ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោកស្រី​មូរ សុខហួរ​ស្នើ​រដ្ឋាភិបាល​ប្រើប្រាស់​ធនធាន​មនុស្ស​ដែល​បាន​បញ្ចប់​ការងារ​ក្រៅ​ប្រទេស

  • ម៉ែន គឹមសេង

លោក នុត ករុណា អតីតពលករ​ចំណាក​ស្រុក​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូវ​នៅក្នុង​បន្ទប់​ផ្សាយរបស់ VOA នៅ​រាជធានី​ភ្នំពេញ ក្នុង​ពេល​លោក​ចូលរួម​ជា​វាគ្មិនក្នុងកម្មវិធី​ Hello VOA នៅថ្ងៃ​ព្រហស្បតិ៍ ទី២៣ ខែមិថុនា ឆ្នាំ២០១៦។ (លឹម សុធី/VOA)

អ្នក​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ស្នើឱ្យ​រដ្ឋាភិបាល​​ប្រើ​ប្រាស់​ធនធាន​មនុស្ស​ដែល​ធ្លាប់​បាន​ទៅ​ធ្វើការ​ជំនាញ​នៅ​ក្រៅ​ប្រទេស​ហើយ​ត្រឡប់​មក​វិញ​ដើម្បី​ជៀសវាង​ការខាតបង់​ជំនាញ​ដែល​ទទួល​បាន។

លោក​ស្រី​មូរ សុខហួរ​ បាន​ប្រាប់​ដល់​កម្មវិធី​ Hello VOA ​នៅថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ការបន្ត​មិន​យក​ចិត្ត​ទុកដាក់​ដល់​ធនធាន​មនុស្ស​ដែល​ធ្លាប់​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​នឹង​ធ្វើ​ឱ្យ​កម្ពុជា​បាត់​បង់សក្តា​នុពល​ដែល​កម្ពុជា​មាន៖

«នេះ​ជា​បញ្ហា​ដែល​យើង​ត្រូវតែ​ដោះ​ត្រូវ​គិត​រក្សា​ធនធាន​មនុស្ស​របស់​យើង​ សក្តានុពល​យើង​មិន​ត្រឹមតែ​ទប់​ទេ​គឺ​ត្រូវ​តែ​បង្កើន​ឱ្យ​មាន​ឱកាស ​ឱ្យ​មាន​ជំនាញ​ខ្ពស់​ហើយ​ខ្ពស់​ទៀត​។ កុំ​យក​បាន​មក​ហើយ​ទុក​ឱ្យ​គ្នា​រាវរក​ក្នុង​ផ្សារ​ការងារ​ដោយ​ខ្លួន​ឯងបើ​មិន​អីចឹង​យើង​បាត់​បង់​នូវ​ធនធាន​ហើយ‍»។​

លោកស្រី ​មើល​ឃើញ​ថា​ទីផ្សារ​ការងារ​ក្នុង​ប្រទេស​កម្ពុជា​នាពេល​បច្ចុប្បន្ន​នៅមាន​លក្ខណៈ​ចង្អៀត ដោយ​ពួកគេ​ទទួលបាន​ប្រាក់ខែ​ទាប​ដែល​នេះ​នៅ​តែ​បន្ត​ឱ្យ​ពលរដ្ឋ​កម្ពុជា​ទៅ​ធ្វើ​ការ​ជា​ពលករ​នៅ​ក្រៅ​ប្រទេស​។

កត្តា​ដែល​អាច​ជួយ​ដោះស្រាយ​បាន​នោះ​គឺ​ជួយ​បណ្តុះ​សេដ្ឋកិច្ច​នៅ​ក្នុង​ស្រុក​តាម​រយៈ​ការ​ពង្រីក​ក្រុមហ៊ុន​ធំៗ​ក្នុង​ស្រុក ​ប្រើ​ប្រាស់​ធនធាន​មនុស្ស​នៅ​ក្នុង​ស្រុក។ ពេល​បច្ចុប្បន្ន​ ​ក្រុម​ហ៊ុន​ខ្មែរ​មាន​ខ្នាត​តូច​ច្រើន​ហើយ​សហគ្រិន​មិន​ហ៊ាន​ពង្រីក​មុខរបរ​ដោយ​សារ​តែ​ប្រឈម​មុខ​នឹង​ហានិភ័យ​ក្ស័យធន​ខ្ពស់​ដោយ​មិន​មាន​ការ​គាំទ្រ​ពី​រដ្ឋាភិបាល​ដូច​ជា​ការបញ្ចុះ​អត្រា​ការប្រាក់​ឱ្យ​បានទាប​ជាដើម។ នេះ​បើ​តាម​ការ​លើកឡើង​របស់​លោក​ស្រី​មូរ សុខហួរ។

លោក​ស្រី​បាន​បន្ថែម​ថា៖​ «ផ្សារការងារ​សម្រាប់​ពលរដ្ឋ​យើង​នៅក្នុង​ប្រទេស​យើង​ជាផ្សារការងារ​បើ​សិន​ជា​ធំ​គឺ​សម្រាប់​ពលករ​ដែល​អត់​មាន​ជំនាញ​ដូច​ជា​នៅក្នុង​សេវា​រត់​តុ ដូចជា​ធ្វើ​សំណង់​ដែល​ជា​មុខ​របរ​អត់​មាន​ជំនាញ​ហើយ​ធ្វើ​ឱ្យ​មាន​គ្រោះថ្នាក់​ទៀត។ ហើយ​ពលករ​របស់​យើង​នេះ​គឺ​រស់មួយថ្ងៃ​សម្រាប់​មួយថ្ងៃ​។ អត់​ទៅមុខ​បានទេ‍»។

មាន​ពលករ​ខ្មែរ​ធ្វើ​ចំណាក​ស្រុក​ទាំងស្រប​ច្បាប់​និង​មិន​ស្រប​ច្បាប់​ជាង​មួយ​លាន​នាក់​ដែល​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​ ម៉ាឡេស៊ី ​និង​កូរ៉េខាងត្បូង​ជាដើម។ ​

លោក​នុត ករុណា ​ជា​អតីត​ពលករ​ដែល​បាន​ធ្វើ​ការ​នៅប្រទេស​កូរ៉េខាងត្បូង​ជិត​ប្រាំឆ្នាំ។ លោក​បាន​សិក្សា​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ខាងផ្នែក​គ្រប់គ្រងសេដ្ឋកិច្ច​ហើយបាន​ធ្វើការ​ផ្នែក​គ្រឿងចក្រ​និង​អេឡិកត្រូនិក​ពេល​ដែល​បំពេញ​ការងារនៅ​ប្រទេស​កូរ៉េ។​

លោក​បាន​ប្រាប់​ដល់​កម្មវិធី​ Hello VOA ដែរ​ថា៖

«អ្វីដែល​យើង​បាត់​បង់​គឺ​យើង​បាត់​បង់​ខ្លាំង​មែនទែន​សម្រាប់​ធនធាន​មាន​ចំណេះ​ដឹង​ខ្លាំង​និង​ចំណេះ​ដឹង​ខ្ពស់​ប៉ុន្តែ​នៅ​ពេល​ខ្ញុំ​ត្រឡប់​មក​វិញ​គោលនយោបាយ​រដ្ឋាភិបាល​មិន​បាន​ឆ្លើយតប​ទៅនឹង​គោលការណ៍​របស់​យុវជន​ទេ​ហាក់​ដូច​ជា​ដើរឆ្ងាយ​ចេញ​ពី​ផ្នត់​គំនិត​របស់​យុវជន​។ ចំណេះ​ជំនាញ​ដែល​ខ្ញុំ​បាន​ចេះ​ដឹង​មក​ទាំង​អស់​គឺ​ខ្ញុំ​មិន​អាច​ប្រកប​មុខ​របរ​បាន​ទេ​ដោយ​សារ​តែ​នៅ​ប្រទេស​យើង​អត់​មាន​ការងារ​ អត់​មាន​ទីផ្សារ​របៀប​ហ្នឹង​ធ្វើ ​មាន​តែ​មក​ធ្វើ​ការងារ​ដដែល​ៗ​គឺ​ការងារ​ដែល​យើង​បោះបង់​ពីមុន‍»។

លោក​ធ្លាប់​បម្រើ​ការងារ​នៅក្នុង​ក្រុមហ៊ុន​សំណង់​មុន​ពេល​ចាកចេញ​ទៅ​ប្រទេស​កូរ៉េ។

លោក​ថា​រីឯ​ប្រាក់កាស​សន្សំ​បាន​ពី​ការងារ​នៅ​ក្រៅ​ប្រទេស​ក៏​មិន​អាច​ជួយ​ឱ្យ​បង្កើត​មុខ​របរ​អ្វី​សម្រាប់​ផ្ទាល់​ខ្លួន​ដែរ៕

XS
SM
MD
LG