ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ ​ហ៊ុន សែន​ ​ព្រមាន​ប្រើ​កណ្ដាប់​ដៃ​ដែក​ដល់​មន្ត្រី​អសកម្ម​ ​ខណៈ​ ការ​បោះឆ្នោត​ខិត​ជិត​មក​ដល់


រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន និយាយទៅកាន់​សមាជិកក្រុមប្រឹក្សាឃំុសង្កាត់ ក្រោយពេលដែលលោកបានបោះឆ្នោតហើយសម្រាប់ការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា នៅខេត្តកណ្តាល កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨។

ខណៈ​​សេវា​សាធារណៈ​ ​ព្រមទាំង​ភាព​អសកម្ម​ផ្សេងៗ​របស់​មន្ត្រី​រាជការ​នៅ​តែ​ជា​បញ្ហា​ចោទ​ នៅ​ថ្ងៃសុក្រ​នេះ​ ​លោក​នាយក​រដ្ឋមន្ត្រី​បាន​ក្រើន​រំឭក​មន្ត្រី​ក្រោម​ឱវាទ​របស់​លោក​ជាថ្មី​ទៀត​ ​ដោយ​ព្រមាន​វះកាត់​​មន្ត្រី​អសកម្ម​ទាំង​នោះ​ចោល​តែ​ម្ដង។

លោក​នាយក​រដ្ឋមន្ត្រី​ ​ហ៊ុន សែន​ ​នៅ​ព្រឹក​ថ្ងៃសុក្រ​នេះ​ ​ក្រើន​រំឭក​មន្ត្រី​ក្រោម​ឱវាទជា​ថ្មី​ម្ដង​ទៀត​ ​ដោយ​ព្រមាន​ដកមន្ត្រី​អសកម្ម​ចេញ​ពី​ជួរ​រដ្ឋាភិបាល​ ​ដើម្បី​កុំ​ឲ្យ​អ្នក​ទាំង​នោះ​បង្ក​ជា​អ្វី​មួយ​ ដែល​លោក​ហៅ​ថា​ជា​ដំបៅ​មហារីក‍ ខណៈ​ការបោះឆ្នោត​ជាតិ​កាន់តែ​ខិត​ជិត​មកដល់។​

លោក​នាយក​រដ្ឋ​មន្ត្រី​ថ្លែង​បែប​នេះ​ នៅ​ក្នុង​កិច្ច​ប្រជុំ​ត្រួត​ពិនិត្យ​ប្រចាំ​ឆ្នាំ​២០១៧​ ​និង​ការ​វាយ​តម្លៃ​សមិទ្ធ​ផល​៥ឆ្នាំ​នៃ​ការ​អនុវត្ត​កម្មវិធី​កែ​ទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​ ​និង​ប្រកាស​ដាក់​ឲ្យ​អនុវត្ត​យុទ្ធ​សាស្ត្រ​នៃ​ការកែទម្រង់​ប្រព័ន្ធ​ថវិកា​ឆ្នាំ​២០១៨​ ​ដល់​ឆ្នាំ២០២៥។

លោក​ ហ៊ុន សែន លើក​ឡើង​ថា ការ​ចូលរួម​របស់​ប្រជាជន​ក្នុង​ការ​រក្សា​សន្តិភាព​ ​និង​ការ​អភិវឌ្ឍ​ ​គឺ​ជា​កម្លាំង​ដែល​ជា​ធ្វើឲ្យ​ការ​ប៉ុនប៉ង​រុញ​ច្រានកម្ពុជា​ឲ្យធ្លាក់​ចូល​ក្នុង​ភាព​ចលាចល​ ​និង​ភាព​វឹកវរ​ផ្នែក​នយោបាយ​ទាំងឡាយ​ ​ត្រូវ​ទទួល​បរាជ័យ។​

លោក​នាយក​រដ្ឋមន្ត្រី​ ​បន្ថែម​ថា​ ភាព​ជោគជ័យ​នៃ​សន្តិភាព​ ​និង​ស្ថិរភាព​នយោបាយ​នេះ​ ​ជា​លក្ខខណ្ឌ​ដ៏​ចម្បង​ ​និង​សំខាន់​បំផុត​នៃ​ស្ថិរភាព​ម៉ាក្រូ​សេដ្ឋកិច្ច​របស់​កម្ពុ​ជា​ ​និង​ជា​លក្ខខណ្ឌ​ចាំបាច់​ ​សម្រាប់​ជំរុញ​ឲ្យ​មាន​វឌ្ឍនភាព​ ​និង​ការ​អភិវឌ្ឍ​ក្នុង​សង្គម។

លោក​បន្ត​ថា​ សក្ដានុពល​សេដ្ឋកិច្ច​កម្ពុជា​ពេល​នេះ​ ​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ ​និង​ចាត់​ទុក​ថា​ជា «ខ្លា​សេដ្ឋកិច្ច» ថ្មី​មួយ​នៅ​តំបន់​អាស៊ី។​

លោក​នាយក​រដ្ឋមន្ត្រី​ដែល​កាន់អំណាច​ជិត​៤០​ឆ្នាំ​រូប​នេះ​ បន្ថែម​ថា​ ​បើ​ទោះ​បី​ជា​កម្ពុជា​សម្រេច​បាន​នូវ​ម៉ាក្រូ​សេដ្ឋកិច្ច និង​គ្រប់គ្រង​ថវិកា​ជាតិ​មាន​ប្រសិទ្ធភាព​ជាង​មុន​ក្ដី ក៏​លោក​ថា គណៈកម្មាធិការ​ដឹក​នាំ​ការងារ​កែ​ទម្រង់​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​ ​ត្រូវ​បន្ត​ជំរុញ​គណនេយ្យភាព​សម្រាប់​ការ​អនុវត្ត​យុទ្ធសាស្ត្រ​នៃ​ការ​កែទម្រង់ប្រព័ន្ធ​ថវិកា​ឆ្នាំ២០១៨-២០២៥​ ​និង​ត្រូវ​បន្ត​អនុវត្ត​គោល​ការណ៍ «ឆ្លុះ​កញ្ចក់ ងូតទឹក​ ដុសក្អែល ​ព្យាបាល​ ​និង​វះកាត់»។

លោក​មាន​ប្រសាសន៍​ថា៖

«ចាប់ពី​ចុង​ឆ្នាំ​២០១៧​មក​ ​យើង​បាន​ដាក់​ចេញ​នូវ​ចំណុច​សំខាន់​មួយ​ទៀត​គឺ​ការ​វះកាត់​តែ​ម្ដង គឺ​មិន​អាច​ត្រឹមតែ​ព្យាបាល​ហើយ​ទុក​បន្ត​ជា​ជំងឺ​រ៉ាំរ៉ៃ​តទៅ​ទៀត​ទេ។ នេះ​ជា​ចំណុច​សូម​រំឭក​ដាស់​តឿន​សារ​ជាថ្មី​ម្ដង​ទៀត នៅ​ក្នុង​ចំណោម​មន្ត្រី​របស់​យើង។ គឺ​ចាំបាច់​ណាស់​ការ​វះកាត់ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​គឺ​មិន​អាច​ទុក​ឲ្យ​ជំងឺ​រ៉ាំរ៉ៃ​នេះ​នៅ​បន្ត​រហូត​ទៅ​ជា​ជំងឺ​មហារីក​រហូត​ដល់​ទៅ​ងាប់​ខ្លួន​នោះ​ទេ»។

នេះ​មិនមែន​ជា​លើក​ទី​មួយ​ទេ​ដែល​លោក​នាយក​រដ្ឋមន្ត្រី​ព្រមាន​មន្ត្រី​ក្រោម​ឱវាទ​ ឲ្យ​អនុវត្ត​ការងារ​ឲ្យ​បាន​ត្រឹមត្រូវ​ ​និង​សកម្ម​ជាង​មុន​ ​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។

ទោះ​យ៉ាង​ណា​ ​អ្នកឃ្លាំមើល​ស្ថានការណ៍​សង្គម​យល់​ថា ការ​ប្រកាស​ព្រមាន ឬ​ក្រើន​រំឭក​របស់​លោក​នាយក​រដ្ឋមន្ត្រី​ដែល​កាន់​អំណាច​ជិត​៤០​ឆ្នាំ​រូប​នេះ​ ​ហាក់​ទទួល​បាន​ប្រសិទ្ធ​ភាព​តិចតួច​នៅ​ឡើយ។

​លោក​ ​សន ជ័យ​ ​នាយក​ប្រតិបត្តិ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា​ ​ប្រាប់​ ​VOA​ ​នា​រសៀល​ថ្ងៃ​សុក្រ​នេះ​ថា ការ​រំឭក​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ​ហ៊ុន សែន​ ​ដែល​លោក​តែង​ធ្វើ​ដដែលៗ​នេះ​ ​នឹង​មិន​អាច​ទទួល​បាន​ប្រសិទ្ធ​ភាព​នោះ​ទេ​ ​ប្រសិន​បើ​រដ្ឋាភិបាល​មិន​មាន​ឆន្ទៈ​ក្នុង​ការ​អនុវត្ត។

លោក​បន្ថែម​ថា​ ​វិធានការ​វះកាត់​ ​ឬ​ដក​ចោល​នូវ​មន្ត្រី​រដ្ឋាភិបាល​ដែល​អសកម្ម​ ​គួរតែ​អនុវត្ត​ពី​កម្រិត​ថ្នាក់​លើ​មក​មុន។​

លោក​បញ្ជាក់​ថា៖​

«ការ​អនុវត្ត​ពី​កម្រិត​ថ្នាក់​លើ​មក​មុន​ ​ខ្ញុំ​នៅ​តែ​យល់ថា​ទើប​មាន​ប្រយោជន៍ ពីព្រោះ​អី​ការ​អនុវត្ត​ច្បាប់​ហ្នឹង​គេ​មើល​ពី​ថ្នាក់​លើ​មុន​ ​ហើយ​ថ្នាក់​ក្រោម​គ្រាន់តែ​ជា​អ្នក​អនុវត្ត​បន្ត​ហើយ​ជា​អ្នក​ទទួល​ទេ។​ ​អញ្ចឹង​បើ​ថ្នាក់​លើ​អត់​មាន​គំរូ​ ​អត់​មាន​ឆន្ទៈ​ច្បាស់​លាស់​ទេ​ ​ថ្នាក់​ក្រោម​ក៏មិន​អាច​មាន​ឥទ្ធិពល​ ​ឬ​ក៏​មិន​អាច​មាន​ការ​អនុវត្ត​មួយ​ត្រឹមត្រូវ​ល្អ​ដែរ»។

ក្រៅ​តែ​ពី​ការ​ក្រើន​រំឭក​ ​និង​ព្រមាន​ជាច្រើន​ដង​ ​ឲ្យ​មន្ត្រី​ក្រោម​ឱវាទ​មាន​ភាព​សកម្ម​ក្នុង​ការងារ នា​ពេលថ្មីៗ​នេះ​ ​លោក​នាយក​រដ្ឋមន្ត្រី​ ​ហ៊ុន សែន​ ​ក៏​បាន​ចុះ​សួរសុខទុក្ខ​ ​និង​សំណេះ​សំណាល​កម្មករ​ក្នុង​វិស័យ​កាត់ដេរ គ្រូបង្រៀន មន្ត្រី​រាជការ ស្ទើរ​រៀងរាល់​សប្ដាហ៍​ ​ខណៈ​ដែល​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាង​រាស្ត្រ​អាណត្តិ​ទី៦ គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃទី២៩ ខែ​កក្កដា ឆ្នាំ២០១៨​ ​ខាងមុខ​នេះ។

លោក​ ​មាស នី​ ​អ្នក​សិក្សា​ពី​ការ​អភិវឌ្ឍ​សង្គម និង​ជា​អ្នកវិភាគ​នយោបាយ​ឯករាជ្យ​មាន​ប្រសាសន៍​ថា ការ​ប្រកាស​ធ្វើ​កំណែទម្រង់​មន្ត្រី​ក្រោម​ឱវាទ​ឲ្យ​ខំ​ប្រឹង​ធ្វើ​ការងារ​ឡើងវិញ​ឲ្យ​មាន​ប្រសិទ្ធភាព​ លុះ​ត្រា​តែ​រដ្ឋាភិបាល​កាត់​បន្ថយ​មន្ត្រី​មាន​អំណាច​ជាន់ខ្ពស់ ដែល​ធ្វើ​ការងារ​ជា​បក្សពួក និង​ផ្ដល់​ប្រាក់​បៀរវត្សសមរម្យ​ដល់​មន្ត្រី​រាជការ។​

ទោះ​យ៉ាង​ណា​ ​លោក​ ​មាស នី​ ​យល់​ថា ការ​ប្រកាស​កំណែ​ទម្រង់​មន្ត្រី​ក្រោម​ឱវាទ​ក្នុង​ការ​ពង្រឹង​ភាព​សកម្មក្នុង​ការ​ងារ​ ​គឺជាការ​ទាក់ទាញការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​ ​បន្ទាប់ពី​គណបក្ស​កាន់​អំណាច​ក្នុង​អាណត្តិ​ចុង​ក្រោយ​ ​បាន​បាត់បង់​សំឡេង​យ៉ាង​ច្រើន​នា​ពេល​កន្លងមក។

លោក​បន្ថែម​ថា​ ​ការ​ទាក់​ទាញ​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​វិញ​បាន​ ​លុះ​ត្រាតែ​រដ្ឋាភិបាល​ពង្រឹង​ឲ្យ​បាន​នូវ​វិស័យ​យុត្តិធម៌​ក្នុង​ប្រទេស​កម្ពុជា។​

លោក​បញ្ជាក់​ថា៖​

​«បើ​សិន​ជា​ខំ​តែ​កំណែ​ទម្រង់​ការ​យក​ចិត្ត​ពលរដ្ឋ​ទៅ​តាមរយៈ​ការ​ផ្ដល់​លុយ​ផ្ដល់​កាក់​ ​ឬ​ការ​បង្កើន​បៀវត្ស​នៅ​មុន​ពេល​បោះឆ្នោត​ ​ក៏​ប៉ុន្តែ​ប្រព័ន្ធ​យុត្តិធម៌​នៅ​តែ​មិន​អាច​បំពេញ​តួនាទី​ឯករាជ្យ​ ​និង​ផ្ដល់​យុត្តិធម៌ជូន​ពលរដ្ឋ​បាន​នោះ​ ​អា​ហ្នឹង​ទោះបីជា​ថែម​កម្លាំង​ប៉ុន្មាន​ទៀត​ក៏​មិន​អាច​ធ្វើ​ឲ្យ​ការ​បង្កើន​នូវ​ទំនុក​ចិត្ត​ពី​ពលរដ្ឋ​ ​នៅ​តែ​មាន​ការ​ពិបាក។​ ​បើ​កាលណា​អំពើ​អយុត្តិធម៌​វា​រីក​រាល​ដាល​ហើយ​នោះ​ ​គឺ​អ្វីៗ​ក៏​វា​ត្រូវ​តែ​មាន​ភាព​ច្របូក​ច្របល់​ដែរ​សម្រាប់​សង្គម​ហ្នឹង​ ​ហើយ​ការ​មិន​សប្បាយ​ចិត្ត​របស់​មនុស្ស​នឹង​នៅ​តែ​បន្ត​ទៅ​ទៀត»។​

សន្ទស្សន៍​នៃ​ការ​យល់​ឃើញ​ពី​អំពើ​ពុករលួយ​ឆ្នាំ​២០១៧​ ​ដែល​បាន​ចេញ​ផ្សាយ​ដោយ​អង្គការ​តម្លាភាព​អន្តរជាតិ​ ​ចេញ​កាល​ពី​ខែ​កុម្ភៈ​នេះ បង្ហាញ​ថា ​ប្រទេស​កម្ពុជា​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​ទី​១៦១​ ក្នុង​ចំណោម​ប្រទេស​១៨០​ ​ដែល​អង្គការ​នេះ​ ​បាន​សិក្សា​ស្រាវជ្រាវ​អំពី​ការ​យល់​ឃើញ​លើ​អំពើ​ពុករលួយ​ក្នុង​វិស័យ​សាធារណៈ។​ ​ក្នុង​នោះ​ ​កម្ពុជា​ឈរ​ក្នុង​លំដាប់​ថ្នាក់​ទាប​ជាង​គេ​បំផុត​ក្នុង​ចំណោម​ប្រទេស​ជា​សមាជិក​អាស៊ាន​ទាំង​១០។​

ចំណែក​ការ​ស្ទង់មតិ​មួយ​ស្ដី​អំពី​អំពើ​ពុករលួយ​ក្នុង​ប្រព័ន្ធ​តុលាការ​ ​នៅ​ទូទាំង​សកលលោក​របស់​កម្មវិធី​អភិវឌ្ឍន៍​អង្គការ​សហប្រជាជាតិ​ ​(UNDP)​ ​ដែល​បាន​ចេញ​ផ្សាយ​កាលពី​ខែ​មេសា​ ​ឆ្នាំ​២០១៦​ បញ្ជាក់​ថា​ ​ប្រព័ន្ធ​តុលាការ​នៅ​កម្ពុជា​ ​ជា​ប្រព័ន្ធ​ដែល​មាន​ភាព​ពុក​រលួយ​បំផុត​ក្នុង​ចំណោម​ស្ថាប័ន​រដ្ឋ៕

XS
SM
MD
LG