ជនជាប់ចោទអៀង ធីរិទ្ធដែលជាអតីតមេដឹកនាំជាន់ខ្ពស់នៃរបបខ្មែរក្រហមមានសុខភាពល្អប្រសើរឡើងវិញហើយបន្ទាប់ពីស្ថិតក្នុងមន្ទីរពេទ្យក្នុងប្រទេសថៃអស់រយៈពេលជិតបួនខែមកនេះ។
លោកផាត់ ពៅស៊ាង សហមេធាវីកម្ពុជារបស់អៀង ធីរិទ្ធ បានឲ្យដឹងថាកូនក្តីរបស់លោកអាចដកដង្ហើមដោយមិនចាំបាច់ប្រើខ្យល់អុកស៊ីសែនជំនួយដូចមុនទេ ចាប់តាំងពីសប្តាហ៍មុនមកម្ល៉េះ។ ប៉ុន្តែជនជាប់ចោទនៅតែមិនទាន់អាចចាកចេញពីមន្ទីរពេទ្យបាននៅឡើយ។
«គាត់គ្រាន់បើជាងមុនហើយ។ គាត់អាចដកដង្ហើមខ្លួនឯងបានហើយ។ លើកមុនគាត់ដកដង្ហើមដោយប្រើម៉ាស៊ីន»។
លោកមេធាវីបញ្ជាក់ថាក្រុមគ្រូពេទ្យនៅតែត្រូវការពេលវេលាសម្រាប់តាមដានសុខភាពជនជាប់ចោទអៀង ធីរិទ្ធ នៅឡើយ។
«ដោយសារគាត់រលាកតម្រងនោមធ្ងន់ធ្ងរ រលាកសួតទៀតដូច្នេះគាត់នៅស្លេកស្លាំងហើយគេនៅបំប៉នសិនពីព្រោះសភាពជំងឺរបស់មនុស្សចាស់មានលក្ខណៈប្រែប្រួលឆាប់ម្ល៉ោះហើយពេទ្យថាត្រូវស្ថិតនៅក្រោមការតាមដានសិន។លុះដល់ស្ថានភាពសុខភាពគាត់ថេរហើយគេនឹងឲ្យគាត់ចេញពីពេទ្យ»។
អៀង ធីរិទ្ធ អតីតរដ្ឋមន្ត្រីក្រសួងសង្គមកិច្ចនៅសម័យខ្មែរក្រហម ឆ្នាំនេះអាយុ៨២ឆ្នាំ។ គាត់ត្រូវក្រុមគ្រួសារបញ្ជូនទៅកាន់មន្ទីរពេទ្យនៅប្រទេសថៃកាលពីខែមិនា។
ក្រុមគ្រួសាររបស់ជនជាប់ចោទបានអះអាងកាលពីពេលមុនថាអៀង ធីរិទ្ធ ដាច់បាយនិងបាត់បង់ស្មារតីដែលមិនអាចនិយាយរកកូនចៅបាន។
លោកអៀង វុធ អភិបាលរងខេត្តប៉ៃលិននិងត្រូវជាកូនបង្កើតរបស់អៀង ធីរិទ្ធ បញ្ជាក់ថាម្តាយរបស់លោកមានភាពប្រសើរជាងមុនបន្តិចបន្តួចតែប៉ុណ្ណោះ។
«មិនជាធូរអីទេដូចតែពីមុនចឹងគាត់នៅតែលើគ្រែហើយដាក់ទុយោបង្ហូរចំណីឲ្យគាត់រហូត។កាលពីធ្ងន់ធ្ងរមែនទែនគឺដាក់ម៉ាស៊ីនច្របាច់អុកស៊ីសែនទាំងអស់។ បើដកម៉ាស៊ីននោះគឺផុតដង្ហើម។ គឺពីមុនគាត់ស្ថិតក្នុងដំណាក់កាលដូច្នោះ។ តែឥឡូវគាត់នៅតែត្រូវការអុកស៊ីសែនប៉ុន្តែមិនបាច់ប្រើអុកស៊ីសែនទេ។ គឺធូរបន្តិចត្រង់ហ្នឹង»។
អៀង ធីរិទ្ធ ត្រូវចាប់ខ្លួនដោយសាលាក្តីខ្មែរក្រហមនៅឆ្នាំ២០០៧ក្នុងចំណោមអតីតមេដឹកនាំកំពូលខ្មែរក្រហមចំនួនបីនាក់ផ្សេងទៀតក្នុងសំណុំរឿង០០២ក្នុងនោះមានប្តីរបស់គាត់ដែរគឺអៀង សារី អតីតរដ្ឋមន្ត្រីក្រសួងការបរទេស។ ជនជាប់ចោទអៀង សារី បានស្លាប់កាលពីឆ្នាំមុននៅមន្ទីរពេទ្យក្នុងទីក្រុងភ្នំពេញ។
ជនជាប់ចោទទាំងបួនត្រូវចោទប្រកាន់ពីបទឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មសង្គ្រាមនិងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ទាក់ទងនឹងការស្លាប់និងការសម្លាប់ប្រជាពលរដ្ឋខ្មែរយ៉ាងតិច១,៧លាននាក់ចន្លោះពីឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៧៩។
អៀង ធីរិទ្ធ ត្រូវដោះលែងឲ្យស្ថិតនៅក្រៅឃុំក្រោមការតាមឃ្លាំមើលរបស់តុលាការកាលពីខែកញ្ញា ឆ្នាំ២០១២ដោយសារជំងឺវង្វេងវង្វាន់ធ្ងន់ធ្ងរ។
លោកនេត្រ ភក្ត្រា អ្នកនាំពាក្យសាលាក្តីខ្មែរក្រហមបញ្ជាក់ថាតុលាការកូនកាត់នេះទទួលបានរបាយការណ៍ពីសភាពជំងឺរបស់ជនជាប់ចោទជាប្រចាំ ប៉ុន្តែរបាយការណ៍នោះស្ថិតជាការសម្ងាត់៕