ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ហ៊ុន សែន ​រិះគន់​ចំណាត់​ការ​តុលាការ ​ខណៈ​លោក​ធ្វើ​អន្តរាគមន៍​ឱ្យ​​ដោះ​លែង​អ្នក​សារ​ព័ត៌មាន​ទូរទស្សន៍​បាយ័ន​ម្នាក់


រូបឯកសារ៖ លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ថ្លែង​សុន្ទរកថាក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ក្នុង​ពិធី​បិទ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី ៤០ និង​ទី៤១ នៅ​រាជធានី​ភ្នំពេញ ថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ២០២២។
រូបឯកសារ៖ លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ថ្លែង​សុន្ទរកថាក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ក្នុង​ពិធី​បិទ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី ៤០ និង​ទី៤១ នៅ​រាជធានី​ភ្នំពេញ ថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ២០២២។

លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន សែន ​កាល​ពី​ថ្ងៃ​អង្គារ ​បាន​រិះគន់​ចំណាត់​ការ​របស់​តុលាការ ​ខណៈ​លោក​បាន​ធ្វើ​អន្តរាគមន៍​ឱ្យមាន​ការ​ដោះ​លែង​អ្នក​សារ​ព័ត៌មាន​ទូរ​ទស្សន៍​បាយ័ន​ម្នាក់ ​ក្នុង​សំណុំ​រឿង​លក់​ដី​ខ្យល់​តម្លៃ​ប្រមាណ​ ៣៦ ​លាន​ដុល្លារ​អាមេរិក។

លោក​នាយក​រដ្ឋមន្ត្រី​ក៏​ព្រមាន​ដក​តំណែងមន្ត្រី​នគរបាល​យុត្តិ​ធម៌​ណា ​ដែល​លោក​ថា ​ចេះ​តែ​ចាប់ខ្លួន​ប្រជា​ពលរដ្ឋ​តាម​តែ​អំពើ​ចិត្ត​ បើ​ទោះ​បី​ជា​តុលាការ​ជាអ្នក​បញ្ជា​ឱ្យចាប់​ខ្លួន។ ​លោក ​ហ៊ុន សែន ​បញ្ជាក់​ថា ​ប្រជាពល​រដ្ឋ​តែង​តែ​ចោទ​ថា​ នាយក​រដ្ឋ​មន្ត្រី​ឱ្យ​ចាប់ ដែល​ការណ៍នេះ ​វាអាចប៉ះ​ពាល់ដល់​កេរ្តិ៍​ឈ្មោះ​របស់លោក ​និង​មុខ​មាត់​រដ្ឋាភិបាល។

នៅ​ក្នុង​ពិធី​បិទ​សន្និបាត​នៃ​ក្រសួង​រៀបចំ​ដែនដី ​នគរូប​នីយ​កម្ម ​និង​សំណង់ ​កាល​ពី​ថ្ងៃ​អង្គារ ​លោក​ ហ៊ុន សែន ​បាន​ឱ្យដឹង​ថា លោកធ្វើអន្តរាគមន៍​លើ​ការ​ចាប់​ខ្លួន​អ្នក​សារព័ត៌​មាន​ម្នាក់ ​ដែល​ជា​អ្នក​វិភាគ​ព័ត៌មាន​អន្តរ​ជាតិ​នៅ​ទូរទស្សន៍​បាយ័ន ​ដែល​គ្រប់គ្រង​ដោយកូនស្រី​របស់​លោក ​គឺ​អ្នកស្រី ​ហ៊ុន ម៉ាណា។​

លោក​បន្ថែម​ថា ​អ្នក​សារ​ព័ត៌មាន​ដែល​លោក​មិន​បញ្ចេញ​ឈ្មោះ ត្រូវ​បាន​បញ្ជូន​ទៅ​តុលាការ ​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​ចូល​រួមលក់​ដី​ខ្យល់​ឱ្យ​ឧកញ៉ា​ម្នាក់​ មាន​ទឹក​ប្រាក់​ ៣៦ លាន​ដុល្លារ​អាមេរិក។ ​លោក ​ហ៊ុន សែន​ បញ្ជាក់​ថា​ មន្ត្រីនគរបាល​យុត្តិធម៌​កុំ​ប្រញាប់​ប្រញាល់​ចាប់​ខ្លួន​ពលរដ្ឋ​ តាម​បញ្ជា​របស់​តុលាការ​ពេក ​ព្រោះ​រឿង​ខ្លះ​គឺ​មិន​ទាន់​ដឹង​ថា​ ពិត ឬ​មិន​ពិត​ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ។​

លោក​បន្ថែម​ថា លោក​បាន​ប​ញ្ជា​ឱ្យ​លោក​ឧត្តម​សេនីយ៍​ឯក ​រ័ត្ន ស្រ៊ាង មេ​បញ្ជាការ​រង​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ និង​ជា​មេ​បញ្ជា​ការ​កង​រាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ធ្វើ​អន្តរាគមន៍ ​និង​បានបញ្ជូនមេធាវី​ផ្ទាល់​របស់​លោក​ទៅ​ធានា​ឱ្យអ្នក​សារ​ព័ត៌មាន​រូប​នោះ​បាន​នៅ​ក្រៅ​ឃុំ។​

​លោក​ថ្លែង​ថា៖ ​«ចុះ​បើ​ ៣៦ ​លាន​[ដុល្លារ​អាមេរិក] ​ចាំ​បាច់​វេទនា​ទៅ​អាន​វិទ្យុ​បាយ័ន ​[និង]​ទូរទស្សន៍​បាយ័ន​ធ្វើ​អី? អ៊ីចឹង​បាន​ថា​ អ៊ីចឹងៗ ​យើង​មើល​ផងមើសៗ​! កុំ​អាង​តែ​មាន​អំណាច​ ចេះ​តែ​ចាប់ ​ចេះ​តែ​ចងៗ​ រួច​ហើយ​អ្នក​ដែល​វេទនា​ជាង​គេ ​គឺ​នាយក​រដ្ឋ​មន្ត្រី។ ​ម្ខាង​ត្រូវ​គេ​ចោទ​ថា​ អាង​អី​រដ្ឋាភិបាល​ចាប់។​ ប៉ុន្តែ​តុលាការ​អ្នក​បញ្ជា​ចាប់!​ មើស​ ខ្ញុំ​សុំ​អស់​លោក​ ដែល​ទទួល​បន្ទុក​ជា​មេ​បញ្ជាការ​ គេ​ហៅ​ថា នគរបាល​យុត្តិធម៌​ កុំ​ចេះ​តែ​ទៅ​ទាំង​ងងឹត​ងងុល​បាន​ទេ។ ​[លោក] ​កើត រិទ្ធ ​[រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិ​ធម៌] ​ក៏​ទទួល​បាន​ដែរ ​ហើយ​ក៏​ឆ្លើយ​តប​មកដែរ»។

លោក ​ហ៊ុន សែន ​ក៏​បាន​ព្រមានដក​ហូតតួនាទី​ បើ​ទោះ​បី​ជា​មន្ត្រី​យុត្តិ​ធម៌មាន​ឋានៈ​ធំ​ប៉ុនណា​ក៏​ដោយ។ ​

លោក​បន្ត​ថា៖ ​« ៣៦ ​លាន​ដុល្លារ​ច្រើន​ណាស់! ហើយ​លុយ​យ៉ាង​ម៉េច? អីវា​យ៉ាង​ម៉េច?​ ហើយ​ងាយ​ចាប់​ខ្លួន​អី​សម្បើម​ម៉េស!​ អស់​លោក​កុំ​អាង​តែ​មាន​ស័ក្កិ!​ ខ្ញុំសូម​ព្រមាន​ប្រាប់​អស់​លោក​ឱ្យ​ហើយ​ កុំ​ថា​ អស់​លោក​ពាក់​ត្រឹម​ផ្កាយ​ ពាក់​លោក​ខែ​ក៏ខ្ញុំ​ដក​ចេញ​បាន​ដែរ។ ខ្ញុំសូម​ឱ្យ​ហើយ ​ផ្នែក​នគរបាល​យុត្តិធម៌​ ជា​នគរបាល​ក្តី ជា​អាវុធ​ហត្ថ​ក្តី ​ហើយ​កុំ​ចេះ​តែ​បណ្តោយ​តាម​តែ​ចិត្ត​ចឹងៗ។ អ៊ីចឹង​ត្រូវ​មើល​បញ្ហា​ហ្នឹង​ឱ្យ​បាន​ដិត​ដល់​ ហើយ​ធ្វើ​ម៉េច​ឱ្យ​មាន​ការ​រួម​រស់​សាមគ្គី​គ្នា​ទៅៗ បាន​ទេ?​ អាហ្នឹង​ជា​សំណូម​ពរ។​ ហើយ​ប្រជា​ពល​រដ្ឋតែង​ទទួល​រង​អយុត្តិ​ធម៌...។ ម្ខាង​ត្រូវ​គេ​ចោទ​ថា​ តុលាការ​ជា​អ្នក​ចេញ​បញ្ជា​ចាប់​ ហើយ​គេ​ចោទ​ថា​ នាយក​រដ្ឋ​មន្ត្រី​ឱ្យ​ចាប់!​ ព្រោះ​អាហ្នឹង​រដ្ឋាភិបាល​....គេ​មាន​ដឹង....​ប្រជា​ពល​រដ្ឋ​គាត់​មាន​ដឹង​ថា ​តុលាការ​មាន​អំណាច​ផ្សេង​ឯណា!»​

​វីអូអេ​មិន​ទាន់​អាច​សុំ​ការ​បញ្ជាក់​ពី​តំណាង​អយ្យ​ការ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ ​លោក​ ប្លង់ សុផល ​និងលោក ​អ៊ី រិន្ទ ​អ្នក​នាំ​ពាក្យ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​បាន​នៅ​ឡើយ​ទេ។​

រដ្ឋ​លេខាធិការ ​និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិ​ធម៌​ លោក ​ជិន ម៉ាលីន​ ថ្លែង​ថា​ លោក​នាយក​រដ្ឋ​មន្ត្រី​លើក​ឡើង​នេះ​មិនមែ​ន​ជា​ការ​លូក​លាន់ ​ជ្រៀត​ជ្រែក​ ឬ​បង្គាប់​បញ្ជា​តុលាការ​ទេ​ តែ​នេះ​គ្រាន់​តែ​ជា​ការ​ណែនាំ​ទៅ​កាន់​នគរបាល​យុត្តិធម៌ ​ដែល​ស្ថិត​ក្រោម​អំណាច​របស់​រដ្ឋាភិបាល។​

​លោក​ថ្លែង​ថា៖​ «ប្រសាសន៍​របស់​គាត់​ គឺ​គាត់​ណែនាំ​ទៅកាន់​នគរបាល​យុត្តិធម៌​ ហើយ​មន្ត្រី​នគរបាល​យុត្តិ​ធម៌ ​ស្ថិត​ក្រោម​ការគ្រប់​គ្រង​ដោយ​អំណាច​នីតិប្រតិបត្តិ​ដែល​នាយក​រដ្ឋ​មន្ត្រី​ជា​ប្រមុខ​នៃ​អំណាច​នីតិ​ប្រតិបត្តិ។​ ហើយ​ចំណែករឿង​នៅ​តុលាការ​ ការ​សម្រេច​យ៉ាង​ណា​គឺ​នៅ​លើ​តុលាការ។​ អ៊ីចឹង​ទេ​ អ្វី​ដែល​យើង​ឃើញ​នេះ​ សម្តេច​បាន​ផ្តល់​មេធាវី​គឺ​ដើម្បី​ធ្វើ​ការ​ការ​ពារ​ខ្លួន​ដល់​ជន​ជាប់​ចោទ​តាម​ផ្លូវ​ច្បាប់។​ អ៊ីចឹង​ទេ ​តុលាការ​នឹង​ធ្វើ​ការ​ពិនិត្យ​ ធ្វើ​ការ​សម្រេច​ផ្អែក​ទៅ​លើ​អង្គ​ហេតុ​ អង្គ​ច្បាប់​ ភស្តុ​តាង​ដែល​មា​ន​ជា​ធរមាន។ ​អ៊ីចឹង​ប្រសាសន៍​របស់​សម្តេច​តេជោ​មិន​មែន​ជា​ការ​លូក​លាន់ ​ជ្រៀត​ជ្រែក​ ឬ​បង្គាប់​បញ្ជា​ទៅ​តុលាការ​ទេ»។​

លោក​ អេង ហ៊ី ​អ្នក​នាំ​ពាក្យ​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​ ប្រាប់វីអូអេ​យ៉ាង​ខ្លី​ថា​ លោក​ឧត្តម​សេនីយ៍​ឯក ​រ័ត្ន ស្រ៊ាង​ មេ​បញ្ជា​ការ​រង​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​ និង​ជា​មេ​បញ្ជា​ការ​កង​រាជ​អាវុធ​ហត្ថ​រាជ​ធានី​ភ្នំពេញ​ កំពុង​ធ្វើ​អន្តរាគមន៍​តាម​ប្រសាសន៍​នាយក​រដ្ឋមន្ត្រី។​

នាយក​ទទួល​បន្ទុក​កិច្ច​ការ​ទូទៅ​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ ​លោក​ អំ សំអាត​ សង្ឃឹម​ថា​ បន្ទាប់​ពី​មាន​អនុសាសន៍​របស់​នាយក​រដ្ឋ​មន្ត្រី​ ប្រព័ន្ធ​យុត្តិធម៌​នឹង​អាច​ផ្តល់ ទំនុក​ចិត្ត​ដល់​ពលរដ្ឋ ​និ​ង​កាត់​បន្ថយ​បាន​នូវ​ភាព​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ។ លោក​បន្ត​ថា ទាក់ទង​នឹង​សំណុំ​រឿង​ព្រហ្មទណ្ឌ តុលាការ​ត្រូវ​តែ​សិក្សា​ឱ្យ​ច្បាស់​លាស់​ជា​មុន​ មុន​នឹង​ឈាន​ទៅសម្រេច​ថា នាំ​ខ្លួន ​និង​ឃុំ​ខ្លួន ​ព្រោះ​លោក​កត់​សម្គាល់​ថា​ កន្លង​មក​ជម្រើស​របស់​តុលាការ​គឺ​រឿង​ខ្លះ​ជា​រឿង​រដ្ឋប្បវេណី តែ​អ្នក​ប្តឹង​បែរ​ជា​ប្តឹង​រឿង​ព្រហ្មទណ្ឌ​រហូត​មាន​ការ​ចាប់​ខ្លួន។​

លោក​ថ្លែង​ថា៖ ​«អ៊ីចឹង​ ខ្ញុំ​យល់​ថា ការ​ចាប់​[និង]​ការ​ឃុំ​ខ្លួន​ច្រើន​នេះ​មិន​មែនគេ​ហៅ​ថា​ ការ​អនុវត្ត​ច្បាប់​បាន​ល្អ​ទេ។ ​ផ្ទុយ​ទៅ​វិញ​ វា​មាន​ការ​រិះគន់​ច្រើន​ទៅ​វិញ​ទេ ​ទាក់​ទង​នឹង​ការ​ចាប់​ខ្លួន ​និង​ការ​ឃុំ​ខ្លួន ​ព្រោះ​មាន​បទ​ល្មើស​ខ្លះ ​វា​មិន​គួរ​ណា​នឹង​ត្រូវ​បាន​ចោទ​ប្រកាន់​ និង​ធ្វើ​ការ​ឃុំ​ខ្លួន ក៏​ប៉ុន្តែ​បែរ​ជាត្រូវ​បាន​ចោទ​ប្រកាន់​និង​មាន​ការ​ឃុំ​ខ្លួន​វិញ។​ អាហ្នឹង​ដែល​មាន​ការ​រិះ​គន់​ខ្លាំង​ ហើយ​វា​ប៉ះ​ពាល់​ដល់​ប្រព័ន្ធ​យុត្ដិធម៌។ ​អ៊ីចឹង​បាន​បញ្ហា​នេះ​ ខ្ញុំ​សង្ឃឹម​ថា ក្រោយពី​ប្រសាសន៍ ​និង​អនុសាសន៍​របស់​សម្តេច ​គឺមន្ត្រី​នគរបាល​យុត្តិធម៌​ក្តី ឬ​ក៏​តុលាការ​ ត្រូវ​ពិនិត្យ​ និង​ពិចារណា​ឡើង​វិញ​នូវ​បញ្ហា​ទាំង​អស់​នេះ»។​

លោក​បន្ត​ថា​ មន្ត្រីនគរបាល​យុត្តិ​ធម៌​គ្រាន់​តែ​ជា​សេនាធិការ​របស់​តុលាការ​ ឬ​ព្រះរាជ​អាជ្ញា​តែ​ប៉ុណ្ណោះ​ ដូច្នេះ​តុលាការ​មាន​តួនាទី​សំខាន់​ក្នុង​ការ​ពិនិត្យ ​និង​ពិចារណា​លើ​សំណុំ​រឿងនីមួយៗ​ថា​ តើ​ចាំ​បាច់ទេ​ក្នុង​ការ​ឃុំ​ខ្លួន ​ឬ​គ្រាន់​តែ​ហៅ​ដើម្បី​សាក​សួរ​ ស្វែង​រក​ការ​ពិត​ មុន​ធ្វើ​ការ​ចោទ​ប្រកាន់ ​និង​ឃុំ​ខ្លួន ​ប្រសិន​ជាបទ​ល្មើស​នោះ មិន​មែន​ជា​បទ​ល្មើស​ជាក់​ស្តែង។​

លោក​ អំ សំអាត​ កត់​សម្គាល់​ថា​ អ្នក​ការ​ពារ​សិទ្ធិ​មនុស្ស ​សកម្ម​ជន​បរិស្ថាន ​សកម្មជន​សង្គម​ជា​ដើម​ តែង​តែ​ក្លាយ​ជា​អ្នក​រងគ្រោះ​ ត្រូវ​ជាប់​ពន្ធនាគារ នៅ​ពេល​ពួក​គេ​គ្រាន់​តែ​បំពេញ​ការ​ងារ​ជួយ​ដល់​សង្គម​ជាតិ ​និង​ការពារ​បរិស្ថាន។​

​លោក​បន្ថែម​ថា ក្រុម​អង្គការ​សង្គម​ស៊ីវិល​ក៏​ធ្លាប់ទទូច​ឱ្យមាន​កំណែ​ទម្រង់​ប្រព័ន្ធ​ច្បាប់ ​និង​ធានា​ប្រព័ន្ធ​តុលាការ​ឯករាជ្យ ​ដើម្បី​អាចទទួល​បាន​ការ​ទុក​ចិត្ត​ពី​ប្រជា​ព​រដ្ឋ៕

XS
SM
MD
LG