នៅក្នុងលិខិតមួយផ្ញើទៅជូនលោកស្រីរដ្ឋមន្ត្រីការបរទេសអូស្ត្រាលី Julie Bishop កាលពីថ្ងៃព្រហស្បតិ៍ លោកអ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារកម្ពុជាបានស្នើឱ្យរដ្ឋាភិបាលក្រុងកង់បេរ៉ា (Canberra) ពិចារណាបើកច្រកទទួលយកកម្លាំងពលកម្មកម្លាំង និងពលកម្មប្រើបញ្ញារបស់កម្ពុជាចូលទៅធ្វើការនៅប្រទេសអូស្ត្រាលី។
ក្នុងលិខិតដដែលនេះ លោកឋ អ៊ិត សំហេង បានសរសេរបញ្ជាក់ថា៖
«និយោជកជាតិអូស្ត្រាលីនឹងស្គាល់នូវឥរិយាបថធ្វើការប្រកបដោយភាពឧស្សាហ៍ព្យាយាម និងមានវិន័យខ្ជាប់ខ្ជួនរបស់និយោជិកជនជាតិខ្មែរទៅពីកម្ពុជា»។
លោករដ្ឋមន្ត្រីក្រសួងការងារបានបន្ថែមថា៖
«វា[ឱកាសការងារនៅអូស្ត្រាលី]ក៏ផ្ដល់ឱ្យផងដែរនូវចំណេះដឹង និងចំណេះធ្វើដល់និយោជិកជាតិខ្មែរ ដែលនឹងទទួលបានពីការបណ្ដុះបណ្ដាលនៅហ្នឹងកន្លែងធ្វើការងារនៅឯប្រទេសអូស្រ្តាលី ដែលនឹងផ្ដល់ជាវិភាគទានដល់ការអភិវឌ្ឍប្រទេសកម្ពុជាផងដែរ»។
នេះមិនមែនជាការប៉ុនប៉ងលើកដំបូងនោះទេដែលរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រីហ៊ុន សែន បញ្ជូនកម្លាំងពលករខ្មែរចេញទៅធ្វើការអនុវត្តជំនាញនៅបណ្ដាប្រទេសដែលមានតម្រូវការកម្លាំងពលកម្មច្រើនពីបណ្ដាប្រទេសកំពុងអភិវឌ្ឍដូចជាកម្ពុជា។
កម្ពុជាកំពុងតែមានកិច្ចសហការជាមួយប្រទេសកូរ៉េខាងត្បូង ប្រទេសថៃ ប្រទេសម៉ាឡេស៊ី ហើយបន្តិចទៀតនឹងមានកិច្ចសហការជាមួយបណ្ដាប្រទេសនៅឯតំបន់មជ្ឈឹមបូព៌ាដែលល្បីខាងរំលោភសិទ្ធិពលករឆ្លងដែន ក្នុងការបញ្ជូន បើកច្រកឱ្យពលករខ្មែរមានឱកាសចេញទៅបម្រើការងារស្វែងរកប្រាក់ចំណូលផ្ញើមកភូមិកំណើត។
ចលនាឧស្សាហនូបនីយកម្ម និងនគរូបនីយកម្មដ៏ធំសម្បើមរបស់កម្ពុជាបានជំរុញឱ្យប្រជាជនខ្មែរមួយភាគធំនៅគ្រប់ច្រកល្ហកនៃប្រទេស ធ្វើដំណើរចាកចោលភូមិករទៅរកការងារធ្វើនៅទីប្រជុំជន និងនៅក្រៅប្រទេស។
តួលេខត្រួសៗចុងក្រោយបង្អស់ គិតត្រឹមដើមឆ្នាំ២០១៦នេះ បង្ហាញថា ប្រជាជនខ្មែរជិតមួយលាននាក់កំពុងបម្រើការនៅប្រទេសដទៃ រួមមានប្រទេសថៃ ម៉ាឡេស៊ីនិងនៅកូរ៉េខាងត្បូងជាដើម ហើយបានផ្ញើប្រាក់មកស្រុកវិញចំនួន១ពាន់លានដុល្លារអាមេរិកកាលពីឆ្នាំ២០១៥។ នេះបើយោងតាមក្រសួងការងារ។
នៅស្របពេលដែលមានការប៉ាន់ប្រមាណថា អ្នកចេញទៅធ្វើការក្រៅប្រទេសអាចមានលើសពីមួយលាននាក់ រាប់ទាំងពលករដែលចេញទៅមិនស្របច្បាប់ផងនោះ អ្នកជំនាញ និងអ្នកស្រាវជ្រាវបានផ្ដល់នូវការពន្យល់អំពីផលចំណេញ និងការខាតបង់នៃលំហូរធនធានមនុស្ស។
ការហូរចេញធនធានបញ្ញា ដែលរួមមានអ្នកចេះដឹង និងពលករដែលមានជំនាញទៅធ្វើការនៅក្រៅប្រទេសនោះ ត្រូវបានអ្នកស្រាវជ្រាវគូសបញ្ជាក់ឱ្យឃើញផងដែរថា ផ្នែកខ្លះនៃប្រព័ន្ធទីផ្សារការងារមានលក្ខណៈផុយស្រួយ និងមិនមានសមធម៌ក្នុងការជ្រើសរើស។
អ្នកស្រីសែម សោភ័ណលក្ខិណបានធ្វើការសិក្សាស្រាវជ្រាវឱ្យសាកលវិទ្យាល័យស្ត្រី Ewha របស់កូរ៉េខាងត្បូង អំពីឥរិយាបថ និងចរន្តលំហូរសាច់ប្រាក់ដែលពលករខ្មែរបញ្ជូនមកស្រុកកំណើតវិញ នៅពេលដែលពួកគេកំពុងបម្រើការនៅប្រទេសកូរ៉េខាងត្បូង។ អ្នកស្រីបានឱ្យដឹងថា កម្រិតប្រាក់បៀវត្សរ៍នៅកូរ៉េខ្ពស់ជាងនៅកម្ពុជានោះគឺជាកត្តាដែលមានឥទ្ធិពលជាខ្លាំងដល់ការសម្រេចចិត្តចាកចេញរបស់ពលករទៅធ្វើការនៅឯប្រទេសកូរ៉េ ហើយមួយចំនួននៃពួកគេសុខចិត្តបោះបង់ការងារដែលប្រើបញ្ញានៅស្រុកខ្មែរ។
«អ្នកខ្លះគាត់មានការងារដែរនៅខ្មែរ ក៏ប៉ុន្តែការងារហ្នឹងគាត់មិនអាចយកប្រាក់ខែទៅផ្គត់ផ្គង់គ្រួសារគាត់បាន អញ្ចឹងទាមទារឱ្យគាត់ធ្វើចំណាកស្រុកដើម្បីយកប្រាក់ហ្នឹងមករ៉ាប់រងនៅក្នុងគ្រួសាររបស់គាត់»។
អ្នកស្រីសោភ័ណលក្ខិណា ដែលជាអ្នកស្រាវជ្រាវ រកឃើញថា ពលករមួយចំនួនដែលកំពុងបម្រើការងារនៅកូរ៉េមានអតីតភាពការងារ និងកម្រិតវប្បធម៌ជានិស្សិត មន្ត្រីរាជការ បុគ្គលិកក្រុមហ៊ុនឯកជនថែមទៀតផង ពេលគេនៅប្រទេសកម្ពុជា។
ដូចជាលោក លីម ថេងហាក់ ដែលកំពុងបម្រើការងារនៅឯតំបន់ប៉ែកខាងកើតប្រទេសកូរ៉េខាងត្បូង ធ្លាប់ជានិស្សិតបញ្ចប់ការសិក្សាថ្នាក់បុរាណវិទ្យា តែបានសម្រេចចិត្តបោះបង់ការងារជំនាញរបស់ខ្លួនចេញទៅប្រទេសនៅតំបន់ចុងបូព៌ាខាងលើដើម្បីស្វែងរកការងារធ្វើ។
លីម ថេងហាក់បាននិយាយប្រាប់ VOA ថា នៅប្រទេសកូរ៉េខាងត្បូង រូបគេអាចនឹងរកបានប្រាក់ចំណូលជាមធ្យមជាង១ពាន់ដុល្លារអាមេរិកក្នុងមួយខែ ដោយមានផលប្រយោជន៍ជាប្រាក់ជាច្រើនផ្សេងទៀត ហើយថា ជីវភាព និងចំណូលរបស់គេមានការប្រសើរជាងការងារជំនាញរបស់រូបគេនៅស្រុកខ្មែរស្ទើរតែ១០ដង។
«គ្មាននរណាចង់ចាកចេញទេ អ្នកខ្លះគេមានប្រពន្ធ មានកូន មានម្ដាយចាស់ជរា ត្រូវព្រាត់គ្នាមួយរយៈមកធ្វើការនៅកូរ៉េ គ្មាននរណាចង់ទេ។ ប៉ុន្តែដោយសារកត្តាជីវភាព ដោយសារតែពេលខ្លះមានការរើសអើង ដោយសារខ្សែហ្នឹង យើងនិយាយថា ខ្សែចុះ ហើយប្រាក់ខែអត់សមរម្យ ធ្វើឱ្យយើងមិនអាចរស់នៅក្នុងស្រុកខ្មែរបានណាស់»។
ថេងហាក់ក៏បាននិយាយជាបន្ថែមផងដែរអំពីការណ៍ដែលបរិយាកាសការងារមានការរើសអើង និងបក្សពួកនិយម ជាកត្តាជំរុញមួយដ៏សំខាន់បង្ខំឱ្យគេធ្វើចំណាកស្រុក ជិះយន្តហោះទៅធ្វើការនៅកូរ៉េ។
លោកសេដ្ឋវិទូ តេង ដឺលុច បាននិយាយថា ការដែលប្រជាជនចេញទៅធ្វើការនៅក្រៅប្រទេស ចាកចោលភូមិដ្ឋាន វាលស្រែ ចម្ការ ច្បារដំណាំនេះ អាចជាកាំបិតមុខពីរដល់កម្ពុជា ពោលគឺអាចនឹងផ្ដល់ជាផលវិជ្ជមានផង និងអវិជ្ជមានផង។
ផលវិជ្ជមាននៅត្រង់ថា កត្តាជីវភាពគ្រួសារ និងសាម៉ីខ្លួនពលករផ្ទាល់ មានភាពប្រសើរឡើងហើយថែមទាំងអាចនឹងទទួលបានជំនាញបច្ចេកទេសពីការងារដែលខ្លួនបម្រើការនៅក្រៅប្រទេស ហើយផលអវិជ្ជមាននៅត្រង់ថា ប្រទេសជាតិដែលត្រូវការធនធានមនុស្សមកជួយរុញច្រានវិស័យឧស្សាហកម្ម និងខ្នែងផ្សេងទៀតនៃសេដ្ឋកិច្ចនោះ ត្រូវបាត់បង់កម្លាំងធនធានអស់ជាច្រើន។ នេះបើតាមលោកតេង ដឺលុច។
ក៏ប៉ុន្តែបញ្ហានេះនៅតែជាចំណោទនៅឡើយ នៅពេលបណ្ឌិត បញ្ញវ័ន្តខ្មែរជាច្រើនរូបដែលទទួលបានអាហារូបករណ៍ទៅរៀននៅក្រៅប្រទេស បានសម្រេចចិត្តត្រឡប់មកបំពេញកិច្ចការងារនៅមាតុភូមិវិញក្រោយពីបញ្ចប់ការសិក្សា។
លោក អ៊ិត សំហេង រដ្ឋមន្ត្រីការងារ បានបដិសេធមិនផ្ដល់បទសម្ភាសន៍ទេ។ លោកបានបង្វែរសំណួរទៅកាន់អ្នកនាំពាក្យក្រសួងគឺលោកហេង សួរ ដែលមិនបានឆ្លើយតបទៅនឹងសំណើរបស់ VOA ដើម្បីសុំមតិយោបល់ឡើយ។
ការធ្វើចំណាកស្រុក និងលំហូរធនធានបញ្ញាពីប្រទេសមួយទៅប្រទេសមួយទៀត គឺជាកត្តាសកលបណ្តាលមកពីចរន្តប្រែប្រួលចុះឡើងនៃកម្រិតប្រាក់បៀវត្សរ៍ និងការវិនិយោគ តែនៅកម្ពុជាបញ្ហានេះមិនសូវជាចោទប៉ុន្មានទេ។ នេះជាការអះអាងរបស់លោករស់ សាលីន អ្នកនាំពាក្យក្រសួងអប់រំ។
លោករស់ សាលីនបានបន្ថែមថា ក្នុងចំណោមនិស្សិតដែលជាប់អាហារូបករណ៍ទៅរៀននៅបរទេសទាំងអស់នោះ មានដល់ទៅ៩៥%បានដែលត្រឡប់មកកម្ពុជាវិញបម្រើការងារតាមវិស័យសាធារណៈ វិស័យឯកជន និងសង្គមស៊ីវិលជាដើម។
«អញ្ចឹង Issue (បញ្ហា) នៃ Brain-Drain (លំហូរចេញនៃធនធានបញ្ញា) សម្រាប់កម្ពុជាយើង វាមិនមានជាបញ្ហាអ្វីទេ ដោយសារឱកាសការងារ ការប្រកួតប្រជែងនៅក្នុងស្រុកហ្នឹងគឺវាអំណោយផល ទៅដល់យុវជនដែលមានជំនាញខ្ពស់ ក៏ដូចជាយុវជន ទាំងយុវជនដែលសិក្សាក្នុងស្រុក ទាំងយុវជនដែលទៅរៀននៅខាងក្រៅ»។
នៅក្នុងសុន្ទរកថាមួយនៅឯប្រទេសវៀតណាមកាលពីខែឧសភា លោកប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា ក៏បានគូសបញ្ជាក់ផងដែរអំពីបញ្ហានៃលំហូរធនធានមនុស្សទៅក្រៅប្រទេស។
លោកអូបាម៉ាបានថ្លែងថា កាលណាប្រទេសមួយបាត់បង់ធនធានមនុស្សដែលមានជំនាញ និងទេពកោសល្យ ដែលទៅធ្វើការនៅប្រទេសដទៃនោះ បានន័យថាប្រទេសសាម៉ីនោះមានអំពើពុករលួយចាក់ស្រែះ និងមិនបានបង្កបរិយាកាសស្មើភាពក្នុងទីផ្សារការងារ សេដ្ឋកិច្ច ដែលនាំឱ្យប្រទេសបាត់បង់ធនធានដ៏មានតម្លៃសម្រាប់កសាងការអភិវឌ្ឍទៅមុខ៕