ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ ហ៊ុន សែន​ នឹង​ចេញ​ឃោសនា​រក​សំឡេង​ឆ្នោត​ដោយ​ផ្ទាល់​ក្នុង​ថ្ងៃ​ចុង​ក្រោយ​នៃ​យុទ្ធនាការ​បោះ​ឆ្នោត


រូបឯកសារ៖ មេដឹកនាំគណបក្សប្រជាជនលោកនាយករដ្ឋមន្រ្តីហ៊ុន សែន ក្នុងការដង្ហែក្បួនឃោសនាបោះឆ្នោតធំថ្ងៃចុងក្រោយកាលពីព្រឹកថ្ងៃទី០២ ខែមិថុនា ២០១៧ក្នុងរាជធានីភ្នំពេញ។ (ខាន់ សុគុំមនោ/VOA)
រូបឯកសារ៖ មេដឹកនាំគណបក្សប្រជាជនលោកនាយករដ្ឋមន្រ្តីហ៊ុន សែន ក្នុងការដង្ហែក្បួនឃោសនាបោះឆ្នោតធំថ្ងៃចុងក្រោយកាលពីព្រឹកថ្ងៃទី០២ ខែមិថុនា ២០១៧ក្នុងរាជធានីភ្នំពេញ។ (ខាន់ សុគុំមនោ/VOA)

ការ​ចេញ​មុខ​ហែ​ក្បួន​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​ដោយ​ផ្ទាល់​នេះ ត្រូវ​បាន​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បញ្ជាក់​ថា ជា​ការ​បង្ហាញ​ឲ្យ​ប្រជាពលរដ្ឋ​បាន​ឃើញ​ថា ដំណើរការ​នៃ​ការ​បោះឆ្នោត​នឹង​នៅ​តែ​ប្រព្រឹត្ត​ទៅ​ជា​ធម្មតា បើ​ទោះ​បី​ជា​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​រំលាយ​ហើយ​ក្តី។

លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន សែន​ ប្រធាន​គណ​បក្ស​ប្រជាជន​កម្ពុជា​ដែល​ជា​គណបក្ស​ដឹក​នាំ​ប្រទេស​ជាង​៤០ឆ្នាំ​ នឹង​ចេញ​ដឹក​នាំ​ក្បួន​ដង្ហែ​ឃោសនា​រក​សំឡេង​ឆ្នោត​ថ្ងៃ​ចុង​ក្រោយ​ មុន​នឹង​ឈាន​ដល់​ការ​បោះឆ្នោត​ ដោយ​គ្មាន​គណបក្ស​សង្គ្រោះ​ជាតិ​ចូលរួម។

បើ​តាម​លិខិត​មួយ​ច្បាប់​របស់​លោក​ សាយ ឈុំ​ អនុ​ប្រធាន​គណបក្ស​កាន់​អំណាច​ជូន​ទៅ​ប្រធាន​គណៈ​កម្មាធិការ​គណ​បក្ស​រាជធានី​-ខេត្ត ចេញ​នៅ​ថ្ងៃ​ទី១២ ខែ​កក្កដា ឆ្នាំ២០១៨​ ​នេះ​បញ្ជាក់​ថា លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន សែន ​នឹង​ចេញ​ដឹក​នាំ​ការ​ហែ​ក្បួន​ឃោសនា​បោះ​ឆ្នោត​ទ្រង់ទ្រាយ​ធំ​ក្នុង​រាជធានី​ភ្នំពេញ​ នៅ​ថ្ងៃ​ទី២៧ ខែ​កក្កដា​ ​ដែល​ជា​ថ្ងៃ​ឃោសនា​ចុង​ក្រោយ។

ក្នុង​លិខិត​អនុ​ប្រធាន​គណបក្ស​កាន់​អំណាច​ និង​ជា​ប្រធាន​ព្រឹទ្ធសភា​ដដែល​នោះ​បញ្ជាក់​ក្នុង​ន័យ​ដើម​ថា៖​

«ចាប់​ផ្តើម​ជួប​ជុំ​ធំ​នៅ​មជ្ឈ​មណ្ឌល​សន្និបាត​និង​ពិព័រណ៍​កោះ​ពេជ្រ វេលា​ម៉ោង​៧:០០​នាទី​ព្រឹក ដើម្បី​ស្តាប់​ការ​ថ្លែង​សារ​នយោបាយ​របស់​សម្តេច​ប្រធាន​គណបក្ស មុន​នឹង​ចេញ​ហែ​ក្បួន។​ នៅ​ថ្ងៃ​នោះ គណបក្ស​នឹង​ជួល​ប្រព័ន្ធ​វិទ្យុ និង​ទូរទស្សន៍​ឯកជន​នានា ដើម្បី​ធ្វើ​ការផ្សព្វ​ផ្សាយ​បន្ត​ផ្ទាល់​ចាប់​ពី​ម៉ោង​៧:០០​ព្រឹក​ទៅ»។

លោក​ សុខ ឥសាន អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ប្រាប់​ VOA ​នារសៀល​ថ្ងៃ​សុក្រ​នេះ​ថា ការ​ចេញដឹក​នាំក្បួន​ឃោសនា​រក​សំឡេង​គាំទ្រ​ដោយ​ផ្ទាល់​របស់​លោក​នាយក​រដ្ឋ​មន្រ្តី​ គឺ​ដើម្បី​ជា​ការ​លើក​ទឹក​ចិត្ត​ដល់​ប្រជា​ពលរដ្ឋ​ឲ្យ​ទៅ​ចូល​រួម​បោះ​ឆ្នោត បើ​ទោះ​ជា​អវត្តមាន​គណបក្ស​ប្រឆាំង​ក្តី។

លោក​បញ្ជាក់​ថា៖​

«ស​បញ្ជា​ក់​ឲ្យ​ឃើញ​ថា​ ទោះ​បី​អវត្ត​មាន​អតីត​បក្ស​ប្រឆាំង ​ឬ​មួយ​ក៏​អវត្តមាន​របស់​អតីត​មេ​ដឹក​នាំអតីត​បក្ស​ប្រឆាំង​យ៉ាង​ណា​ក៏​ដោយ ក៏​សកម្មភាព​របស់​គណបក្ស​ប្រជាជន ក៏​ដូចជា​គណបក្ស​ដទៃ​ទាំង​២០ ដែល​ប្រកួត​ប្រជែង​លើ​ទីលាន​ប្រជាធិបតេយ្យ នៅ​តែ​សស្រាក់​សស្រាំ​ គគ្រឹកគ្រេង ទៅ​តាម​លក្ខណៈ​ជាក់​ស្តែង និង​លទ្ធភាព​ជាក់​ស្តែង​របស់​ខ្លួន​នៃ​គណបក្ស​នីមួយៗ​ដែរ ​មិន​មែន​ស្លាប់​ដោយ​សារ​តែ​អវត្តមាន​នៃ​អតីត​បក្ស​ប្រឆាំង​នោះ​ទេ»។

អ្នក​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច​រូប​នេះ​បន្ថែម​ថា យុទ្ធនាការ​ដង្ហែ​ក្បួន​ឃោសនា​រក​សំឡេង​ឆ្នោត​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា នៅ​ថ្ងៃ​ទី២៧ ខែ​កក្កដា ដែល​ជា​ថ្ងៃ​យុទ្ធនាការ​ចុង​ក្រោយ​នេះ នឹង​មាន​អ្នក​ចូល​រួម​ចន្លោះ​ពី៦​ម៉ឺន ទៅ​១០​ម៉ឺន​នាក់។

នេះ​ជា​លើក​ទី២​ហើយ​សម្រាប់​លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន សែន​ ដែល​កាន់​អំណាច​ជាង​៣០ឆ្នាំ ​ក្នុង​ការ​ចេញ​មុខ​ដឹក​នាំ​ក្បួន​ដង្ហែ​ឃោសនា​រក​សំឡេង​គាំទ្រ​ដោយ​ផ្ទាល់។

កាល​ពី​យុទ្ធនាការ​ឃោសនា​រក​សំឡេង​ឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​នា​ឆ្នាំ​២០១៧​កន្លង​ទៅ​ លោក ​ហ៊ុន សែន​ បាន​ចេញ​ដឹក​នាំ​ក្បួន​ដោយ​ផ្ទាល់​ជា​លើក​ដំបូង​ខណៈ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ដឹក​នាំ​ដោយ​លោក​ សម រង្ស៊ី​ និង​លោក​ កឹម សុខា​ ​នា​ពេល​នោះ​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង និង​ជា​គណបក្ស​ប្រឆាំង​ដ៏​ធំ​តែ​មួយ​គត់​ក្នុង​ការ​ប្រកួត​ប្រជែង​យ៉ាង​ប្រកៀក​ប្រកិត​ជាមួយ​គណបក្ស​កាន់​អំណាច។​

ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​កាលពី​ឆ្នាំ​២០១៧ ​គណបក្ស​សង្គ្រោះ​ជាតិ​ទទួល​បាន​កៅអី​តំណាង​រាស្រ្ត​ក្នុង​រដ្ឋសភា​ចំនួន​៥៥ ​និង​គ្រប់​គ្រង​ក្រុម​ប្រឹក្សា​ឃុំសង្កាត់​នៅ​ទូ​ទាំង​ប្រទេស​ចំនួន​ជាង​៥​ពាន់។

ក្រោយ​ការ​ចូល​រួម​ដឹកនាំ​រដ្ឋាភិបាល​បាន​តែ​ប៉ុន្មាន​ខែ គណបក្ស​សង្គ្រោះ​ជាតិ​ដែល​មាន​អ្នក​គាំទ្រ​ជាង​៤០​ភាគរយ​នៅ​ទូ​ទាំង​ប្រទេស ​ត្រូវ​បាន​តុលាការ​កំពូល​រំលាយ​ដោយ​ចោទ​ថា​ គណបក្ស​នេះ​បាន​ឃុប​ឃិត​ជា​មួយ​បរទេស​រៀបចំ​គម្រោង​ផ្តួល​រំលំ​រដ្ឋាភិបាល​របស់​គណបក្ស​កាន់​អំណាច។​

ចំណែក​មន្រ្តី​ជាន់​ខ្ពស់​និង​តំណាង​រាស្រ្ត​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​១១៨​នាក់​ត្រូវ​បាន​ព្យួរ​សិទ្ធិ​មិន​ឲ្យ​ធ្វើ​នយោបាយ​ម្នាក់ៗ​ចំនួន​៥ឆ្នាំ​ ស្រប​ពេល​ដែល​លោក​ កឹម សុខា​ ប្រធាន​គណបក្ស​នេះ ត្រូវ​បាន​ចាប់​ខ្លួន​ទៅ​ឃុំ​ក្នុង​ពន្ធនាគារ​ត្រពាំងផ្លុង​ ចំណែក​លោក​ សម រង្ស៊ី​ ដែល​ជា​មេ​ដឹក​នាំ​មួយ​រូប​ទៀត​ ​បាន​និរទេស​ខ្លួន​ទៅ​រស់​នៅ​ឯ​បរទេស។កម្ពុជា​នឹង​រៀបចំ​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្រ្ត​អាណត្តិ​ទី៦ ​នៅ​ថ្ងៃ​ទី២៩ ខែកក្កដា ឆ្នាំ​២០១៨ ដោយ​មិន​មាន​វត្តមាន​របស់​គណបក្ស​សង្គ្រោះ​ជាតិ ស្រប​ពេល​ដែល​ស្ថាប័ន​ជាតិ​និង​អន្តរជាតិ​ធំៗ​មួយ​ចំនួន​យល់​ឃើញ​ថា​ ការ​បោះ​ឆ្នោត​ខាង​មុខ​នេះ​ ​ជា​ការ​បោះ​ឆ្នោត​ដែល​មិន​មាន​ភាព​សេរី​និង​យុត្តិធម៌។

សហរដ្ឋ​អាមេរិក​និង​សហភាព​អឺរ៉ុប​បាន​ប្រកាស​ដក​ខ្លួន​ឈប់​គាំទ្រ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​ដោយ​ថា​ ការ​បោះ​ឆ្នោត​ខាង​មុខ​នេះ​ជា​ការ​បោះ​ឆ្នោត​ដែល​មិន​មាន​ភាព​ស្រប​ច្បាប់។

មុន​ការ​បោះឆ្នោត​ជាតិ​ថ្ងៃទី​២៩​ ខែកក្កដា ​ឈាន​ចូល​មក​ដល់​ គេ​ឃើញ​ពលរដ្ឋ​កម្ពុជា​ ​មួយ​ចំនួន​នៅ​មាន​មន្ទិល​ក្នុង​ការ​ចូលរួម​ ឬ​មិន​ចូល​រួម​ក្នុង​ការ​បោះឆ្នោត​នៅ​ឡើយ។​គណបក្ស​កាន់​អំណាច​របស់​លោក​ ហ៊ុន សែន​ បាន​និង​កំពុង​ព្យាយាម​គៀងគរ​ឲ្យ​មាន​ការ​ចូល​រួម​ពី​ពលរដ្ឋខ្មែរ​ ខណៈ​មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ​ដែល​និរទេស​ខ្លួន​ឯ​ក្រៅ​ប្រទេស​បន្ត​ធ្វើ​យុទ្ធនាការ​ប្រឆាំង​នឹង​ការ​បោះឆ្នោត​ដែល​ពួក​គេ​អះអាង​ថា​ជា​ «ការ​បោះឆ្នោត​ក្លែងក្លាយ»​ដើម្បី​តែ​រក្សា​អំណាច​របស់​លោក​ ហ៊ុន សែន។

លោក ​ហង្ស ពុទ្ធា​ អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​(គ.ជ.ប.)​ប្រាប់​ ​VOA​ ថា នៅ​ថ្ងៃ​ទី២៧ ខែ​កក្កដា​នេះ​ នឹង​មាន​គណបក្ស​នយោបាយ​ចំនួន​១៧​ក្នុង​ចំណោម​២០​ចូល​រួម​ដង្ហែ​ក្បួន​ឃោសនា​រក​សំឡេង​គាំទ្រ​ទ្រង់ទ្រាយ​ធំ។​ លោក​បន្ថែម​ថា​ សម្រាប់​យុទ្ធនាការ​ឃោសនា​ការ​បោះ​ឆ្នោត​ដែល​បាន​ចាប់​ផ្តើម​តាំង​ពី​ថ្ងៃ​ទី៧​ ខែ​កក្កដា​មក​ មាន​ភាព​មិន​ប្រក្រតី​ចំនួន​៥​នៅ​ទូ​ទាំងប្រទេស។​ ទោះ​យ៉ាង​ណា ​លោក​ថា​ ​ក្រុម​ការ​ងារ​របស់​ គ.ជ.ប. បាន​ដោះ​ស្រាយ​បណ្តឹង​នៃ​ភាព​មិន​ប្រក្រតី​ទាំង​នោះ​រួច​រាល់​ហើយ។

លោក​បញ្ជាក់​ថា៖​

«២​ករណី​ អាជ្ញាធរ​២ឃុំ​សង្កាត់​ដែល​លោក​ប្តឹង​ទៅ​គណបក្ស​មួយ​ធ្វើ​សកម្មភាព​សាធារណៈ​ដោយ​មិន​សុំ​ច្បាប់​ទៅ​អាជ្ញាធរ។ មាន​ករណី​គប់​ដុំថ្ម​ទៅ​លើ​ឧបករណ៍​បំពង​សំឡេង​របស់​គណ​បក្ស​នយោបាយ​មួយ។​ មាន​ករណី​ប្តឹង​ពី​គណបក្ស​នយោបាយ​មួយ​ចោទ​ប្រកាន់ទៅ​លើ​សកម្មជន​ហែ​ក្បួន​ម្នាក់​ ដែល​ពាក់អាវ​របស់​គណ​បក្ស​ហ្នឹង​យក​ថវិកា​ទៅ​ចូល​បុណ្យ​សព​របស់​ប្រជា​ពលរដ្ឋ​ជា​ដើម»។

ថ្មីៗ​នេះ​ គេ​ឃើញ​មាន​រថយន្ត​ពាក់​ស្លាក​លេខ​នគរបាល​និង​ខេមរភូមិន្ទ​បិទ​ស្លាក​សញ្ញា​គណបក្ស​ប្រជាជន​កម្ពុជា​ ក្នុង​អំឡុង​ពេល​នៃ​ការឃោសនា​បោះ​ឆ្នោត​ផង​ដែរ។​ ទោះ​យ៉ាង​ណា​លោក​ ហង្ស ពុទ្ធា​ បញ្ជា​ក់ថា​ គ.ជ.ប. ​នឹង​ចាត់​វិធានការ​លើ​ករណី​ទាំង​នោះ​លុះត្រា​តែ​មាន​បណ្តឹង​ប៉ុណ្ណោះ៕

XS
SM
MD
LG