វ៉ាស៊ីនតោន៖ សកម្មជនខាងការអភិវឌ្ឍន៍អំពាវនាវដល់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងធនាគារពិភពលោក ឲ្យបង្កើនការគាំទ្រដល់ប្រទេសក្រីក្រ ដោយធ្វើការកែទម្រង់ទៅលើគោលនយោបាយសេដ្ឋកិច្ចប្រាក់កម្ចី និងដោយធ្វើការបង្កើនតម្លាភាព ទៅលើកិច្ចព្រមព្រៀងទាំងឡាយ ដែលធ្វើឡើងដោយស្ថាប័នទាំងពីរ និងរដ្ឋាភិបាលនៃប្រទេសនានា។
មន្រ្តីនៃអង្គការរូបិយវត្ថុអន្តរជាតិ និយាយថា កិច្ចប្រជុំប្រចាំឆ្នាំកាលពីសប្តាហ៍មុន គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីធ្វើការសន្ទនាបន្តទៀតជាមួយប្រទេសកំពុងអភិវឌ្ឍន៍។
នាយកផ្នែកទំនាក់ទំនងខាងក្រៅរបស់ IMF លោកស្រី Caroline Atkinson និយាយថា កិច្ចខិតខំប្រឹងប្រែងនេះ បង្ហាញពីការខ្វល់ខ្វាយ ចំពោះជនរងគ្រោះដោយសារវិបត្តិហិរញ្ញវត្ថុពិភពលោក ជាពិសេសក្នុងចំណោមប្រទេសដែលមានប្រាក់ចំណូលទាប។
«យើងបានផ្តល់ថវិកាដល់តំណាងអង្គការសង្គមស៊ីវិល ឲ្យមកចូលរួមក្នុងកិច្ចប្រជុំប្រចាំឆ្នាំ ដើម្បីប្រាប់យើងពីកង្វល់របស់ពួកគេ ដើម្បីឲ្យពួកគេស្តាប់យើងអំពីអ្វីដែលយើងកំពុងតែធ្វើនិងអំពីមូលហេតុ និងដើម្បីជំរុញឲ្យមានការប្តូរយោបល់គ្នាមួយ។ យើងក៏បានផ្តល់ថវិកាដល់អ្នកកាសែត និងស្ថាប័នសារព័ត៌មានជាច្រើនទៀត មកពីទ្វិបអាហ្វ្រិកនិងអាស៊ីផងដែរ»។
ទោះជាយ៉ាងនេះក្តី ក្រុមអង្គការមិនមែនរដ្ឋាភិបាលនិយាយថា មូលនិធិ IMF ត្រូវធ្វើកិច្ចការបន្ថែមទៀត។ ក្រុមមួយដែលមានឈ្មោះជាភាសាអង់គ្លេសថា ActionAid និយាយថា កម្មវិធីរបស់ IMF ជាទូទៅ ហាមឃាត់ប្រភេទថវិកាលើកស្ទួយសេដ្ឋកិច្ចរបស់រដ្ឋាភិបាល ដែលប្រើដោយប្រទេសដែលមានឧស្សាហកម្មលូតលាស់ ក្នុងការជួយសម្រួលដល់ការឆ្លងឲ្យផុតពីវិបត្តិសេដ្ឋកិច្ចពិភពលោក។ ក្រុមនេះនិយាយថា កម្មវិធីរបស់ IMF សង្កត់ធ្ងន់ទៅលើវិធានការនៃការកាត់បន្ថយការចំណាយ ដែលជាញឹកញយបានអំពាវនាវឲ្យរដ្ឋាភិបាល ធ្វើការកាត់បន្ថយប្រាក់ចំណាយរបស់ខ្លួន ដែលរួមបញ្ចូលទាំងសេវាសង្គម ដែលត្រូវការជាចាំបាច់ ដើម្បីជួយដល់ប្រទេសក្រីក្រ ក្នុងការឈានទៅដល់គោលដៅអភិវឌ្ឍន៍សហវត្សរ៍របស់អង្គការសហប្រជាជាតិ។ គោលដៅសហវត្សរ៍ អំពាវនាវឲ្យមានការកាត់បន្ថយភាពក្រីក្រឲ្យបានខ្លាំងក្លា ក៏ដូចជាការបង្កើនឲ្យបានច្រើនទៅលើវិស័យអប់រំ និងសុខភាពរបស់កុមារនិងមាតាឲ្យបានមុនឆ្នាំ២០១៥។
លោកស្រី Melinda St. Louis គឺជានាយិការងនៃបណ្តាញ Jubilee សហរដ្ឋអាមេរិក ដែលរួមបញ្ចូលក្រុមអង្គការសាសនា ការងារ និងមនុស្សធម៌ចំនួនជាង៧០ ដែលគាំទ្រប្រទេសដែលមានប្រាក់ចំណូលទាប។
«ឧទាហរណ៍ នៅក្នុងប្រទេស Burundi ទោះបីជាប្រាក់បៀវត្សរ៍របស់ស្ថាប័នសាធារណៈស្ថិតនៅក្រោមមធ្យមភាគនៅក្នុងតំបន់ក្តី ក៏ IMF ប្រើប្រាស់ឥទ្ធិពលរបស់ខ្លួន ដើម្បីធានាឲ្យរដ្ឋាភិបាលកាត់បន្ថយការចំណាយទៅលើប្រាក់បៀវត្សរ៍ផ្នែកសាធារណៈ ដោយធ្វើការបង្កក និងកាត់បន្ថយប្រាក់ឧបត្ថម្ភធនធានរបស់រដ្ឋាភិបាលទៅលើប្រេង និងបង្កើតឲ្យមានពន្ធទៅលើតម្លៃប្រេងចំនួន២០ភាគរយឡើងវិញ ដែលប៉ះពាល់ដល់អ្នកក្រីក្រជាងគេបំផុត»។
ក្រុមអ្នកអភិវឌ្ឍន៍ក៏មានការបារម្ភផងដែរ អំពីកំណែទម្រង់ ដែលមានទំនោរទៅរកទីផ្សារ ដែលអាចមានផលប៉ះពាល់ទៅលើអ្នកក្រ។ ក្រុមសកម្មជននិយាយថា ប្រទេសជាច្រើនបានព្យាយាមទាក់ទាញវិនិយោគបរទេស ដោយតំឡើងពន្ធទៅលើការទិញទំនិញប្រើប្រាស់របស់អ្នកក្រ ជាជាងការដោះស្រាយចន្លោះប្រហោងនៃការមិនបង់ពន្ធក្នុងចំណោមអ្នកមាន។ រដ្ឋាភិបាលមួយចំនួនចង់បានតំបន់ពាណិជ្ជកម្មសេរី ជាមួយនឹងពន្ធកំរិតទាបទៅលើសាជីវកម្ម។
លោកស្រី Melinda St. Louis និយាយថា រដ្ឋាភិបាលក៏បានបន្ថយពន្ធនាំចេញនិងនាំចូលដែរ ដែលជាប្រភពចំណូលសម្រាប់សេវាសុខាភិបាលនិងអប់រំ។
ក្រៅពីការអំពាវនាវឲ្យមានកំណែរទម្រង់ទៅលើប្រាក់កម្ចីនិងគោលនយោបាយមួយចំនួន សម្រាប់ប្រទេសដែលមានការអភិវឌ្ឍន៍តិចតួចនោះ ក្រុមបណ្តាញ Jubilee សហរដ្ឋអាមេរិក ក៏បានធ្វើការអំពាវនាវឲ្យមានតម្លាភាពខ្លាំងជាងមុនផងដែរ ទាក់ទងទៅនឹងកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលនិងស្ថាប័នហិរញ្ញវត្ថុ ដែលមានមូលដ្ឋាននៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន។
«រដ្ឋាភិបាលមួយចំនួនធ្វើការខ្ចីប្រាក់ពីមូលនិធិ IMF ឬធនាគារពិភពលោក ដោយប្រជាពលរដ្ឋមិនមានការយល់ដឹងអំពីរឿងនេះទេ។ ជាទូទៅ រដ្ឋាភិបាលទាំងនេះទទួលបានថវិកាជាមុនពីគម្រោង ដែលអាចល្អឬអាចឥតប្រយោជន៍។ ប៉ុន្តែ ប្រទេសជាតិនិងប្រជាពលរដ្ឋ នឹងទទួលរ៉ាប់រងនូវបំណុលទាំងនេះ ជាច្រើនទសវត្សរ៍បន្តទៅទៀត»។
លោកស្រីនិយាយថា នៅក្នុងករណីមួយចំនួន ក្រសួងហិរញ្ញវត្ថុនៃប្រទេសទទួលប្រាក់កម្ចីចុះហត្ថលេខាទៅលើកិច្ចព្រមព្រៀងប្រាក់កម្ចីជាមួយ IMF ដែលសេចក្តីលម្អិតនៃកិច្ចព្រមព្រៀងនេះ មិនត្រូវបានចេញផ្សាយជាសាធារណៈ ដើម្បីឲ្យមានការត្រួតពិនិត្យពីរដ្ឋសភា បណ្តាញសារព័ត៌មាន ឬអ្នកបោះឆ្នោតនោះទេ។
លោកស្រី Atkinson នៃមូលនិធិ IMF មិនយល់ស្របចំពោះការរិះគន់នេះទេ ដោយលោកស្រីមានប្រសាសន៍ថា មូលនិធិបានបង្កើនថវិកាចំនួនបីដង ដើម្បីផ្តល់ប្រាក់កម្ចីទៅឲ្យប្រទេសដែលមានចំណូលទាប ដោយមិនយកការប្រាក់។ លោកស្រីមានប្រសាសន៍ថា ថវិកាត្រូវបានត្រៀមផ្តល់ឲ្យប្រទេសក្រីក្របំផុត នៅក្នុងលក្ខខណ្ឌអនុគ្រោះ ហើយបានកាត់បន្ថយលក្ខខណ្ឌមួយចំនួន ដើម្បីកុំឲ្យប្រទេសទាំងនោះមានការលំបាកក្នុងការសងប្រាក់ត្រឡប់មកវិញ។
«មូលហេតុមួយក្នុងការដាក់លក្ខខណ្ឌគឺថា យើងផ្តល់ប្រាក់កម្ចី នៅពេលដែលប្រទេសទាំងឡាយមានបញ្ហា។ ដូច្នេះ ដូចជាវេជ្ជបណ្ឌិតដូច្នោះដែរ យើងផ្តល់យោបល់អំពីវិធានការដែលប្រទេសទាំងអស់នោះគួរអនុវត្ត ដើម្បីឲ្យមានការធូស្បើយឡើងវិញ។ ថ្នាំព្យាបាល គឺជាថវិកាដែលទ្រទ្រង់ប្រទេសទាំងអស់នោះ ដែលមានរោគសញ្ញា ហើយជួយពួកគេឲ្យមានការធូស្បើយ។ ប៉ុន្តែ ពួកគេក៏ត្រូវធ្វើការផ្លាស់ប្តូររបៀបរស់នៅផងដែរ។ ប្រសិនបើពួកគេធ្លាក់ចូលទៅក្នុងវិបត្តិ ដោយសាររដ្ឋាភិបាលចំណាយច្រើនហួសហេតុ ឬក៏ពួកគេមិនអាចខ្ចីលុយបានថែមទៀត ប្រទេសទាំងនោះប្រហែលជាត្រូវធ្វើការផ្លាស់ប្តូរក្នុងរយៈពេលណាមួយ។ នេះគឺជាផ្នែកមួយនៃអ្វីដែលយើងធ្វើ»។
លោកស្រី Atkinson មានប្រសាសន៍ថា IMF មិនដាក់បទបញ្ញត្តិនូវនយោបាយណា ដែលដាក់បន្ទុកពន្ធទៅលើអ្នកក្រ ឬក៏ធ្វើការជ្រើសរើសផលប្រយោជន៍សាជីវកម្ម ដើម្បីឲ្យរួចពន្ធនោះទេ។
«ចំណុចមួយដែលយើងចាប់អារម្មណ៍យ៉ាងខ្លាំងគឺថា បន្ទុកពន្ធត្រូវតែធ្វើការបែងចែកឲ្យមានយុត្តិធម៌ ហើយឲ្យធ្លាក់ទៅលើជនទាំងឡាយណា ដែលមានលទ្ធភាពបង់។ យើងបានផ្តល់ជំនួយនិងយោបល់ផ្នែកបច្ចេកទេសយ៉ាងច្រើន អំពីរបៀបដើម្បីធានាឲ្យបានថា ប្រជាជនដែលមានប្រាក់ចំណូលឬទ្រព្យសម្បត្តិច្រើន ត្រូវបង់ពន្ធច្រើន។ មូលនិធិ IMF មិនមានគោលនយោបាយគាំទ្រពន្ធសាជីវកម្មទាប ឬតំបន់ពាណិជ្ចកម្មសេរីនោះទេ។ ប្រទេសជាច្រើនប្រហែលជាមានតំបន់ពាណិជ្ចកម្មសេរី ពីព្រោះពួកគេយល់ឃើញអំពីអ្វី ដែលជំរុញឲ្យមានការនាំចេញ និងឲ្យមានការលូតលាស់»។
ចំពោះបញ្ហាតម្លាភាព លោកស្រី Atkinson មានប្រសាសន៍ថា មូលនិធិរូបិយវត្ថុអន្តរជាតិ IMF បានធ្វើការបោះពុម្ពផ្សាយនូវកិច្ចព្រមព្រៀងប្រាក់កម្ចីជាច្រើន ហើយលោកស្រីបានបដិសេធថា មិនមានកិច្ចព្រមព្រៀងជាសម្ងាត់រវាងមូលនិធិនិងអតិថិជននោះទេ។
មន្រ្តី IMF រូបនេះនិយាយថា ការចំណាយទៅលើសុខាភិបាលនិងការអប់រំ កាលពីឆ្នាំទៅ គឺមានកំរិតខ្ពស់ជាង នៅក្នុងប្រទេសដែលអនុវត្តកម្មវិធីគាំទ្រដោយមូលនិធិ ដើម្បីពង្រឹងសំណាញ់សុវត្ថិភាព ក្នុងការការពារការផ្តល់ចំណីអាហារគ្រប់គ្រាន់ និងផ្តល់ប្រាក់ទៅឲ្យគ្រួសារក្រីក្រ។ លោកស្រីមានប្រសាសន៍ថា ប្រទេសជាអតិថិជនមួយចំនួនមានកម្មវិធីការងារសាធារណៈដ៏មមាញឹក។
លោកស្រី Atkinson មានប្រសានស៍ថា មានភស្តុតាងដែលបង្ហាញថា មូលនិធិបានស្តាប់ក្រុមអ្នករិះគន់ និងជួយការពារជនទាំងឡាយណាដែលងាយរងគ្រោះបំផុត៕
ប្រែសម្រួលដោយលោក ឌី ខាំបូលី