លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហាញការប្តេជ្ញាទៅកាន់រដ្ឋមន្ត្រីថាមពលអាស៊ាន នៅថ្ងៃព្រហស្បតិ៍នេះថា កម្ពុជានឹងព្យាយាមជំរុញលើការប្រើប្រាស់ថាមពលកកើតឡើងវិញ និងកាត់បន្ថយការអភិវឌ្ឍគម្រោងថាមពលដែលប្រើប្រាស់ឥន្ធនៈហ្វូស៊ីល ដែលទាញយកថាមពលពីការដុតធ្យូងថ្ម។
លោកនាយករដ្ឋមន្រ្តីថ្លែងបែបនេះនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីថាមពលអាស៊ានលើកទី៤០ និងកិច្ចប្រជុំពាក់ព័ន្ធរួមទាំងវេទិកាធុរកិច្ចថាមពលអាស៊ានឆ្នាំ២០២២ ដែលកម្ពុជាជាប្រធានអាស៊ាន។
លោក ហ៊ុន សែន ថ្លែងថា ការកើនឡើងនូវតម្រូវការថាមពល និងអស្ថិរភាពតម្លៃប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ បានកំពុងបង្កឱ្យមានអតិផរណាខ្ពស់ បូករួមការរឹតបន្តឹងគោលនយោបាយរូបិយវត្ថុដោយធនាគារកណ្តាល និងការប្រែប្រួលអាកាសធាតុ ការកើនឡើងកម្តៅផែនដី និងគ្រោះធម្មជាតិ ដែលកំពុងលេចរូបរាង និងមានឥទ្ធិពលកាន់តែខ្លាំងក្នុងការបង្កឱ្យមានការផ្លាស់ប្តូរពាក់ព័ន្ធសេដ្ឋកិច្ច និងការធ្លាក់ចុះដ៏គួរឱ្យព្រួយបារម្ភនៃសង្វាក់តម្លៃ និងផលិតភាពសកល។
លោក ហ៊ុន សែន បន្តថា អាស៊ានទាំងមូលត្រូវតែយកចិត្តទុកដាក់លើអន្តរកាលថាមពលក្នុងការស្តារ និងអភិវឌ្ឍសង្គម-សេដ្ឋកិច្ចឡើងវិញ។
ជាមួយគ្នានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់ថា កម្ពុជាដែលជាសមាជិកអាស៊ាននឹងបន្តយកចិត្តទុកដាក់លើការប្រើប្រាស់ថាមពលកកើតឡើងវិញឱ្យបានកម្រិតមួយខ្ពស់បំផុត។
លោក ហ៊ុន សែន ថ្លែងនៅថ្ងៃព្រហស្បតិ៍នេះថា៖ «សម្រាប់ទិសដៅទៅមុខ កម្ពុជានឹងបន្តជំរុញការយកចិត្តទុកដាក់លើការអភិវឌ្ឍប្រសិទ្ធភាពថាមពល និងថាមពលកកើតឡើងវិញឱ្យបានអតិបរមា និងជាបន្តបន្ទាប់ទៅតាមលទ្ធភាពទទួលបានរបស់ប្រព័ន្ធផ្គត់ផ្គង់ថាមពលកម្ពុជាជាមួយនឹងការកាត់បន្ថយការអភិវឌ្ឍគម្រោងប្រភពថាមពលដែលប្រើប្រាស់ឥន្ធនៈហ្វូស៊ីល ដែលមានធ្យូងថ្ម និងប្រេងជាដើម»។
លោក ហ៊ុន សែន បន្ថែមថា កម្ពុជាកំពុងសហការជាមួយដៃគូអភិវឌ្ឍន៍នានាក្នុងការសិក្សា និងរៀបចំផែនការមេអភិវឌ្ឍន៍វិស័យថាមពលកម្ពុជារហូតដល់ឆ្នាំ២០៤០ គោលនយោបាយជាតិស្តីពីប្រសិទ្ធភាពថាមពល ផែនទីបង្ហាញផ្លូវស្តីពីការអភិវឌ្ឍអន្តរកាល ថាមពលស្អាតឆ្ពោះទៅធ្វើតុល្យភាពកាបូន និងគោលនយោបាយអភិវឌ្ឍន៍ថាមពលពន្លឺព្រះអាទិត្យលើដំបូលនៅកម្ពុជាដើម្បីឱ្យសម្រេចតាមទិសដៅដែលបានកំណត់នេះ។
ក្នុងឆ្នាំ២០២១ ថាមពលដែលបានមកពីប្រភពថាមពលកកើតឡើងវិញ រួមមានវារីអគ្គិសនី ថាមពលដើរដោយពន្លឺព្រះអាទិត្យ និងថាមពលជីវម៉ាស់ បានកើនឡើងដល់៤០%នៃថាមពលសរុបរបស់កម្ពុជា។ នេះបើតាមលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ប្រទេសកម្ពុជាក៏មានរោងចក្រដុតធ្យូងថ្មមួយចំនួនផងដែរ នៅក្នុងខេត្តព្រះសីហនុ កោះកុង និងឧត្តរមានជ័យ។ ក្រោយរងការរិះគន់ចំពោះការបង្កើតរោងចក្រដុតធ្យូងថ្មី កម្ពុជាបានប្រកាសកាលពីចុងឆ្នាំ២០២១ថា នឹងមិនផ្ដល់អាជ្ញាបណ្ណថ្មីផ្សេងទៀតដល់គម្រោងអភិវឌ្ឍរោងចក្រអគ្គិសនីដើរដោយធ្យូងថ្មនោះទេ។ កម្ពុជាក៏មានទំនប់វារីអគ្គិសនីសេសានក្រោម២ នៅក្នុងខេត្តស្ទឹងត្រែងផងដែរ។
វីអូអេមិនទាន់អាចសុំការបញ្ជាក់ពីលោក ហេង គុណលាង អគ្គនាយកនៃអគ្គនាយកដ្ឋានថាមពល និងលោក អ៊ិត ប្រាំង រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពលបាននៅឡើយទេ។
លោក ហែម ឧត្តម អ្នកជំនាញឯករាជ្យផ្នែកបរិស្ថាន កត់សម្គាល់ឃើញថា ការប្រើប្រាស់ថាមពលរបស់កម្ពុជាគឺពឹងផ្អែកច្រើនលើការប្រើប្រាស់ហ្វូស៊ីល ដែលរួមមានប្រេងឥន្ធនៈ និងធ្យូងថ្ម ដែលរួមចំណែកធ្វើឱ្យមានការប្រែប្រួលអាកាសធាតុ និងប៉ះពាល់ដល់បរិស្ថានជាដើម។
លោកយល់ថា ទាំងក្រសួងរ៉ែ ក្រសួងបរិស្ថាន ក្រសួងកសិកម្ម ក្រសួងធនធានទឹក និងអ្នកពាក់ព័ន្ធផ្សេងទៀត ត្រូវធ្វើផែនការ និងអនុវត្តរួមគ្នាលើការសិក្សាថាមពលកកើតឡើងវិញ ដោយត្រូវសិក្សាពីផលប៉ះពាល់បរិស្ថានឱ្យបានច្បាស់លាស់ ត្រូវពង្រឹងយន្តការមានស្រាប់ និងបង្កើតយន្តការថ្មីបន្ថែមទៀត និងត្រូវស្តាប់មតិយោបល់ពីប្រជាពលរដ្ឋមូលដ្ឋាន និងអ្នកពាក់ព័ន្ធផ្សេងទៀតជាដើម។
លោកថ្លែងថា៖ «ឧទាហរណ៍ផែនការថាមពល រដ្ឋាភិបាលចង់ផលិតប៉ុន្មានភាគរយនៃថាមពលពីទំនប់ខ្នាតធំ ពីធ្បូងថ្មពីអ្វីផ្សេងៗ អ៊ីចឹងឱ្យមានធាតុចូលពីសាធារណជន ពី Academic មានន័យថា អ្នកសិក្សាស្រាវជ្រាវពីសកលវិទ្យាល័យផ្សេងៗផងដែរ។ អាហ្នឹងទើបបានវាបំពេញនូវគ្រប់រូបភាពទាំងមូល»។
លោក ហេង គឹមហុង ប្រធានកម្មវិធីផ្នែកស្រាវជ្រាវ និងតស៊ូមតិនៃសមាគមបណ្ដាញយុវជនកម្ពុជា (CYN) កត់សម្គាល់ឃើញថា បច្ចុប្បន្នកម្ពុជាកំពុងពឹងផ្អែកយ៉ាងខ្លាំងលើប្រេងឥន្ធនៈដែលនាំចូល ដូច្នេះកម្ពុជាគួរកំណត់ទិសដៅឈានទៅរកការប្រើប្រាស់គោលនយោបាយតុល្យភាពកាបូន និងការប្រើប្រាស់ថាមពលអគ្គិសនីឱ្យបានច្រើនដើម្បីកាត់បន្ថយការប្រើប្រាស់ឥន្ធនៈ។
លោកបន្ថែមថា កម្ពុជាក៏គួរតែសិក្សាអំពីតំបន់ណាដែលមានសក្តានុពលដែលអាចសាងសង់ទំនប់វារីអគ្គិសនី ដោយមិនធ្វើឱ្យប៉ះពាល់ខ្លាំងដល់ជីវភាព ប្រពៃណី ទំនៀមទម្លាប់ពលរដ្ឋក្នុងតំបន់ និងកុំឱ្យប៉ះពាល់ដល់ធនធានធម្មជាតិ ហើយត្រូវចៀសវាងការសាងសង់ទំនប់វារីអគ្គិសនីនៅតាមតួទន្លេមេគង្គ។
លោកថ្លែងថា៖ «ជារួមកម្ពុជា គួរតែយកចិត្តទុកដាក់បន្ថែមទៀតក្នុងការសិក្សាអំពីលទ្ធភាព និងគោលនយោបាយផែនការរយៈពេលខ្លី និងវែងដើម្បីទាញយកថាមពលអគ្គិសនីយកមកប្រើប្រាស់ជាពិសេសថាមពលស្អាត និងថាមពលកកើតឡើងវិញ ដែលប្រភេទថាមពលកកើតឡើងវិញទាំងអស់ហ្នឹងគួរតែយក ឬបង្កើតទំនប់វារីអគ្គិសនីនៅតំបន់ទាំងឡាយណាដែលមិនប៉ះពាល់ធ្ងន់ធ្ងរទៅដល់ជីវភាពប្រជាពលរដ្ឋ...»។
លោកបន្តថា៖ «ប៉ុន្តែយ៉ាងណាមិញ តួឬដងទន្លេមេគង្គមិនគួរកសាងទំនប់វារីអគ្គិសនីនោះទេ ព្រោះបើកសាងនៅតាមជួរ ឬបណ្តោយដងទន្លេមេគង្គ វានឹងធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋរស់នៅផ្នែកខាងលើ ធនធានមច្ឆាជាតិ ធនធានធម្មជាតិ និងប្រជាពលរដ្ឋដែលមានគ្រឹះវប្បធម៌ និងប្រវត្តិសាស្រ្តជាយូរលង់មកហើយនោះ»។
លោកបន្ថែមថា រដ្ឋាភិបាលក៏គួរពង្រីកវិសាលភាពក្នុងការជំរុញការប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យតាមរយៈផ្ទាំងសូឡានៅតាមសហគ្រាស និងតាមមូលដ្ឋានជាដើម និងត្រូវពិនិត្យមើលលក្ខខណ្ឌបន្ធូរបន្ថយ ឬបញ្ចុះតម្លៃពន្ធនាំចូលផ្ទាំងសូឡានេះ ដើម្បីរួមចំណែកឱ្យមានថាមពលប្រើប្រាស់គ្រប់គ្រាន់ ដោយពុំចាំបាច់នាំចូលពីប្រទេសថៃ ឡាវ និងវៀតណាមបន្តទៀត៕