លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃសៅរ៍ បានចាប់ផ្តើមស្នើជាថ្មីឲ្យរដ្ឋបាលប្រធានាធិបតីអាមេរិក Joe Biden ពិចារណាលុបចោលបំណុលដែលកម្ពុជាជំពាក់ ខណៈបំណុលនេះបានកើនឡើងដល់ជាង ៥០០ លានដុល្លារអាមេរិក បើគិតទាំងការប្រាក់។
នេះជាការស្នើជាថ្មី បន្ទាប់ពីលោក ហ៊ុន សែន ធ្លាប់បានស្នើទៅកាន់អតីតប្រធានាធិបតីអាមេរិក លោក Barack Obama ដោយផ្ទាល់នៅលើទឹកដីកម្ពុជា ក្នុងជំនួបមួយនៅរាជធានីភ្នំពេញ កាលពីឆ្នាំ២០១២។
នៅក្នុងការថ្លែងសារអន្តរាគមន៍លើជំងឺកូវីដ ១៩ កាលពីថ្ងៃសៅរ៍ ដែលផ្សាយផ្ទាល់តាមបណ្តាញសង្គមហ្វេសប៊ុក លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលត្រូវបានមើលឃើញថាស្និទ្ធិទៅរកប្រទេសចិន បានលើកឡើងពីស្នាដៃរបស់លោកក្នុងការនាំមកសន្តិភាពនិងការអភិវឌ្ឍដល់ប្រទេស ដោយបញ្ចប់សង្រ្គាមស៊ីវិលក្នុងប្រទេសកម្ពុជា។
លោកក៏បានឆ្លៀតយកចំណុចបំណុលដែលកម្ពុជាជំពាក់អាមេរិកមកថ្លែង ដោយថា អាមេរិកមិនត្រូវបង្ខំកម្ពុជាឲ្យសងបំណុលនោះទេ ក្រោមហេតុផលថា បំណុលនោះជាបំណុលកខ្វក់ ដោយសារខ្ចីអាមេរិកមកធ្វើសង្រ្គាម ហើយកម្ពុជាចោទអាមេរិកបានទម្លាក់គ្រាប់បែកលើទឹកដីកម្ពុជាផងដែរ។
លោក ហ៊ុន សែន ថ្លែងថា៖ «សង្ឃឹមថា រដ្ឋបាលរបស់ឯកឧត្តមប្រធានាធិបតី ចូ បៃដិន មេត្តាពិចារណាអំពីបញ្ហា ហ្នឹង។ ប្រៀបដូចជាយកអាដែងណាអាញួរ (ញញួរ) យកពូថៅមកវាយក្បាលយើងខ្ញុំហើយ តម្រូវឲ្យយើងខ្ញុំ តម្រូវដាច់ខាតត្រូវតែជូតឈាមចេញពីពូថៅហ្នឹងទៅទៀត»។
លោក ហ៊ុន សែន បានឲ្យដឹងថា លោក អូបាម៉ា ធ្លាប់លើកឡើងប្រាប់លោកថា រូបលោកជាប្រធានាធិបតីមានការលំបាកក្នុងការពន្យល់ទៅរដ្ឋសភានិងព្រឹទ្ធសភារបស់លោក ក្នុងការលុបចោលបំណុលនេះ។ ប៉ុន្តែលោក ហ៊ុន សែន មិនបានបញ្ជាក់អំពីមូលហេតុនៃការលំបាកនេះទេ។
ទោះជាយ៉ាងណា លោក ហ៊ុន សែន បានឆ្លើយតបវិញថា រូបលោកផ្ទាល់កាន់តែមានការលំបាកក្នុងការពន្យល់ទៅសភានិងប្រជាជនកម្ពុជាអំពីបំណុលនេះ។
សហរដ្ឋអាមេរិកបានផ្តល់ប្រាក់កម្ចីជាង ២៧០ លានដុល្លារ ដល់រដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយលោកសេនាប្រមុខ លន់ នល់ នៅដើមទសវត្សរ៍ ១៩៧០ ដើម្បីទិញស្បៀងនិងកសិផលផ្សេងៗ របស់សហរដ្ឋអាមេរិក។ កម្ចីនេះត្រូវបានធ្វើឡើងក្រោមកម្មវិធីមួយឈ្មោះថា Food for Peace ឬ «ស្បៀងសម្រាប់សន្តិភាព»។ នេះបើយោងតាមកាសែត The New York Times។
លោក Chad Roedemeier អ្នកនំាពាក្យស្ថានទូតអាមេរិកប្រចាំកម្ពុជាមានប្រសាសន៍ថា៖ «យើងនៅតែរក្សាទ្វារចំហជានិច្ច សម្រាប់ពិភាក្សាលើបញ្ហាបំណុលជាមួយរដ្ឋាភិបាលកម្ពុជា»។
លោកមិនបានបញ្ជាក់អំពីមូលហេតុនៃភាពមិនត្រូវរ៉ូវគ្នាលើការដោះស្រាយបញ្ហាបំណុលនេះទេ។
អ្នកនាំពាក្យរូបនោះឲ្យដឹងទៀតថា សហរដ្ឋអាមេរិកបានផ្តល់ជំនួយដ៏ច្រើនសម្បើមដើម្បីគាំទ្រការអភិវឌ្ឍសេដ្ឋកិច្ចនិងប្រជាធិបតេយ្យនៅកម្ពុជា ក្នុងរយៈពេល ៣០ ឆ្នាំចុងក្រោយនេះ ដែលមានតម្លៃទឹកប្រាក់ជាង ៣ ពាន់លានដុល្លារ នៅក្នុងផលប្រយោជន៍ជាជំនួយបរទេសនិងផលប្រយោជន៍ពាណិជ្ជកម្ម។
លោកបន្តថា អាមេរិកបន្តប្តេជ្ញាគាំទ្រការចង់បានរបស់ប្រជាជនកម្ពុជាសម្រាប់ប្រទេសមួយ ដែលមានសន្តិភាព វិបុលភាព និងប្រជាធិបតេយ្យបន្ថែមទៀត។
លោកបន្ថែមថា បំណុលដែលកម្ពុជាជំពាក់បរទេស និងដៃគូផ្សេងទៀត មានជាង ៧ ពាន់លានដុល្លារអាមេរិក ហើយក្នុងនោះមានតែចំណែកតូចប៉ុណ្ណោះ ដែលជំពាក់សហរដ្ឋអាមេរិក។
បើយោងតាមឯកសារសង្ខេបជាស្ថិតិរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចេញផ្សាយកាលពីខែមករា បំណុលសាធារណៈក្រៅប្រទេសដែលរដ្ឋាភិបាលកម្ពុជាជំពាក់ដៃគូបរទេស បានកើនឡើងដល់ប្រមាណ ៨.៨៦០ លានដុល្លារអាមេរិក មកទល់នឹងដំណាច់ខែធ្នូ ឆ្នាំ ២០២០។
ក្នុងចំណោមបណ្ដាប្រទេសដែលកម្ពុជាជំពាក់ចិនជាម្ចាស់កម្ចីធំជាងគេ ដែលកាន់កាប់អត្រា ៤៥% ស្មើនឹងជិត ៤ ពាន់លានដុល្លារ ខណៈ ៣១% ទៀតជំពាក់ស្ថាប័នហិរញ្ញវត្ថុពហុភាគីនានា ដូចជាធនាគារពិភពលោក ធនាគារអភិវឌ្ឍន៍អាស៊ី និងមូលនិធិរូបិយវត្ថុអន្តរជាតិជាដើម។
លោក ឯម សុវណ្ណារ៉ា សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ មានប្រសាសន៍ថា កម្ពុជាហាក់បង្ហាញជំហរទៅកាន់ភាគីចិន ដែលធ្វើឲ្យសហរដ្ឋអាមេរិកយល់ថា កម្ពុជាមិនមានជំហរអព្យាក្រឹត្យដូចដែលបានចែងក្នុងរដ្ឋធម្មនុញ្ញ។
លោកមានប្រសាសន៍ថា៖ «មានតែគោលនយោបាយ ប៉ុន្តែឥរិយាបថរបស់យើង វាល្អៀងទៅខាងចិនច្រើនជាងហើយយើងតែងតែរិះគន់វាយប្រហារទៅលើសហរដ្ឋអាមេរិកច្រើន»។
ទោះជាយ៉ាងណា លោកគាំទ្រការផ្លាស់ប្តូរជំនួយនេះមកជាជំនួយអភិវឌ្ឍន៍វិញ បន្ទាប់ពីកាត់ចេញខ្លះ និងតម្រូវឲ្យកម្ពុជាសងអាមេរិកក្នុងចំនួនណាមួយ។
ប៉ុន្តែទំនាក់ទំនងរវាងកម្ពុជានិងអាមេរិក ដែលមិនមានភាពល្អប្រសើរ នៅតែជាបញ្ហានាពេលនេះ។
កាលពីដើមខែមេសា ក្រសួងការបរទេសកម្ពុជាបានអះអាងថា សហរដ្ឋអាមេរិកប្រើតួនាទី «គ្របដណ្តប់លើគេ» ក្រោយក្រសួងការបរទេសអាមេរិកបានចេញផ្សាយរបាយការណ៍ស្តីពីស្ថានភាពសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជាឆ្នាំ ២០២០។ របាយការណ៍ប្រចាំឆ្នាំរបស់ក្រសួងការបរទេសអាមេរិក ត្រូវបានចេញផ្សាយកាលពីចុងខែមីនា ដោយបានបង្ហាញក្តីបារម្ភអំពីការធ្លាក់ចុះស្ថានភាពសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា ក្នុងនោះមានការចាប់ខ្លួនសកម្មជននយោបាយ និងសិទ្ធិមនុស្សជាដើម។
ជាការឆ្លើយតប ក្រសួងការបរទេសកម្ពុជាបានលើកឡើងថា «ដោយគ្មានអាណត្តិជាក់ស្តែងណាមួយដែលផ្តល់ដោយអង្គការសហប្រជាជាតិ សហរដ្ឋអាមេរិកតែងតែប្រកាន់យកតួនាទីគ្របដណ្តប់លើគេ នៅក្នុងការរិះគន់ជាឯកតោភាគីនិងតាមអំពើចិត្តអំពីស្ថានភាពសិទ្ធិមនុស្សរបស់ប្រទេសដទៃទៀត»។
កម្ពុជាលើកឡើងបន្ថែមថា៖ «ស្ថាប័នណាក៏ដោយនៅសហរដ្ឋអាមេរិក ដែលមានបំណងវាយតម្លៃប្រទេសកម្ពុជា មិនគួរបិទភ្នែកចំពោះបំណុលសីលធម៌ដ៏ច្រើនសន្ធឹកសន្ធាប់ ដែលអតីតរដ្ឋការបានជំពាក់ព្រះរាជាណាចក្រនិងប្រជាពលរដ្ឋស្លូតត្រង់កម្ពុជា ដែលបានទទួលរងការទម្លាក់គ្រាប់បែកពីលើអាកាសដោយមិនរើសមុខនៅក្នុងអំឡុងទសវត្សរ៍ឆ្នាំ ១៩៧០ នោះទេ»៕