លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងដឹកនាំមន្ត្រីសំខាន់ៗមួយចំនួនរបស់លោកទៅចូលរួមពិធីថ្វាយព្រះភ្លើងដល់អតីតព្រះមហាក្សត្រថៃភូមិបុល អាឌុលយ៉ាតេជ (Bhumibol Adulyadej) ដែលគ្រោងធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ នៅទីក្រុងបាងកក។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសខ្មែរដែលចេញផ្សាយកាលពីថ្ងៃអង្គារ។
សេចក្តីប្រកាសព័ត៌មាននេះឱ្យដឹងផងដែរថា ការចូលរួមរបស់គណៈប្រតិភូជាន់ខ្ពស់នៃប្រទេសកម្ពុជា រួមមានលោក ទៀ បាញ់ រដ្ឋមន្ត្រីការពារជាតិកម្ពុជាផងនោះ «គឺដើម្បីសម្តែងនូវសមានចិត្តនិងចូលរួមមរណទុក្ខដ៏ស្មោះស្ម័គ្រថ្វាយ និងជូនចំពោះរាជវង្សានុវង្ស រាជរដ្ឋាភិបាល និងប្រជាជនថៃ ព្រមទាំងសម្តែងការគោរពចុងក្រោយចំពោះព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រថៃ»។
យ៉ាងហោចណាស់ គេរំពឹងថា មានពលរដ្ឋថៃប្រមាណ២៥ម៉ឺននាក់ និងប្រមុខរដ្ឋនៃប្រទេសជាច្រើនក្នុងតំបន់ នឹងចូលរួមក្នុងពិធីជូនដំណើរចុងក្រោយសម្រាប់អតីតព្រះមហាក្សត្រថៃ ភូមិបុល អាឌុលយ៉ាតេជ (Bhumibol Adulyadej) ដែលនឹងធ្វើឡើងនៅថ្ងៃព្រហស្បតិ៍។ អតីព្រះមហាក្សត្រថៃ ភូមិបុល អាឌុលយ៉ាតេជ ឬ Rama IX ដែលបានសោយរាជ្យសម្បត្តិយូរជាងគេបង្អស់ក្នុងប្រវត្តិសាស្ត្រថៃដល់ទៅ៧០ឆ្នាំ បានសោយទិវង្គតកាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំមុន៕