ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

របាយការណ៍​ថ្មី៖​ ទំនប់​វារី​អគ្គិសនី​ពីរ​នៅ​ឡាវ​បង្ក​«ផល​ប៉ះពាល់​គួរ​ឱ្យ​កត់​សម្គាល់»​លើ​លំហូរ​ទឹក កំណក​កករ ​និង​ជលផល​


រូប​ឯកសារ៖ ទំនប់វារី​អគ្គិសនី​សាយ៉ាប៊ូរី​របស់​ឡាវ ក្នុង​ពេល​កំពុង​ត្រូវ​សាងសង់​នៅ​ឆ្នាំ​២០១៧។ (ស៊ុន ណារិន/វីអូអេ)

របាយការណ៍​ថ្មី​មួយ​របស់​គណៈ​កម្មការ​ទន្លេ​មេគង្គ​ (Mekong River Comm​ission ​ឬ​ MRC) ​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ចន្ទ​ឱ្យ​ដឹង​ថា​ គម្រោង​ទំនប់​វារី​អគ្គិសនី​ចំនួន​ពីរ​តាម​ដង​ទន្លេ​មេ​គង្គ​ក្នុង​ប្រទេស​ឡាវ​«បាន​បង្ក​ឱ្យមាន​ផល​ប៉ះ​ពាល់​គួរ​ឱ្យ​កត់​សម្គាល់ ​តែ​ក្នុង​កម្រិត​មធ្យម»​ទៅ​លើ​លំហូរ​ទឹក ​កំណក​កករ ​និង​ជល​ផល។ ​ការ​រក​ឃើញ​ថ្មី​នេះ​បញ្ជាក់​បន្ថែម​ទៅ​លើ​ការ​ព្រួយ​បារម្ភ ​ដែល​ត្រូវ​បាន​លើក​ឡើង​តាំង​ពី​មុន​ទំនប់​វារី​អគ្គិសនី​ត្រូវ​បាន​សាង​សង់។ ​

ទំនប់​វារី​អគ្គិសនី​ដែល​កំពុង​ដំណើរ​ការ​ទាំង​ពីរ​នេះ ស្ថិតនៅ​ជិត​កម្ពុជា គឺទំនប់​វារី​អគ្គិសនី​សាយ៉ាប៊ូរី ​(Xayaburi) ​ដែល​មាន​ទំហំ​ថាមពល​១.២៨៥​មេហ្គាវ៉ាត់ ​និង​ទំនប់​វារី​អគ្គិសនី​ដនសាហុង​(Don Sahong) ​ដែល​មាន​ទំហំ​២៦០​មេហ្គាវ៉ាត់។ ​អ្នក​ធ្វើ​ការ​លើ​ផ្នែក​បរិស្ថាន​ធ្លាប់​បង្ហាញ​ក្តី​បារម្ភ​យូរ​មក​ហើយ​ថា​ ទំនប់​វារី​អគ្គិសនី​នៅ​លើ​តួ​ទន្លេ​មេគង្គ​នឹង​ប៉ះ​ពាល់​ការ​រស់​នៅ​របស់​មនុស្ស​ប្រមាណ​៦០​លាន​នាក់​ នៅ​ប្រទេស​តាម​ដង​ទន្លេ​មេគង្គ​ក្រោម​ទាំង​៤​ រួម​មាន​ថៃ ​ឡាវ ​កម្ពុជា ​និង​វៀតណាម។​

ក្រុម​អ្នក​អង្កេត​ដែល​មាន​ជាតិ​សាសន៍​ចម្រុះ​ដែល​ចូលរួម​ដំណើរ​ការ​គម្រោង​សាក​ល្បង​កម្មវិធី​តាម​ដាន​បរិស្ថាន​រួម ​(Joint Environmental Monitoring programme)​ របស់​ គណៈ​កម្មការ​ទន្លេ​មេគង្គ​ បាន​វាស់​ស្ទង់​លើ​សូចនាករ​សំខាន់ៗ​ទាំង​៥​នៃ​សុខុមាល​ភាព​ទន្លេ​មេគង្គ ​ រួម​មាន​ជល​សាស្ត្រ ​កំណក​កករ ​ គុណ​ភាព​ទឹក ​អេកូឡូស៊ី​ក្នុង​ទឹក ​និង​ជល​ផល។ ​ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តីពី​របាយការណ៍​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ចន្ទ។​

ក្នុង​ចំណោម​ការ​រក​ឃើញ​សំខាន់​បំផុត​នៃ​ការ​សាកល្បង​នេះ ​ក្រុម​អ្នក​តាម​ដាន​បាន​សង្កេត​ឃើញ​ថា​លំនាំ​លំហូរ​ទន្លេ​ជា​រួម មិន​មាន​ការ​ប្រែ​ប្រួល​នោះ​ទេ។​ នៅ​តំបន់​ផ្នែក​ខាង​លើ​ទំនប់ ​សុខុមាល​ភាព​អេកូឡូស៊ី​របស់​ទន្លេ​មាន​កម្រិត​«ល្អ‍» ​និង ​«មធ្យម‍» ​ក្នុង​តំបន់​អាង​ស្តុក ​ក៏​ដូចជា​តំបន់​ផ្នែក​ខាង​ក្រោម​នៃ​ទំនប់​ទាំង​ពីរ។ ​គុណភាព​ទឹក​ស្ថិត​ក្នុង​ស្ថាន​ភាព​«ល្អ»​សម្រាប់​ការ​ប្រើ​ប្រាស់​របស់​មនុស្ស។ ក្នុង​តំបន់​អាង​ទំនប់ ​ វា​មិន​មាន​ភ័ស្តុតាង​បង្ហាញ​ពី​ការ​បង្កើត​ស្រទាប់​កករ ដែល​អាច​ជះ​ឥទ្ធិ​ពល​ដល់​ទាំង​គុណ​ភាព​ទឹក​ និង​ជលផល​ទេ។ ​ប៉ុន្តែ​នៅ​ពេល​ទឹក​ហូរ​កាត់​តាម​ទំនប់​«វា​មាន​ភ័ស្តុតាង​តិច​តួច ​បង្ហាញ​ពីការ​ប្រែប្រួល​គុណ​ភាព​ទឹក​នៅ​ផ្នែក​ខាង​ក្រោម​ទន្លេ»។ ​នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន។​

នៅ​ផ្នែក​ខាង​ក្រោម​នៃ​គម្រោង​សាយ៉ាប៊ូរី​ក្នុង​ប្រទេស​ឡាវ​ ក្រុម​អ្នក​តាម​ដាន​ក៏​បាន​ប្រទះ​ឃើញ​ការ​ប្រែប្រួល​កម្រិត​ទឹក​ប្រចាំ​ថ្ងៃ ​ដែល​អាច​ប៉ះ​ពាល់​ដល់​ប្រព័ន្ធ​អេកូឡូស៊ី​ផង​ដែរ។ ​ ក៏​ប៉ុន្តែ​បញ្ហា​នេះ​មិន​បាន​កើត​មាន​នៅ​ផ្នែក​ខាង​ក្រោម​នៃ​ទំនប់​ដនសាហុង​ទេ។​ ក្រុម​អ្នក​តាម​ដាន​ក៏​បាន​សង្កេត​ឃើញ​លំនាំ​ដែល​បាន​ចាប់​ផ្តើម​កើត​មាន​កាល​ពី​ឆ្នាំ​២០១៨ ​នោះ​គឺ​ការ​ធ្លាក់​ចុះ​នៃ​បណ្តុំ​កករ ​និង​ការ​ផ្ទុក​នូវ​កំណក​កករ ​ដែល​នាំ​មក​នូវ​អាហារូបត្ថម្ភ​ចិញ្ចឹម ​និង​ធ្វើ​ឱ្យ​ច្រាំង​ទន្លេ​មាន​លំ​នឹង។ ​ក៏​ប៉ុន្តែ​ការ​ថម​ថយ​ចុះ​នេះ​«អាច​នឹង​បណ្តាល​មក​ពី​ការ​បង្ខាំង ​ឬ​ការ​កក​ស្ទះ​នៃ​កំណក​កករ តាម​តំបន់​គម្រោង​វារី​អគ្គិសនី​តាម​ដៃ​ទន្លេ​មេ​ និង​ទន្លេ​មេ​គង្គ»។​

ក្រុម​តាម​ដាន​ក៏​បាន​សង្កេត​ឃើញ​ពី​ការ​ប្រែ​ប្រួល​ខ្លះៗ​លើ​ភាព​ចម្រុះ​នៃ​មច្ឆា​នៅ​ផ្នែក​ខាង​លើ​ទំនប់​សាយ៉ាប៊ូរី ​ដោយ​វា​មាន​កម្រិត​ថេរ​ចាប់​ពី​ឆ្នាំ​២០១៧​ដល់​២០១៩​ និង​ធ្លាក់​ចុះ​ក្នុង​ឆ្នាំ​២០២០។ នៅ​ផ្នែក​ខាង​ក្រោម​នៃ​អាង​ស្តុក ភាព​ចម្រុះ​នេះ ​នៅ​តែ​មាន​កម្រិត​ខ្ពស់។ ​ផ្ទុយ​មក​វិញ ​ផល​ចាប់​ត្រី​ហាក់​ដូចជា​មាន​កម្រិត​ថេរ ​ដែល​គេ​បាន​រាយ​ការណ៍​ថា​កើន​ឡើង​នៅ​ឆ្នាំ​២០១៧​ ធ្លាក់​ចុះ​នៅ​ឆ្នាំ​២០១៨​ និង​២០១៩ ​ហើយ​កើន​ឡើង​វិញ​នៅ​ឆ្នាំ​២០២០។ នៅ​ជុំវិញ​ទំនប់​ដនសាហុង​វិញ​ ក្រុម​អ្នក​តាម​ដាន​បាន​ប្រទះ​ឃើញ​ទិន្នន័យ​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​មួយ ​នោះ​គឺ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ​ទិន្នផល​ចាប់​នៅ​ភាគ​ខាង​ជើង​ប្រទេស​កម្ពុជា​បាន​ធ្លាក់​ចុះ ​ប៉ុន្តែ​វា​បាន​កើន​ឡើង​ខ្លាំង​នៅ​ផ្នែក​ខាង​ក្រោម​នៃ​ទំនប់​ទៅ​វិញ។ ​

ទោះ​ជា​យ៉ាង​នេះ​ក្តី ​លទ្ធ​ផល​ទាំង​នេះ​បាន​មក​ពី​វដ្ត​តាមដាន​មួយ​ប៉ុណ្ណោះ។ ​នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន។​

ក្រុម​អ្នក​តាម​ដាន​បរិស្ថាន​រួម​(JEM)​បាន​ស្នើ​ឱ្យ​តាម​ដាន​ពីរ​ទៅ​បី​ឆ្នាំ​បន្ថែម​ទៀត​ ដើម្បី​ទាញ​ឱ្យ​បាន​នូវ​«ការ​សន្និដ្ឋាន​ដ៏​មុតមាំ​មួយ»​ពី​ផល​ប៉ះពាល់​នៃ​ការ​អភិវឌ្ឍ​ទំនប់​វារី​អគ្គិសនី ​និង​សម្ពាធ​នានា​បង្កើត​ឡើង​ដោយ​សកម្ម​ភាព​មនុស្ស។ ​

លោក ​អានុល័ក ខិធិឃួន ​(Anoulak Kittikhoun) ​នាយក​ប្រតិបត្តិ​នៃ​លេខាធិការដ្ឋាន​គណៈ​កម្មការ​ទន្លេ​មេគង្គ​(MRC )​បាន​ថ្លែង​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ថា៖​ «យើង​ត្រូវ​ដឹង​ពី​កម្រិត​នៃ​បញ្ហា​ប្រឈម​របស់​យើង​ និង​ធ្វើ​ការ​កំណត់​ពី​វិធី​សាស្ត្រ​ដែល​មាន​ប្រសិទ្ធ​ភាព​បំផុត ​ដើម្បី​វាយ​តម្លៃ​ផល​ប៉ះពាល់​នេះ។​ ខណៈ​ដែល​របាយការណ៍​នេះ ​បង្ហាញ​ពី​ផល​ប៉ះ​ពាល់​ខ្លះៗ​នៃ​ទំនប់​វារី​អគ្គិសនី​នោះ​ វា​លឿន​ពេក​ក្នុង​ការ​វាយ​តម្លៃ​ថា​ រាល់​ផល​ប៉ះ​ពាល់​ទាំង​អស់​សុទ្ធ​តែ​បណ្តាល​មក​ពី​ទំនប់។ ការ​ប្រែ​ប្រួល​អាកាសធាតុ ​និង​ការ​អភិវឌ្ឍ​ផ្សេង​ទៀត​ក៏​អាច​ជា​កត្តា​ផង​ដែរ»។​

លោក ​Brian Eyler ​នាយក​កម្មវិធី​អាស៊ី​អាគ្នេយ៍ ​និង​កម្មវិធី​ថាមពល​ ធនធាន​ទឹក ​និង​ចីរភាព​ នៅ​មជ្ឈមណ្ឌល​ Stimson ​ ប្រាប់​វីអូអេ​ថា​ វា​គួរ​តែ​បញ្ចូល​ការ​ពិគ្រោះ​យោបល់​ពី​សហគមន៍​មូលដ្ឋាន ​និង​អង្គ​ការ​សង្គម​ស៊ីវិល​ដែល​សកម្ម​ក្នុង​ការ​តាម​ដាន​ឥទ្ធិ​ពល​នៃ​ទំនប់​វារី​អគ្គិសនី។​ លោក​បន្ថែម​ថា​ ប្រជា​សហគមន៍​នៅ​ក្នុង​ប្រទេស​ថៃ​«អាច​ផ្តល់​ភ័ស្តុតាង»​ថា ​តើ​ទំនប់​នេះ​កំពុង​ផ្លាស់​ប្តូរ​ជីវិត​របស់​ពួកគេ ​ដូចម្តេច?​ ហើយ​គណៈ​កម្មការ​ទន្លេ​មេគង្គ​ ប្រតិបត្តិករ​ទំនប់ ​និង​រដ្ឋាភិបាល​ថៃ​អាច​ធ្វើ​ការ​ជាមួយ​ពួក​គេ ​ដើម្បី​សម្រាល​ផល​ប៉ះពាល់ ​និង​ផ្តល់​នូវ​មធ្យោបាយ​សម្រប​សម្រួល។​

លោក​ក៏​ចោទ​ជា​សំណួរ​អំពី​ការ​ប្រមូល​ទិន្នន័យ ​ដែល​លោក​ថា​គួរ​តែ​មាន​ទិន្នន័យ​ និង​ព័ត៌មាន​ពី​ប្រតិបត្តិករ​ទំនប់ ​ជា​ជាង​ផ្តោត​តែ​លើ​ទិន្នន័យ​ពី​ទឹក​ទន្លេ​ដែល​អាច​វាស់​ស្ទង់​បាន ​ដើម្បី​អាច​បង្កើន​តម្លាភាព​កាន់​តែ​ខ្លាំង​ក្លា។ ​លោក​ក៏​ជំរុញ​ឱ្យ​មាន​ការ​ពិគ្រោះ​យោប​ល់​រួម​គ្នា​ជាមួយ​សហគមន៍​នៅ​ផ្នែក​ខាង​លើ​ទំនប់ ​និង​ក្រោម​ទំនប់​ផង​ដែរ។​

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​ឆ្លើយ​តប​ពី​លោក​ ដាវង់ ផនកែវ ​(Daovong Phonekeo) ​ដែល​បច្ចុប្បន្ន​ជា​រដ្ឋមន្រ្តី​ក្រសួង​ថាមពល ​និង​រ៉ែ​របស់​ប្រទេស​ឡាវ ​តាម​សារ​អ៊ីម៉ែល​បាន​នៅ​ឡើយ​ទេ។ ប៉ុន្តែ​កាល​ពី​កន្លង​ទៅ លោក​ធ្លាប់​ប្រាប់​វីអូអេ​ថា​រដ្ឋាភិបាល​ឡាវ​បាន​សិក្សា​ផល​ប៉ះ​ពាល់​បរិស្ថាន​ច្បាស់​លាស់​ មុន​នឹង​ស្ថាបនា​ទំនប់​វារី​អគ្គិសនី​នានា​ ហើយ​ក្រុមហ៊ុន​ក៏​បាន​ស្ថាបនា​ទំនប់ ​ដោយ​បញ្ចៀស​ផល​ប៉ះ​ពាល់​ដែល​អាច​កើត​ឡើង​ចំពោះ​ការ​បម្លាស់​ទី​របស់​ត្រី។​

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក​ គល់ វឌ្ឍនា ​អគ្គលេខាធិការ​រង​នៃ​គណៈ​កម្មាធិការជាតិ​ទន្លេ​មេគង្គ​កម្ពុជា​បាន​នៅ​ឡើយ​ទេ។​

កាល​ពី​ឆ្នាំ​២០១៧ ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​បាន​អះអាង​ថា​ ទំនប់​វារី​អគ្គិសនី ​ដនសាហុង​ (Don Sahong)​ របស់​ឡាវ ​មិន​ប៉ះពាល់​ត្រី​នៅ​កម្ពុជា​នោះ​ទេ។​

គួរ​បញ្ជាក់​ថា​ប្រទេស​ឡាវ​មាន​គម្រោង​សាង​សង់​ទំនប់​វារី​អគ្គិសនី​ផ្សេង​ទៀត​នៅ​លើ​តួ​ទន្លេ​មេគង្គ ខណៈ​ប្រទេស​នេះ​មាន​ផែនការ​ក្លាយ​ជា​អ្នក​លក់​ថាមពល​ដ៏​ធំ​មួយ​នៅ​ក្នុង​បណ្តា​ប្រទេស​ជា​សមាជិក​អាស៊ាន៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG