ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

គ.ជ.ប.​ពិចារណា​អំពី​សិទ្ធិ​​ថត​រូបភាព​ និង​វីដេអូ​នៅ​ក្នុង​ពេល​បោះឆ្នោត

  • ហ៊ាន សុជាតា

រូបឯកសារ៖ ​អ្នកបោះឆ្នោត​មួយ​រូប​នៅ​ក្នុង​មណ្ឌល​បោះឆ្នោត​សាលាបឋមសិក្សា​ព្រះនរោត្តម​​​នៅ​រាជធានី​ភ្នំពេញ​ចូល​រួម​បោះឆ្នោត​ជ្រើស​រើស​​ក្រុមប្រឹក្សា​រាជធានី​ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិ​ទី២ កាល​ពី​ថ្ងៃ​​ព្រឹក​ថ្ងៃ​អាទិត្យ​ទី​១៨ ខែ​ឧសភា ឆ្នាំ​២០១៤។ (ស៊ុយ ហ៊ាមខេមរា/VOA)

ក្រុម​អ្នក​ឃ្លាំ​មើល​ការ​បោះឆ្នោត​ បាន​ស្នើ​ឲ្យ​អ្នក​សង្កេតការណ៍​បោះឆ្នោត​នានា​ មាន​សិទ្ធិ​ថត​រូបភាព​ និង​វីដេអូ​​បាន​ក្នុង​ដំណើរការ​បោះឆ្នោត​លើកលែង​ការ​គូស​សន្លឹក​ឆ្នោត​ក្នុង​បន្ទប់​សម្ងាត់។​ ក្រុម​មន្ត្រី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ (គ.ជ.ប.) បាន​ទទួល​យក​សំណើ​ទៅ​ពិចារណា​ និង​សម្រេច​នៅ​ពេល​ឆាប់ៗ​ខាង​មុខ។

នា​ថ្ងៃ​ពុធ​នេះ​ ក្រុម​អ្នក​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត ​បាន​ស្នើ​អ្នក​សង្កេត​ការណ៍​បោះ​ឆ្នោត​ ឲ្យ​មាន​សិទ្ធិ​ថត​រូបភាព​ និង​វីដេអូបាន​ក្នុង​ដំណើរការ​បោះឆ្នោត​ លើកលែង​ការ​គូស​សន្លឹក​ឆ្នោត​ក្នុង​បន្ទប់​សម្ងាត់។ ក្រុម​អ្នក​ឃ្លាំ​មើល​ការ​បោះឆ្នោត​ អះអាង​ថា ​ការណ៍​នេះ​អាច​ធានា​តម្លាភាព​ ជា​ពិសេស​ពេល​រាប់​សន្លឹក​ឆ្នោត​ និង​បង្កើន​ជំនឿ​ទុក​ចិត្ត​ចំពោះ​លទ្ធផល​បោះឆ្នោត​ពី​សំណាក់គណបក្ស​នយោបាយ​ អ្នក​បោះឆ្នោត​ ​មហាជន​ទូទៅ​ និង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំង​ជាតិ​ និង​អន្តរជាតិ។

ក្រុម​អ្នក​ឃ្លាំ​មើល​ការ​បោះឆ្នោត​ បាន​ស្នើ​ឲ្យ​អ្នក​សង្កេតការណ៍​បោះឆ្នោត​នានា​ មាន​សិទ្ធិ​ថត​រូបភាព​ និង​វីដេអូបាន​ក្នុង​ដំណើរការ​បោះឆ្នោត​លើកលែង​ការ​គូស​សន្លឹក​ឆ្នោត​ក្នុង​បន្ទប់​សម្ងាត់។​ ក្រុម​មន្ត្រី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ (គ.ជ.ប.) បាន​ទទួល​យក​សំណើ​ទៅ​ពិចារណា​ និង​សម្រេច​នៅ​ពេល​ឆាប់ៗ​ខាង​មុខ។​ នេះ​បើ​តាម​ការ​អះអាង​របស់​លោក គល់ ​បញ្ញា​ នាយក​ប្រតិបត្តិ​នៃ​អង្គការ​ឃ្លាំមើល​ការ​បោះឆ្នោត​ខុមហ្រែ្វល ដែល​បាន​ចូលរួម​ប្រជុំ​ជាមួយ​មន្ត្រី​គ.ជ.ប ​និង​តំណាង​ពាក់ព័ន្ធ​នានា​ នា​ថ្ងៃ​ពុធ​នេះ​ ដើម្បី​ពិភាក្សា​អំពី​ក្រម​សីលធម៌​ថ្មី​ និង​បញ្ហា​ជាច្រើន​ទៀត​ទាក់ទង​នឹង​ការ​បោះឆ្នោត​នាពេល​ខាងមុខ។

លើក​លែង​តែ​ការ​គូស​សន្លឹកឆ្នោត​ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​ការ​សម្ងាត់​ចេញ​ ក្រុម​អ្នក​ឃ្លាំមើល ​បាន​អះអាង​ថា ​ដំណើរការ​ផ្សេង​ទៀត​ដូច​ជា​ការ​ចុះ​ឈ្មោះ​អ្នក​បោះឆ្នោត​ និង​ដំណើរការ​រាប់​សន្លឹកឆ្នោត​ជា​ដើម​ គប្បី​អនុញ្ញាត​ឲ្យ​មាន​ការ​ថតរូប​ ព្រោះ​វា​ជា​ការ​ត្រួត​ពិនិត្យ​ និង​ធានា​តម្លាភាព​នៃ​ការ​រាប់​សន្លឹក​ឆ្នោត។ ការណ៍​នេះ​ អ្នក​ឃ្លាំ​មើល​ការ​បោះឆ្នោត​នៅ​កម្ពុជា​យល់​ថា​ អាច​បង្កើន​ជំនឿ​ទុក​ចិត្ត​ចំពោះ​លទ្ធផល​បោះឆ្នោត​ពី​សំណាក់​គណបក្ស​នយោបាយ​ អ្នក​បោះឆ្នោត​ មហាជន​ទូទៅ​ និង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំង​ជាតិ​ និង​អន្តរជាតិ។

លោក​ គល់ បញ្ញា​ ថ្លែង​ប្រាប់​ VOA​ ថា៖

«ប៉ុន្តែ​ពេល​រាប់​សន្លឹក​ឆ្នោត​ វា​លែង​មាន​ការ​សម្ងាត់​អី​ទៀត​ទេ វា​ត្រូវ​ការ​តម្លាភាព។ ចឹង​ទៅ​ វា​អាច​ឲ្យ​អ្នក​សង្កេតការណ៍​ ឬ​អ្នក​សារព័ត៌មាន​អី​ គេ​មាន​សិទ្ធិ​ថត​បាន​នូវ​ការ​រាប់​សន្លឹក​ឆ្នោត​អី។​ ហើយ​ខាង​គ.ជ.ប.​ ក៏​គាត់​យក​សំណើ​ហ្នឹង។ នេះ​ជា​ចំណុច​មួយ​វិជ្ជមាន​ ជួយ​ទប់ស្កាត់​ទំនាស់​ទាក់ទង​លទ្ធផល​បោះឆ្នោត»។

លោក​ គល់ បញ្ញា​ គូស​បញ្ជាក់​ទៀត​ថា​ កិច្ច​ប្រជុំ​នេះ​ ក៏​បាន​ពិភាក្សា​ផង​ដែរ​ ទៅ​លើ​សំណើ​ឲ្យ​មាន​សេចក្តី​ព្រាង​ទាក់ទង​នឹង​ក្រម​សីលធម៌​ ដោយដក​ទោសទណ្ឌ​ចេញ​ពី​ការ​រំលោភ​ក្រម​សីលធម៌ ហើយ​ជំនួស​ដោយ​ការ​ពិន័យ​ផ្នែក​រដ្ឋបាល​ ឬ​ការ​ព្រមាន​វិញ។ ​សេចក្តី​ព្រាង​ក្រម​សីលធម៌​នេះ​ មាន​អានុភាព​ទៅ​លើ​ភាគី​មន្ត្រី​យោធា​ មន្ត្រី​គណបក្ស​នយោបាយ​ អ្នក​សង្កេតការណ៍​បោះឆ្នោត​ អ្នក​សារព័ត៌មាន​ និង​មន្ត្រី​បោះឆ្នោត។

លោក​ សំ​ គន្ធាមី​ នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​អព្យាក្រឹត្យ​ និង​យុត្តិធម៌​ ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី​ និង​ត្រឹមត្រូវ​នៅ​កម្ពុជា​ ហៅ​កាត់​ថា​ និកហ្វិក​ គាំ​ទ្រ​សំណើ​ឲ្យ​មាន​សិទ្ធិ​ថត​រូបភាព​ និង​វីដេអូ​ក្នុង​ដំណើរការ​បោះឆ្នោត។ លោក​បន្ថែម​ថា​ ដើម្បី​ធានា​តម្លាភាព​មួយ​កម្រិត​ទៀត​នោះ​ វីដេអូ​ឯកសារ​ទាំង​នោះ​ គប្បី​បង្ហោះ​នៅ​លើ​គេហទំព័រ​ណា​មួយ​ជា​សាធារណៈ​ ដែល​អាច​អនុញ្ញាតិ​ឲ្យ​សាធារណ​ចូល​មើល ដើម្បីធ្វើ​ការ​គណនា​ និង​ផ្ទៀង​ផ្ទាត់​លទ្ធផល​ដោយ​ខ្លួន​ឯង។​

«គេ​ធ្វើ​ចឹង​ល្អ បើ​សិន​អាច​ធ្វើ​ចឹង​បាន​ វា​ប្រសើរ។​ យល់​ល្អ​ ប្រកាស​លទ្ធផល​[វីដេអូ]​រាប់​សន្លឹក​ឆ្នោត​ តាម​ការិយាល័យ​ ឲ្យ​គាត់​បង្ហោះលើ​វេបសាយ​ ​យើង​អាច​បូក​[ខ្លួនឯង]បាន»។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ​ ក្រុម​អ្នក​សង្កេតការណ៍​អះអាង​ថា​ គ.ជ.ប.​ អាច​នឹង​សម្រេច​ ថា​យល់ព្រម​ ឬ​មិន​យល់​ព្រម​សំណើ​ទាំង​នេះ​នៅ​ថ្ងៃ​ទី​២៩ ខែ​កក្កដា​ ឆ្នាំ​២០១៦​ ឬ​ក្រោយ​នោះ។

​លោក​ ហង្ស​ ពុទ្ធា​ អ្នក​នាំ​ពាក្យ​ គ.ជ.ប.​ បាន​បញ្ជាក់​ប្រាប់​ VOA ​ថា​ គ.ជ.ប.​នឹង​លើក​យក​រាល់​សំណើ​ និង​អនុសាសន៍​ដែលទទួល​បាន​ពី​ភាគី​ពាក់ព័ន្ធ​ ដើម្បី​ធ្វើ​ការ​សម្រេច​ចិត្ដ​ដោយ​សមាជិក​ទាំង​៩​របស់​ គ.ជ.ប.។ ហើយ​ការ​សម្រេច​យ៉ាង​ណា​នោះ​ គឺ​ផ្អែក​ទៅ​តាម​គោលការណ៍​៣​សំខាន់។

«ទី១​ ថា ​តើ​អនុសាសន៍​ហ្នឹង​ស្រប​តាម​ច្បាប់​ដែរ​ ឬ​អត់។ ទី២​ អនុសាសន៍​ហ្នឹង​បើ​សិន​ជា​យើង​ចែង​ស្រប​តាម​សំណើ​ ថា​តើ​មាន​ផល​ប្រយោជន៍​អី​ខ្លះ​ដល់​ការងារ​បោះឆ្នោត។ ទី៣​ បើ​យើង​ចែង​ស្រប​តាម​អនុសាសន៍​នោះ​ តើ​យើង​ទាំង​អស់​គ្នា​ទាំង​គ.ជ.ប. ទាំង​អង្គការ​មិន​មែន​ក្រៅ​រដ្ឋាភិបាលក្តី​ហ្នឹង​ អនុវត្ត​បាន​ដែរ​អត់»។​

ប្រទេស​កម្ពុជា​នឹង​ធ្វើ​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​នា​ខែ​មិថុនា​ ឆ្នាំ​២០១៧​ខាង​មុខ​ នៅ​ឆ្នាំ​២០១៧​ និង​ការ​បោះឆ្នោត​ជា​សាកល​នៅ​ឆ្នាំ​២០១៨។ ហើយ​ដំណើរការ​ចុះ​ឈ្មោះ​បោះឆ្នោត​ នឹង​ចាប់​ផ្តើម​នា​ខែ​កញ្ញា​ខាង​មុខ​នេះ៕

XS
SM
MD
LG