លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានវាយប្រហារទៅលើប្រទេសមហាអំណាចមួយចំនួនថា បានប្រើប្រាស់របៀបវារៈសិទ្ធិមនុស្សនៅកម្ពុជាដើម្បីប៉ុនប៉ងផ្តួលរំលំរបបគ្រប់គ្រងរបស់លោក។
ថ្លែងទៅកាន់កិច្ចប្រជុំលើកទី៤១ របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ក្នុងទីក្រុងហ្ស៊ឺណែវ ប្រទេសស្វីស នៅថ្ងៃព្រហស្បតិ៍នេះ លោកហ៊ុន សែន បានលើកឡើងថា មានការរីកចម្រើនផ្នែកសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជារាប់ចាប់តាំងពីរបបខ្មែរក្រហមបានដួលរលំនៅឆ្នាំ ១៩៧៩មក ក៏ប៉ុន្តែប្រទេសរបស់លោកមិនទទួលបានការកោតសរសើរ ឬការអបអរសាទរទេ។
ផ្ទុយទៅវិញសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា«ត្រូវបានលាបពណ៌»ដើម្បីអ្វីមួយដែលលោកហ៊ុន សែន ចាត់ទុកថាគឺជា «ឧបករណ៍នយោបាយសម្រាប់ប្រទេសមហាអំណាចមួយចំនួន»ដើម្បីផ្លាស់ប្តូររដ្ឋាភិបាលរបស់លោក។
ទោះជាយ៉ាងណា លោកនាយករដ្ឋមន្ត្រីមិនបានបញ្ចេញឈ្មោះចំៗទៅលើប្រទេសមហាអំណាចដែលលោកបានលើកនោះទេ។ ក៏ប៉ុន្តែលោកបង្ហើបអំពីសម្ពាធរបស់ប្រទេសទាំងនោះដែលបានដាក់លក្ខខណ្ឌជំនួយ និងការដកហូតការអនុគ្រោះពន្ធពាណិជ្ជកម្មមកលើប្រទេសកម្ពុជា ជាថ្នូរទៅនឹងការគោរពសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យ។
«វាជារឿងចម្លែកណាស់ ដែលកម្ពុជាត្រូវបានស្នើឲ្យពង្រីកលទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្សនិងនីតិរដ្ឋ ប៉ុន្តែនៅពេលដែលអាជ្ញាធរអនុវត្តច្បាប់ ពួកគេចោទប្រកាន់យើងពីការរឹតត្បិតសេរីភាពក្នុងការបញ្ចេញមតិ។ ហើយអាក្រក់ជាងនេះទៅទៀត ប្រទេសនិងស្ថាប័នមួយចំនួន បានយកសិទ្ធិមនុស្សធ្វើជាចំណាប់ខ្មាំង ទាក់ទងនឹងការផ្តល់ជំនួយ ឬការអនុគ្រោះផ្នែកសេដ្ឋកិច្ចដល់កម្ពុជា»។
ក្រោយពីតុលាការកំពូលកម្ពុជាសម្រេចរំលាយគណបក្សសង្គ្រោះជាតិដែលជាគណបក្សប្រឆាំងដ៏មានសក្តានុពលនៅក្នុងប្រទេសកម្ពុជាកាលពីឆ្នាំ២០១៧ សហភាពអឺរ៉ុបនិងសហរដ្ឋអាមេរិកបានចេញសេចក្តីព្រមានជាបន្តបន្ទាប់ឲ្យប្រទេសកម្ពុជាស្តារលទ្ធិប្រជាធិបតេយ្យនិងការគោរពសិទ្ធិមនុស្សឡើងវិញ ដោយគំរាមដកហូតការអនុគ្រោះពន្ធនាំទំនិញពីប្រទេសកម្ពុជាចូលទៅកាន់សហភាពអឺរ៉ុបនិងទៅកាន់សហរដ្ឋអាមេរិក។ សហភាពអឺរ៉ុបនិងសហរដ្ឋអាមេរិកគឺជាទីផ្សារនាំចេញដ៏ធំបំផុតរបស់ប្រទេសកម្ពុជា។
ទោះជាយ៉ាងណា មុនចេញដំណើរទៅកាន់អង្គការសហប្រជាជាតិនៅទីក្រុងហ្ស៊ឺណែវ ប្រមុខ រដ្ឋាភិបាលកម្ពុជាបានប្រកាសថា លោកមិនឱនក្បាលចំពោះការទូន្មានពីបរទេសជាពិសេសប្រទេសដែលការអនុវត្តសិទ្ធិមនុស្សកំពុងធ្លាក់ចុះ ដូចជាអឺរ៉ុប។
លោក អំ សំអាត នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលនិងការពារសិទ្ធិមនុស្សនៃអង្គការលីកាដូ(Licadho) មិនយល់ស្របចំពោះការលើកឡើងរបស់លោក ហ៊ុន សែន ទាក់ទិននឹងការវិវឌ្ឍជាវិជ្ជមាននៃការអនុវត្តសិទ្ធិមនុស្សនៅកម្ពុជាឡើយ ខណៈដែលសារព័ត៌មានឯករាជ្យនៅក្នុងកម្ពុជាមិនទាន់ទទួលបានសេរីភាពពេញលេញ ហើយអតីតអ្នកនយោបាយរបស់គណបក្សជំទាស់និងអង្គការសង្គមស៊ីវិលតែងតែត្រូវបានធ្វើទុក្ខបុកម្នេញនៅឡើយ។
«សិទ្ធិទាំងអស់ហ្នឹង គឺវានៅមានកម្រិត ហើយមានការរឹតត្បិតហើយជាពិសេសយើងឃើញថាសិទ្ធិសេរីភាពក្នុងការចូលរួមជីវភាពនយោបាយទៅលើអតីតគណបក្សប្រឆាំងក៏មានការធ្វើទុក្ខបុកម្នេញ អាទាំងអស់ហ្នឹង ហើយដែលយើងគិតថា សិទ្ធិសេរីភាពជាមូលដ្ឋានគឺនៅមានការរឹតត្បិត»។
អង្គការFreedom Houseកាលពីចុងខែមិថុនាកន្លងទៅ ក៏បានដាក់ពិន្ទុផ្នែកសិទ្ធិសេរីភាពជាមូលដ្ឋាននៅកម្ពុជានៅបាតតារាងសម្រាប់ឆ្នាំ២០១៩នេះផងដែរ៕