ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​ឃ្លាំ​មើល៖ ​លទ្ធភាព​នៃ​ការ​កែ​លម្អ​ដំណើរ​ការប្រជាធិបតេយ្យ​កម្ពុជា អាស្រ័យ​លើ​មេដឹកនាំ​សហរដ្ឋ​អាមេរិក


រូបឯកសារ៖ ផ្ទាំង​បដាអំពាវនាវ​ឲ្យមានការ​អភិវឌ្ឍ លទ្ធិប្រជាធិបតេយ្យ​ និង​សិទ្ធិមនុស្ស​ ក្នុង​ថ្ងៃរំឭក​ខួប​ទី២៨​ឆ្នាំ​នៃ​ការ​ចុះកិច្ចព្រមព្រៀង​ទីក្រុងប៉ារីស​​ នៅទីក្រុង​ភ្នំពេញ ​ថ្ងៃ​ទី​២៣​ តុលា​ ឆ្នាំ​២០១៩​។ (ហ៊ុល រស្មី​/វីអូអេ) ​​
រូបឯកសារ៖ ផ្ទាំង​បដាអំពាវនាវ​ឲ្យមានការ​អភិវឌ្ឍ លទ្ធិប្រជាធិបតេយ្យ​ និង​សិទ្ធិមនុស្ស​ ក្នុង​ថ្ងៃរំឭក​ខួប​ទី២៨​ឆ្នាំ​នៃ​ការ​ចុះកិច្ចព្រមព្រៀង​ទីក្រុងប៉ារីស​​ នៅទីក្រុង​ភ្នំពេញ ​ថ្ងៃ​ទី​២៣​ តុលា​ ឆ្នាំ​២០១៩​។ (ហ៊ុល រស្មី​/វីអូអេ) ​​

ក្រុម​សកម្មជន​ការពារ​សិទ្ធិមនុស្ស​ និង​អ្នក​ឃ្លាំ​មើល​ស្ថាន​ការណ៍​ប្រទេស​កម្ពុជា ​មើល​ឃើញ​ថា​ការ​ផ្លាស់​ប្តូរ​ប្រធានាធិបតី​អាមេរិក​នឹង​អាច​ជា​ពន្លឺ​មួយ​សម្រាប់​ការ​កែ​លម្អ​លទ្ធិ​ប្រជាធិបតេយ្យ​ក្នុង​ប្រទេស​កម្ពុជា ក្រោម​ហេតុ​ផល​ថា​រដ្ឋបាល​របស់​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) មិន​សូវ​យក​ចិត្ត​ទុក​ដាក់​លើ​បញ្ហា​សិទ្ធិ​មនុស្ស និង​លទ្ធិ​ប្រជាធិប​តេយ្យ​នៅ​ក្នុង​ពិភពលោក។

ពួកគេ​បាន​បង្ហាញ​ក្តី​បារម្ភ​ចំពោះ​ការ​ប្រែ​ប្រួល​គោល​នយោបាយ​ការ​បរទេស​របស់​សហរដ្ឋ​អាមេរិក​ ដែលអាច​បង្កើន​សម្ពាធសេដ្ឋកិច្ច​ និង​ការ​ទូត ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​ធ្លាក់​ចុះ​នូវ​ដំណើរ​ការ​ប្រជាធិប​តេយ្យ​របស់​ប្រទេស​កម្ពុជា​ ដែល​បាន​កំពុង​ស្ថិត​ក្រោម​ការ​ដឹក​នាំ​ដោយ​គណបក្ស​តែមួយ​ ហើយ​កំពុង​ត្រូវ​បាន​រួមរឹត​ដោយ​ការ​ចោទ​ប្រកាន់​នានា​ជុំវិញ​ការ​បំបិទ​សំឡេង​ពួក​អ្នក​រិះ​គន់ និង​ក្រុម​មាន​និន្នាកា​ជំទាស់​នឹង​រដ្ឋាភិបាល។

នៅ​ថ្ងៃ​ទី៣ ខែ​វិច្ឆិកា​នេះ​ គឺ​ជា​ថ្ងៃ​បោះឆ្នោត​សំខាន់​ចុង​ក្រោយ​ ដើម្បី​ជ្រើស​រើស​ប្រធានាធិបតី​ថ្មី​របស់​សហ​រដ្ឋ​អា​មេរិក​ បន្ទាប់​ពីគណបក្ស​សាធារណរដ្ឋ​ដែល​មាន​លោក​ ដូណាល់ ត្រាំ ​បាន​កាន់​អំណាច​អស់​រយៈ​ពេល​បួន​ឆ្នាំ។ នៅ​មុន​ការ​បោះឆ្នោត​មក​ដល់​នេះ​ លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ​បាន​ប្រឹងប្រែង​កៀរគរ​រក​សំឡេង​គាំទ្រ​ ដើម្បី​ឲ្យ​លោក​យក​ឈ្នះ​បេក្ខជន​ប្រធានាធិបតី​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ គឺ​លោក ចូ បៃដិន (Joe Biden)។ លោក បៃដិន គឺជា​អតីត​អនុ​ប្រធានាធិបតី​ក្នុងជំនាន់​រដ្ឋបាល​របស់​លោក​ប្រធានាធិបតីបារ៉ាក់ អូបាម៉ា ដែល​មក​ពី​គណបក្ស​ប្រជាធិប​តេយ្យ។

លោក​ មឿន តុលា នាយកប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​សម័្ពន្ធ​ភាព​ការងារ​ និង​សិទ្ធិ​មនុស្ស​ ហៅកាត់​ថា​ (សង់​ត្រាល់)​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​ក្នុង​រដ្ឋបាល​របស់​លោក​ប្រធានាធិបតី​ត្រាំ សហរដ្ឋ​អាមេរិក​មិន​យក​ចិត្ត​ទុក​ដាក់​ខ្លាំងលើ​ការ​ពង្រឹង​ដំណើរ​ការ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ទេ ហើយ​លោក​ថារបប​ផ្តាច់ការ​មួយចំនួន​ ក៏​កាន់​តែ​គឃ្លើន​នឹង​ការ​រំលោភ​សិទ្ធិ។

លោក​បន្ត​ថាលោក​ត្រាំ​ដែល​ជា​អ្នកជំនួញ​នោះ​ បាន​ខិតខំ​ពង្រឹង​សេដ្ឋ​កិច្ច​អាមេរិក​ ដោយ​ការ​ធ្វើ​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​ទីក្រុង​ប៉េកាំង ​ដែល​ព្យាយាម​សាបព្រោះ​របប​កុម្មុយនីស្ត​ផ្តាច់​ការ​នៅ​ក្នុង​តំបន់​និង​ប្រទេស​មួយ​ចំនួន​ទៀត​នៅ​ទូទាំង​ពិភពលោក។

លោក​បន្ថែម​ថា​សហរដ្ឋ​អាមេរិក​នៅ​ពេល​នេះ​ កំពុង​ក្លាយ​ជា​ទីផ្សារ​សំខាន់​សម្រាប់​ការ​នាំ​ចេញ​ទំនិញ​ពី​ប្រទេស​កម្ពុជា​ តាម​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ឬGSP (Generalized System of Preferences)​ បន្ទាប់ពី​សហ​ភាព​អឺរ៉ុប​បាន​ដក​មួយ​ផ្នែករបស់​ខ្លួន​សម្រាប់​ការ​អនុគ្រោះ​ពន្ធ​លើ​ទំនិញ​កម្ពុជា​តាម​កម្មវិធី​«គ្រប់​មុខ​ទំនិញ​លើក​លែង​តែ​សព្វាវុធ»ឬ​ហៅ​កាត់​ថា​ EBA (Everything But Arms)​ ដោយ​លើក​ហេតុ​ផល​អំពី​ការ​រំលោភ​សិទ្ធិ​មនុស្ស និង​ការ​រឹតត្បិត​លំហ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ជា​ដើម។

លោក​កត់​សម្គាល់​បន្ថែមថា​រដ្ឋបាល​ប្រធានាធិបតី​ថ្មី​អាច​នឹង​លើក​យក​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​នេះ​ មក​ជជែក​ជា​មួយ​កម្ពុជា។

លោក​ប្រធានាធិបតី Donald Trump (ឆ្វេង) បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​សាធារណរដ្ឋ និង​លោក Joe Biden បេក្ខជន​ប្រធានាធិបតីខាង​គណបក្ស​ប្រជាធិបតេយ្យ។
លោក​ប្រធានាធិបតី Donald Trump (ឆ្វេង) បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​សាធារណរដ្ឋ និង​លោក Joe Biden បេក្ខជន​ប្រធានាធិបតីខាង​គណបក្ស​ប្រជាធិបតេយ្យ។

លោក​មឿន តុលា ​មាន​ប្រសាសន៍​ថា៖ «យើង​ដឹង​ហើយ​ថា​ នៅ​ពេល​ដែល​កម្ពុជា​មាន​បញ្ហា​ជា​មួយ​នឹង​សហភាព​អឺរ៉ុប​ ការ​នាំ​ចេញ​ពី​ប្រទេស​កម្ពុជា​ទៅ​អាមេរិក​ហ្នឹង​មាន​ការ​កើន​ឡើង​ទ្វេ​ដង។ អ៊ីចឹង​បើ​សិន​ជា​ប្រធានាធិបតី​ថ្មី​ ឬ​ក៏​មាន​ការ​ប្រែ​ប្រួល​ប្រធានាធិបតី​ ប្រហែល​ជា​អាច​ ប្រធានាធិបតី​ហ្នឹង​គាត់​ប្រើ​ឥទ្ធិពល​នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ហ្នឹង​ ឬ​ក៏​ទីផ្សារ​នៅ​អាមេរិក​ហ្នឹង​ ជំរុញ​ឲ្យ​មាន​ការ​គោរព​ ការ​ពិចារណា​ឡើង​វិញ​ ទៅ​លើ​ការ​កែសម្រួល​នូវសិទ្ធិ​ការ​ងារ ​សិទ្ធិ​មនុស្ស​អីហ្នឹង នៅ​ប្រទេស​កម្ពុជា​ខ្លះ​ដែរ»។

ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​GSPរបស់​សហរដ្ឋ​អាមេរិក​នេះ ដែល​ផ្តល់​ដល់​ប្រទេស​ជាង​១០០​នៅ​ជុំវិញ​ពិភព​លោក ​រួម​ទាំង​ប្រទេស​សមាជិក​អាស៊ាន​ចំនួន​៥​ ក្នុង​នោះ​មាន​កម្ពុជា​ដែរ​ នឹង​អស់​សុពល​ភាព​នៅ​ត្រឹម​ចុង​ឆ្នាំ​២០២០​នេះ ប្រសិន​បើ​សភា​សហ​រដ្ឋ​អាមេរិក​សម្រេច​មិន​អនុញ្ញាត​ឲ្យ​បន្តទៀត។ នៅ​ក្រោម​GSP​នេះ ​កម្ពុជា​បាន​នាំ​ទំនិញ​សម្រាប់​ការ​ធ្វើ​ដំណើរ​ដែល​មាន​តម្លៃ​ជិត​១​ពាន់​លាន​ដុល្លារ​ទៅ​កាន់​សហរដ្ឋ​អាមេរិក​ក្នុង​ឆ្នាំ​២០១៩។​

លោក ​អំ សំអាត​ នាយក​រង​ទទួល​បន្ទុក​ឃ្លាំមើល​ និង​ការពារ​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ បង្ហាញ​ការ​បារម្ភ​ចំពោះ​ការ​បាត់​បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​GSPរបស់​សហ​រដ្ឋ​អាមេរិក​នេះ​ ព្រោះ​បើ​លោក​ បៃដិន បាន​ឈ្នះ​ធ្វើ​ជា​ប្រធានាធិបតី​ទី​៤៦​របស់​អាមេរិក​ លោក​នឹង​គិតគូរ​ច្រើន​ជាង​មុន​ពី​បញ្ហា​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។

ទំនាក់​ទំនង​រវាង​សហរដ្ឋ​អាមេរិក​និង​កម្ពុជា​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​មាន​ការ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ជា​ពិសេស​មុន​ការ​បោះឆ្នោត​ជាតិ​ខែ​កក្កដា ឆ្នាំ​២០​១៨ ក្រោយ​រដ្ឋាភិបាល​កម្ពុជា​ផ្តើម​ការ​បង្ក្រាប​លើ​អង្គការ​សង្គម​ស៊ីវិល​ស្ថាប័ន​ព័ត៌មាន​ឯករាជ្យ​ ក្រុម​ជំទាស់​ និង​អ្នក​រិះគន់​រដ្ឋាភិបាល។

កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៩ លោក​ប្រធានាធិបតី​ ដូណាល់​ ត្រាំ ​និង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ឆ្លើយ​ឆ្លង​តាម​លិខិត​ទៅ​វិញ​ទៅ​មក​ ដោយ​បញ្ជាក់​អំពី​បំណង​ពង្រឹង​ចំណង​មិត្តភាព​រវាង​ប្រទេស​ទាំង​ពីរ​ ដែល​មាន​ភាព​រកាំ​រកូស​ជាច្រើន​ឆ្នាំ។ ដំណាលគ្នា​នឹង​ភាព​រកាំរកូស​នេះ​ អ្នក​ធ្វើ​ច្បាប់​នៅ​សហរដ្ឋ​អាមេរិក​ក៏​បាន​បង្កើត​សេចក្តី​ស្នើ​ច្បាប់​មួយ​ចំនួន​ ដើម្បី​ជំរុញ​កម្ពុជា​ឲ្យ​គោរព​តាម​គោល​ការណ៍​ប្រជាធិបតេយ្យ។

សាស្ត្រាចារ្យ​ខាង​វិទ្យាសាស្ត្រ​នយោបាយ​នៅ​ប្រទេស​កម្ពុជា​ លោក ឯម សុវណ្ណារ៉ា​ យល់​ថា​កម្ពុជា​អាច​រង​សម្ពាធ​ពី​សេចក្តី​ព្រាង​ច្បាប់​សំខាន់មួយ គឺ​សេចក្តី​ព្រាង​ច្បាប់​ស្តារ​លទ្ធិ​ប្រជាធិបតេយ្យ​កម្ពុជា​ ដែល​អ្នក​តាក់តែង​ច្បាប់​អាមេរិក​បាន​បង្កើត​ឡើង​ក្នុង​គោល​បំណង​ទាញ​ប្រទេស​កម្ពុជា​ឲ្យ​ភ្ជាប់​ខ្លួន​នឹង​គោល​ការណ៍​ប្រជាធិប​តេយ្យ។

លោក​ពន្យល់​ថា​សេចក្តី​ព្រាង​ច្បាប់​នេះ នៅមិន​ទាន់​អាច​ត្រូវ​បានអនុម័ត​ដោយ​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិកបាន​នៅ​ឡើយ​ ខណៈសមាជិក​ព្រឹទ្ធ​សភា​ភាគ​ច្រើន​មកពី​គណបក្ស​សាធារណរដ្ឋ ហើយលោក​ប្រធានាធិបតី​ត្រាំក៏កម្រ​និយាយ​ច្រើន​ពី​ការ​វិវឌ្ឍនៃ​ប្រជាធិបតេយ្យ​នៅ​ទូទាំង​សាកល​លោក។

លោក​បន្ថែមថា៖ «ប៉ុន្តែ​បើ​សមាជិក​ព្រឹទ្ធសភា​ ខាង​គណ​បក្ស​ប្រជាធិបតេយ្យ​ឡើង​សំឡេង​ភាគច្រើន​ ហើយ​ប្រធានា​ធិបតី​ខាង​ប្រជាធិបតេយ្យ​ទៀត​ គឺ​គេ​ហៅ​ថា​ពីសភា​ ព្រឹទ្ធ​សភា​ ហើយ​និង​ប្រធានាធិបតី​ពី​ខាង​ប្រជាធិប​តេយ្យ​ទាំង​អស់​។ អ៊ីចឹង គេ​ហៅ​ថា យន្ត​ការ​ច្បាប់​ហ្នឹង​អាច​ចេញ​លឿន ហើយ​កាល​ណា​ចេញ​លឿន ចរន្ត​នៃ​ការ​អនុវត្ត​ច្បាប់​ ការ​ដាក់​សម្ពាធ​ទៅលើ​ឥស្សរជន​នយោបាយ​នៅកម្ពុជា​ អាច​កើត​ឡើង​ច្រើន​ ដល់​អ៊ីចឹង​វា​អាច​ប៉ះ​ពាល់​ច្រើន»។

សេចក្តី​ស្នើ​ច្បាប់​ដែល​មាន​ការ​គាំទ្រ​ពី​គណបក្ស​ធំៗ​ទាំង​ពីរ​នៅ​ក្នុង​រដ្ឋសភា​អាមេរិក បាន​តម្រូវ​ឲ្យ​មានការ​ដាក់​ទណ្ឌ​កម្ម​លើ​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ មន្ត្រី​យោធា​ និង​មន្ត្រី​សន្តិសុខ​ណា​ដែល​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ធ្វើ​ឱ្យ​ខូច​ខាត​លទ្ធិ​ប្រជា​ធិបតេយ្យ​ និង​រំលោភ​សិទ្ធិមនុស្ស ​ជា​ពិសេស​ទាក់​ទង​នឹង​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ និង​ការ​ចាប់​ខ្លួន​មេដឹកនាំ​គណបក្ស​ប្រឆាំង​លោក ​កឹម សុខា ​និង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​លើ​ក្រុម​ជំទាស់​ផង​ដែរ។ទណ្ឌ​កម្ម​នោះ​រួម​មាន​ការ​បង្កក​ទ្រព្យ​សម្បត្តិ​ដែល​ពួកគេ​មាន​នៅ​សហរដ្ឋ​អាមេរិក ​ហាម​ឃាត់​ទិដ្ឋាការ​មិន​ឱ្យ​ចេញ​ចូល​សហរដ្ឋ​អាមេរិក​ និង​មិន​ឱ្យ​ធ្វើ​ជំនួញ​បាន​ជាមួយ​នឹងអ្នក​ជំនួញ​អាមេរិក​ជាដើម។

ប៉ុន្តែ លោក​ ម៉ៅ ច័ន្ទសុវណ្ណី វ័យ​២៤​ឆ្នាំ​ ជា​អ្នក​ប្រឹក្សា​ក្នុង​វិស័យ​អចលនទ្រព្យ​មួយ​រូប​ទីក្រុង​ភ្នំពេញ ដែល​ពេញ​ចិត្ត​គោល​នយោបាយ​របស់​គណបក្ស​សាធារណរដ្ឋ​របស់​លោក ​ដូណាល់ ត្រាំ បាន​ប្រាប់​វីអូអេថា ​គោល​នយោបាយ​អាមេរិក​ក្រោម​រដ្ឋបាល​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ​ ភាគ​ច្រើន​ផ្តោត​សំខាន់​លើពាណិជ្ជកម្ម​ ជា​ជាង​សិទ្ធិ​មនុស្ស​ ហើយ​រដ្ឋបាល​របស់​លោក ​មិនបាន​ចូលរួម​ជាមួយ​នឹង​អឺរ៉ុប​ក្នុង​ការដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​មក​លើ​កម្ពុជា​ទេ។

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កំពុង​កាន់​អំណាច​លោក​ សុខ ឥសាន​ អះ​អាង​ថា​ កម្ពុជា​គ្មាន​ការ​រំលោភ​សិទ្ធិ​មនុស្ស​ ដូច​ការ​អធិប្បាយ​របស់​ក្រុម​អ្នក​រិះ​គន់នោះ​ទេ ខណៈ​មន្ត្រី​ជាន់​ខ្ពស់​របស់​រដ្ឋាភិបាល​សហរដ្ឋ​ក៏​មិន​សូវ​លើក​ឡើង​ពី​បញ្ហា​រំលោភ​សិទ្ធិ​ និង​ការ​ដើរ​ថយ​ក្រោយ​នៃ​ការ​អនុវត្ត​លទ្ធិប្រជាធិបតេយ្យ​នោះ​ដែរ។ ហេតុ​ដូច្នេះ​លោក​រំពឹងថា​ បើ​ទោះ​មាន​ការ​ផ្លាស់​ប្តូរ​ប្រធានាធិបតី​ក៏​ដោយ​ ក៏​កម្ពុជា​នៅ​បន្ត​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​សហរដ្ឋ​អាមេរិក​ ហើយ​ក៏​មិន​ចង់​ឲ្យ​សហរដ្ឋ​អាមេរិក​ចាត់​វិធានការ​ណា​មួយ​ដែល​ប៉ះ​ពាល់​ដល់​ប្រយោជន៍​ប្រជា​ពលរដ្ឋ​កម្ពុជា​នោះ​ដែរ។​

«អ៊ីចឹង​ គឺ​ថា​ការ​គេ​ហៅ​ថា​បំប៉ោង​សភាព​ការណ៍​ពិត​នៅ​កម្ពុជា​នេះ​ គឺ​ថា​ត្រូវ​ខ្ញុំ​យល់​ថា​ត្រូវ​រដ្ឋាភិបាល​អាមេរិក​ដែល​ដឹកនាំ​ដោយ​ប្រធានាធិបតី​ជាប់​ឆ្នោត​នា​ពេល​ខាង​មុខ​នេះ​ គឺ​ថា​ប្រាកដ​ជា​លោក​ផ្តល់​យុត្តិធម៌​ សច្ចធម៌​ឲ្យ​កម្ពុជា។ ហើយ​បើ​ផ្តល់​យុត្តិធម៌​ សច្ចធម៌​ឲ្យ​កម្ពុជា​ ខ្ញុំ​យល់​ថា​ ប្រព័ន្ធ​ GSP​ហ្នឹងមិន​ត្រូវ​បាន​លុប​ចោល​ ឬ​មួយ​ក៏​បន្ធូរ​បន្ថយ​អី​ទេ​ គឺ​ថារឹត​បន្តឹង​អី​ទេ​ គឺ​ថា​នៅ​រក្សា​ស្ថានភាព​ដើម​ដដែល​ទេ​បាទ»។

នៅ​ក្នុង​ការ​បោះ​ឆ្នោត​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៦ លោក​នាយករដ្ឋមន្ត្រី​កម្ពុជា ហ៊ុន សែន បាន​បង្ហាញ​ការ​យល់​ឃើញ​ថា បើ​លោកស្រី ហ៊ីលឡារី គ្លីនតុន ដែល​កាល​នោះ​ជា​ដៃ​គូ​ប្រជែង​ជាមួយ​លោក ដូណាល់ ត្រាំ ត្រូវ​បាន​បោះ​ឆ្នោត​ឲ្យ​ក្លាយ​ជា​ប្រធានា​ធិបតី​អាមេរិក នោះ​ពិភពលោក «​អាច​នឹង​មាន​សង្គ្រាម»។

លោក​បង្ហាញ​ថា​ លោក​ចង់​ឲ្យ​លោក ដូណាល់ ត្រាំ ជាប់​ឆ្នោត។ ក្រោយ​មក លោក ហ៊ុន សែន លើក​ឡើង​ថា​ នេះ​ជា​ការ​វិភាគ​របស់​លោក​ផ្ទាល់​ក្នុង​នាម​ជា​មេដឹកនាំ​ម្នាក់ និង​ជា​អ្នក​នយោបាយ​មួយ​រូប មិន​មែន​ជា​ការ​ជ្រៀត​ជ្រែក​កិច្ច​ការ​បោះ​ឆ្នោត​របស់​អាមេរិក​នោះ​ទេ៕

XS
SM
MD
LG