ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មនុស្ស​យ៉ាង​តិច​មួយ​សែន​នាក់ «ដើរ​ក្បួន​ដើម្បី​សេរីភាព» ក្នុង​ប្រទេស​បេឡារុស


មនុស្សម្នា​ចូលរួម​ក្នុង​ការ​បាតុកម្ម​មួយ​ដើម្បី​តវ៉ា​នឹង​លទ្ធផល​បោះឆ្នោត​ប្រធានាធិបតី​នៅ​ក្នុង​ក្រុង Minsk ប្រទេស​បេឡារុស កាលពី​ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០។
មនុស្សម្នា​ចូលរួម​ក្នុង​ការ​បាតុកម្ម​មួយ​ដើម្បី​តវ៉ា​នឹង​លទ្ធផល​បោះឆ្នោត​ប្រធានាធិបតី​នៅ​ក្នុង​ក្រុង Minsk ប្រទេស​បេឡារុស កាលពី​ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០។

យ៉ាង​ហោចណាស់​មាន​មនុស្ស ១ សែន​នាក់ បាន​តវ៉ា​ប្រឆាំង​នឹង​ប្រធានាធិបតី​កាន់​តំណែង​ដ៏​យូរ​អង្វែង​នៃ​ប្រទេស​បេឡារុស​នៅក្នុង​រដ្ឋធានី Minsk កាលពី​ថ្ងៃ​អាទិត្យ ដែល​ជា​បាតុកម្ម ៩ ថ្ងៃ​ជាប់ៗ គ្នា បន្ទាប់ពី​ការជាប់ឆ្នោត​ដែល​មាន​ការ​តវ៉ា​បាន​ផ្តល់​ឱ្យ​លោក​ប្រធានាធិបតី Alexander Lukashenko កាន់​តំណែង​មួយ​អាណត្តិ​ទៀត។

មនុស្ស​ប្រហែល​ពី ១ សែន​ទៅ ២ សែន​នាក់ បាន​ប្រមូល​ផ្តុំ​គ្នា «ដើរ​ក្បួន​ដើម្បី​សេរីភាព» ដែលបាន​អំពាវនាវ​ឡើង​ដោយ​លោកស្រី Sviatlana Tsikhanouskya បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រឆាំង។

ក្នុង​ខណៈ​នោះ​ដែរ ពួក​អ្នក​គាំទ្រ​រាប់ពាន់​នាក់​បាន​ប្រមូល​ផ្តុំ​គ្នា​គាំទ្រ​លោក​ប្រធានាធិបតី Lukashenko ដែល​បាន​ច្រានចោល​ការអំពាវនាវ​ឱ្យ​មាន​ការបោះឆ្នោត​ថ្មី។

ថ្លែង​ទៅកាន់​ហ្វូង​មនុស្ស​កាលពីថ្ងៃ​អាទិត្យ លោក​ប្រធានាធិបតី Lukashenko បាន​បដិសេធ​ការ​ចោទប្រកាន់​ដែល​ថា​មាន​ការលួច​បន្លំ​សន្លឹក​ឆ្នោត និង​បាន​រិះគន់​ថា ភាព​ចលាចល​ជា​ច្រើន​ថ្ងៃ​កន្លង​មក​គឺ​ដោយសារ​ការ​ជ្រៀតជ្រែក​របស់​បរទេស ដោយ​លោក​បាន​អះអាង​ថា អង្គការអូតង់​បាន​ប្រមូល​ផ្តុំអាវុធ​ចម្ងាយ ២៤ គីឡូម៉ែត្រ​ពីព្រំដែន​ប្រទេស​បេឡារុស។

ពលរដ្ឋ​បេឡារុស​បាន​ធ្វើ​ការ​តវ៉ា​ប្រឆាំង​នៅក្នុង​រដ្ឋធានី Minsk និង​ទីក្រុង​ផ្សេងៗ​ទៀត​ចាប់តាំង​ពី​មន្ត្រី​រៀបចំ​ការបោះឆ្នោត​បាន​ប្រកាស​ថា លោក​ប្រធានាធិបតី Lukashenko ដែល​បាន​កាន់​អំណាច ២៦ ឆ្នាំ​មក​ហើយ ជា​អ្នក​ទទួល​បាន​ជ័យជម្នះ​នៅក្នុង​ការបោះឆ្នោត​ថ្ងៃ​ទី ៩ ខែ​សីហា ដោយ​បាន​ទទួល​សន្លឹកឆ្នោត​ជាង ៨០ ភាគរយ ទល់​នឹង​លោកស្រី Tsikhanouskya បេក្ខជន​ខាង​គណបក្ស​ប្រឆាំង​ដែល​ទទួល​បាន​សន្លឹក​ឆ្នោត​ប្រហែល ៩,៩ ភាគរយ។

ដោយ​ប្រឈម​ការជំទាស់​ប្រឆាំង​ដ៏ធំបំផុត​ចំពោះ​ការ​គ្រប់គ្រង​របស់​លោក និង​ដោយ​រង​សម្ពាធ​ឱ្យ​ចុះចេញពី​តំណែង លោក Lukashenko បាន​អំពាវនាវ​សុំ​ការជួយ​ជ្រោម ជ្រែង​ពី​រដ្ឋាភិបាល​រុស្ស៊ី​នៅ​ក្នុង​ការ​សន្ទនា​តាមទូរស័ព្ទ​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin ដោយ​លោក​បាន​ពណ៌នា​ស្ថានភាព​នោះ​ថា​ជា «ការគំរាម​កំហែង​មិនត្រឹម​តែ​ចំពោះ​ប្រទេស​បេឡារុស​ប៉ុណ្ណោះ​ទេ»។

រដ្ឋាភិបាល​វិមាន​ក្រឹមឡាំង​បាន​និយាយ​ក្នុង​សេចក្តី​ថ្លែងការណ៍​ថា ប្រធានាធិបតី​ទាំង ២ បាន​ព្រមព្រៀង​ថា បញ្ហា​ក្នុង​ប្រទេស​បេឡារុស​នឹង​ត្រូវ​បាន «ដោះស្រាយ​ក្នុង​ពេល​ឆាប់ៗ​នេះ» ហើយ​ចំណង​ទាក់ទង​រវាង​ប្រទេស​ទាំង ២ នឹង​ប្រសើរ​ជាង​មុន៕

XS
SM
MD
LG