ក្រុមបាតុករស្តាំនិយមរាប់រយនាក់បានប្រមូលផ្តុំគ្នានៅទីក្រុង Cologne នៃប្រទេសអាល្លឺម៉ង់ ដើម្បីធ្វើការតវ៉ាប្រឆាំងនឹងការរំលោភផ្លូវភេទនិងករណីប្លន់នានាដែលកើតឡើងយ៉ាងច្រើននៅក្នុងអំឡុងពេលនៃថ្ងៃបុណ្យឆ្លងចូលឆ្នាំថ្មីនៅក្នុងទីក្រុងនេះ។
អំពើដែលបានកើតឡើដែលបង្កដោយបុរសៗដើមកំណើតអាហ្រ្វិកកណ្តាលនិងអារ៉ាប់បានបង្កឲ្យមានការស្នើឡើងកាន់ច្រើន ទៅលើការពង្រឹងការត្រួតពិនិត្យគោលនយោបាយអន្តោប្រវេសន៍របស់ប្រទេសអាល្លឺម៉ង់។
កាលពីថ្ងៃសៅរ៍ម្សិលមិញនេះ ក្រុមអ្នកតវ៉ារាប់រយនាក់នៃចលនាប្រឆាំងនឹងជនអន្តោប្រវេសន៍ Pegida បានកាន់ទង់ជាតិនិងផ្ទាំងបដានានា ខណៈក្បួនបាតុកម្មដោយឡែកនៅជិតនោះត្រូវបានធ្វើឡើងដោយបាតុករឆ្វេងនិយម និងមនុស្សមួយក្រុមផ្សេងទៀត ដែលបានធ្វើការតវ៉ាប្រឆាំងនឹងអំពើហិង្សាទៅលើស្រ្តី។
មានការរាយការណ៍ថា ប៉ូលិសរាប់រយនាក់ត្រូវបានដាក់ពង្រាយនៅក្បែរស្ថានីយ៍រថភ្លើងធំបំផុតនៅក្នុងទីក្រុង Cologne ហើយក៏មានការប៉ះទង្គិចគ្នាមួយចំនួនកើតឡើងផងដែរ។
លោកស្រីអធិការបតីអាល្លឺម៉ង់ Angel Merkel កាលពីថ្ងៃសៅរ៍ម្សិលមិញនេះ បានស្នើឲ្យមានការកែប្រែច្បាប់របស់អាល្លឺម៉ង់ ដែលអាចនឹងធ្វើឲ្យកាន់តែងាយស្រួលក្នុងការបដិសេធការផ្តល់សិទ្ធិជ្រកកោនដល់ជនភៀសខ្លួន ដែលបានប្រព្រឹត្តអំពើឧក្រិដ្ឋកម្ម។
លោកស្រី Merkel បានថ្លែងប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីការបញ្ចប់កិច្ចប្រជុំរបស់គណបក្សអភិរក្សនិយមប្រជាធិបតេយ្យគ្រិស្តរបស់លោកស្រីថា «ជនណាដែលត្រូវបានគេកាត់ទោស ស្ថិតក្នុងស្ថានភាពព្យួរទោស ឬដាក់ពន្ធនាគារ នឹងអាចបាត់បង់ការទទួលបានសិទ្ធិក្នុងការតាំងទីលំនៅ និងសិទ្ធិជ្រកកោន»។
មានព័ត៌មានថា បុរសប្រមាណចំនួន១.០០០នាក់បានព័ទ្ធជុំវិញ បៀតបៀន និងរំលោភផ្លូវភេទទៅលើស្រ្តី ហើយក្នុងចំណោមនោះ បុរសជាច្រើនបានប្លន់ទ្រព្យសម្បត្តិជាប់ខ្លួនរបស់ពួកគេ នៅពីមុខស្ថានីយ៍រថភ្លើងធំជាងគេក្នុងទីក្រុង Cologne ក្នុងអំឡុងពេលនៃថ្ងៃបុណ្យឆ្លងចូលឆ្នាំថ្មី។
មនុស្សជាង១៧០នាក់បានដាក់ពាក្យបណ្តឹងពីបទឧក្រិដ្ឋកម្ម ដោយក្នុងនោះយ៉ាងហោចណាស់ក៏មានសេចក្តីរាយការណ៍មួយអំពីការចាប់រំលោភសេពសន្ថវៈផងដែរ៕