ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោកស្រី អង់សាន ស៊ូជី បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​ពីរ​ថ្ងៃ​នៅ​កម្ពុជា


នៅ​ថ្ងៃ​ទី​២៩ ខែ​មេសា ឆ្នាំ​២០១៩​ លោកស្រី​អង់​ សានស៊ូជី​ (Ang San Suu Kyi) ទីប្រឹក្សា​រដ្ឋ​ប្រទេស​មីយ៉ាន់​ម៉ា​ បាន​មក​ដល់​រាជធានី​ភ្នំពេញ​ ដើម្បី​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​រយៈពេល​ពីរ​ថ្ងៃ​នៅ​ប្រទេស​កម្ពុជា។ (ហ៊ុល រស្មី/VOA Khmer)
នៅ​ថ្ងៃ​ទី​២៩ ខែ​មេសា ឆ្នាំ​២០១៩​ លោកស្រី​អង់​ សានស៊ូជី​ (Ang San Suu Kyi) ទីប្រឹក្សា​រដ្ឋ​ប្រទេស​មីយ៉ាន់​ម៉ា​ បាន​មក​ដល់​រាជធានី​ភ្នំពេញ​ ដើម្បី​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​រយៈពេល​ពីរ​ថ្ងៃ​នៅ​ប្រទេស​កម្ពុជា។ (ហ៊ុល រស្មី/VOA Khmer)

តាម​ការអញ្ជើញ​របស់​នាយក​រដ្ឋមន្ត្រី​កម្ពុជា​លោក ហ៊ុន សែន​ លោកស្រី​ អង់ សាន​ស៊ូជី​ ទីប្រឹក្សា​របស់​រដ្ឋ​នៃ​សាធារណរដ្ឋ​មីយ៉ាន់ម៉ា បាន​ដឹកនាំ​គណៈប្រតិភូ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​ ពីថ្ងៃ​ទី​​២៩​ ខែ​មេសា​ ដល់ថ្ងៃទី​១ ខែ​ឧសភា​ ឆ្នាំ​​​២០១៩។

លោកស្រី ​អង់សាន ស៊ូជី (Aung San Suu Kyi) មេដឹកនាំ​ប្រទេស​មីយ៉ាន់ម៉ា បាន​មក​ដល់​ប្រទេស​កម្ពុជា​ នៅ​ថ្ងៃ​ចន្ទ​នេះ​ ដើម្បី​បំពេញ​ ទស្សនកិច្ច​ផ្លូវ​រដ្ឋ​រយៈ​ពេល​ពីរ​ថ្ងៃ​ នៅ​ប្រទេស​កម្ពុជា ដែល​ជា​ផ្នែក​មួយ​នៃ​ការ​ពង្រឹង​ការទូត​ រវាង​ប្រទេស​កម្ពុជា​និង​មីយ៉ាន់ម៉ា ដែល​ជា​ប្រទេស​សមាជិក​របស់​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ ហៅ​កាត់​ថា​អាស៊ាន​ (ASEAN)។

យន្តហោះ​ដឹក​លោកស្រី អង់​សាន ស៊ូជី​ បាន​ចុះ​ចត​នៅ​អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ កាលពី​ថ្ងៃទី​២៩​ ខែមេសា​ ឆ្នាំ​២០១៩។ (ហ៊ុល រស្មី/VOA Khmer)
យន្តហោះ​ដឹក​លោកស្រី អង់​សាន ស៊ូជី​ បាន​ចុះ​ចត​នៅ​អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ កាលពី​ថ្ងៃទី​២៩​ ខែមេសា​ ឆ្នាំ​២០១៩។ (ហ៊ុល រស្មី/VOA Khmer)

លោកស្រី​ ស៊ូជី ដែល​បាន​ក្លាយ​ជា​ទីប្រឹក្សា​រដ្ឋ​មីយ៉ាន់ម៉ា​តាំង​ពី​ឆ្នាំ ២០១៦ មក​នោះ​ បាន​មក​ដល់​រាជធានី​ភ្នំពេញ​នារសៀល​ថ្ងៃ​ចន្ទ​នេះ និង​គ្រោង​ចូល​គាល់ព្រះមហាក្សត្រ​ខ្មែរ​ព្រះ​បាទ​នរោត្តម សីហមុនី និង​ក្រុម​មេដឹកនាំ​កំពូលៗ​របស់​ប្រទេស​កម្ពុជា នៅ​ថ្ងៃ​អង្គារ​សែ្អក​នេះ។

លោកស្រី អង់ សានស៊ូជី​ ជួប​ក្រុម​មន្ត្រី​នៅឯ​អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ បន្ទាប់​ពី​លោកស្រី បាន​មក​ដល់​ប្រទេស​កម្ពុជា​កាលពី​ថ្ងៃទី​២៩ ខែ​ មេសា​ ឆ្នាំ​២០១៩។ (ហ៊ុល រស្មី/VOA Khmer)
លោកស្រី អង់ សានស៊ូជី​ ជួប​ក្រុម​មន្ត្រី​នៅឯ​អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ បន្ទាប់​ពី​លោកស្រី បាន​មក​ដល់​ប្រទេស​កម្ពុជា​កាលពី​ថ្ងៃទី​២៩ ខែ​ មេសា​ ឆ្នាំ​២០១៩។ (ហ៊ុល រស្មី/VOA Khmer)

ការ​មក​បំពេញ​ទស្សន​កិច្ច​នៅ​កម្ពុជា​របស់​ម្ចាស់​ពានរង្វាន់​ណូបែល​សន្តិភាព​រូបនេះ ​កើតមាន​ឡើង​បន្ទាប់​ពី​លោកស្រី​បាន​បញ្ចប់​ទស្សនកិច្ច​ នៅ​រដ្ឋធានី​ប៉េកាំង​ ប្រទេស​ចិន ទី​ដែល​មាន​ការ​រៀប​ចំ​វេទិកាលើក​ទីពីរ​ស្តីពី ​«ក្រវាត់​ផ្លូវ​ពាណិជ្ជកម្ម​ចិន» ហៅ​កាត់​ថា BRI។

លោកស្រី​បាន​ចូលរួម​វេទិកាក្រវាត់​ផ្លូវ​ពាណិជ្ជកម្ម​ចិននោះ​ និង​បាន​ជួប​ពិភាក្សា​ជាមួយ​ក្រុម​មេដឹកនាំ​បក្សកុម្មុយ​នីស្តីចិន និង​លោក​លី ខឺឈាង​ (Li Keqiang) នាយរដ្ឋមន្ត្រី​ប្រទេស​ចិន​ផង​ដែរ។ នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍របស់​បណ្តាញ​ផ្សព្វផ្សាយ​រដ្ឋចិន​ Xinhua និង​កាសែត Myanmar Times​ ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​មីយ៉ាន់ម៉ា។

រថយន្ត​ដឹក​លោកស្រី អង់ សានស៊ូជី​ ត្រៀម​ចាកចេញ​ពី​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ កាលពី​ថ្ងៃទី ២៩ ខែ​មេសា​ ឆ្នាំ ២០១៩។ (ហ៊ុល រស្មី/VOA Khmer)
រថយន្ត​ដឹក​លោកស្រី អង់ សានស៊ូជី​ ត្រៀម​ចាកចេញ​ពី​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ កាលពី​ថ្ងៃទី ២៩ ខែ​មេសា​ ឆ្នាំ ២០១៩។ (ហ៊ុល រស្មី/VOA Khmer)

តាម​របៀប​វារៈដែល​ VOA បាន​ទទួល​នៅ​ថ្ងៃចន្ទ​នេះ​ លោកស្រី​ ស៊ូជី​ គ្រោង​ជួប​ពិភាក្សា​ជាមួយ​ប្រធាន​ព្រឹទ្ធសភា​លោក​ សាយ ឈុំ លោក ហេង សំរិន ប្រធាន​រដ្ឋសភា​ និង​លោក ហ៊ុន សែន​ នាយករដ្ឋមន្ត្រី​ដ៏​មាន​ឥទ្ធិពល​របស់​កម្ពុជា។ លោកស្រី​ក៏​គ្រោង​ទៅ​ទស្សនា​សួន​ឧទ្យាន​ប្រាង្គ​ប្រសាទ​ដ៏​ល្បីល្បាញ​របស់​កម្ពុជា នៅ​ឯខេត្ត​សៀមរាប​ ដែល​នៅ​គៀក​នឹង​ប្រទេសថៃ។

តាម​របៀបវារៈ​ដដែល​ គឺ​លោកស្រី ស៊ូជី​ គ្រោង​ទៅ​ទស្សនា​ប្រាសាទ​អង្គរវត្ត​ និងប្រាសាទ​បាយ័ន​នៅ​ថ្ងៃ​ពុធ។ លោកស្រី​នឹង​ធ្វើ​មាតុភូមិ​និវត្តន៍​ពីខេត្ត​សៀម​រាប នៅ​ថ្ងៃពុធ​ដដែល​នោះ។

ក្រសួង​ការបរទេស​កម្ពុជា​ ក៏​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ បញ្ជាក់​ថា​ លោកស្រី អង់សាន​ ស៊ូជី​ នឹង​អញ្ជើញ​ដាក់​កម្រងផ្កា​ គោរព​វិញ្ញាណក្ខន្ធ​នៅ​ស្តូប​វិមាន​ឯករាជ្យ​ និង​ព្រះមណ្ឌល​ព្រះបរមរតន​កោដ្ឋ​អតីត​ព្រះមហាក្សត្រ​ខ្មែរ។

សេចក្តី​ប្រកាស​របស់​ក្រសួង​ការបរទេស​ចេញផ្សាយ​ជា​សាធារណៈ​ កាលពី​ថ្ងៃ​ទី​២៦ ខែ​មេសា​ ឆ្នាំ​២០១៩​ បាន​សរសេរ​ក្នុង​ន័យ​ដើម​ថា៖

«ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​ លោក​ជំទាវ​ អង់សាន ស៊ូជី​ នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ នឹង​ពង្រឹង​ និង​ពង្រីក​ថែម​ទៀត​នូវ​ចំណង​មិត្ត​ភាព​ ​និងកិច្ច​សហ​ប្រតិបត្តិការ​ទ្វេភាគី​លើ​គ្រប់​វិស័យ​ ព្រមទាំង​ក្នុង​ក្របខណ្ឌ​អាស៊ាន និង​ពហុភាគី»។

VOA ​មិនទាន់​អាច​សុំការ​អធិប្បាយ​ពី​លោក​ កេត សោផាន់​ អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា​ បាន​ទេ​ មក​ដល់​ល្ងាច​ថ្ងៃចន្ទ​នេះ។​

ក្រោយការ​ឡើង​កាន់​អំណាច​របស់​លោកស្រី​ ស៊ូជី បន្ទាប់ពី​ការបោះឆ្នោត​ជាតិ​នៅ​ឆ្នាំ​២០១៥ ភាព​ស្រងាកចិត្ត​ បាន​កើត​មាន​នៅ​ប្រទេស​ដែល​មាន​ភូមិ​ផង​របង​ជាមួយ​ចិន​ ​ដោយ​សារ​តែ​ការ​ព្រងើយ​កន្តើយ​របស់​លោកស្រី​ស៊ូជី ទៅ​នឹង​អ្វីដែល​គេ​ចោទ​ប្រកាន់​ថា​ ជា​ការ​រើសអើង​ពូជសាសន៍​ ផង​ដែរ។

អ្នក​ស្រី​ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​ភ្លើង​បំភ្លឺ​ផ្នែក​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​នេះ ហើយ​ត្រូវ​បាន​គេ​ផ្តល់​តួនាទី​ឲ្យ​ក្នុង​ជួរ​រដ្ឋាភិបាល​កាល​ពី​ឆ្នាំ​២០១៦​ ក្រោយ​ពេល​គណបក្ស​អ្នក​ស្រី​បាន​ឈ្នះ​ការ​បោះឆ្នោត​ភ្លូក​ទឹក​ភ្លូក​ដី​នោះ​ អ្នក​ស្រី​បន្ត​មិន​មាត់​មិន​ក​អំពី​ប្រធាន​បទ​រឿង​ជន​អំបូរ​រ៉ូហ៊ីងយ៉ាទេ។ អ្នក​ស្រី​បាន​ថ្លែង​ការពារ​ក្នុង​បទ​សម្ភាសន៍​កាល​ពីមុន​មក ដោយ​បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​ទាំង​ឡាយ​អំពី​ការ​បោស​សម្អាត​អំបូរ​ជាតិ​សាសន៍៕

XS
SM
MD
LG