ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​មិន​ទាន់​មាន​ចំណាត់​ការ​លើ​អតីត​ឧកញ៉ា​ ឌួង ឆាយ ក្រោយ​បញ្ចប់​ភាព​ជា​សង្ឃ​រួច​ហើយ


លោក ឌួង ឆាយ (ស្ដាំ) ថតរូប​ជាមួយ​នឹង​ព្រះសង្ឃ​មួយ​អង្គ ក្រោយ​ពី​លាចាក​សិក្ខាបទ។ លោក​ត្រូវ​បាន​ចោទ​ប្រកាន់​ថា​វាយ​ដំ​អតីត​ភរិយា​របស់​លោក​មុន​ពេល​ទៅ​បួស​ជា​ព្រះសង្ឃ។ (រូបថត​ពី Facebook/Duong Chhay ឌួង ឆាយ)
លោក ឌួង ឆាយ (ស្ដាំ) ថតរូប​ជាមួយ​នឹង​ព្រះសង្ឃ​មួយ​អង្គ ក្រោយ​ពី​លាចាក​សិក្ខាបទ។ លោក​ត្រូវ​បាន​ចោទ​ប្រកាន់​ថា​វាយ​ដំ​អតីត​ភរិយា​របស់​លោក​មុន​ពេល​ទៅ​បួស​ជា​ព្រះសង្ឃ។ (រូបថត​ពី Facebook/Duong Chhay ឌួង ឆាយ)

ក្រុម​សិទ្ធិ​មនុស្ស​បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​ពាក់​ព័ន្ធ​និង​តុលាការ​រាជធានី​ភ្នំពេញ​ចាត់​វិធាន​ការ​ប្រឆាំង​នឹង​លោក ឌួង ឆាយ បន្ទាប់​ពី​លោក​បាន​បញ្ចប់​ភាព​ជា​ព្រះ​សង្ឃ​កាល​ពី​ថ្ងៃ​ច័ន្ទ។ លោក ឌួង ឆាយ ​ត្រូវ​បាន​ចោទ​ប្រកាន់​ថា​វាយ​ដំ​អតីត​ភរិយា​របស់​លោក។

ខណៈមាន​ភាព​ចម្រូង​ចម្រាស​នៃ​ការ​ចោទ​ប្រកាន់​របស់​អតីត​ភរិយា​ថា​បានវាយ​លោកស្រី​ដូច​ដែល​បង្ហាញ​ជា​ភស្តុតាង​ក្នុង​វីដេអូ​កាម៉េរ៉ា លោក ឌួង ឆាយ ដែល​ត្រូវ​បាន​បញ្ចប់​គោរមងារ​ជា​ឧកញ៉ា​វ័យ​ក្មេង​មួយ​រូប បាន​បួស​ជា​ព្រះ​សង្ឃ កាល​ពី​ថ្ងៃ​ទី​២១ ខែ​មីនា ដែល​រហូត​មក​ដល់​ពេល​នេះ​មាន​រយៈ​ពេល​ជិត​២​ខែ​មក​ហើយ។ ការ​បួស​នេះ​ត្រូវ​បាន​មើល​ឃើញ​ថា​ដើម្បី​គេច​ពី​ការ​ហៅ​សួរ ឬ​ចាប់​ខ្លួន​របស់​តុលាការ។

ភរិយា​របស់​លោក គឺ​លោកស្រី ដេត ម៉ាលីណា បានដាក់​ពាក្យ​បណ្តឹង​ទៅ​តុលាការ ដើម្បី​ស្វែង​រក​យុត្តិ​ធម៌ ក្រោយ​ប្តី​ប្រពន្ធ​ពីរ​នាក់​នេះ​បាន​សម្រេច​លែង​លះ​គ្នា ហើយ​បាន​ប្រើ​ប្រាស់​ប្រព័ន្ធ​សង្គម​ហ្វេសប៊ុក​ចោទ​ប្រកាន់​គ្នា​ទៅ​វិញ​ទៅ​មក។

លោក សាន សុខ​សីហា អ្នក​នាំ​ពាក្យ​ស្នងការដ្ឋាន​នគរ​បាល​រាជធានី​ភ្នំពេញ បាន​ប្រាប់​VOA​នៅ​ថ្ងៃ​ពុធ​នេះ​ថា​សមត្ថ​កិច្ច​បាន​រៀប​ចំ​ភស្តុ​តាង​និង​បញ្ជូន​ទៅ​ព្រះ​រាជ​អាជ្ញានៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​រួច​រាល់​ហើយ ពាក់​ព័ន្ធ​នឹង​សំណុំ​រឿង​របស់​លោក ឌួង ឆាយ។ លោក​បន្ថែម​ថា​ព្រះ​រាជ​អាជ្ញា​បាន​កោះ​ហៅ​លោក ឌួង ឆាយ ​ម្តង​រួច​មក​ហើយ​ ប៉ុន្តែលោក​មិន​ទាន់​បាន​ចូល​ស្រាយ​បំភ្លឺ​នៅ​ឡើយ​ទេ។

លោក​មាន​ប្រសាសន៍​ថា៖ «ព្រះ​រាជ​អាជ្ញា គាត់​ចេញ​ការ​កោះ​អញ្ជើញ​លើក​ទី​១​ ហើយ​ឥឡូវ​សួរ​ថា​ ខាង​ព្រះ​រាជ​អាជ្ញា​គាត់​កំពុង​ធ្វើ​ការ​រៀប​ចំ​កោះ​អញ្ជើញ​ជា​លើក​ទី២ [គឺ]នៅ​ពេល​ដែល​បាន​សឹក​វិញ»។

អ្នក​នាំ​ពាក្យ​នគរបាលរូប​នោះ​ឲ្យ​ដឹង​ទៀត​ថា​សមត្ថកិច្ច​រង់​ចាំ​ការ​សម្រេច​របស់​ព្រះ​រាជ​អាជ្ញា​ថាតើ​នឹង​ត្រូវ​មាន​ចំណាត់​ការ​បន្ទាប់​បែប​ម៉េច។

លោក​បន្ថែម​ថា៖ «នីតិ​វិធី​បន្ត​លើក​លែង​តែ​មាន​...​ឧបមា​ថា​ព្រះ​រាជ​អាជ្ញា​គាត់​សម្រេចថា​ម៉េច​ អី​ម៉េច ​នេះក្នុង​នាម​យើង​ជា​សមត្ថ​កិច្ច​ ពេល​នេះ​យើង​ផុត​ហើយ ព្រោះ​អី​ការណ៍​នេះ​ជា​ការ​កោះ​ហៅ​របស់​ព្រះ​រាជ​អាជ្ញា​លើក​ទី​១​ក៏​អញ្ចឹង លើក​ទី​២​ក៏​អញ្ចឹង»។

VOA​បាន​ព្យាយាម​ទាក់​ទង​ទៅ​លោក ប្លង់ សុផល អ្នក​នាំ​ពាក្យ​សាលា​ដំបូងរាជ​ធានី​ភ្នំពេញ​និង​លោក តាំង ស៊ុន​ឡាយ ប្រធាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ ប៉ុន្តែមិន​អាច​សុំ​ការ​ឆ្លើយ​តប​បាន​នៅ​ឡើយ​ទេ។

កាល​ពី​ថ្ងៃ​ទី​១៥ ខែ​មីនា អតីត​ភរិយា​របស់​លោក ឌួង ឆាយ គឺ​លោក​ស្រី​ ដេត​ ម៉ាលី​ណា បាន​បង្ហោះ​វីដេអូ​មួយ​នៅ​លើ​ទំព័រ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​របស់​លោកស្រី ដែល​បាន​បង្ហាញ​ពី​ការ​ប្រើ​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ដោយ​លោក​ ឌួង ឆាយ បាន​វាយ​លោក​ស្រី​ជា​ច្រើន​ដង។ នៅ​ក្នុងវីដេអូ​មួយ​ដែល​មាន​រយៈ​ពេល​ជាង​១​ម៉ោង​នោះ គេ​ឃើញ​លោក ឌួង ឆាយ ប្រតាយ​ប្រតាប់​ជាមួយ​ភរិយា ដោយ​មាន​កូន​តូច​នៅ​ក្បែរ មុន​ពេល​អ្នក​រស់​នៅ​ក្នុង​ផ្ទះ​ជាមួយ​ជួយ​បំបែក​ចេញ។

មន្រ្តី​នៃ​អង្គការ​សង្គម​ស៊ីវិល​យល់​ឃើញ​ថា​ការ​ដាក់​ទោស​ទណ្ឌ​ចំពោះ​អ្នក​ប្រព្រឹត្ត​ហិង្សា​លើ​ស្រ្តី​ ជា​ពិសេស​ពាក់​ព័ន្ធ​នឹង​ឧកញ៉ា​ដែល​មាន​ទ្រព្យ ត្រូវ​តែ​អនុវត្ត​ឲ្យ​ស្មើ​ភាព​គ្នា​ចំពោះ​មុខ​ច្បាប់។

នាយក​រង​ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លី​កាដូ លោក អំ សំអាត មាន​ប្រសាសន៍​ថា​អង្គ​ការ​សង្គម​ស៊ី​វិល​បាន​ទាមទារ​ឲ្យ​មាន​ចំណាត់​ការ​ទាក់​ទង​នឹង​បញ្ហា​ផ្លូវ​ច្បាប់​ទៅ​លើ​ឧកញ៉ា​ដែល​ប្រើ​ប្រាស់​អំពើ​ហិង្សា​ក្នុង​គ្រួសារ។

លោក​មាន​ប្រសាសន៍​ថា៖ «ចំណាត់​ការ​ទាក់​ទង​នឹង​បញ្ហា​ផ្លូវ​ច្បាប់​ទៅ​លើ​ឧកញ៉ា​និង​មនុស្សមួយ​ចំនួន​ទៀត​ដែល​ប្រើ​ប្រាស់​នូវ​អំពើ​ហិង្សា​ទៅ​លើ​ស្ត្រី មើល​ទៅ​គឺ​វា​ប៉ះ​ពាល់​ធ្ងន់ធ្ងរ​ទៅ​លើ​សេចក្តី​ថ្លៃ​ថ្នូរ​របស់ស្ត្រី ហើយ​ជា​ទម្រង់​នៃ​អំពើ​ហិង្សា​មួយ​ដែល​មិន​អាច​ទទួល​យកបាន​ ហើយ​ត្រូវ​តែ​មាន​ចំណាត់​ការ​តាម​ផ្លូវ​ច្បាប់»។

លោក​បន្ថែម​ថា​មនុស្ស​គ្រ​ប់រូប​ត្រូវ​តែ​មាន​ភាព​ស្មើ​គ្នា​ចំពោះ​មុខ​ច្បាប់ ហើយ​ករណី​លោក ឌួង ឆាយ លោក​មើល​ឃើញ​ថា​វា​ហាក់​ដូច​ជា​មិន​ទាន់​មាន​ភា​ព​ស្មើ​គ្នា​ចំពោះ​មុខ​ច្បាប់​នៅ​ឡើយ​ទេ។

លោក​មាន​ប្រសាសន៍​ថា​៖ «បើ​យើង​មើល​ទៅ​វា​ហាក់​ដូ​ច​ជា​មិន​ទាន់​មានភាពស្មើគ្នា​ចំពោះ​មុខ​ច្បាប់។ អញ្ចឹង​យើង​ត្រូវ​តែ​គិត​ថា​មនុស្ស​គ្រប់​រូប​ជន​ណា​ក៏​ដោយ​មាន​ការ​សង្ស័យ​ជាប់​ពាក់​ព័ន្ធជា​មួយ​អំពើ​ហិង្សា​ដែល​ខុស​នឹង​ច្បាប់ គឺ​ត្រូវ​អនុវត្ត​ឲ្យស្មើ​ភាព​គ្នា​ចំពោះ​មុខ​ច្បាប់​ ពីព្រោះ​ ទី​មួយ​គឺ​ដើម្បី​បង្កើន​ប្រសិទ្ធភាព​នៃការ​អនុវត្ត​ច្បាប់​ និង​ការ​ផ្តល់​យុត្តិធម៌។ ទីពីរ​តួនាទី​និង​ភារកិច្ច​ក្នុង​ការ​ស្វែង​រក​យុត្តិធម៌​សម្រាប់​មនុស្ស​គ្រប់​រូប ​ក៏ដូច​ជា​ក្នុង​សង្គម»។

ចំណែក​លោកស្រី រស់ សុភាព នាយិកា​នៃ​អង្គការ​យេនឌ័រ​និង​អភិវឌ្ឍន៍​ដើម្បី​កម្ពុជា​(GADC) មាន​ប្រសាសន៍​ថា​តុលាការ​ត្រូវ​ចាត់​វិធានការ ដើម្បី​ធានា​កុំ​ឲ្យ​មានអំពើ​និទណ្ឌភាព ឬ​ភាព​មិន​មាន​ទោស​ពៃរ៍​លើ​ករណី​បុគ្គល​ដែល​មាន​ទ្រព្យ​សម្បត្តិ។

លោកស្រី​ប្រាប់​VOA​ថា៖ «ការ​អំពាវនាវ​ដើម្បី​សុំ​លើក​លែង​ទោស​ហ្នឹ​ង​ វា​អាច​ថា​វា​ជា​មធ្យោបាយ​មួយ ដើម្បី​លាក់​បាំង​នូវ​ជនល្មើស​អាច​រួច​ទោស​បាន ប៉ុន្តែ​វា​មិនមែន​ជា​មធ្យោបាយ​មាន​ប្រសិទ្ធភាព​សម្រាប់​ដោះ​ស្រាយ​បញ្ហា​រំលោភ​បំពាន​សម្រាប់សង្គម​របស់​យើង​ទេ។ អញ្ចឹង​វា​កាន់​តែ​ធ្វើ​ឲ្យការ​រំលោភ​បំពាន​ហ្នឹង​កាន់​តែ​ច្រើន​ឡើង​ ដោយ​អ្នក​រំលោភ​បំពាន​ហ្នឹង​គេ​គិត​ថា​មាន​វិធី​ដោះ​ស្រាយ​ បើ​សិន​ជា​យើង​មាន​លុយ​ បើ​សិន​ជា​យើង​មាន​អំណាច បើ​សិនជា​យើង​មាន​បក្ស​ពួក បើ​សិន​ជា​យើង​មាន​ខ្សែ»។

កាល​ពី​ថ្ងៃ​អង្គារ មួយ​ថ្ងៃ​បន្ទាប់​ពី​ឈប់​បួស​ជា​សង្ឃ លោក ឌួង ឆាយ បាន​បង្ហោះ​សារនៅ​លើ​ហ្វេស​ប៊ុក​របស់​ខ្លួន​ថា៖ «ខ្ញុំ​បាទ​សូម​ទោស​រាល់​កំហុស​ឆ្គង​របស់​ខ្ញុំ​កន្លង​រហូត​មក។ បន្ទាប់​ពី​សឹក ខ្ញុំ​បាន​យល់​ច្រើន​ហើយ​ គឺ​ទម្លាក់​ការ​គុំកួន​ បញ្ចប់​បញ្ហា​ត្រឹម​នេះ អនុ​គ្រោះ អហោ​សកម្ម និង​រឿង​គ្រប់​យ៉ាង​ដែល​បាន​កើត​ឡើង»។

VOAមិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​បន្ថែម​ពីលោក ឌួង ឆាយ និង​អតីត​ភរិយា​របស់​លោក គឺលោក​ស្រី ដេត ម៉ាលីណា បាន​ទេ​នៅ​ថ្ងៃ​ពុធ​នេះ។

គួរ​បញ្ជាក់​ថា​មុន​ពេល​ទៅ​បួស​ជា​ព្រះ​សង្ឃ លោក​ ឌួង ឆាយ ដែល​ធ្លាប់​ជាប់​ពន្ធនាគារ​ក្នុង​ឆ្នាំ​២០១៥ ដោយ​សារ​វាយ​កូន​ប្រុស​របស់​ឧកញ៉ា ទ្រី ភាព បាន​ចេញ​មុខ​បក​ស្រាយ​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក​របស់​លោក ដោយ​លោក​ថា​ការ​ប្រើ​ហិង្សា​នោះ​ជា​ជម្លោះ​ចាស់​និង​ថា​អតីត​ភរិយា​បាន​រឹតត្បិត​សេរី​ភាព​របស់​លោក​ផង​ដែរ៕

XS
SM
MD
LG