សហការីពីរនាក់របស់លោក Rudy Giuliani មេធាវីផ្ទាល់ខ្លួនរបស់លោកប្រធានាធិបតី Donald Trump បានត្រូវចាប់ខ្លួនពីបទចោទប្រកាន់សហព័ន្ធថាបានធ្វើវិភាគទានដោយខុសច្បាប់រាប់សែនដុល្លារដល់ការឃោសនាបោះឆ្នោតនៃគណបក្សសាធារណរដ្ឋ ដោយមានរួមបញ្ចូលអង្កការ Super PAC លម្អៀងទៅខាងលោក Trump ផងដែរ។ អ្នកស៊ើបអង្កេតដើម្បីធ្វើការចោទប្រកាន់លោក Trump ក្នុងសភាតំណាងរាស្ត្រអាមេរិកាំងបានស្វះស្វែងរកជនពីរនាក់នេះនៅពេលពួកគេបានត្រូវចាប់ខ្លួន។
ឈ្មោះ Lev Parnas ដែលជាពលរដ្ឋស.រ.អា.ដើមកំណើតអ៊ុយក្រែននិងឈ្មោះ Igor Fruman ដែលជាពលរដ្ឋស.រ.អា.ដើមកំណើត Belarus បានត្រូវចាប់ខ្លួននៅឯអាកាសយានដ្ឋាន Dulles កាលពីយប់ថ្ងៃពុធនៅពេលពួកគេខិតខំព្យាយាមចាកចេញពីស.រ.អា.។ មន្ត្រីខាងការពង្រឹងច្បាប់ម្នាក់បាននិយាយថាជនទាំងពីរនាក់នេះមានកំណត់នឹងចេញបង្ហាញខ្លួនលើកដំបូងក្នុងតុលាការក្រុង Alexandria នៅរសៀលថ្ងៃព្រហស្បតិ៍តាមពេលវេលាតំបន់ខាងកើតនៃប្រទេសអាមេរិក។
ការចោទប្រកាន់ប្រឆាំងនឹងជនពីរនាក់នេះកើតមានឡើងពីបណ្តឹងរបស់អង្គការឃ្លាំមើលឯករាជ្យមួយដែលធ្វើការជាមួយគណៈកម្មការបោះឆ្នោតសហព័ន្ធដែលបាននិយាយអះអាងថាបុរសទាំងពីរនាក់នេះបានបង្កើតក្រុមហ៊ុនមួយដើម្បីបញ្ជូនដោយអនាមិកនូវប្រាក់បរទេសទៅឱ្យអង្គការ Super PAC លម្អៀងទៅខាងលោក Trump មានឈ្មោះថា America First Action។