ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ហ៊ុន​ សែន ​ព្រមាន​បក​ស័ក្តិ​ក្មួយ​ប្រុស​បង្កើត​របស់​លោក​ជុំវិញ​រឿង​អាស្រូវ​ស្នេហា​លួច​លាក់


រូបឯកសារ៖ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្ឡែង​សុន្ទរកថា នៅ​ក្នុង​ពិធី​សម្ពោធ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-ចិនព្រះកុសុមៈ ក្នុង​រាជធានី​ភ្នំពេញ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២។ (AP Photo/Heng Sinith)
រូបឯកសារ៖ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្ឡែង​សុន្ទរកថា នៅ​ក្នុង​ពិធី​សម្ពោធ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-ចិនព្រះកុសុមៈ ក្នុង​រាជធានី​ភ្នំពេញ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២។ (AP Photo/Heng Sinith)

​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន​បាន​ប្រកាស​ជា​សាធារណៈ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា​ លោក​នឹង​ដក​ស័ក្តិ​ក្មួយ​ប្រុស​របស់​លោក​គឺ​លោក​ហ៊ុន ជា​ ដែល​លោក​ថា​ កំពុង​មាន​ស្នេហា​លួច​លាក់​ជាមួយ​នារី​ម្នាក់​ ទាំង​មិន​ទាន់​លែង​លះ​ប្រពន្ធ​ដើម។​

នៅ​ក្នុង​ពិធី​ប្រកាស​សាងសង់​ស្ពាន​ទន្លេ​មេគង្គ​ក្នុង​ស្រុក​ចិត្របុរី​ខេត្ត​ក្រចេះ​ លោក​ហ៊ុន សែនបាន​លើក​ឡើង​ពី​ច្បាប់​ឯក​ពន្ធភាព​ ដែល​អាច​បើក​ផ្លូវ​ឲ្យ​មាន​ការ​ដក​ឋានៈ​ឧត្តម​សេនីយ៍​ប៉ូលិស​របស់​លោក​ហ៊ុន ជា។​

លោក​ហ៊ុន សែន​ថ្លែង​ថា៖​ «ឥឡូវ​វា​ប៉ូលិស​ស្រាប់​ ហៅ​អញ្ជើញ​អា​ជា​ទៅ។ ហ្ហែង​ចង់​ពាក់​ផ្កាយ​ហ្នឹង​ត​ទៅ​ទៀត​ ឬ​ហ្ហែង​ចង់​អស់​ផ្កាយ? ​និយាយ​គ្នា​ឲ្យ​ច្បាស់​ និយាយ​គ្នា​ឲ្យ​ច្បាស់។ ​ហើយ​នាង​ហ្នុង​ក៏​បង្ហោះ​ អ្ហី​ឈ្មោះ​គង់ បញ្ញា។ ​ខ្ញុំ​វាយ​នេះ​ដែរ! ​អ្ហី!​ វា​អន់​ចិត្ត​ដែរ​ ....​ធ្វើឪ​ត្រកូល​ហ៊ុន​ខ្ញុំ​មាន​សិទ្ធិ​ឈឺ​ឆ្អាល​ ខ្ញុំ​មាន​សិទ្ធិ​ឈឺ​ឆ្អាល​ជាមួយ​នឹង​រឿង​ត្រកូល​ហ៊ុន​ ព្រោះ​មិន​អ៊ីចឹង​ទេ​ ទៅ​រញ៉េ​រញ៉ៃ។​ អ្ហេ៎! ​ខូច​អា​នេះ»។​

លោក​បន្ថែម​ថា៖ ​«អា​ជា​ ក្រែង​ប៉ូលិស​អ្ហេ! ​អ្ហើ!​ ហៅ​អា​ជា​ទៅ​សួរ​មើល ​ដោះស្រាយ​គ្នា​យ៉ាង​ម៉េច​អា​ហ្នឹ​?​ នេះ​ច្បាប់​ឯក​ពន្ធភាព​...​ប្រយ័ត្ន​អនុវត្ត​ច្បាប់​ឯកពន្ធ​ភាព​អស់​ស័ក្តិ។ ​អត់​មាន​យោគ​យល់​រឿង​ក្មួយ​អី​ទេ​....​និយាយ​ឲ្យ​ ...​ប្រកាស​មួយ​ប្រទេស​ឲ្យ​ដឹង​ហ្មង​ថា​ អាជា​ខូច»។​

បន្ថែម​ពី​ការ​ថ្លែង​ជា​សាធារណៈ ​លោក ​ហ៊ុន សែន ​ក៏​បាន​បង្ហោះ​សារ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុកផង​ដែរ។ ​សារ​នេះ​ត្រូវ​បាន​អ្នក​មួយ​ចំនួន​រិះគន់​ថា ​លោក ​ហ៊ុន សែន ​មិន​គួរ​យក​ចិត្ត​ទុក​ដាក់ ​និង​បង្ហោះ​សារ​រឿងរ៉ាវ​នេះ​ឡើយ។​

វីអូអេ​ព្យាយាម​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក​ហ៊ុន ជា​តាម​ទូរស័ព្ទ​ តែ​មិន​អាច​ទាក់​ទង​លោក​បាន​ទេ។​ ចំណែក​អ្នក​នាំពាក្យ​អគ្គ​ស្នងការ​ដ្ឋាន​នគរបាល​ជាតិ​ លោក​ឆាយ គឹមខឿន​ មិន​ឆ្លើយ​តប​សំណួរ​របស់​សំឡេង​សហ​រដ្ឋ​អាមេរិក​ដែល​បាន​ផ្ញើ​តាម​ប្រព័ន្ធ​ទំនាក់​ទំនង​តេឡេក្រាម​ទេ។​

កាលពី​ឆ្នាំ​២០១៨​ លោក ​ហ៊ុន ជា​ ធ្លាប់​ត្រូវ​បាន​គេ​រាយ​ការណ៍​ថា​ ត្រូវបាន​ចាប់​ខ្លួន​ដោយ​កម្លាំង​មាន​សមត្ថ​កិច្ច​ចំពោះ​អំពើ​បាញ់​បោះ​សេរី​របស់​លោក។ ​ហើយ​កាល​ពី​ឆ្នាំ​២០១២ ​ លោក​ហ៊ុន ជា ​និង​លោក​ ហ៊ុន តូ​ ដែល​ជាបង​ប្អូន​ជីដូន​មួយ​នឹង​គ្នា ​ត្រូវ​បាន​គេ​រាយ​ការណ៍​ថា​ បានជាប់​ចោទ​ពី​ករណី​បាញ់​បោះ​ ដែល​ធ្វើ​ឲ្យ​របួស​មនុស្ស​២​នាក់។ ​ ប៉ុន្តែ​ក្រោយ​មក​ករណី​បាញ់​បោះ​នេះ​ត្រូវ​បាន​ទម្លាក់​ ចោល ​ដោយសារ​គ្មានភស្តុតាងគ្រប់គ្រាន់។​

នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​លីកាដូលោក​អំ សំអាត​យល់​ថា​ សារ​ព្រមាន​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ទៅ​លើ​ក្មួយ​ប្រុស​បង្កើត​របស់​លោក​អាច​ជា​ការ​ដាស់​តឿន​ដល់​បុគ្គល​ផ្សេង​ទៀត​កុំ​ឲ្យ​មាន​ការ​ប្រព្រឹត្ត​ទង្វើ​អសីល​ធម៌​ ដោយ​សារ​ការ​មាន​ស្រី​កំណាន់​ក្នុង​ពេល​កំពុង​មាន​ប្រពន្ធ​កូន។ ​លោក​ថា​ ច្បាប់​ឯកពន្ធភាព​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​បំណង​បម្រើ​ផល​ប្រយោជន៍​នយោបាយ​ច្រើន​ជាងបម្រើ​ផល​ប្រយោជន៍​សង្គម៕

XS
SM
MD
LG