ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មនុស្ស​រាប់​សែននាក់​ត្រូវគេ​រំពឹង​នឹង​ចូលរួម​ការដើរហែក្បួន​ស្រ្តី​នៅ​រដ្ឋ​ធានី​វ៉ាស៊ីនតោន


ស្រ្តី​ពាក់​មួកពណ៌ផ្ការឈូក​និង​ស្លាក​សញ្ញា​បាន​ប្រមូល​ផ្តុំ​គ្នា​និង​បញ្ចេញ​សំឡេង​របស់​ខ្លួន​នៅ​ថ្ងៃដំបូង​នៃការ​​ចូល​កាន់​តំណែងរបស់​លោក​ប្រធានាធិបតី​ដូណាល់ ត្រាំ កាល​ពី​ថ្ងៃទី​២១ មករា ២០១៧ រដ្ធធានី​វ៉ាស៊ីនតោន។
ស្រ្តី​ពាក់​មួកពណ៌ផ្ការឈូក​និង​ស្លាក​សញ្ញា​បាន​ប្រមូល​ផ្តុំ​គ្នា​និង​បញ្ចេញ​សំឡេង​របស់​ខ្លួន​នៅ​ថ្ងៃដំបូង​នៃការ​​ចូល​កាន់​តំណែងរបស់​លោក​ប្រធានាធិបតី​ដូណាល់ ត្រាំ កាល​ពី​ថ្ងៃទី​២១ មករា ២០១៧ រដ្ធធានី​វ៉ាស៊ីនតោន។

​មួយ​ថ្ងៃ​បន្ទាប់​ពី​ការ​ស្បថ​ចូលកាន់​តំណែង​របស់​លោក​ប្រធានា​ធិបតី ​ដូណាល់ ​ត្រាំ​ដែល​បាន​ទាក់​ទាញ​មនុស្ស​រាប់​សែននាក់​មក​កាន់​រដ្ឋ​ធានី​វ៉ាស៊ីនតោន ​ហ្វូង​មនុស្ស​ដ៏​ធំមួយ​ទៀត​ត្រូវ​គេរំពឹង​ប្រមូល​ផ្តុំ​គ្នា​នៅ​រដ្ឋ​ធានី​សហរដ្ឋ​អាមេរិក​ដើម្បី​តវ៉ា​ប្រឆាំង​គោល​នយោបាយ​របស់​ប្រធានា​ធិបតី​ថ្មី។

អ្នក​រៀប​ចំ​ចាត់​ចែង​សម្រាប់​ការ​ដើរ​ហែ​ក្បួន​ស្រ្តី​នៅ​រដ្ឋ​ធានី​វ៉ាស៊ីនតោន ​និយាយ​ថា ​ពួកគេ​កំពុង​រំពឹង​ថា ​នៅ​ថ្ងៃ​សៅរ៍​នេះ​មនុស្ស​រាប់​សែននាក់​នឹង​ចូលរួម​ការ​តវ៉ា​ប្រឆាំង​នៅ​ឯ​វិមាន​រដ្ឋសភា​សហរដ្ឋ​អាមេរិកCapitolនិង​តាម​បណ្តោយ​ទី​លាន National Mall។

ពួក​មន្រ្តី​រដ្ឋ​ធានី​វ៉ាស៊ីនតោន ​បាន​និយាយ​ថា​រថយន្ត​ក្រុង​១ពាន់​៨រយ​គ្រឿង ​បាន​ចុះ​ឈ្មោះចត​នៅ​ក្នុង​ទីក្រុងនៅ​ថ្ងៃ​សៅរ៍​នេះ​ដែល​អាច​មាន​ន័យ​ថា ​មនុស្ស​ជិត​១​សែននាក់​បាន​មក​តាម​រថយន្ត​ក្រុង​ទាំង​នេះ។

​ការ​តវ៉ា​ប្រឆាំង​ប្រហាក់​ប្រហែល​គ្នា​នេះ​ដែរ​បាន​ត្រូវ​គ្រោង​ឡើង​នៅ​ក្នុង​ទីក្រុង​សំខាន់​ៗ​ចំនួន​២០​នៅ​ទូទាំង​សាកលលោក ​រួមទាំង​ទីក្រុង​ឡុងដ៍ ប៊ែរឡាំង​និង​ទីក្រុង​ស៊ីដនី។

​ពួក​អ្នក​រៀប​ចំ​ចាត់​ចែង​ការ​ដើ​រ​ហែក្បួន​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​និយាយ​ថា ពួកគេ​ចង់​បញ្ជូន​សារ​ទៅ​ឲ្យ​ប្រធានា​ធិបតី​ត្រាំ​នៅ​ថ្ងៃ​ទី​១​នៃ​ការ​កាន់​អំណាច​ថា ​សិទ្ធិរបស់ស្រ្តី​ជា​សិទ្ធិ​មនុស្ស។​ បាតុករ​នៅទី​នោះ​និយាយ​ថា ​ពួកគេ​នឹងអំពាវនាវ​ឲ្យ​ពិនិត្យ​មើលបញ្ហា​ជាតិសាសន៍​និង​សមភាព​យេនឌ័រ​ ច្បាប់​ថែទាំសុខភាព​និង​សិទ្ធិ​នៃ​ការ​ពន្លូតទារក​ដែល​ពួកគេ​និយាយ​ថា​បាន​ស្ថិត​នៅ​ក្រោម​ការ​គំរាម​កំហែងនៅ​ក្រោម​រដ្ឋ​បាល​របស់​លោកត្រាំ។

អ្នកស្រី Sarah Young ដែល​បាន​ធ្វើ​ដំណើរ​ពី​ស្រុក​កំណើត​របស់អ្នកស្រី​នៅ​រដ្ឋ Indiana ដើម្បីធ្វើ​ការ​ដើរហែក្បួនក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន​បាន​ប្រាប់ VOA​ ថា​ការ​ព្រួយកង្វល់​ដ៏​ចម្បង​របស់​អ្នកស្រី​គឺ​ការថែទាំ​សុខភាព​របស់​ស្រ្តី៕

XS
SM
MD
LG