ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហភាព​អឺរ៉ុប​គ្រោងចេញ​របាយការណ៍​លើក​ទីពីរ​អំពី​ក្រប​ខណ្ឌ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ EBA ដល់​កម្ពុជា


រូបឯកសារ៖ កម្មការិនីកំពុង​ធ្វើការ​នៅ​ក្នុង​រោងចក្រ​កាត់ដេរ​មួយនៅ​រាជធានី​ភ្នំពេញ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៦។
រូបឯកសារ៖ កម្មការិនីកំពុង​ធ្វើការ​នៅ​ក្នុង​រោងចក្រ​កាត់ដេរ​មួយនៅ​រាជធានី​ភ្នំពេញ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៦។

នៅ​ខែ​វិច្ឆិកា​ខាង​មុខ​នេះ​ សហភាព​អឺរ៉ុប​នឹង​បញ្ចេញ​របាយការណ៍​វាយ​តម្លៃ​លើក​ទី​ពីរ​ស្តី​ពី​ស្ថានភាព​កម្ពុជា​ក្រោម​ក្របខណ្ឌ​ប្រព័ន្ធ​អនុគ្រោះពន្ធ «អ្វីៗ​ទាំង​អស់​លើកលែង​តែ​សព្វាវុធ» ឬ​ហៅថា​ EBA។ រដ្ឋាភិបាល​កម្ពុជា​នឹង​មាន​ពេល​បី​ខែ​ ដើម្បី​ឆ្លើយ​តប​នឹង​ការ​រក​ឃើញ​ចុង​ក្រោយ​នេះ។

សហគមន៍​អឺរ៉ុប​នឹង​បញ្ចេញ​របាយការណ៍​ជា​លើក​ទីពីរ​ស្តី​ពី​ដំណើរ​ការ​ពិនិត្យ​លក្ខខណ្ឌ​ដែល​កម្ពុជា​ត្រូវ​បំពេញ​ដើម្បី​រក្សា​ទុក​ប្រព័ន្ធ​ឋានៈ​អនុគ្រោះ​ពន្ធ​ «អ្វីៗ​ទាំងអស់​លើក​លែង​តែ​សព្វាវុធ»​ ឬ​ហៅថា​ EBA ​នៅ​ខែ​វិច្ឆិកា​ខាង​មុខ។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​ក្រុម​មន្ត្រី​សង្គម​ស៊ីវិល​ដែល​ធ្វើ​ការ​ខាង​ការ​លើក​ស្ទួយ​ការ​គោរព​សិទ្ធិមនុស្ស។

លោក​ ឃុន ថារ៉ូ​ មន្ត្រី​សម្របសម្រួល​ការងារ​នៃ​មជ្ឈ​មណ្ឌល​សម្ព័ន្ធ​ភាព​ការងារ​ និង​សិទ្ធិ​មនុស្ស​ហៅ​កាត់​ថា​ ​អង្គការ​សង់ត្រាល់​ ​(Central)​ ប្រាប់ VOA ​នៅ​ថ្ងៃ​ពុធ​នេះ​ថា​ ក្រុម​ការងារ​របស់​សហភាព​អឺរ៉ុប​មួយ​នឹង​ចេញ​របាយការណ៍​នៃ​ការ​រក​ឃើញ​របស់​ខ្លួន​អំពី​បច្ចុប្បន្នភាព​របស់កម្ពុជាក្រោម​ក្របខ័ណ្ឌ​ EBAនេះ​ ​នៅ​ថ្ងៃទី​១១​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៩​ ខាង​មុខ ហើយ​របាយ​ការណ៍​នេះ​នឹង​ត្រូវ​បញ្ជូន​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ឆ្លើយ​តប។

«នៅ​ពេល​ដែល​របាយការណ៍​បិទ​បញ្ចប់​ វា​ដូច​ជា​តារាង​នៃ​ការ​វាយតម្លៃ​ដាក់​ពិន្ទុ​ឲ្យ​ទៅ​រាជរដ្ឋាភិបាល។​ ហើយ​អំឡុង​ពេល​បី​ខែ​ទៅ​ទៀត​ហ្នឹង​ គឺ​រាជរដ្ឋាភិបាល​ឆ្លើយ​តប»។

កាល​ពី​ខែ​កុម្ភៈ​ ឆ្នាំ​២០១៩​កន្លង​ទៅ​នេះ គណៈកម្មការ​សហភាព​អឺរ៉ុប​ប្រកាស​ចាប់​ផ្តើម​ដំណើរ​ការ​ជា​ផ្លូវការ​ ដែល​អាច​នឹង​ឈាន​ទៅ​ដល់​ការ​ព្យួរ​ជា​បណ្តោះ​អាសន្ន​នូវ​ឋានៈ​អនុគ្រោះ​ពន្ធEBA ​ពី​ប្រទេស​កម្ពុជា​ ​ដោយសារ​តែ​ការ​ខូចខាត​យ៉ាង​ដំណំ​នៃ​ដំណើរការ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ ជាពិសេស​គឺ​ក្រោយ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ឆ្នាំ​២០១៧។

ចាប់​តាំង​ពី​ពេល​នោះ​ មក​កម្តៅ​នយោបាយ​កម្ពុជា​បាន​បន្ត​កើនឡើង។ កម្តៅ​នយោបាយ​បាន​កើន​ឡើង​កាន់​តែ​ខ្លាំង នៅ​ពេល​ដែល​អតីត​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​លោក ​សម រង្ស៊ី​ ប្រកាស​ពី​មាតុភូមិ​និវត្តន៍​របស់​លោក​មក​កម្ពុជា​វិញ​នៅ​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៩​ខាង​មុខ។

ក្រុម​មន្ត្រី​រដ្ឋាភិបាល​ចាត់​ទុក​ថា​ ការ​វិល​ចូល​ប្រទេស​របស់​លោក ​សម រង្ស៊ី ​ជា​ទម្រង់​នៃ​រដ្ឋប្រហារ​ ព្រោះ​ប្រធាន​ស្តីទី​គណបក្ស​ប្រឆាំង​រូប​នេះ​ ប្រកាស​គៀងគរ​កម្លាំងទ័ព​ និង​មហាជន​ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​កម្ពុជា​ស្របច្បាប់។

លោក ​អំ សំអាត​ នាយក​រង​ទទួល​បន្ទុក​ផ្នែក​ឃ្លាំមើល​និង​ការពារ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ​ (Licadho) កត់​សម្គាល់​ថា​ យុទ្ធនាការ​បង្ក្រាប​នេះ​ នឹង​ដាក់​កម្ពុជា​ឲ្យ​ស្ថិត​ក្នុង​ស្ថានភាព​ពិបាក​ដោះស្រាយ​លើ​ដំណើរ​ការ​ចរចា​ជាមួយ​សហភាព​អឺរ៉ុប​ ដើម្បី​រក្សា​ទុក​ប្រព័ន្ធ​ឋានៈ​អនុគ្រោះ​ EBA។

មន្ត្រី​សិទ្ធិមនុស្ស​រូប​នេះ​ បញ្ជាក់​បន្ថែម​ថា​ សហភាព​អឺរ៉ុប​នឹង​ចេញ​របាយការណ៍​លើក​ទីពីរ​របស់​ខ្លួន ដើម្បី​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​បាន​ដឹង​ថា​ តើ​រដ្ឋាភិបាល​សម្រេច​បាន​លទ្ធផល​យ៉ាង​ណា​ខ្លះ​ក្នុង​ការ​ស្តារ​ស្ថានភាព​គោរព​សិទ្ធិមនុស្ស​ និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។

ការ​ត្រៀម​បញ្ចេញ​របាយការណ៍​លើក​ទី​ពីរ​របស់​សហភាព​អឺរ៉ុប​ ស្តី​ពី​ប្រព័ន្ធ​អនុគ្រោះ​ EBA​ ធ្វើឡើង​ បន្ទាប់​ពី​ក្រុម​មន្ត្រី​គណៈកម្មការ​អឺរ៉ុប​ទទួល​បន្ទុក​ផ្នែក​ពាណិជ្ជកម្ម​និង​កិច្ចការ​បរទេស​បាន​បញ្ចប់​បេសកកម្ម​ស្វែង​រក​ការ​ពិត​នៅ​កម្ពុជា​ជុំ​ទីពីរ​ កាលពី​ខែ​មិថុនា​ ដើម្បី​វាយ​តម្លៃ​ពី​ស្ថានភាព​សិទ្ធិ​មនុស្ស​ និង​ប្រជាធិបតេយ្យ​ដែល​ជា​ផ្នែក​មួយ​ដ៏​សំខាន់​សម្រាប់​ឲ្យ​ប្រទេស​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​មួយ​នេះ បន្ត​ទទួល​បាន​ប្រព័ន្ធ​ឋានៈ​អនុគ្រោះ​ EBA ​នេះ។

អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា​លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​ថា​ ការ​សន្ទនា​អំពី​ប្រព័ន្ធ​ឋានៈ​អនុគ្រោះ​ EBA ជាមួយ​ភាគី​សហភាព​អឺរ៉ុប​នៅ​បន្ត​ដដែល​ តែ​លោក​មិន​អាច​ឲ្យដឹង​អំពី​សេចក្តី​លម្អិត​ទាក់ទង​នឹងការ​សន្ទនា​នេះ​ទេ។

ជា​ផ្នែក​មួយ​នៃ​ការ​រក្សា​ទុក​ប្រព័ន្ធ​ឋានៈ​អនុគ្រោះ​ EBA លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ បាន​ដឹកនាំ​ក្រុម​មន្ត្រី​របស់​លោក​ទៅ​ស្វែង​រក​ការ​គាំទ្រ​ពី​ប្រទេស​ចំនួន​បី​នៅ​អឺរ៉ុប​ខាង​កើត​ដែល​ជា​សមាជិក​របស់​សហភាព​អឺរ៉ុប។ ប្រទេស​ទាំង​បី​នោះ​ មាន​សាធារណរដ្ឋ​ឆេក​ ហុងគ្រី​ និង​ប៊ុលហ្គារី។ មេដឹកនាំ​ប្រទេស​ទាំង​នោះ​ បាន​បង្ហាញ​ការ​គាំទ្រ​ជា​វិជ្ជមាន​ដល់​កម្ពុជា​ ដោយ​មិន​ចង់​ឲ្យ​កម្ពុជា​បាត់​បង់​ប្រព័ន្ធ​ឋានៈ​អនុគ្រោះ​ពន្ធ​នេះ​ទេ។

ថ្មីៗ​នេះ​ លោក ​យ៉ាណូស អាឌ័រ (Janos Ader) ប្រធានាធិបតី​ប្រទេស​ហុងគ្រី​ បាន​បញ្ជាក់​ជំហរ​ម្តង​ទៀត​ ថា​នឹង​គាំទ្រ​មិន​ឲ្យ​កម្ពុជា​ បាត់​របូត​ធ្លាក់ពី​ដៃ​ប្រព័ន្ធ​នូវ​ឋានៈ​អនុគ្រោះពន្ធ EBA​ នោះ​ទេ។​ ការ​បញ្ជាក់​នេះ​ ធ្វើ​ឡើង​នៅ​ពេល​ដែល​លោក​ប្រធានាធិបតី​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​រយៈពេល​បួន​ថ្ងៃ​នៅ​កម្ពុជា​ ដែល​ដំណើរ​ទស្សនកិច្ច​នេះ​បាន​បញ្ចប់​នៅ​ថ្ងៃ​ពុធ​នេះ។

ក្រុម​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើការ​លើ​ការ​ការពារ​សិទ្ធិមនុស្ស​ជឿ​ថា​ ប្រទេស​ហុងគ្រី​ និង​ប្រទេស​សមាជិក​សហភាព​អឺរ៉ុប​ពីរ​ទៀត​នោះ​ មិន​មាន​ឥទ្ធិពល​ដល់​ការ​ធ្វើ​សេចក្តី​សម្រេច​ចិត្ត​របស់​សហភាព​អឺរ៉ុប​ ដែល​នឹង​ផ្អែកលើ​សំឡេង​ភាគច្រើន​ក្នុង​ការ​សម្រេច​សេចក្តី។​ ពួកគេ​ថា​ ប្រទេស​ដែល​មាន​ឥទ្ធិពល​ រួម​មាន​ប្រទេសអាល្លឺម៉ង់​ បារំាង​ និង​ស៊ុយអែត​ជាដើម៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG