ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រោយ​ចេញ​ពី​កម្ពុជា រដ្ឋមន្ត្រី​ការ​បរទេស​ហុងគ្រី​តេស្ដ​វិជ្ជមាន​កូវីដ​១៩


លោក Peter Szijjarto ជួបគួរសមជាមួយលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅវិមានសន្ដិភាព រាជធានីភ្នំពេញ កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០។ (រូបថត៖ ទំព័រហ្វេសប៊ុក Peter Szijjarto)
លោក Peter Szijjarto ជួបគួរសមជាមួយលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅវិមានសន្ដិភាព រាជធានីភ្នំពេញ កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០។ (រូបថត៖ ទំព័រហ្វេសប៊ុក Peter Szijjarto)

រដ្ឋមន្រ្តី​ការបរទេស​ហុងគ្រី​ដែលបានមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា កាលពីថ្ងៃអង្គារ ត្រូវបានរាយការណ៍ថាមានជំងឺកូវីដ១៩។ កាលពី​ថ្ងៃ​អង្គារ លោកបានជួបជាមួយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន រដ្ឋមន្រ្តីការបរទេសកម្ពុជា លោក ប្រាក់ សុខុន និងរដ្ឋមន្រ្តីមួយចំនួនទៀតក្នុងពិធីចុះហត្ថលេខារួមគ្នានៅវិមានសន្តិភាពភ្នំពេញ។

រដ្ឋ​មន្ត្រី​ការ​បរទេស​ហុងគ្រី Peter Szijjarto ដែល​បាន​មក​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា​កាល​ពី​ថ្ងៃ​អង្គារ ត្រូវ​បាន​រាយការណ៍​ថា​មាន​ជំងឺ​កូវីដ​១៩។ នេះ​បើ​យោង​តាម​ក្រសួង​ការ​បរទេស​កម្ពុជា និង​ទីភ្នាក់ងារព័ត៌មាន​រដ្ឋ​របស់​ហុងគ្រី។​

ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋMTI របស់​ហុងគ្រី​បាន​ដកស្រង់​សម្ដី លោក Mate Paczolay អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​ហុងគ្រី​ថា លោក Peter Szijjarto កំពុង​ស្នាក់​នៅ​ក្នុង​មន្ទីរពេទ្យ​មួយ​កន្លែង​ក្នុង​ទីក្រុង​បាងកក ទី​ដែល​លោក​ត្រូវ​បាន​តេស្ដ​វិជ្ជមាន​កូវីដ១៩ បន្ទាប់​ពី​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា កាល​ពី​ថ្ងៃអង្គារ។​

មិន​មាន​របាយការណ៍​លម្អិត​នោះ​ទេ ថា​លោក Peter Szijjarto បាន​ឆ្លង​ជំងឺ​កូវីដ១៩ តាំង​ពី​ពេល​ណា​និង​នៅ​ទី​ណា។ តែ​លោក Mate Paczolay អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ហុងគ្រី បាន​និយាយ​ថា លោក Peter Szijjarto ត្រូវ​បាន​ធ្វើ​តេស្ដ​ឃើញ​អវិជ្ជមាន​កូវីដ១៩ មុន​ពេល​លោក​ឡើង​យន្តហោះ ធ្វើ​ដំណើរ​មក​ទ្វីប​អាស៊ី។​

នៅ​ភ្នំពេញ​ឯ​នេះ​វិញ រដ្ឋាភិបាល​កម្ពុជា​បាន​«សម្រេច​ឱ្យថ្នាក់ដឹកនាំ​និង​មន្ត្រី​ទាំងអស់​ដែល​ជួប​និង​ប្រាស្រ័យ​ទាក់ទង​ផ្ទាល់​ជាមួយ​ប្រតិភូ​នៅ​ក្នុង​ពេល​ទស្សនកិច្ច ធ្វើ​តេស្ដ​រក​វីរុស​កូវីដ១៩ និង​ដាក់​ឱ្យ​នៅ​ដាច់​ដោយ​ឡែក (ចត្តាឡីស័ក) តាម​ការ​កំណត់​របស់​ក្រសួង​សុខាភិបាល»។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​របស់​ក្រសួង​ការបរទេស​កម្ពុជា។​

អ្នកស្រី យក់ សម្បត្តិ រដ្ឋ​លេខាធិការ​ក្រសួង​សុខាភិបាល​កម្ពុជា បាន​ប្រាប់​VOA​នៅ​វេលា​រសៀល​ម៉ោង​បួន​ថ្ងៃ​ពុធ​នេះ​ថា ក្រុម​ការងារ​ឆ្លើយតប​ទប់ទល់​នឹង​ជំងឺ​កូវីដ១៩ បាន​កោះ​«ប្រជុំបន្ទាន់»​មួយ ដើម្បី​ពិភាក្សា​អំពី​បញ្ហា​នេះ តែ​មិន​បានបញ្ជាក់​លម្អិត​ជាង​នេះ​នោះទេ។

ស្ថិត​ក្នុង​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​អង្គារ​លោក Peter Szijjarto មាន​កាលវិភាគ​ដ៏​មមាញឹក។

លោក​រដ្ឋមន្ត្រី​ការ​បរទេស​ហុងគ្រី​បាន​ជួប​សន្ទនា​ទ្វេភាគី​ជាមួយ​លោក​រដ្ឋមន្ត្រី​ការ​បរទេស​កម្ពុជា ប្រាក់ សុខុន នៅ​ក្រសួង​ការបរទេស ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​វិមាន​សន្តិភាព ជាមួយ​លោក​ វេង សាខុន នៅ​ក្រសួង​កសិកម្ម ជាមួយ​លោក ប៉ាន់ សូរស័ក្ដិ នៅ​ក្រសួង​ពាណិជ្ជកម្ម ជាមួយ​លោក​តំណាង​រាស្ត្រ សួស យ៉ារ៉ា នៅ​វិមាន​រដ្ឋសភា​និង​ជាមួយ​លោកស្រី ជា សិរី ឧបការី​ទេសាភិបាល​ធនាគារ​កណ្ដាល នៅសារមន្ទីរហិរញ្ញវត្ថុ ព្រះស្រីឦសានវរ្ម័ន ក្បែរវត្តភ្នំផងដែរ។​

លោក Peter Szijjarto ក៏​បាន​ផ្ដល់​បទសម្ភាសន៍​ផ្ដាច់មុខ​មួយ ដល់​ទូរទស្សន៍​ជាតិ​កម្ពុជា​ផង​ដែរ ដែល​តាម​រយៈ​ខ្លឹម​សារ​នៃ​កិច្ចសម្ភាសន៍​នោះ ទំនង​ជា​ត្រូវ​បាន​ធ្វើ​នៅ​ថ្ងៃ​អង្គារ​នោះ​តែម្ដង។

ក្នុង​ពិធី​ជំនួប​នីមួយៗ គេ​ពុំ​ឃើញ​លោក Peter Szijjarto ពាក់​ម៉ាស់​នោះ​ទេ ហើយ​មាន​ការ​ចូលរួម​ពី​មន្ត្រី​អ្នក​មុខ​អ្នកការ និង​អ្នក​សារព័ត៌មាន​ជាច្រើន​នាក់។​

​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​នៅ​ល្ងាច​ថ្ងៃពុធ​នេះថា រូប​លោក លោកជំទាវ ប៊ុន រ៉ានី ជា​ភរិយា អ្នកបើកបរ ក្រុមអង្គរក្ស សរុប១៨នាក់ នៅ​គេហដ្ឋាន​របស់​លោក បាន​ធ្វើ​តេស្ដ​រក​មេរោគ​កូវីដ១៩ នៅថ្ងៃនេះ ហើយ​ទទួល​បាន​លទ្ធផល​អវិជ្ជមាន គឺ​ពុំ​រក​ឃើញ​វីរុស​នៅ​ឡើយ។

ព្រម​ពេល​ជាមួយ​គ្នា លោក ហ៊ុន សែន បាន​ប្រកាស​ធ្វើ​ចត្តាឡីស័ក​នៅ​គេហដ្ឋាន​របស់​លោក​មួយ​រយៈកាល ដោយ​លុបចោល​ការ​ចូលរួម​កម្មវិធី​ធំៗ​នៅ​ខែ​នេះ ដូច​យ៉ាង​កិច្ចប្រជុំ​កំពូល​អាស៊ាន ពិធី​បុណ្យ​ឯករាជ្យ​ជាតិ ជាដើម។

លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម បាន​ប្រាប់​VOA​ដែរ​ថា លោក​ត្រូវ​ត្រឡប់​មក​ពី​បេសកកម្ម​ពី​ខេត្ត​ពោធិ៍សាត់​វិញ ជា​ប្រញាប់​នៅ​ថ្ងៃ​ពុធ​នេះ ក្រោយ​ទទួលបាន​ព័ត៌មាន​ពី​មន្ត្រី​ជំនាញ អំពី​ករណី​លោក Peter Szijjarto ឆ្លង​កូវីដ​១៩។

«ខ្ញុំ​យល់​ថា គ្រាន់​តែ​ដឹង​ឮ​ប៉ុណ្ណឹង ប្រាប់​មក​ខ្ញុំ តែ​អ្វី​ដែល​យើង​ត្រូវ​យល់​ដឹង គឺ​យើង​ត្រូវ​ធ្វើ​ខ្លួន​ឯង​នោះ​ណា»។

លោក កុយ គួង អ្នកនាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា បាន​ប្រាប់​សារព័ត៌មាន​ស៊ីស៊ីថាមស៍​ក្នុង​ប្រទេស​កម្ពុជា​ថា លោក ប្រាក់ សុខុន បាន​តម្រូវ​ឱ្យ​ក្រុម​គ្រូពេទ្យ​ធ្វើ​តេស្ដ​រក​មេរោគ​កូវីដ១៩ លើ​គ្រប់​មន្ត្រី​ទាំងអស់​ដែល​មាន​ប្រាស្រ័យ​ទាក់ទង​នឹង​លោក Peter Szijjarto អំឡុង​ពេល​លោក​ស្ថិត​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ។​

លោក កុយ គួង ខ្លួន​លោក​ផ្ទាល់​ក៏​បាន​ចូលរួម​ជំនួប​រវាង​លោក​រដ្ឋមន្ត្រី​ការបរទេស​ហុងគ្រី ជាមួយ​លោក ប្រាក់ សុខុន ដែរ កាល​ពីថ្ងៃ​ម្សិលមិញ ជាមួយ​មន្ត្រី​អ្នក​មុខ​អ្នក​ការ​ផ្សេងទៀត។

មិន​មាន​របាយការណ៍​បញ្ជាក់​ច្បាស់​ឡើយ​ថា​មាន​មន្ត្រី​ប៉ុន្មាន​នាក់ ដែល​ត្រូវ​បាន​ធ្វើតេស្ដ និង​ក៏​ដូចជា​លទ្ធផល​តេស្ដ។

គិត​ត្រឹម​ព្រឹក​ថ្ងៃ​ពុធ កម្ពុជា​មាន​កំណត់​ត្រា​អ្នក​ឆ្លង​ជំងឺ​កូវីដ១៩ ចំនួន​២៩២​ករណី ដោយ​ក្នុង​នោះ​មាន​៩នាក់​កំពុង​សម្រាក​ព្យាបាល ហើយ​ពុំ​មាន​ករណី​ស្លាប់​នោះ​ទេ។​

គួរ​បញ្ជាក់ថា​លោក ​Peter Szijjarto រដ្ឋមន្ត្រី​ការបរទេស​ហុងគ្រី ជា​ឥស្សរជន​បរទេស​ទី​បី​ហើយ​ដែល​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​អំឡុង​ការរាតត្បាត​ជំងឺ​កូវីដ១៩​នេះ​បន្ទាប់​ពី​លោក Toshimitsu Motegi រដ្ឋមន្ត្រី​ការបរទេស​ជប៉ុន បានមក​បំពេញ​ទស្សនកិច្ច កាល​ពីខែ​សីហា និង​លោក Wang Yi រដ្ឋមន្ត្រី​ការ​បរទេស​ចិន កាលពីខែ​តុលា​កន្លង​ទៅ៕

(អត្ថបទនេះត្រូវបានកែសម្រួលធ្វើបច្ចុប្បន្នភាពនៅម៉ោង ២០:០០ ដោយដាក់បញ្ចូលបន្ថែម ខ្លឹមសារនៃការថ្លែងរបស់លោក ហ៊ុន សែន)

XS
SM
MD
LG