កាលពីថ្ងៃទី៧ ខែវិច្ឆិកា តុលាការឧក្រិដ្ឋកម្មអន្តរជាតិហៅកាត់ថា ICC បានចេញសាលដីកាសម្រេចចុងក្រោយរបស់ខ្លួន កាត់ទោសអតីតមេដឹកនាំបះបោរកុងហ្គោ លោក Bosco Ntaganda ពីបទឧក្រិដ្ឋកម្មដែលលោកបានប្រព្រឹត្តពេលលោកកាន់តំណែងជាមេបញ្ជាការយោធានៃកងកម្លាំងយោធាសម្ព័ន្ធអ្នកស្នេហាជាតិកុងហ្គោ ដែលគេស្គាល់ឈ្មោះកាត់ថា UPC នៅតំបន់ភាគខាងកើតសាធារណៈរដ្ឋប្រជាធិបតេយ្យកុងហ្គោក្នុងឆ្នាំ២០០២ និងឆ្នាំ២០០៣។
លោកចៅក្រម Robert Fremr បានបកស្រាយករណីនេះថា៖ «រាល់ការរំលោភបំពានជនស៊ីវិល ចាត់ទុកថាជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ហើយក៏ជាឧក្រិដ្ឋកម្មសង្គ្រាមដែរ គឺមានទោស២៨ឆ្នាំ។ សម្រាប់ករណីមនុស្សឃាត និងការប៉ុនប៉ងមនុស្សឃាត ក៏ចាត់ទុកជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនិងឧក្រិដ្ឋកម្មសង្គ្រាមដូចគ្នា គឺមានទោស៣០ឆ្នាំ។ សម្រាប់ការធ្វើទុកបុកម្នេញ ក៏ចាត់ទុកថាជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ គឺមានទោសជាប់ពន្ធនាគារ៣០ឆ្នាំ»។
បើទោះជាទោសសរុបរបស់លោក Ntaganda ច្រើនជាង២០០ឆ្នាំជាប់ក្នុងពន្ធនាគារក៏ដោយ លោកចៅក្រម Robert Fremr បាននិយាយថា ការកាត់ក្តីចុងក្រោយរួមនេះ គឺមានទោសទណ្ឌធ្ងន់បំផុតហើយនិងស្ថិតក្រោមរង្វង់ច្បាប់ដដែល។
លោកចៅក្រមរូបនេះ បានបន្ថែមថា៖ «សម្រាប់ស្ថានភាពជាក់ស្តែងចំពោះករណីនេះ ចៅក្រមមិនមានឆន្ទានុសិទ្ធិក្នុងការទាត់ចោលដីកាសម្រេចរួមចុងក្រោយនេះទេ។ ការកាត់ទោសចុងក្រោយឱ្យជាប់ពន្ធនាគារលើជនជាប់ចោទណាមួយ គឺត្រឹមរយៈពេល៣០ឆ្នាំក្នុងពន្ធនាគារបែបនេះឯង។ ជនជាប់ទោសត្រូវតែទទួលយក»។
តុលាការ ICC បានចេញសាលដីកាចោទប្រកាន់លោក Ntaganda កាលពីខែកក្កដា ដោយរកឃើញថាលោកមានជាប់ពាក់ព័ន្ធនឹងទោសទណ្ឌ១៨ករណីក្នុងនោះរួមមានមនុស្សឃាត ការរំលោភបំពាន និងការកែនកុមារឱ្យធ្វើទាហាន។ តុលាការ បានចោទប្រកាន់ទោសទណ្ឌទាំងអស់ដែលកើតឡើងក្នុងពេលលោកកាន់តំណែង និងក្រុមទាហានរបស់លោកបានសម្លាប់ជនស៊ីវិលរាប់រយនាក់ និងបានបង្ខំប្រជាជនរាប់ពាន់អ្នកឱ្យចាកចោលលំនៅដ្ឋាន។
ការកាត់ក្តីលោក Ntaganda គឺជាគំរូជោគជ័យមួយដ៏កម្ររបស់ព្រះរាជអាជ្ញានៃតុលាការ ICC ដែលជាតុលាការអន្តរជាតិបង្កើតឡើងនៅឆ្នាំ២០០២ ដើម្បីកាត់ទោសលើបទល្មើសឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ នៅពេលដែលប្រទេសសមាជិកមិនមានលទ្ធភាព ឬគ្មានឆន្ទៈក្នុងការកាត់ក្តី។ លោក Ntaganda បានប្រគល់ខ្លួនឱ្យសមត្ថកិច្ចក្នុងឆ្នាំ២០១៣ គឺ៧ឆ្នាំបន្ទាប់ពីតុលាការ ICCបានចេញដីកាកោះចាប់ខ្លួនដំបូងម៉្ល៉េះ។ រយៈពេលដែលរូបលោកស្ថិតក្នុងការឃុំខ្លួននឹងមិនរាប់ចូលក្នុងរយៈពេលជាប់ទោសនេះឡើយ។ លោក មានរយៈពេល៣០ថ្ងៃប្តឹងតវ៉ាលើសាលដីកាសម្រេចនេះ៕
ប្រែសម្រួលដោយ កោះ សុគន្ធី