ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Human Rights Watch​ ចង់​ឲ្យ​សាលា​​ក្តី​​​ខ្មែរក្រហម​បំពេញ​បន្ថែម​យុត្តិធម៌​សម្រាប់​ជន​រង​គ្រោះ


រូបឯកសារ៖ លោក Phil Robertson នៃ​អង្គការ​ ​Human Rights Watch​​ថ្លែង​ក្នុង​សន្និសីទ​កាសែត​មួយ​នៅ​ក្នុង​ក្រុង​ភ្នំពេញ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១២ ខែ​មីនា ឆ្នាំ​២០១៥ អំពី​ការ​រំលោភ​បំពាន​ខាង​ការងារ​​លើ​ស្ត្រី​​ជា​កម្មករ​រោងចក្រ។ (AP Photo/Heng Sinith)

«​ជាមួយ​ការ​ស្លាប់​របស់​នួន ជា​ រដ្ឋាភិបាល​ជា​ច្រើន​គួរ​នៅ​បន្ត​ទាម​ទារ​ឲ្យ​លោក​ហ៊ុន សែន​ធានា​ដំណើរការ​កាត់​ក្តី​អ្នក​ឯ​ទៀត​ ដែល​បាន​ធ្វើ​ឲ្យ​ប្រជាជន​ខ្មែរ​ឈឺ​ចាប់​ទាំង​កាយ​និង​ចិត្ត​ ក្នុង​អំឡុង​របប​ខ្មែរក្រហម​ប្រល័យ​ពូជ​សាសន៍»។

ក្រោយ​ពី​ការ​ស្លាប់​របស់​លោក​នួន ជា​ បង​ធំទី​២​របស់​ខ្មែរក្រហម​ អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ Human Rights Watch ​បាន​លើក​ពី​ចម្ងល់​អំពី​យុត្តិធម៌​ពេញ​លេញ​សម្រាប់​ពល​រដ្ឋ​រង​គ្រោះ​ដោយ​របប​ខ្មែរ​ក្រហម។​ អង្គការ​ដែល​មាន​មូល​ដ្ឋាន​ក្នុង​សហ​រដ្ឋ​អាមេរិក​នេះ​ស្នើ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​លើ​ជន​សង្ស័យ​បន្ថែម​ទៀត​ដើម្បី​បំពេញ​ចន្លោះ​ប្រហោង​នៃ​យុត្តិធម៌។ ​ក៏ប៉ុន្តែ​មន្ត្រី​រដ្ឋា​ភិបាល​បាន​ច្រាន​ចោល​ការ​លើក​ឡើង​នេះ។​

តើ​ជន​រង​គ្រោះ​និង​ក្រុមគ្រួសារ​របស់ជន​រង​គ្រោះបាន​ទទួល​យុត្តិធម៌​ដែល​ពួកគេ​សម​នឹង​ទទួលបាន​ហើយ​ឬនៅ​ ក្រោយ​ពី​ការ​ស្លាប់​របស់​នួន​ ជា ​អតីត​មេ​មនោគម​វិជ្ជា​នៃ​របប​កុម្មុយនិស្ត​ខ្មែរ​ក្រហម?​

អង្គការ​ឃ្លាំ​មើលការ​គោរព​សិទ្ធិ​មនុស្ស ​Human Rights Watch បាន​ចោទ​ជា​សំណួរ​ បី​ថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់​ពី​ការ​ស្លាប់​របស់​នួន ជា ​ដោយ​ស្នើ​ឲ្យ​សហគមន៍អន្តរជាតិបន្ត​ជំរុញ​ឲ្យ​រដ្ឋា​ភិបាល​កម្ពុជា​បន្ត​កាត់​ទោស​អតីត​កម្មាភិបាល​ជាន់​ខ្ពស់​ខ្មែរ​ក្រហម​បន្ថែម​ទៀត។​

លោក​នួន ជា​ អតីត​ប្រធាន​សភា​នៃ​របប​កម្ពុជា​ប្រជា​ធិបតេយ្យ​របស់​ពួក​ខ្មែរ​ក្រហម​ បាន​ស្លាប់​កាល​ពី​ល្ងាច​ថ្ងៃ​អាទិត្យក្នុង​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​ សូវៀត អាយុ​៩៣​ឆ្នាំ។ ​មរណភាព​របស់​លោក​នួន ជា ​កើត​ឡើង​ខណៈ​ដែល​លោក​ត្រូវ​បាន​ផ្តន្ទា​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិតនិង​កំពុង​រង់​ចាំ​ទទួល​ទោស​បន្ថែម​ចំពោះ​បទ​ចោទ​ប្រកាន់​ទាក់​ទង​នឹង​ការ​ស្លាប់​និង​ការ​សម្លាប់​ប្រជាពល​រដ្ឋ​ខ្មែរ​យ៉ាង​តិច​១,៧​លាន​នាក់​ក្រោម​ការ​កាន់​អំណាច​របស់​លោក។​

ក្នុង​សេចក្តី​ថ្លែង​ការណ៍​នៅ​ថ្ងៃ​អង្គារ​នេះ​ ​លោក​Phil Robertson ​នាយក​រង​របស់​អង្គការ​ Human Rights Watch​ ប្រចាំ​តំបន់​អាស៊ីប៉ាស៊ីហ្វិក​បាន​អធិប្បាយ​ថា​ «​ជាមួយ​ការ​ស្លាប់​របស់​នួន ជា​ រដ្ឋាភិបាល​ជា​ច្រើន​គួរ​នៅ​បន្ត​ទាម​ទារ​ឲ្យ​លោក​ហ៊ុន សែន​ធានា​ដំណើរការ​កាត់​ក្តី​អ្នក​ឯ​ទៀត​ ដែល​បាន​ធ្វើ​ឲ្យ​ប្រជាជន​ខ្មែរ​ឈឺ​ចាប់​ទាំង​កាយ​ និង​ចិត្ត​ ក្នុង​អំឡុង​របប​ខ្មែរក្រហម​ប្រល័យ​ពូជ​សាសន៍»។​

លោក​ Phil Robertson​ បាន​ប្រាប់​ VOA ​បន្ថែម​តាម​ទូរស័ព្ទ​នៅថ្ងៃ​អង្គារ​ថា​ លោក​ហ៊ុន សែន​គួរ​បញ្ឈប់​ការ​រារាំង​ដំណើរ​ការ​កាត់​ក្តី​តាម​តែអំពើ​ចិត្ត​នៅ​សាលាក្តី​ខ្មែរក្រហម​ផង​ដែរ។​

«គាត់​កំពុង​តែ​និយាយ​ដោយ​សាមញ្ញ​ថា ចលាចល​នឹង​កើត​មាន​ឡើង​ចេញពី​ការ​ស៊ើប​អង្កេត​ដែល​ស៊ី​ជម្រៅ​ជាង​នេះ។ ​ប្រហែល​គាត់ចង់​សំដៅ​ដល់​ខ្លួន​គាត់​ផ្ទាល់​ ឬក៏​អ្នក​ផ្សេង​ទៀត ​ដែល​នឹង​ប្រឆាំង​ការ​ស៊ើប​អង្កេត​បែប​នេះ​ ហើយ​ប្រឆាំង​មិន​ទទួល​ខុសត្រូវ​សព្វ​បែប​យ៉ាង​ចំពោះ​អ្វី​ដែល​ពួក​គាត់​បាន​ប្រព្រឹត្តក្នុង​អំឡុងពេល​នៃ​សម័យ​ខ្មែរក្រហម»។​

អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​កម្ពុជា​លោក​ផៃ ស៊ីផាន​សុំមិន​ផ្តល់​ការ​អធិប្បាយ​ទៅ​លើ​សេចក្តី​ថ្លែង​ការណ៍​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស ដោយសារ​លោក​កំពុង​ស្ថិត​នៅ​ក្រៅប្រទេស​ ហើយ​បាន​បង្វែរ​សំណួរ​ទៅ​អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌​លោកជិន ម៉ាលីន​ និង​ប្រធាន​គណៈ​កម្មាធិការ​សិទិ្ធ​មនុស្ស​កម្ពុជា​លោក​កែវ រ៉េមី។

លោក​ជិន ម៉ាលីន​ អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌​ មាន​ប្រសាសន៍​ថា​ ការ​អធិប្បាយ​ណា​មួយ​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​នោះ​គ្មាន​មូលដ្ឋាន​ផ្លូវ​ច្បាប់​ទេ​ និង​មាន​លក្ខណៈ​ចង​គំនុំ​ និង​រិះគន់​រដ្ឋាភិបាល​កម្ពុជា។

«គាត់​ចង់​ឲ្យ​ថា​ បើក​ការ​ស៊ើប​អង្កេតចោទ​ប្រកាន់​ទៅលើ​អ្នក​ដទៃ​ផ្សេងៗ​ទៀត​ហ្នឹង ​ទៅម៉េច​រួច!​ ឲ្យ​គាត់​ទៅមើល​ច្បាប់​ស្តីពី​ការ​បង្កើត​សាលាក្តី​ខ្មែរ​ក្រហមគឺ​មានតែ​អ្នក​ទទួល​ខុស​ត្រូវ​ជាន់​ខ្ពស់​ទេ​ដែល​ត្រូវ​ស្ថិត​នៅ​ក្នុង​ដំណើរ​ការ​ស៊ើប​អង្កេត​របស់​សាលាក្តី​ខ្មែរ​ក្រហម​ រួចគាត់​ចង់​ពន្លាត​ទៅ​ទូទាំង​ប្រទេស​ម៉េច​កើត?»​

នួន ជា​បាន​ស្លាប់​ក្រោយ​ពី​ស្ថិត​ក្នុង​ការ​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​អស់​រយៈ​ពេល​៣៣​ថ្ងៃ។​

ការ​អះអាង​របស់​លោក​ល៉ីវ សុវណ្ណា​ សហ​មេធាវី​ការពារក្តីនួន ជាបាន​ឲ្យ​ដឹង​ថា​ កូនក្តី​លោក​គឺនួន​ ជាបាន​ស្លាប់​ដោយ​ជំងឺ​រ៉ាំរ៉ៃ​ពាក់ព័ន្ធ​នឹង​ថ្លើម​ និង​តម្រង​នោម​ បូករួម​និង​ជរា​ភាព។​

លោក​នួន ជាគឺ​ជា​ជន​ជាប់​ចោទ​ម្នាក់​ក្នុង​ចំណោម​ជន​ជាប់​ចោទ​បួន​នាក់​ក្នុង​សំណុំ​រឿង​០០២ ​ដែល​មាន​ជន​ជាប់​ចោទ​សុទ្ធ​សឹង​ជា​មេ​ដឹក​នាំ​ជាន់​ខ្ពស់​បំផុត​នៃ​របប​ខ្មែរ​ក្រហម។ ​អៀង សារី ​និង​ប្រពន្ធ​របស់​គាត់​ អៀង ធីរិទ្ធ​បាន​ស្លាប់​នៅ​ពេល​ដែល​កំពុង​ដំណើរ​ការ​កាត់​ទោស។ ​ដោយ​ឡែក​សំណុំ​រឿង​០០២​នេះ ​នៅ​សល់​តែ​ជន​ជាប់​ចោទ​ម្នាក់​គត់​គឺ​ខៀវ សំផង ​អតីត​ប្រមុខ​រដ្ឋ​នៃ​របប​ខ្មែរ​ក្រហម។​

លោក​នួន ជា​ក៏ដូច​ជា​ជន​ជាប់​ចោទ​ក្នុង​សំណុំ​រឿង​០០២​នេះ​ដែរ ​មិន​ដែល​បាន​សារភាព​ពី​ទោស​កំហុសទាក់​ទង​នឹង​ឧក្រិដ្ឋ​កម្ម​ដែល​កើត​ឡើង​ក្នុង​អំឡុង​ពេល​ដែល​ពួក​គេ​កាន់​កាប់​អំណាច​នោះ​ទេ៕

សេចក្តីរាយការណ៍ពិសេស

  • VOA Khmer Special Report Section

    សេចក្តីរាយការណ៍ពិសេស

XS
SM
MD
LG