ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បាតុករ​រាប់សែននាក់​ទាមទារ​ឲ្យ​មេដឹកនាំ​ទីក្រុងហុងកុង​ចុះចេញ​ពី​តំណែង


និស្សិត​ហុងកុង និង​អ្នក​គាំទ្រ​នៅ​តៃវ៉ាន់​កាន់​ពាក្យស្លោក ដែល​សរសេរ​ថា «គ្មាន​ទេ​បត្យាប័ន​ទៅ​ចិន» និង «តៃវ៉ាន់​គាំទ្រ​ហុងកុង» ដើម្បី​ប្រឆាំង​នឹង​សំណើ​ច្បាប់​បត្យាប័ន​នៅ​ខាង​ក្រៅ​អគារសភា Yuan នៅ​ក្នុង​ក្រុង​តៃប៉ិ កាលពី​ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩។

កាល​ពី​ថ្ងៃអាទិត្យ​ម្សិលមិញ​មនុស្ស​រាប់សែននាក់​បាន​ចេញ​ធ្វើបាតុកម្ម​សារ​ជា​ថ្មី​នៅតាម​ផ្លូវ​នានា​ នៅក្នុង​ក្រុងហុងកុ​ង ដើម្បី​ប្រឆាំង​នឹង​សំណើ​ច្បាប់​ដ៏​ចម្រូងចម្រាស​មួយ ​ដែល​អនុញ្ញាត​ឲ្យ​មាន​ការធ្វើ​បត្យាប័ន​បញ្ជូន​មនុស្ស​ទៅ​ប្រទេសចិន។

បាតុកម្ម​នេះ​បាន​ធ្វើ​ឲ្យ​ហាង​លក់ទំនិញ​ និង​អាគាររដ្ឋាភិបាល​នានា ​នៅក្នុង​ទីក្រុង​ហុងកុង​បិទ​ទ្វារ។ ក្រុម​អ្នក​រៀបចំ​បាតុកម្ម​បាន​និយាយ​ថា​ មាន​មនុស្ស២លាននាក់​ចេញ​មកធ្វើ​បាតុកម្ម​នៅ​តាម​ផ្លូវនានា​ក្នុង​ទីក្រុង​ហុងកុង។

បាតុកម្ម​នេះ​បាន​ផ្ទុះឡើង​នៅ​មួយ​ថ្ងៃ ​បន្ទាប់​ពី​សំណើ​ច្បាប់​នេះ​ត្រូវ​បាន​ប្រកាស​ឲ្យ​ផ្អាក​ដំណើរការ​ដោយ​អ្នកស្រី Carrie Lam នាយកប្រតិបត្តិ​ទីក្រុងហុងកុង​ ប៉ុន្តែ​ក្រុមបាតុករ​បាន​និយាយ​ថា ​ពួកគេ​នឹង​បន្ត​ធ្វើ​បាតុកម្ម​រហូត​ទាល់តែ​សំណើ​ច្បាប់​នេះ​ត្រូវ​បាន​លុបចោល​ទាំងស្រុង។

នៅស្របពេល​ជាមួយ​គ្នានេះ​ រដ្ឋមន្រ្តី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Mike Pompeo បាន​និយាយ​ថា​ ប្រធានាធិបតី​អាមេរិក​លោក Donald Trump មាន​គម្រោង​ពិភាក្សា​អំពី​បញ្ហា​នៅ​ទីក្រុង​ហុងកុង​ជាមួយ​នឹង​សមភាគីចិន​របស់លោក​ គឺលោក​ប្រធានាធិបតី Xi Jinping នៅ​ឯសន្និសីទ​កំពូល G20 ​នៅ​ប្រទេស​ជប៉ុន​ដែល​នឹងចូល​មក​ដល់​ក្នុង​ពេល​ខាងមុខ​នេះ។

ក្រុមបាតុករ​បាន​កាន់​បដា​ស្រែក​ទាមទារ​ឲ្យ​អ្នកស្រី Carrie Lam ចុះ​ចេញ​ពី​តំណែង។

បាតុករម្នាក់ឈ្មោះ Steven Chow បាននិយាយថា លោកមិនបានចូលរួមក្នុងបាតុកម្មកាលពីលើកមុនទេ ប៉ុន្តែពេលនេះលោកសម្រេចចូលរួមធ្វើបាតុកម្មដោយសារតែលោកខឹងសម្បារទៅនឹងការបង្រ្កាបរបស់ក្រុមអាជ្ញាធរទៅលើហ្វូងបាតុករ កាលពីដើមសប្តាហ៍មុន។

កាលពីថ្ងៃពុធ ប៉ូលិសបង្រ្កាបកុបកម្មបានបាញ់ឧស័្មនបង្ហូរទឹកភ្នែក និងបាញ់គ្រាប់កាំភ្លើងជ័រទៅលើហ្វូងយុវជន ដែលជាក្រុមបាតុករដែលបានប្រមូលផ្តុំគ្នាប្រឆាំងទៅនឹងសំណើច្បាប់នេះ និងបានព្យាយាមគ្រប់គ្រងផ្លូវសំខាន់ៗនៅក្នុងទីក្រុងហុងកុង ដែលស្រដៀងគ្នាទៅនឹងបាតុកម្មរបស់ចលនាឆ័ត្រប្រជាធិបតេយ្យកាលពីឆ្នាំ២០១៤ ៕

XS
SM
MD
LG