ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​ព្រមាន​តុលាការ ICC រឿង​ស៊ើប​អង្កេត​ប្រឆាំង​អ៊ីស្រាអែល


រូបឯកសារ៖ លោក​ Mike Pompeo រដ្ឋ​មន្ត្រី​ការបរទេស​សហរដ្ឋអាមេរិក ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ក្រសួង​ការ​បរទេស​ក្នុង​រដ្ឋ​ធានីវ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​ទី​២៩ ខែមេសា ឆ្នាំ​២០២០។
រូបឯកសារ៖ លោក​ Mike Pompeo រដ្ឋ​មន្ត្រី​ការបរទេស​សហរដ្ឋអាមេរិក ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ក្រសួង​ការ​បរទេស​ក្នុង​រដ្ឋ​ធានីវ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​ទី​២៩ ខែមេសា ឆ្នាំ​២០២០។

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Mike Pompeo បាន​ព្រមាន​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ ICC កាល​ពី​ថ្ងៃ​សុក្រ​ថា ការ​ស៊ើប​អង្កេត​របស់​តុលាការ​នេះ​ប្រឆាំង​នឹង​ប្រទេស​អ៊ីស្រាអែល​នឹង​មាន​ផល​វិបាក។

ការ​ព្រមាន​របស់​លោក Pompeo នេះ ត្រូវ​បាន​ធ្វើ​ឡើង បន្ទាប់ពី​រដ្ឋអាជ្ញា​តុលាការ ICC នេះ បាន​សម្រេច​ចាត់ទុក​ប៉ាឡេស្ទីន​ថា​ជា​រដ្ឋ​មួយ ដែល​មាន​សមត្ថភាព​ដាក់​ពាក្យ​បណ្ដឹង ដែល​អាច​ឈាន​ដល់​ការ​ស៊ើប​អង្កេត​អំពី​ការ​ចោទ​ប្រកាន់​ករណី​ឧក្រិដ្ឋកម្ម​សង្គ្រាម ដែល​ប៉ាឡេស្ទីន​បាន​អះអាង​ថា អ៊ីស្រាអែល​បាន​ប្រព្រឹត្ត​នៅ​ក្នុង​តំបន់ West Bank និង​តំបន់ Gaza Strip។

លោក Pompeo បាន​និយាយ​ថា សហរដ្ឋ​អាមេរិក «ជឿ​ថា ប៉ាឡេស្ទីន​មិន​មាន​គុណសម្បត្តិ​គ្រប់គ្រាន់​ក្នុង​ការ​ក្លាយជា​រដ្ឋ​អធិបតេយ្យ​នោះ​ទេ»។

លោក Pompeo បាន​បន្ថែម​ថា៖ «សហរដ្ឋ​អាមេរិក​បញ្ជាក់​សារ​ជា​ថ្មី​អំពី​ការ​ជំទាស់​ជា​យូរ​មក​ហើយ​របស់​ខ្លួន​ចំពោះ​ការ​ស៊ើប​អង្កេត​ខុស​ច្បាប់​ណា​មួយ​របស់​តុលាការ ICC។ ប្រសិនបើ​តុលាការ ICC នៅតែ​បន្ត​ធ្វើ​ដូច្នេះ នោះ​នឹង​មាន​ផល​វិបាក​ជា​មិន​ខាន»។

កាល​ពី​ថ្ងៃ​ពុធ ក្រុម​សមាជិក​រដ្ឋសភា និង​ព្រឹទ្ធភា​មក​ពី​គណបក្ស​ទាំង​ពីរ​បាន​ផ្ញើ​លិខិត​ផ្សេង​គ្នា​ទៅ​កាន់​លោក Pompeo ដោយ​ជំរុញ​ឲ្យ​លោក​ការពារ​ប្រទេស​អ៊ីស្រាអែល ដែល​ជា​សម្ព័ន្ធមិត្ត​ដ៏​រឹងមាំ​របស់​សហរដ្ឋ​អាមេរិក ប្រឆាំង​នឹង​ការ​ស៊ើប​អង្កេត​របស់​តុលាការ ICC។ សមាជិក​សភា​ទាំង​នេះ​អះអាង​ថា ការ​អះអាង​របស់​តុលាការ ICC ស្មើ​នឹង​ការ​ធ្វើ​ឲ្យ​គោល​បំណង​របស់​តុលាការ​នេះ​ទៅ​ជា​បញ្ហា​នយោបាយ។

ប្រធាន​រដ្ឋអាជ្ញា​តុលាការ ICC អ្នកស្រី Fatou Bensouda បាន​និយាយ​កាល​ពី​ចុង​ឆ្នាំ​មុន​ថា ការ​ស៊ើប​អង្កេត​ជា​ច្រើន​ឆ្នាំ​របស់​អ្នកស្រី​លើ​កិច្ចការ​ប៉ាឡេស្ទីន បាន​ផ្ដល់​នូវ «មូលដ្ឋាន​សម​ហេតុ​សម​ផល​នៅ​ក្នុង​ការ​ជឿជាក់​ថា ឧក្រិដ្ឋកម្ម​សង្គ្រាម​ទាំង​នេះ​គឺ​ប្រព្រឹត្ត​ឡើង​ដោយ​អ៊ីស្រាអែល និង​ក្រុម​ប៉ាឡេស្ទីន​មួយ​ចំនួន​ដូចជា​ក្រុម Hamas ជា​ដើម»៕

XS
SM
MD
LG