ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

logo-print
ព័ត៌មាន​​ថ្មី

រដ្ឋអាជ្ញា​តុលាការ ICC សច្ចា​ថា​នឹង​ប្រកាន់ «គោល​ជំហរ​រឹងមាំ» ពេល​កំពុង​ប្រឈម​នឹង​ទណ្ឌកម្ម​របស់​សហរដ្ឋ​អាមេរិក


រូបឯកសារ៖ រដ្ឋអាជ្ញា​តុលាការ ICC អ្នកស្រី Fatou Bensouda ចូល​រួម​ក្នុង​សវនាការ​មួយ នៅ​តុលាការ ICC ក្នុង​ទីក្រុង​ឡាអេ ប្រទេស​ហូឡង់ កាល​ពី​ថ្ងៃ​ទី ៨ ខែកក្កដា ឆ្នាំ​២០១៩។

រដ្ឋអាជ្ញា​នៃ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ICC បាន​សច្ចា​ថា​នឹង​ប្រកាន់ «គោល​ជំហរ​រឹងមាំ» បន្ទាប់ពី​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump បាន​អនុញ្ញាត​ឲ្យ​មាន​ការ​ដាក់​ទណ្ឌកម្ម​ប្រឆាំង​នឹង​តុលាការ​នេះ ស្រប​ពេល​ដែល​តុលាការ​នេះ​កំពុង​ស៊ើបអង្កេត​លើ​ការ​សង្ស័យ​ដែល​ថា ទាហាន​អាមេរិកាំង​បាន​ប្រព្រឹត្តិ​ឧក្រិដ្ឋកម្ម​សង្គ្រាម​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន។

រដ្ឋអាជ្ញា​តុលាការ ICC អ្នកស្រី Fatou Bensouda ដែល​មក​ពី​ប្រទេស​ហ្គំប៊ី បាន​ប្រាប់ VOA ថា អ្នកស្រី​នឹង​មិន​ងាក​រេ​ចេញ​ពី​បេសកកម្ម​របស់​អ្នកស្រី​នៅ​ក្នុង​ការ​កាត់ទោស​ឧក្រិដ្ឋជន​សង្គ្រាម​អន្តរជាតិ​នោះ​ទេ។

អ្នកស្រី Bensouda បាន​បញ្ជាក់​កាល​ពី​ថ្ងៃ​ច័ន្ទ​តាម Skype ថា៖ «ការ​វាយ​ប្រហារ​ទាំង​នេះ​បង្កើត​ឲ្យ​មាន​ជម្លោះ និង​ជា​ការ​ប៉ុនប៉ង​មិន​អាច​ទទួល​យក​បាន​នៅ​ក្នុង​ការ​ជ្រៀតជ្រែក​ជាមួយ​នឹង​នីតិវិធី និង​តុលាការ។ ការ​វាយ​ប្រហារ​លើ​តុលាការ ICC ក៏​តំណាង​ឲ្យ​ការ​វាយ​ប្រហារ​ប្រឆាំង​នឹង​ប្រយោជន៍​ជន​រងគ្រោះ​នៃ​ឧក្រិដ្ឋកម្ម​សង្គ្រាម​ផង​ដែរ ដោយសារ​តុលាការ ICC តំណាង​ឲ្យ​ក្ដី​សង្ឃឹម​ចុងក្រោយ​សម្រាប់​យុត្តិធម៌​សម្រាប់​ពួកគេ​ជា​ច្រើន»។

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​មុន លោក Trump បាន​អនុញ្ញាត​ឲ្យ​មាន​ការ​ដាក់​ទណ្ឌកម្ម​លើ​តុលាការ ICC ដោយ​កន្លង​មក តុលាការ​នេះ​បាន​បញ្ជាក់​ថា ខ្លួន​កំពុង​ស៊ើប​អង្កេត​លើ​ការ​ចោទ​ប្រកាន់​ដែល​ថា ទាហាន​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន បាន​ប្រព្រឹត្តិ​ឧក្រិដ្ឋកម្ម​សង្គ្រាម និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ ក៏​ដូចជា​ការ​ចោទ​ប្រកាន់​ថា កង​កម្លាំង​អាហ្វហ្គានីស្ថាន និង​កង​កម្លាំង​តាលីបង់​បាន​ប្រព្រឹត្តិ​ឧក្រិដ្ឋកម្ម​សង្គ្រាម​ផង​ដែរ៕

XS
SM
MD
LG