លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានស្នើឱ្យសមាជិកអង្គការពាណិជ្ជកម្មពិភពលោកនិងដៃគូអភិវឌ្ឍន៍ បន្តផ្តល់ការឧបត្ថម្ភគាំទ្រ ហើយកុំព្យួរឬដកការអនុគ្រោះនានា ក្នុងពេលដែលកម្ពុជាខិតខំអភិវឌ្ឍន៍សេដ្ឋកិច្ច។ ការអំពាវនាវនេះធ្វើឡើង ស្របពេលដែលកម្ពុជាកំពុងតែប្រឈមមុខនឹងការកាត់ផ្តាច់ឋានៈអនុគ្រោះពន្ធពីសហភាពអឺរ៉ុបផងដែរ។
ថ្លែងក្នុងកិច្ចប្រជុំត្រួតពិនិត្យឡើងវិញជាសាកលនូវជំនួយសម្រាប់ពាណិជ្ជកម្មលើកទី៧របស់អង្គការពាណិជ្ជកម្មពិភពលោក កាលពីថ្ងៃពុធ លោកហ៊ុន សែន បានបញ្ជាក់ពីសារៈសំខាន់នៃការបន្តផ្តល់ការឧបត្ថម្ភគាំទ្រថា វានឹងជួយប្រទេសកម្ពុជាក៏ដូចជាប្រទេសដទៃទៀត ដែលមានការអភិវឌ្ឍតិចតួចឱ្យ«ចាកចេញពីភាពក្រីក្របានឆាប់រហ័ស»។
លោកហ៊ុន សែន បានបន្ថែមទៀតថា ក្នុងនោះក៏មិនត្រូវព្យួរភាពអនុគ្រោះផងដែរ៖
«សូមធ្វើការពិចារណាឱ្យបានដិតដល់មុននឹងដាក់វិធានការព្យួរ ឬដកចេញនូវភាពអនុគ្រោះពីប្រទេសអភិវឌ្ឍន៍តិចតួច ព្រោះការព្យួរឬការដកនេះនឹងធ្វើឱ្យប្រទេសទាំងនោះមិនអាចជួយពិភពលោកសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងមិនអាចជួយពួកគេចេញផុតពីឋានៈប្រទេសមានការអភិវឌ្ឍន៍តិចតួចបានឡើយ ដែលចលនានេះគឺផ្ទុយទាំងស្រុងទៅនឹងគោលការណ៍អង្គការសហប្រជាជាតិនិងអង្គការពាណិជ្ជកម្មពិភពលោក»។
ប្រទេសកម្ពុជាបានក្លាយជាសមាជិកពេញសិទ្ធិរបស់អង្គការពាណិជ្ជកម្មពិភពលោក ក្នុងឆ្នាំ២០០៤ក្នុងនាមជាប្រទេសដែលមានការអភិវឌ្ឍតិចតួច ហើយបច្ចុប្បន្នមានមហិច្ឆតាប្រែក្លាយទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
ប៉ុន្តែកម្ពុជាកំពុងតែប្រឈមនឹងការព្យួរឋានៈពន្ធអនុគ្រោះពីសហភាពអឺរ៉ុប ដោយសារតែបានរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ និងបំផ្លាញលទ្ធិប្រជាធិបតេយ្យដោយសារតែការធ្វើទុក្ខទោសអ្នកសារព័ត៌មានឯករាជ្យ សកម្មជនសិទ្ធិមនុស្ស និងអ្នកនយោបាយបក្សប្រឆាំង។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានប្រើប្រាស់វេទិការបស់អង្គការពាណិជ្ជកម្មពិភពលោកដែលប្រព្រឹត្តទៅពីថ្ងៃទី៣ដល់៥ខែកក្កដា នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ដើម្បីលើកឡើងពីជោគជ័យនានាក្រោមការដឹកនាំជាង៣០ឆ្នាំរបស់លោក ដែលមានការកែទម្រង់បទប្បញត្តិនិងវិធានការនានាទៅតាមបទប្បញ្ញត្តិរបស់អង្គការពាណិជ្ជកម្មពិភពលោក និងតួនាទីរបស់កម្ពុជានៅស្ថាប័នអន្តរជាតិមួយចំនួនទៀត ដែលជួយដល់ប្រទេសក្រីក្រដទៃទៀតនៅតំបន់អាហ្វ្រិក។ លោកហ៊ុន សែន ក៏បានលើកឡើងពីស្ថានភាពល្អនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាផងដែរ បើទោះបីជារងការរិះគន់ជាសាកលក៏ដោយ។
លោកហ៊ុន សែន បានបន្ថែមថា៖
«ជាមួយនឹងការខិតខំបំពេញភារកិច្ចជាសមាជិករបស់អង្គការពាណិជ្ជកម្មពិភពលោក រាជរដ្ឋាភិបាលកម្ពុជាក៏បានអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍សេរីពហុបក្ស ខិតខំរក្សាសន្តិភាពសន្តិសុខ ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សង្គម និងគ្រប់គ្រងសេដ្ឋកិច្ចម៉ាក្រូហិរញ្ញវត្ថុ ប្រកបដោយភាពប្រុងប្រយ័ត្ន»។
ក្នុងពេលដែលលោកនាយករដ្ឋមន្ត្រីហ៊ុន សែន កំពុងតែបំពេញបេសកកម្មនៅប្រទេសស្វីស ក្រុមអ្នកគាំទ្រគណបក្សសង្គ្រោះជាតិនៅសហគមន៍អឺរ៉ុបគ្រោងនឹងរៀបចំបាតុកម្មមួយដើម្បីទាមទារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដែលធ្វើឡើងនៅថ្ងៃសុក្រខាងមុខនេះ។
កញ្ញា លឹម កណ្ណិការ ប្រធានចលនាយុវជនគាំទ្រគណបក្សសង្គ្រោះជាតិនៅទីក្រុងប៉ារីស ប្រទេសបារាំង និងជាអ្នករៀបចំបាតុកម្មម្នាក់ បានបញ្ជាក់ថា៖
«យើងកំពុងតែរៀបចំសកម្មភាពច្រើនទៀតមិនមែនមានតែបាតុកម្មទេ ដើម្បីបង្ហាញថា លោកហ៊ុន សែន កំពុងរៀបចំមិនមែនត្រូវទេ គឺខុសដោយហេតុនេះយើងខិតខំ សកម្មភាពច្រើន ដើម្បីបង្ហាញសហភាពអឺរ៉ុបកុំទទួលស្គាល់របស់ដែលលោកហ៊ុន សែន ចង់បាន»។
កញ្ញាបន្ថែមថា វាជាការធម្មតាទេដែលលោកហ៊ុន សែន ត្រូវតែការពារសមិទ្ធិផលរបស់លោក ប៉ុន្តែសហគមន៍អន្តរជាតិត្រូវដឹងពីអ្វីដែលជាការពិត៖
«លោកហ៊ុន សែន គាត់បានរៀបចំកម្មវិធីរបស់គាត់ ពីព្រោះគាត់ជាអ្នកដឹកនាំប្រទេសកម្ពុជានិងគាត់ជាអ្នកដឹកនាំសេដ្ឋកិច្ច ដូច្នេះគាត់ត្រូវការពារផលប្រយោជន៍របស់គាត់។ អ្នកធ្វើការនៅ WTO គេមានបេសកកម្មរបស់គាត់ ក៏ប៉ុន្តែប្រសិនបើជាយើងអត់តវ៉ា អត់ទាមទារ អត់បង្ហាញមុខបង្ហាញមាត់ថាធ្វើបាតុកម្ម មានន័យថា មានលទ្ធិប្រជាធិបតេយ្យនៅប្រទេសកម្ពុជា ក៏ប៉ុន្តែយើងបានដឹងគ្រប់គ្នាថាអត់មានលទ្ធិប្រជាធិបតេយ្យទេនៅប្រទេសកម្ពុជា អត់មានសេរីភាពទេ អត់មានការគោរពសិទ្ធិមនុស្សទេ ដូច្នេះយើងធ្វើបាតុកម្មហ្នឹងត្រឹមត្រូវ ព្រោះប្រសិនបើយើងធ្វើហ្នឹងយើងបានបង្ហាញឱ្យគេអ្នកធ្វើការនៅក្នុង WTO ហ្នឹងដឹងពីសំឡេងពលរដ្ឋកម្ពុជានៅទូទាំងអឺរ៉ុប»។
ប្រទេសកម្ពុជានាំចេញក្នុងទំហំ១៣ពាន់លានដុល្លារក្នុងឆ្នាំ២០១៨ ទៅទីផ្សារសំខាន់ៗដែលមានសហភាពអឺរ៉ុប សហរដ្ឋអាមេរិក កាណាដានិងជប៉ុនជាដើម៕