ស្របពេលដែលមានការផ្លាស់ប្ដូរដ៏ធំមួយនៅប្រទេសភូមា ឬមីយ៉ាន់ម៉ា ដែលគេស្គាល់ថាជាប្រទេសគ្រប់គ្រងដោយរបបយោធាដ៏យូរអង្វែងមួយនោះ រដ្ឋាភិបាលកម្ពុជារបស់លោក ហ៊ុន សែន បានប្រកាសរុះរើគណៈរដ្ឋមន្ត្រីរបស់ខ្លួនដែរ ដើម្បីពន្លឿនការងារទៅតាមអ្វីដែលលោកហៅថាជាការកែទម្រង់។
ប៉ុន្តែ អ្នកឃ្លាំមើលការវិវឌ្ឍនយោបាយ និងអ្នកវិភាគ យល់ថា ការផ្លាស់ប្ដូរនៃប្រទេសទាំងពីរគឺមានឆន្ទៈនយោបាយខុសគ្នាទាំងស្រុង។
ក្នុងកិច្ចសម្ភាសន៍ជាមួយ VOA កាលពីសប្ដាហ៍កន្លងទៅ ក្រុមអ្នកវិភាគ ឲ្យដឹងថា ការផ្លាស់ប្ដូរក្នុងប្រទេសភូមា គឺសំដៅទៅលើការកែប្រែរបបនយោបាយ និងថ្នាក់ដឹងនាំ ក្រោយពីគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD) របស់លោកស្រី អង់សាន ស៊ូជី (Aung San Suu Kyi) បានឈ្នះភ្លូកទឹកភ្លូកដីក្នុងការបោះឆ្នោត។
ការណ៍នេះគឺខុសពីប្រទេសកម្ពុជា ដែលនៅទីនេះគណបក្សប្រជាជនកម្ពុជា ដែលកាន់អំណាចជាង៣០ឆ្នាំនោះគ្រាន់តែប្ដូររដ្ឋមន្ត្រីនិងថ្នាក់ដឹកនាំមួយចំនួនក្នុងគណៈរដ្ឋមន្ត្រីរបស់ខ្លួនតែប៉ុណ្ណោះ។
លោក គល់ បញ្ញា នាយកប្រតិបត្តិនៃអង្គការខុមហ្វ្រែល ដែលឃ្លាំមើលការបោះឆ្នោត និងដំណើរការប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជាថ្លែងប្រាប់ VOA ថា ការផ្លាស់ប្ដូរក្នុងប្រទេសភូមា បញ្ជាក់ពីការគិតគូរដល់ប្រសិទ្ធភាពការងារ និងតុល្យភាពរបស់ជនជាតិចម្រុះក្នុងប្រទេសនេះ ដោយសំដៅទៅលើការកែទម្រង់មួយដ៏ស៊ីជម្រៅ។
ក៏ប៉ុន្តែ អ្នកឃ្លាំមើលរូបនេះ ថ្លែងថា លោកមិនឃើញមានការកែទម្រង់អ្វីមួយ ដើម្បីប្រសិទ្ធភាពការងារ និងការគ្រប់គ្រងនោះទេ ក្នុងការឆ្លាស់ការងាររបស់មន្ត្រីធំៗមួយចំនួនក្នុងទីស្ដីការគណៈរដ្ឋមន្ត្រីនោះ។
«រដ្ឋាភិបាលគណបក្សប្រជាជន ដែលមានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហ្នឹង ខ្ញុំមើលទៅ ក្នុងការកាន់អំណាចកន្លងមកនេះភាគច្រើនគណៈរដ្ឋមន្ត្រី មិនសូវជាយកចិត្តទុកដាក់រឿងប្រសិទ្ធភាពនោះទេ។ សំខាន់គឺយកចិត្តទុកដាក់រឿងស្ថិរភាពនៅក្នុងរដ្ឋាភិបាល ខាងនយោបាយ ហើយជាពិសេសនោះគឺស្ថិរភាពនៅក្នុងគណបក្សរបស់គាត់ ឬក៏គណបក្សចម្រុះ។ ពីដើមមក មានគណបក្សចម្រុះ មានគណបក្សប្រជាជន គណបក្សហ្វ៊ុនស៊ិនប៊ិចអ៊ីចឹងទៅ។ ទោះបីឥឡូវមានតែគណបក្សប្រជាជនតែមួយ តែគាត់ជ្រើសរើសយកគោលការណ៍ឲ្យមានស្ថិរភាពនៅក្នុងរដ្ឋាភិបាល ក្នុងគណបក្ស ជាពិសេសស្ថិរភាពក្នុងកិច្ចការនយោបាយទាក់ទិននិងផលប្រយោជន៍នយោបាយ»។
លោកបន្ថែមថា ការព្យាយាមទប់ខ្លួនរបស់រដ្ឋាភិបាលកម្ពុជាក្នុងប៉ុន្មានឆ្នាំនេះ បានធ្វើឲ្យគណៈរដ្ឋមន្ត្រីកម្ពុជារីកមាឌធំឡើងៗ ដែលមកដល់ពេលនេះយ៉ាងហោចណាស់មានមន្ត្រី២៧០រូប រួមទាំងរដ្ឋលេខាធិការផងដែរ។
លោកបន្តថា ការណ៍នេះក៏ធ្វើឲ្យមានការចាយវាយថវិកាជាតិកើនឡើងជាច្រើន ជាពិសេសគឺចំណាយលើមន្ត្រី និងដំណើរការនៃអង្គភាពនានា។
មកដល់ពេលនេះ ក្រសួងស្ថាប័នរបស់ប្រទេសកម្ពុជាបានកើតដល់ចំនួន២៦ក្រសួងដោយមិនរាប់បញ្ជូនទីស្ដីការគណៈរដ្ឋមន្ត្រី និងអគ្គលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។
លោក គល់ បញ្ញា ថ្លែងថាការផ្លាស់ប្ដូរក្នុងរដ្ឋាភិបាលនោះ គឺដោយសារតែមានការរុញច្រានពីប្រជាពលរដ្ឋ និងអ្នកវិនិយោគទុនផងដែរ។
«ហើយក៏មានការរុញដែរ ដែលថាមន្ត្រីចាស់ៗខ្លះនៅក្នុងរដ្ឋាភិបាលវាយូរពេក ហើយចាស់ទៀត ដែលធ្វើការទៅ វាគ្មានប្រសិទ្ធភាព វាគ្មានថាមពល គ្មានភាពស្វាហាប់ ហើយដោយសារតែអ្នកជំនាន់ក្រោយនៃគណបក្សកាន់អំណាចនាពេលបច្ចុប្បន្នហ្នឹងមានច្រើនដែរ ដែលចូលរួមនិងចង់បានបទពិសោធន៍ក្នុងការកាន់តំណែងរដ្ឋហ្នឹង។ អ៊ីចឹងសម្ពាធហ្នឹង គឺវារុញច្រានឲ្យគណបក្សប្រជាជន ហើយហ្នឹងលោកនាយករដ្ឋមន្ត្រី ក៏យល់ឃើញថាត្រូវតែមានកំណែទម្រង់។ ប៉ុន្តែការសង្ឃឹមក្នុងការកំណែទម្រង់នេះ យើងមើលទៅមានគេច្រើនសង្ឃឹមថា មានការកែទម្រង់ តែយើងចុងក្រោយឃើញពីលទ្ធផល គឺមិនមានអ្វីជាកំណែទម្រង់ដែលលើកឡើងថាឲ្យមានប្រសិទ្ធភាពនោះ គឺវាអត់មាន ដោយសារតែគណៈរដ្ឋមន្ត្រីគឺវារីកមាឌធំឡើងៗ»។
លោកបណ្ឌិត អ៊ា សុផល សាស្ត្រាចារ្យនៃសកលវិទ្យាល័យ Occidental College នៃរដ្ឋ Los Angeles សហរដ្ឋអាមេរិក និងជាអ្នកនិពន្ធសៀវភៅ ដែលមានចំណងជើងថា Aid Dependence in Cambodia ឬមានន័យថា ការពឹងផ្អែកលើជំនួយបរទេសនៅកម្ពុជា បានប្រាប់ VOA ថា ការផ្លាស់ប្ដូររដ្ឋមន្ត្រីរបស់ប្រទេសកម្ពុជាគឺគ្មានអ្វីដែលអាចប្រៀបធៀបទៅប្រទេសភូមាបាននោះទេ ដោយសារប្រទេសកម្ពុជាមាន ថ្នាក់ដឹកនាំដដែលក្នុងរយៈពេល៣០ឆ្នាំមកនេះ ហើយវាខុសពីភូមានោះ។
លោក អ៊ា សុផល បន្តថា ពេលលោកបានជួបសន្ទនាជាមួយលោកស្រី អង់ស៊ាន ស៊ូជី កាលពីពេលពីរបីឆ្នាំមុន លោកស្រីបានបញ្ជាក់ថា ភូមានឹងរៀនពីកំហុសឆ្គងរបស់ប្រទេសកម្ពុជាទាក់ទិននឹងជំនួយក៏ដូចជា ការកាន់កាប់អំណាចដែរ។
លោកបណ្ឌិត អ៊ា សុផល បានសរសេរក្នុងសារអេឡិចត្រូនិក ឬEmail មកកាន់ VOA យ៉ាងដូច្នោះថា៖ «កម្ពុជាមានថ្នាក់ដឹកនាំដដែល គ្រប់គ្រងអំណាចជាង៣០ ឆ្នាំ។ ឯភូមា ឬមីយ៉ាន់ម៉ា មានអ្នកដឹកនាំខុសគ្នាក្នុងរយៈពេលពីរបីឆ្នាំចុងក្រោយនេះ។ វាគ្មានអ្វីដែលអាចធៀបគ្នាបាននោះទេ»។
សាស្ត្រាចារ្យរូបនេះប្រៀបធៀបការរុះរើគណៈរដ្ឋមន្ត្រីកម្ពុជាដូចជា «ការរាំដណ្ដើមកៅអីគ្នា» ដូច្នោះដែរ ដោយអ្នករាំទាំងអស់ត្រូវដណ្ដើមកៅអីដែលបានកំណត់ពេលភ្លេងបញ្ចប់។
យ៉ាងណាក៏ដោយ លោកគិតថា លោក ហ៊ុន សែន មិនចង់ឲ្យមានការផ្លាស់ប្ដូរអ្វីនោះ ក្រៅពីការគ្រាន់តែចង់បង្ហាញមនុស្សម្នាពីរូបភាពខាងក្រៅតែប៉ុណ្ណោះ។
ក្នុងEmail មកកាន់VOA លោកបណ្ឌិត អ៊ា សុផល បានសរសេរថា៖ «ខ្ញុំប្រាកដថាគាត់ចង់ឲ្យប្រជាពលរដ្ឋជឿថា គាត់ចង់ធ្វើដូច្នោះ តែតាមពិតទៅ វាមិនគ្រប់គ្រាន់ទេ សម្រាប់លើកឡើង និងធ្វើឲ្យមានការផ្លាស់ប្ដូរបៀរក្នុងហ៊ូ ដែលមានបៀរហែកជាច្រើននោះ។ តើអ្នកណាចង់ធ្វើកំណែទម្រង់ នៅពេលដែលប្រព័ន្ធនោះនៅតែដដែល? វាហាក់ដូចជាស្រាក្រហមចាស់ដែលច្រកក្នុងដបថ្មីដូច្នោះឯង។ យើងចង់បានស្រាថ្មី! ប្រហែលជាស្រា Beaujolais Nouveau?»។
លោកបណ្ឌិតរូបនេះ ក៏បានបញ្ជាក់ផងដែរថា «នៅលើពិភពលោកនេះគឺគ្មាននរណាម្នាក់ចង់នៅធ្វើការដល់អាយុ៨០ឆ្នាំនោះទេ តែនៅក្នុងប្រទេសកុម្មុយនិស្តគឺមាន ហើយថ្នាក់ដឹកនាំភាគច្រើន គឺមនុស្សអាយុច្រើន។ នៅកម្ពុជាគឺដូច្នោះឯង»
កាលពីសប្ដាហ៍កន្លងទៅ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសពីអ្វីដែលលោកហៅថាជាគម្រោង«រុះរើ»គណៈរដ្ឋមន្ត្រី ដែលនឹងចាប់ផ្ដើមនាដើមខែមេសាខាងមុខ។
តាមលិខិតផ្ញើទៅកាន់រដ្ឋសភា លោក ហ៊ុន សែន បានបញ្ចប់ មុខងាររបស់រដ្ឋមន្ត្រី៣រូប រួមទាំងលោក អ៊ឹម ឈុនលឹម រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក គាត ឈន់ ឧបនាយករដ្ឋមន្ត្រីប្រចាំការ និងលោក ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេស ដែលគេដឹងថាស្ថិតក្នុងវ័យចាស់ជរា។
ក្នុងនោះដែរ ក៏មានការឆ្លាស់រដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់មួយចំនួនក្នុងក្រសួងចំនួន៨ផងដែរ។
ស្រដៀងនឹងលោកបណ្ឌិត អ៊ា សុផលដែរ លោក អ៊ូ វីរៈនាយកវេទិកាអនាគត ដែលជាមជ្ឈមណ្ឌលស្រាវជ្រាវគោលនយោបាយក្នុងស្រុក បានប្រាប់ VOA ថា «នៅក្នុងការរុះរើគណៈរដ្ឋមន្ត្រីក្នុងប្រទេសកម្ពុជា គឺមិនឆ្លុះបញ្ចាំងពីកំណែទម្រង់ទេ តែនៅភូមា គឺគេកំណែទម្រង់។ គេកាត់បន្ថយចំនួនគណៈរដ្ឋមន្ត្រីទាំងមូល។ គេរៀបចំគណៈរដ្ឋមន្ត្រីសារជាថ្មី។ ឯប្រទេសកម្ពុជា អត់មានការកំណែទម្រង់នោះទេ គ្រាន់តែដោះដូរ។ ដោះដូររដ្ឋមន្ត្រីពីមួយទៅមួយភាគច្រើន ហើយមានរដ្ឋមន្ត្រីធំៗ៣ទៅ៤ ក៏ប៉ុន្តែរដ្ឋមន្ត្រីធំៗ ២គឺឯកឧត្តម ហោ ណាំហុង និង ឯកឧត្តម អ៊ឹម ឈុនលឹម។ ប៉ុន្តែក្រៅពីហ្នឹងគឺគ្រាន់តែជាការដោះដូរទេ មិនមែនជាកំណែទម្រង់នោះទេ។ មួយទៀតគណៈរដ្ឋមន្ត្រីនៃប្រទេសកម្ពុជា គឺនៅតែជាធំដដែល ហើយមិនមានជាការកំណែទម្រង់ជាដុំកំភួនក្នុងគណៈរដ្ឋមន្ត្រីនោះទេ»។
លោក អ៊ូ វីរៈ បន្តថា ក្នុងប្រទេសកម្ពុជាគឺវាគ្រាន់តែ«មានរូបភាពដោះដូរតែមិនមានអ្វីជាការកែទម្រង់»ជាដុំកំភួននោះទេ បើធៀបនឹងប្រទេសភូមានោះ។
យ៉ាងណាក្ដី លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃច័ន្ទសប្ដាហ៍កន្លងទៅ បានថ្លែងការពារការរុះរើគណៈរដ្ឋមន្ត្រីរបស់លោក ដោយនិយាយថា វាជាការផ្លាស់ប្ដូរដ៏ធំ ដើម្បីកំណើនសេដ្ឋកិច្ច និងប្រសិទ្ធភាពការងាររបស់រដ្ឋបាលលោក។
«ខ្ញុំសូមផ្ដាំអស់លោកអ្នក បើទោះបីមុខចាស់ក៏ដោយ ប៉ុន្តែចរិតការងារឲ្យវាថ្មី។ អាហ្នឹងហើយការផ្លាស់ប្ដូរនោះ។ វាមិនចាំបាច់តែមុខថ្មី បានវាហៅការផ្លាស់ប្ដូរទេ។ មុខចាស់ ក៏ប៉ុន្តែធ្វើសកម្មភាពផ្លាស់ប្ដូរ។ អាហ្នឹងគឺវាផ្លាស់ប្ដូរ។ វានៅកន្លែងហ្នឹងឯង។ អាមុខថ្មីវាមិនទាន់ប្រាកដថា វាផ្លាស់ប្ដូរទេ។ វាផ្លាស់ប្ដូរតែមនុស្ស ក៏ប៉ុន្តែវាទៅរឿងមួយផ្សេង។ តែអាមុខចាស់ ដែលវាផ្លាស់ប្ដូរទើបវាខ្លាំង ទើបវាខ្លាំង ព្រោះវាពូកែ វាទាំងហ្នឹង ឥឡូវហិរញ្ញវត្ថុរបស់យើងកែសម្រួលប៉ុន្មានលើកហើយ នេះជាលើកទីបី។ ហើយកំណើនសេដ្ឋកិច្ច៧.៧%ក្នុងមួយឆ្នាំគិតជាមធ្យម ហើយ១០ឆ្នាំចុងក្រោយ៨.៨% បើសិនមនុស្សមិនកែប្រែទេ សួរថាតើមានកំណើនសេដ្ឋកិច្ចឬអត់?»
ទាក់ទិននឹងកំណែទម្រង់នៅភូមាវិញ សារព័ត៌មាន The New York Times ដែលចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅបានឲ្យដឹងថា លោកស្រី អង់សាន ស៊ូជី (Aung San Suu Kyi) ក៏មានឈ្មោះក្នុងបញ្ជីរដ្ឋមន្ត្រីក្នុងក្រសួងទាំង២១ ដែលសភាភូមាបានបោះឆ្នោតឲ្យកាលពីសប្ដាហ៍កន្លងទៅដែរ។
ចំនួនក្រសួងស្ថាប័ននៃប្រទេសភូមា ឬមីយ៉ាន់ម៉ា ត្រូវបានកាត់បន្ថយពីចំនួន៣៦ មកត្រឹម២១បុណ្ណោះ ហើយក្រសួងធំៗបីគឺក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ និងក្រសួងកិច្ចការព្រំដែន ត្រូវផ្ដល់ឲ្យក្រុមយោធាកាន់កាប់ដដែល។
ទោះជាយ៉ាងណាក៏ដោយ លោក អ៊ូ វីរៈ យល់ថា ប្រទេសភូមា ឬមីយ៉ាន់ម៉ា នៅមានការប្រឈមជាច្រើនជាពិសេសទាក់ទិននឹងក្រុមយោធានឹងជនជាតិភាគចិត្តនៃប្រទេសនេះ។ ហើយលទ្ធិប្រជាធិបតេយ្យនៅប្រទេសភូមាគឺទើបតែចាប់ផ្ដើមដូចកម្ពុជានាឆ្នាំ១៩៩៣នោះដែរ។
«ភូមាឥឡូវនេះ ទោះជាមានការកំណែទម្រង់ មានការដូររបបមែន តែនៅមានការប្រឈមច្រើនមែនទែន មិនមែនជាគំរូសម្រាប់ប្រទេសកម្ពុជានៅឡើយនោះទេ។ ប្រឈមដោយសារយោធានៅតែគ្រប់គ្រងអំណាចនៅក្នុងវិស័យសំខាន់ៗដូចជាក្រសួងមហាផ្ទៃ និងយោធា។ បើសិនជាគ្រប់គ្រងបាន បានន័យថាគឺជារូបមន្តមួយ ដើម្បីការពារផលប្រយោជន៍នៃយោធានៃប្រទេសភូមាផងដែរ។ ហើយប្រជាធិបតេយ្យនៅក្នុងប្រទេសភូមា ក៏នៅតែប្រជាធិបតេយ្យមួយដែលផុយស្រួយ ហើយមិនមែនជាប្រជាធិបតេយ្យមួយពិតប្រាកដនោះដែរ។ ហេតុនេះ ខ្ញុំមើលឃើញទៅប្រទេសភូមានៅប្រឈមជាងប្រទេសកម្ពុជា ហើយប្រទេសកម្ពុជាគឺបានឈានទៅមុខ។ ចាស់ទុំជាងភូមា»។
ប្រទេសកម្ពុជានឹងធ្វើការបោះឆ្នោតមូលដ្ឋាននៅឆ្នាំ២០១៧ និងបោះឆ្នោតជាតិឆ្នាំ២០១៨ ដើម្បីកំណត់យកគណបក្សដឹកនាំប្រទេស៥ឆ្នាំបន្ទាប់ទៀត។
អ្នកវិភាគ និងអ្នកឃ្លាំមើលការវិវឌ្ឍនយោបាយក្នុងប្រទេសកម្ពុជា មើលឃើញការប្រឈម និងការប្រជែងគ្នាខ្លាំងរវាងគណបក្សកាន់អំណាចរបស់លោក ហ៊ុន សែននិងគណបក្សជំទាស់របស់លោក សម រង្ស៊ី៕