ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេដឹកនាំ​កម្ពុជា​លោក ហ៊ុនសែន​គ្រោង​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ​នៅ​ប្រទេស​ហុងគ្រី


រូបឯកសារ៖ លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន​ មក​ដល់​អាកាស​យាន​ដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ ថ្ងៃ​ទី​២៩ ខែ​មេសា​ ឆ្នាំ​២០១៩។ (ហ៊ុល រស្មី​/VOA​)
រូបឯកសារ៖ លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន​ មក​ដល់​អាកាស​យាន​ដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ ថ្ងៃ​ទី​២៩ ខែ​មេសា​ ឆ្នាំ​២០១៩។ (ហ៊ុល រស្មី​/VOA​)

លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ នៃ​ប្រទេស​កម្ពុជា ​នឹង​ដឹកនាំ​គណប្រតិភូ​ទៅ​បំពេញទស្សនកិច្ច​ជាផ្លូវការ​ក្នុង​ប្រទេស​ហុងគ្រី​នៅចុង​សប្តាហ៍​នេះ។​ នេះបើ​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស​កម្ពុជា​ដែល​ចេញផ្សាយ​នៅ​ថ្ងៃចន្ទ​នេះ ហើយ​ដែល​ VOA​ ទទួល​បាន។

ដំណើរ​ទស្សនកិច្ច​ចាប់ពី​ថ្ងៃទី១៣ ​ដល់ ​ថ្ងៃទី ​១៥​ ខែមិថុនា​ ឆ្នាំ ​២០១៩​ នេះ​ គឺកើត ឡើង​តប​តាមការ​អញ្ជើញ​របស់​លោក​នាយក​រដ្ឋមន្ត្រី ​ហុងគ្រី​ ‍«វីកទ័រ អ័របាន‍» ​(Vickto Orban) ​ហើយនឹង​ចូលរួម​ក្នុងកិច្ច​ប្រជុំ​កំពូល​លើក​ទី៥​ នៃ​សន្និសីទ​ស្តីពី​អន្តរសកម្មភាព និង​វិធានការ​កសាង​ទំនុកចិត្ត​នៅអាស៊ី​ ពីឆ្នាំ​២០១៨​ ដល់ឆ្នាំ​ ២០២០​ ហៅថា​ (5th CICA Summit) ​តាមការ​អញ្ជើញ​របស់​ប្រធានាធិបតី​ ប្រទេស​តាជីគីស្ថាន​ អ៊ីម៉ូម៉ាលី រ៉ាម៉ុន​ ដែលជា​ប្រធាន​សន្និសីទ​នេះ ។

សេចក្តី​ប្រកាសព័ត៌​មាន​ដដែល​បានឲ្យ​ដឹងថា​ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​នឹង​មាន​កម្មវិធី​ចុះហត្ថ​លេខា​ជាមួយ​សមភាគី ​ហុងគ្រី​លើ​ឯកសារ​ចំនួន​ពីរ​គឺ ​កិច្ចព្រម ព្រៀង​ទាក់ទង​នឹង​កិច្ចសហ​ប្រតិបត្តិការ​ផ្នែក​សេដ្ឋកិច្ច ​និង​ ផ្នែក​អប់រំ ​ក្រៅពី​មាន​គម្រោង​ជំនួប​ជាមួយ​មេដឹកនាំ​ប្រទេស​ហុងគ្រី។​ បន្ថែម​ពីលើនេះ ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ​ក្រៅពីគ្រោង​នឹង​ជួប​ជាមួយ​មេដឹកនាំ​ប្រទេស​នានា ​ក៏នឹង​ត្រូវថ្លែង​សុន្ទរកថា​ក្នុង កិច្ចប្រជុំ​កំពូល ​CICA​ផងដែរ ​ដែល​លោកនឹង​ផ្តោតលើ​បញ្ហា​គន្លឹះ​ជាច្រើន ​ដែល​ជា ការប្រឈម​រួមរបស់​តំបន់​អាស៊ី ​និង​ចែក​រំលែក​ទស្សនៈ​ស៊ីជម្រៅ​ថាអាស៊ី​នឹងរួម​គ្នា ដោះស្រាយ​បញ្ហា​សន្តិសុខ ​សេដ្ឋកិច្ច ​និង​នយោបាយ​ តាមរយៈ​ការពង្រឹង​ជំនឿ​ទុកចិត្ត និងទំនាក់​ទំនង​ក្នុងចំណោម​ប្រទេស​ជាសមាជិក​ CICA៕

XS
SM
MD
LG