មន្ត្រីបក្សប្រឆាំងនៅថ្នាក់ស្រុកម្នាក់ត្រូវបានតុលាការចោទប្រកាន់ថាបានចែកចាយខិត្តប័ណ្ណដែលចោទប្រកាន់វៀតណាមថា កំពុងព្យាយាម «លុបបំបាត់» ប្រទេសកម្ពុជា។
លោក ឈា តាំងស៊នអាយុ ៦៣ ឆ្នាំត្រូវបាននគរបាលស្រុកស្រុកព្រៃកប្បាសក្នុងខេត្តតាកែវកោះហៅហើយបន្ទាប់មកត្រូវបានប៉ូលិសខេត្តឃុំខ្លួន។ បន្ទាប់ពីត្រូវបានឃុំខ្លួនអស់រយៈពេលពីរយប់លោកត្រូវបានតុលាការកាត់ទោសពីបទញុះញង់ឱ្យមានការរើសអើងហើយបញ្ជាឱ្យគាត់បង់ប្រាក់ ៣ លានរៀល (ប្រហែល ៧៣០ដុល្លារ) ចំពោះបទល្មើសនេះ។
លោក ជុំ ឈឿន អធិការស្រុកព្រៃកប្បាសបាននិយាយថាខិត្តប័ណ្ណនេះទទួលបានតាមរយៈហ្វេសប៊ុកនិយាយពី«វិធីសាស្រ្ត ២០ចំណុចរបស់យួនដើម្បីលុបបំបាត់ពូជសាសន៍ខ្មែរនឹងលេបទឹកដី»។
លោកជុំឈឿន និយាយថា៖
«យើងបានអញ្ជើញគាត់ឱ្យចូលមកដើម្បីសាកសួរគាត់អំពីខិត្តប័ណ្ណនោះ»។ លោកបានបន្ថែមថាលោកឈា តាំងស៊នក្រោយមកត្រូវបានបញ្ជូនពីអធិការស្រុកទៅស្នងការខេត្តដែលជាកន្លែងដែលគាត់ត្រូវបានឃុំខ្លួន។
ព្រះរាជ្ញអាជ្ញារងផាន់ សុភ័ក្របាននិយាយថា លោក ឈា តាំងស៊ន ត្រូវតុលាការបញ្ជាឱ្យបង់ប្រាក់ប៉ុន្តែមិនត្រូវកាត់ឱ្យជាប់ពន្ធនាគារនោះទេ។ ព្រះរាជអាជ្ញារងផាន់ សុភ័ក្របានឱ្យដឹងថាដោយពិចារណាលើអាយុនិងវិជ្ជាជីវៈរបស់លោកជាគ្រូបង្រៀន លោកបានស្នើឱ្យតុលាការកាត់ទោសលោកឈា តាំងស៊ននៅក្នុងកម្រិតស្រាល។
«ខ្ញុំបានស្នើសុំទៅចៅក្រមថាលោកគ្រាន់តែពិន័យគាត់ជាប្រាក់បានហើយ។ វាជាការចោទប្រកាន់ស្រាល។ យើងបានជួយគាត់»។
លោក ឈា តាំងស៊ន ដែលជាមន្ត្រីថ្នាក់ស្រុកម្នាក់របស់គណបក្សសង្គ្រោះជាតិកម្ពុជាហើយជាអតីតគ្រូបង្រៀនបានថ្លែងថាលោកមិនបានចែកចាយខិត្តប័ណ្ណដូចការចោទប្រកាន់របស់តុលាការនោះទេ។
លោកបានថ្លែងថា៖ «ខ្ញុំគ្មានគំនិតរើសអើងទេ»។ លោកមិនប្រាកដថាតើលោកនឹងធ្វើការសម្រេចចិត្តប្តឹងឧទ្ធរណ៍ឬយ៉ាងណាទេ។
លោកបានបន្ថែមថា៖ «គណបក្សប្រាប់ខ្ញុំឱ្យបង់ប្រាក់។ ប៉ុន្តែមេធាវីរបស់ខ្ញុំបាននិយាយថាប្រសិនបើខ្ញុំមិនប្តឹងឧទ្ធរណ៍មានន័យថាខ្ញុំទទួលស្គាល់ថាខ្ញុំបានធ្វើខុស។ ខ្ញុំមិនបានធ្វើអ្វីខុសទេ»។