ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ប្រទេស​នៅ​អាហ្វ្រិក​​​បន្ត​ការ​បង្កើត​ប្លុក​ពាណិជ្ជកម្ម​សេរី​សម្រាប់​ទ្វីប​នេះ ​ទោះ​បី​ជា​មាន​ការ​រាតត្បាត​ជំងឺ​កូវីដ១៩​ក្តី


រូបឯកសារ៖ មេដឹកនាំនៃបណ្តាប្រទេសក្នុងទ្វីបអាហ្វ្រិកក្នុងកិច្ចប្រជុំកំពូលស្តីអំពីប្លុកពាណិជ្ជកម្មសេរី នៅក្រុង Kigali ប្រទស Rwanda កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨។

ការ​បង្កើត​តំបន់​ពាណិជ្ជកម្ម​សេរី​អាហ្វ្រិក​កាលពី​ដំបូង​ត្រូវ​បាន​កំណត់​ធ្វើ​ឡើង​នៅ​ពាក់​កណ្តាល​ឆ្នាំ២០២០ ប៉ុន្តែ​ត្រូវ​បាន​ពន្យារពេល​ដោយសារ​តែ​ការ​រាតត្បាតនៃ​វីរុសកូរ៉ូណា។

រដ្ឋាភិបាល​នៃ​ប្រទេស​នានា​ក្នុង​ទ្វីប​អាហ្រ្វិក​បាន​បន្ត​ដំណើរ​ទៅ​មុខ​ជាមួយ​នឹង​ការ​បង្កើត​តំបន់​នេះ​ នៅ​ខែមករា ទោះបី​ជា​ប្រទេស​អាហ្វ្រិក​ជាច្រើន​កំពុង​ប្រឈម​នឹង​រលក​ទី២ ​នៃ​វីរុសក៏​កាចសាហាវ​ក្តី ហើយ​បាន​និយាយ​ថា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​នេះ​អាច​មាន​សក្តានុពល​បង្កើន​សេដ្ឋកិច្ច​អាហ្វ្រិក​ដែល​រងផលប៉ះពាល់​ពី​ជំងឺ​កូវីដ១៩។

ប៉ុន្តែ​ នៅ​ក្នុង​ប្រទេស​មួយ​ចំនួន ដូចជា​នីហ្សេរីយ៉ា អាជ្ញាធរ​កំពុង​ដោះស្រាយ​បញ្ហា​ពាណិជ្ជកម្ម​យ៉ាង​ប្រុងប្រយ័ត្ន ដោយ​ការ​ត្រួតពិនិត្យ​មនុស្ស និង​ទំនិញ។​

លោក Joseph Attah គឺ​ជា​មន្ត្រី​ទំនាក់ទំនង​សាធារណៈ​នៃ​ភ្នាក់ងារ​គយ​នីហ្សេរីយ៉ា។

លោក​បាន​និយាយ​ក្នុង​ន័យ​ដើម​ថា៖ «យើង​កំពុង​ពិនិត្យមើល​វិធី​ដែល​យើង​អាច​ធ្វើ​ឱ្យ​ប្រាកដ​ថា អ្វីៗ​ដែល​ត្រូវ​បាន​នាំ​ចូល និង​នាំចេញ​មិន​ប៉ះពាល់​ដល់​សេដ្ឋកិច្ច និង​សន្តិសុខ​ជាតិ។ ដើម្បី​ធ្វើ​បែប​នេះ​បាន​ក្នុង​រយៈពេល​មាន​ជំងឺ​កូវីដ១៩​ នេះ យើង​ត្រូវ​គោរព​តាម​វិធាន​របស់​មជ្ឈមណ្ឌល​ប្រយុទ្ធប្រឆាំងនឹងជំងឺ​ឆ្លង​នីហ្សេរីយ៉ា»។

ប្រទេស​នីហ្សេរីយ៉ា​ស្ថិត​ក្នុង​ចំណោម​ប្រទេស​អាហ្វ្រិក​ជាង​៣០ ​ដែល​បាន​ផ្តល់​សច្ចានុមតិ​ដល់​សន្ធិសញ្ញា​ពាណិជ្ជកម្ម​នេះ​ នៅ​ត្រឹម​ខែធ្នូ ឆ្នាំ២០២០។ ប្រទេស​អាហ្វ្រិក​ទាំង​៥៥ ​លើកលែង​តែ​ប្រទេស​អេរីត្រេ​បាន​ចុះ​ហត្ថលេខា​ ដើម្បី​ចូលរួម​ក្នុង​កិច្ចព្រមព្រៀង​នេះ។​

អាជ្ញាធរ​នីហ្សេរីយ៉ា​បាន​បើក​ព្រំដែន​របស់​ខ្លួន​ឡើង​វិញ​នៅ​ក្នុង​ខែធ្នូ​ បន្ទាប់​ពី​បិទ​អស់​រយៈពេល​ជាង​មួយ​ឆ្នាំ និង​បាន​និយាយ​ថា ប្រទេស​នេះ​ត្រៀម​ខ្លួន​រួចរាល់​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​នឹង​ប្រទេស​ជិតខាង​របស់​ខ្លួន។

លោក Attah បាន​និយាយ​ថា ប៉ុន្តែ​ការ​ធ្វើ​ពាណិជ្ជកម្ម​នៅ​ពេល​នេះ​នឹង​មាន​ការ​ត្រួតពិនិត្យ​ខ្លាំង​ជាង​មុន។

លោក Joseph Attah បាន​និយាយ​ក្នុង​ន័យ​ដើម​ថា៖ «ការ​បំពាន​វិធាន​ប្រភព​ដើម​ច្បាស់ណាស់​ជា​ការ​គំរាមកំហែង​មួយ​ក្នុង​ចំណោម​ការ​គំរាមកំហែង​សំខាន់ៗ។ ការ​រត់ពន្ធ​ក៏​ជា​ការ​គំរាមកំហែង​មួយ​ផង​ដែរ ដោយសារ​តែ​ព្រំដែន​មិន​សូវ​មាន​ការ​ត្រួតពិនិត្យ​ម៉ត់ចត់។ ហើយ​ការ​ដែល​គេ​អាច​យក​ទំនិញ​ឆ្លង​កាត់​ព្រំដែន​បាន​ដោយ​សេរី​ នឹង​នាំ​ឱ្យ​មាន​ការ​ហូរ​ចូល​នូវ​ទំនិញ​មិន​មាន​ស្តង់ដារ​យ៉ាង​ច្រើន និង​ច្បាស់​ណាស់ ​នឹង​មាន​ផលប៉ះពាល់​ជា​អវិជ្ជមាន​ទៅ​លើ​ចំណូល​របស់​រដ្ឋាភិបាល ដោយសារ​តែ​ទំនិញ​ទាំង​នោះ​ឥឡូវ​នេះ​នឹង​ត្រូវ​បាន​នាំ​ចូល​ដោយ​មិន​ជាប់​ពន្ធគយ​ទៀត​នោះ​ទេ»។

«វិធាន​ប្រភព​ដើម» មាន​ន័យ​ថា ទំនិញ​ទាំង​អស់​ដែល​ឆ្លង​កាត់​ព្រំដែន​ត្រូវ​តែ​ផលិត​ នៅ​ក្នុង​ទ្វីប​អាហ្វ្រិក​និង​មិន​មែន​ជា​ទំនិញ​នាំចូល​នោះ​ទេ។

គោលគំនិត​នេះ​គឺ​ដើម្បី​បង្កើន​ពាណិជ្ជកម្ម​រវាង​រដ្ឋ និង​រដ្ឋ​នៅ​ក្នុង​ទ្វីប​អាហ្វ្រិក ដែល​មាន​ចំនួន​ទាប​ប្រមាណ​តែ​ ១៦%​ បើ​ប្រៀបធៀប​ទៅ​នឹង​ចំនួន​ប្រមាណ​ ៦៨%​ សម្រាប់​ពាណិជ្ជកម្ម​របស់​អាហ្វ្រិក​ជាមួយ​នឹង​អឺរ៉ុប និង​ប្រមាណ​ ៥៩% ​សម្រាប់​ពាណិជ្ជកម្ម​របស់​អាហ្វ្រិក​ជាមួយ​នឹង​តំបន់​អាស៊ី។

ទ្វីប​នេះ​មាន​ផលិតផល​ក្នុង​ស្រុក​សរុប​រួម​ទាំង​អស់​ចំនួន ​៣លានលាន​ដុល្លារ​សហរដ្ឋអាមេរិក។ អ្នក​ជំនាញ​និយាយ​ថា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​នេះ​អាច​នឹង​ពង្រីក​ពាណិជ្ជកម្ម​រវាង​រដ្ឋ​នៅ​អាហ្វ្រិក​បាន​ជាង​ ៥០% ហើយ​កិច្ចព្រមព្រៀង​នេះ​ក៏​មាន​យន្តការ​ដោះស្រាយ​វិវាទ​ ដើម្បី​ដោះស្រាយ​វិវាទ​ពាណិជ្ជកម្ម​ដែល​អាច​កើត​មាន​ផង​ដែរ។

លោក Ken Ife ជា​អ្នក​ជំនាញ​ម៉ាក្រូសេដ្ឋកិច្ច និង​អ្នក​ប្រឹក្សាយោបល់​នៅ​សហគមន៍​សេដ្ឋកិច្ច​នៃ​បណ្តាប្រទេសនៅអាហ្វ្រិក​ខាង​លិច​( ECOWAS)។

លោក​បាន​និយាយ​ក្នុង​ន័យ​ដើម​ថា៖ «ចំណុច​ល្អ​មួយ​អំពី​តំបន់​ពាណិជ្ជកម្ម​សេរី​អាហ្វ្រិក​គឺ​ថា កិច្ចព្រមព្រៀង​នេះ​មាន​យន្តការ​ដោះស្រាយ​វិវាទ។ នេះ​មាន​លក្ខណៈ​ខុស​គ្នា​ខ្លាំង ដោយសារ​តែសហគមន៍សេដ្ឋកិច្ច ECOWAS មិន​មាន​នោះ​ទេ។ រដ្ឋ​សមាជិក​ត្រូវ​បាន​គេ​រំពឹង​ថា ​នឹង​ធ្វើ​ការ​អង្កេត​ពាក់ព័ន្ធ​នឹង​តួនាទី​របស់​ពួកគេ ហើយ​ពួកគេ​ត្រូវ​ទទួល​ខុសត្រូវ និង​ឆ្លើយតប​ចំពោះ​ការ​បំពាន​ណា​មួយ»។

ប្រទេស​អាហ្វ្រិក​ជាច្រើន​កំពុង​តែ​ពឹងផ្អែក​លើ​ការ​ចូលរួម​របស់​នីហ្សេរីយ៉ា​នៅ​ក្នុង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​នេះ​ ដើម្បី​ជួយ​ជ្រោមជ្រែង​ដល់​កិច្ចព្រមព្រៀង​នេះ។

អាជ្ញាធរ​នីហ្សេរីយ៉ា​បាន​បង្កើត​គណៈកម្មាធិការ​សកម្មភាព​ជាតិ ដែល​រួម​មាន​មន្ត្រី​សុខាភិបាល សន្តិសុខ និង​គយ​ដើម្បី​ត្រួតពិនិត្យ​លើ​ការ​ដោះដូរ​ពាណិជ្ជកម្ម​របស់​ប្រទេស​នេះ​ ជាមួយ​នឹង​សមាជិក​ផ្សេង​ទៀត​និង​ផ្តល់​យោបល់​ដល់​រដ្ឋាភិបាល៕

ផែនទីលទ្ធផលការបោះឆ្នោតប្រធានាធិបតីអាមេរិកពីឆ្នាំ ១៩៩២-២០២០

XS
SM
MD
LG