនោះទេ។ ម្ចាស់ប្រាក់បំណុលនៃទ្វីបអឺរ៉ុបទាមទារឲ្យមានកំណែទម្រង់ទាំងនេះ ដើម្បីប្តូរនឹងការផ្តល់ប្រាក់សង្គ្រោះថ្មីជាច្រើនពាន់ដុល្លារបន្ថែមទៅឲ្យប្រទេសក្រិក៕