រដ្ឋមន្ត្រីការបរទេសហុងគ្រី គឺលោក ភីធឺ ស៊ីចាតូ (Peter Szijjarto) គ្រោងនឹងបំពេញទស្សនកិច្ចជាផ្លូវការក្នុងប្រទេសកម្ពុជានៅថ្ងៃទី៣ ខែវិច្ឆិកា តាមការអញ្ជើញរបស់លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា ក្នុងគោលបំណងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី លើវិស័យនានារាប់ទាំងពាណិជ្ជកម្មនិងការទូតផងដែរ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា។
សេចក្តីប្រកាសព័ត៌មានដដែលបានបញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ចរបស់លោក ភីធឺ ស៊ីចាតូ ក៏នឹងមានពិធីចុះហត្ថលេខាលើឯកសារចំនួន៣ រវាងប្រទេសទាំងពីរ ដែលទាក់ទងនឹងកិច្ចព្រមព្រៀងស្តីពីសេវាដឹកជញ្ជូនផ្លូវអាកាសចរណ៍ អនុស្សារណៈនៃការយោគយល់គ្នាស្តីពីការគ្រប់គ្រងធនធានទឹក និងអនុស្សារណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រត្តិបត្តិការលើវិស័យកសិកម្មផងដែរ។ កម្មវិធីចុះហត្ថលេខានេះ នឹងត្រូវចូលរួមជាសាក្សីដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
លោក ភីធឺ ស៊ីចាតូ រដ្ឋមន្ត្រីការបរទេស និងជារដ្ឋមន្ត្រីពាណិជ្ជកម្មប្រទេសហុងគ្រីផងនោះ ក៏គ្រោងនឹងជួបដាច់ដោយឡែកៗជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួបជាមួយលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសកម្ពុជា និងជួបជាមួយលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីពាណិជ្ជកម្ម ជួបជាមួយលោក វេង សាខន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទ និងជួបជាមួយលោក ស៊ូស យ៉ារ៉ា សមាជិកសភានៃប្រទេសកម្ពុជាផងដែរ។
លោក ភីធឺ ស៊ីចាតូ ក៏គ្រោងនឹងអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកជាផ្លូវការនូវការិយាល័យស្ថានទូតហុងគ្រី នៅរាជធានីភ្នំពេញផងដែរ។
កិច្ចសហប្រតិបត្តិការ រវាងកម្ពុជា និងហុងគ្រី ដែលជាប្រទេសមួយក្នុងសហភាពអឺរ៉ុបផងនោះ កើតឡើងក្រោយពេលតែប៉ុន្មានខែដែលសហភាពអឺរ៉ុបបានសម្រេចដកហូតប្រព័ន្ធអនុគ្រោះពន្ធនាំចូលទៅកាន់សហភាពអឺរ៉ុបចំនួន២០% នូវមុខទំនិញគ្រប់មុខលើកលែងតែអាវុធ ដែលហៅថា EBA ដោយសារតែបញ្ហាសិទ្ធិមនុស្សនិងប្រជាធិបតេយ្យនៅកម្ពុជា៕