ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ខ្មែរ-អាមេរិកាំង​ថា ​នួន ជា ​ដោះសារ​រហូត​ថ្ងៃ​ស្លាប់​តែ​ព្រម​ផ្តល់​អហោសិកម្ម


សាច់ញាតិ​ចូលរួម​បុណ្យ​សព​របស់​ នួន ជា ដែលជា​មេដឹកនាំ​មនោគមវិជ្ជា​និង​ជា​បង​ធំ​ទី​២​នៅ​សម័យ​ខ្មែរ​ក្រហម ខេត្ត ប៉ៃលិន ថ្ងៃ​ទី ៥ ខែ សីហា ឆ្នាំ២០១៩។ REUTERS
សាច់ញាតិ​ចូលរួម​បុណ្យ​សព​របស់​ នួន ជា ដែលជា​មេដឹកនាំ​មនោគមវិជ្ជា​និង​ជា​បង​ធំ​ទី​២​នៅ​សម័យ​ខ្មែរ​ក្រហម ខេត្ត ប៉ៃលិន ថ្ងៃ​ទី ៥ ខែ សីហា ឆ្នាំ២០១៩។ REUTERS

«ចំពោះខ្ញុំ​បាទផ្ទាល់​ជាជន​រងគ្រោះ ខ្ញុំ​ថា​យើង​ជា​អ្នកកាន់សីលទាន​មានធម៌​មេត្តា​។ យើង​ថា​យើង​កាត់​ទោស​គាត់ហើយ​ យើង​ព្រលែង​គាត់​ទៅ​ព្រោះ​គាត់​ចាស់​ហើយ​ដើម្បី​ឱ្យ​គាត់​ខូច​ទៅ។ តែយើង​ដាក់​គុកគាត់។ យើង​ធ្វើ​បាបគាត់​​​គឺបាប​មក​យើង​អត់បាន​បុណ្យ​ទេ​»។

មរណភាព​របស់​នួន ជា​ មេមនោគម​វិជ្ជាខ្មែរ​ក្រហម​បាន​បញ្ចប់​សម្រែកទាមទារ​របស់​ជន​រងគ្រោះឱ្យ​អតីតមេដឹកនាំ​ជាន់ខ្ពស់​រូបនេះ​ទទួល​ខុសត្រូវ​ចំពោះ​ឧក្រិដ្ឋ​កម្ម​ដ៏ឃោរឃៅ​ដែល​បាន​កើត​ឡើង​កាលពី​ជាង​៤០​ឆ្នាំ​មុន។ ​

អតីត​មេខ្មែរ​ក្រហម នួន ជា មានឈ្មោះដើម​ថា​ឡុង ប៊ុនរួតបានស្លាប់​កាលពីថ្ងៃអាទិត្យ​ទី​៤​ខែ​សីហា​ នៅ​អាយុ​៩៣ឆ្នាំដោយ​រោគាពាធ​និង​វ័យចាស់ជរា​នៅ​មន្ទីរពេទ្យមួយក្នុងរាជធានី​ភ្នំពេញ។

របប​ខ្មែរក្រហមបាន​កាន់​អំណាចពីឆ្នាំ​១៩៧៥ដល់​១៩៧៩ ហើយ​បាន​បណ្តាល​ឱ្យស្លាប់​មនុស្សប្រមាណ១,៧​លាន​នាក់​ដោយសារ​តែ​ការបង្អត់អាហារ ជំងឺ​ដម្កាត់ ការងារ​ហួសកម្លាំង​និង​ការកាប់សម្លាប់ក្នុង​គោល​បំណងកសាងសង្គម​កសិកម្ម​ដ៏មហាលោតផ្លោះមហាអស្ចារ្យរបស់​ពួកគេ។​

សម្រាប់​ជនរងគ្រោះ​ខ្មែរ-​អាមេរិកាំង​ខ្លះមើលឃើញ​ថាពេល​នេះ​គឺជា​ពេល​ដែល​ពលរដ្ឋ​នៅ​រស់​រានមាន​ជីវិត​ត្រូវ​តែ​បន្ត​ដំណើរ​ទៅមុខ​ទៀត​ដោយរៀនសូត្រ​ពីបទពិសោធន៍ជូរចត់ពី​អតីតកាល​ដ៏​ខ្មៅ​កខ្វក់នេះ​និង​ត្រូវ​បញ្ចៀស​មិន​ឱ្យ​វាកើតឡើង​សារ​ជាថ្មី​ទៀត។

លោក​រ៉ូនី យឹមសុត រស់នៅ​ទីក្រុង​Portland រដ្ឋ​Oregon និង​ជាអ្នក​និពន្ធ​សៀវភៅស្តីពីរបប​ខ្មែរក្រហមដែលមានចំណងជើងថា​«ប្រឈម​មុខ​នឹង​របបខ្មែរ​ក្រហម៖ ដំណើរ​ផ្សងព្រេង​នៃ​ពលរដ្ឋ​កម្ពុជា​ម្នាក់‍»​ (Facing The Khmer Rouge: A Cambodian Journey) ​បាន​បញ្ជាក់​ប្រាប់​វីអូអេ​ថា៖

«ចំពោះខ្ញុំ​បាទផ្ទាល់​ជាជន​រងគ្រោះ ខ្ញុំ​ថា​យើង​ជា​អ្នកកាន់សីលទាន​មានធម៌​មេត្តា​។ យើង​ថា​យើង​កាត់​ទោស​គាត់ហើយ​ យើង​ព្រលែង​គាត់​ទៅ​ព្រោះ​គាត់​ចាស់​ហើយ​ដើម្បី​ឱ្យ​គាត់​ខូច​ទៅ។ តែយើង​ដាក់​គុកគាត់។ យើង​ធ្វើ​បាបគាត់​គឺបាប​មក​យើង​អត់បាន​បុណ្យ​ទេ​»។​

សមាជិកក្រុ​ម​គ្រួសារផ្ទាល់របស់​លោករ៉ូនី យឹមសុត ​ត្រូវ​បាន​ខ្មែរ​ក្រហម​សម្លាប់ស្ទើរអស់មួយពូជហើយ​លោកយល់​ថាយុត្តិធម៌ត្រូវតែ​មានចំពោះ​ជន​រងគ្រោះ។ ​យុត្តិធម៌​នេះ​គឺ​លោកយល់​ថា​លោកទទួលបាន​ពី​សាលាក្តី​ខ្មែរ​ក្រហម​ដែលបាន​រក​ឃើញថា​នួន ជា​មាន​ទោស​កំហុស ​បើ​ទោះ​បីជា​នួន ជា​នៅតែ​ប្រកែក​ក៏​ដោយ។

​លោក​រ៉ូនី បាន​បន្ថែម​ថា៖

«គាត់ឆ្លើយ​គឺឆ្លើយ​ដាក់​យួន​រហូត​។ លោក​តាហ្នឹង​គាត់​និយាយ​តាំងពីដើម​មក​ គាត់​មិន​ដែល​ទទួល​ខុសត្រូវ​ទេប៉ុន្តែ​ភស្តុតាង​មាន។ សូម្បី​ឌុច​ក៏​ឆ្លើយ​ដាក់​ដែរថា​មេធំគេ​ដែល​ជាអ្នក​បញ្ជា​មក​គឺ​គ្មាន​អ្នកណា​ក្រៅពីនួន ជា​ហ្នឹង​ឯង ដែល​បញ្ជា​ទៅ សម្លាប់​នៅ​ទួលស្លែង។ ម្ល៉ោះ​ហើយ​គាត់​មិន​ទទួល​ខុសត្រូវ​ទេ​ការដែល​គាត់​បញ្ជា​ឱ្យ​ធ្វើ​ហ្នឹង​។ ប៉ុន្តែ​យើង​ដឹង​ហើយ​មិន​ចាំ​បាច់​តុលាការ​កាត់​ទោស​ឬ​អ្នក​បច្ចេកទេស​មក​និយាយ​ទេ​គឺ​យើង​ដឹង​ថា​គាត់​អ្នក​ទទួល​ខុសត្រូវ។ បើ​គាត់​មិន​បាន​ធ្វើ​ខ្លួន​គាត់​ក៏ឌុច​គាត់​ធ្វើ​ដែរ​ព្រោះ​នៅក្រោម​គាត់​ ធ្វើ​ជំនួស​គាត់‍»។​

ក្រុមអ្នកស្រាវជ្រាវ​ជឿ​ថា​នួន ជា​ ក្នុងនាម​ជា​បងធំទីពីរ ​ជាដៃស្តាំ​របស់​ប៉ុលពត​និង​ជាមេមនោ​គម​វិជ្ជា​គឺ​បាន​ទទួល​ខុស​ត្រូវ​ចំពោះ​គោល​នយោបាយ​ដ៏ប្រល័យ​នៃ​របប​ខ្មែរ​ក្រហម និង​ពាក់ព័ន្ធដោយ​ផ្ទាល់​នឹង​ការបោស​សម្អាត​ផ្ទៃក្នុង​បក្សនិង​ការកាប់សម្លាប់​។​

ប៉ុន្តែ​នួនជា បន្តបដិសេធ​ថា​លោក​មិន​ទទួល​ខុសត្រូវ​ចំពោះ​ការស្លាប់​និងកាប់សម្លាប់​នោះ​ទេ​គឺ​លោក​គ្រាន់តែ​មានការទទួល​ខុសត្រូវ​ផ្នែក​មនោសញ្ចេតនា​ក្នុង​នាម​ជាអ្នក​ដឹកនាំប៉ុណ្ណោះ។

អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុងតុលាការ​កម្ពុជា​ដែល​គាំទ្រ​ដោយ​អង្គការ​សហប្រជាជាតិ​បានកាត់​ទោស​នួន ជា​នៅឆ្នាំ​២០១៤​ក្នុង​សំណុំរឿង​០០២/១ ​ពីបទ​ឧក្រិដ្ឋកម្មប្រឆាំងមនុស្ស​ជាតិឱ្យ​ជាប់​គុក​អស់​មួយ​ជីវិត​។ រីឯ​ទោស​ពាក់ព័ន្ធ​នឹងឧក្រិដ្ឋកម្ម​បទ​ប្រល័យ​ពូជ​សាសន៍​ក្នុង​សំណុំរឿង​០០២/២​គឺ​ត្រូវ​មេធាវី​បញ្ជាក់​ថា​បាន​ចប់​ត្រឹម​មរណភាព​របស់​គាត់​ដោយ​គ្មានទោសពៃរ៍។

លោកអ៊ឹង គីឡុង ​រស់នៅទីក្រុង Portland ​រដ្ឋOregon​និង​ជា​អ្នកនិពន្ធសៀវភៅ«ស្លឹកមាស‍»​ដែល​រៀបរាប់ពីជីវិត​ផ្ទាល់ខ្លួន​ឆ្លងកាត់របបខ្មែរ​ក្រហម។ លោកបញ្ជាក់​ថា​លោក​សុខចិត្ត​ផ្តល់​អហោសិកម្មដល់​លោក​នួន ជា​ដែល​បាន​ស្លាប់​បាត់​បង់​ជីវិតទៅហើយដែរ​ដោយ​មិន​មាន​ចិត្ត​ចង​អាឃាត​អ្វី​ទៀត​ទេ។

«បើថា​គាត់​ស្លាប់​អីចឹ​ង​ទៅ​ក៏​ខ្ញុំ​ជួយ​ត្រេកអរ​ឱ្យ​គាត់​ដែរ ព្រោះ​អីចឹង​ទៅ គឺ​គាត់​បាន​សុខដែរ‍»។​

​លោក​ អ៊ឹង គីឡុង លោកបាន​ភៀស​ខ្លួន​ចេញពី​ប្រទេស​កម្ពុជាជា​មួយ​នឹងបងស្រី បន្ទាប់ពីម្តាយឪពុក​ ​និងបងប្អូនស្រីដទៃទៀតរបស់លោកត្រូវ​បាន​ក្រុមខ្មែរក្រហមសម្លាប់​ចោល។ ​

លោក​គីឡុង យល់​ថា​ទោះបីជាលោកនួន ជា ​និយាយដោះសារអ្វី​ក៏​លោក​មិន​ជឿ​ដែរ​ដោយ​សារ​លោក​ជាជន​រងគ្រោះ​ដោយ​ផ្ទាល់ដែល​ឆ្លងកាត់​របប​វាល​ពិឃាត​នោះនិង​ឃើញ​ថា​អ្នកណា​ជា​អ្នកប្រព្រឹត្ត​អំពើឃោរឃៅ​ទាំង​នោះ។ ប៉ុន្តែ​លោក​ស្នើ​ថា​មេដឹកនាំ​គួរតែ​មានការទទួល​ខុស​ត្រូវដោយ​មិន​ត្រូវ​ដាក់​កំហុស​លើអ្នកដទៃ​ទេ។

«ខ្មែរយើង​ឆ្លាតៗ​ណាស់​ ដល់ពេល​យើង​ធ្វើ​អីខុស​អីចឹងយើង​ទៅចោទ​ជនបរទេស​ជា​អ្នកនាំ​ឱ្យ​យើង​ធ្វើ​អីចឹងៗ​ដល់អីចឹង​មើលទៅ​យើង​ថោក​ទាប​ណាស់​ ធ្វើ​ដូច​យើង​ល្ងង់ណាស់ ភ្លើៗ​ណាស់​។ យើង​ឆ្លាតណាស់ប៉ុន្តែ​យើង​ធ្វើ​ខុស​។ បើ​យើង​ធ្វើ​ខុស​យើង​ទទួល​កំហុស​ទៅ​ ហ្នឹង​យើង​មាន​មុខ​មាត់​ទៀត‍»។

របប​ខ្មែរក្រហម​ទទួល​បាន​ការគាំទ្រ​ពី​គ្រប់វិស័យ​ពីរដ្ឋាភិបាល​កុម្មុយនិស្ត​ចិន​មុន​នឹង​ក្រុម​យោធាវៀតណាម​បាន​ផ្តួលរំលំ​នៅ​ខែមករា​ឆ្នាំ​១៩៧៩​ហើយលើកបន្តុប​រដ្ឋាភិបាល​មួយ​ដែល​គាំទ្រ​ក្រុង​ហាណូយ។ ប៉ុន្តែក្រុមខ្មែរក្រហមបានបន្តការតស៊ូតាមជាយដែនពីប្រទេស​ថៃ​តាំងរហូត​ដល់​ចលនាតស៊ូ​នេះ​បាន​ដួលរំលំ​នៅខែធ្នូ ឆ្នាំ​១៩៩៨​នៅ​ពេល​ ​នួន ជា​ និងខៀវ សំផនបាន​ដឹកនាំ​កងកម្លាំង​ដែល​នៅ​សេសសល់​ចុងក្រោយ​មកចុះចូល​ជាមួយ​នឹង​រដ្ឋាភិបាល​ដែល​ដឹកនាំ ដោយ​លោក​នាយករដ្ឋ​មន្ត្រីហ៊ុន សែន។ លោកនួន ជា ត្រូវបាន​ចាប់​ខ្លួនដោយ​អង្គជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​ដែល​ជា​តុលាការកូន​កាត់​កម្ពុជា​និង​អន្តរជាតិ​នៅថ្ងៃ​ទី​១៩ ខែ​កញ្ញា​ ឆ្នាំ​២០០៧។ លោកជាប់​ចោទ​ពី​បទឧក្រិដ្ឋកម្មប្រល័យ​ពូជសាសន៍ ​ឧក្រិដ្ឋកម្ម​សង្គ្រាម​និង​ឧក្រិដ្ឋ​កម្ម​ប្រឆាំង​មនុស្ស​ជាតិ។

លោកស្រី បៃ សុផានី នៅ​រដ្ឋ​កាលីហ្វញ៉ា​និង​ជា​ដើមបណ្តឹងរដ្ឋប្បវេណីក្នុងតុលាការ​ខ្មែរ​ក្រហម​ ​បាន​សម្តែង​ក្តី​សោក​ស្តាយដែល​លោក​នួន ជា​មិន​ទាន់​បាន​បញ្ចេញ​ព័ត៌មាន​ជាច្រើន​ទៀត​ពាក់​ព័ន្ធ​នឹង​ការដឹកនាំ​របស់​គាត់។

លោកស្រី​បាន​បញ្ជាក់​ប្រាប់​វីអូអេ​ថា៖

«ការបាត់បង់​របស់នួន ជា​គឺ​យើង​មានការសោកស្តាយ​ដែល​យើង​មិន​បាន​ដឹង​ដោយ​ច្បាស់​លាស់​ ឱ្យ​ខ្មែរ​រងគ្រោះ​ទាំងអស់​គ្នា​ដឹង​ច្បាស់​លាស់​ពិតប្រាកដ​ថា​ការស្លាប់​ហ្នឹង​យ៉ាងម៉េច? ជាស្នាដៃ​អ្នកណា​ពិតប្រាកដ​ ប៉ុន្តែ​ខ្ញុំ​នៅ​តែ​ដោត​ជាប់​អីចឹង ដោត​ជាប់​ថា​ទោះបី​ជា​ខ្មែរ​ក្រហម​ចង្អុល​ទៅលើ​យួន​ទៅលើ​អី​ក៏ដោយ​ប៉ុន្តែ​ខ្មែរ​ក្រហម​ហ្នឹង​ជា​អ្នកដៃ​ដល់​សម្លាប់​ខ្មែរ​ដោយ​អត់​ប្រណី​។ បើ​គេ​ឱ្យ​ធ្វើ​តែមួយ​គឺ​ធ្វើ​ដល់​១០​ឯណោះ‍»។

លោកស្រី​សុផានី ទាមទារ​យុត្តិធម៌​សម្រាប់កូនបីនាក់​និងក្រុមគ្រួសារ​ទាំងមូល​បាន​ស្លាប់​បាត់​បង់ជីវិតនៅ​ក្នុង​របបខ្មែរ​ក្រហម​ហើយ​បាន​ចាត់​ទុក​ថា​លោក​នួន ជា​គឺជា​មនុស្ស​កំសាកម្នាក់។

«ខ្ញុំ​និយាយ​ថា​គាត់​មិន​មែន​អ្នកស្នេហាជាតិ​ទេ​ដល់​អីចឹង​គាត់​ជាមនុស្ស​កំសាក​។ អ្នកណា​ថា​ឱ្យ​ខ្មែរ​ក្រហម​រួច​ខ្លួន​ថា​ជាមនុស្ស​តាមគេ មិនមែន​ទេ​យើង​ជាមនុស្ស​កំសាក​។ យើង​អត់​ហ៊ាន​និយាយ​ការពិត។ ដូច្នេះ​យើង​ក៏​អីចឹង ចិន យួន​ក៏អីចឹង​គឺបាតដៃ​វា​ប្រឡាក់ឈាម​ខ្មែរ​ព្រោះ​ខ្ញុំ​ជា​ជន​រងគ្រោះ ខ្ញុំ​ឈឺចាប់​ជាទីបំផុត​ ព្រោះ​ខ្ញុំ​អស់កូនរលីង​ដោយស្នាដៃ​ពួក​ប៉ុលពត។ វាវាយ​ វាធ្វើ​បាប អត់បាយ សម្លាប់ ហើយ​គ្រួសារខ្ញុំ​ទាំងមូល​ឪ​ពុក​ម្តាយ​បងប្អូន​ខ្ញុំ​ទាំងអស់​គឺ​ស្លាប់​មួយ​ពូជ​ហ្មង​នៅ​ខាង​កំពង់ឆ្នាំង‍»។​

ដើមបណ្តឹង​រដ្ឋប្បវេណី​ម្នាក់​ទៀត គឺ​ អ្នកស្រី​នៅ សារីម រស់នៅ​រដ្ឋ​ម៉ារីឡែន ​យល់​ថា​អតីត​មេដឹកនាំ​ទាំងនោះបាន​ទទួល​ទោស​តាម​ផ្លូវច្បាប់និង​ផ្លូវ​ធម៌​តាម​ទង្វើ​របស់​ខ្លួន​ហើយ។

«អ្វី​ដែល​ពួក​អ្នកដឹកនាំ​អស់​ហ្នឹង​ធ្វើ​គឺ​ថា​អ្នកទាំងអស់​ហ្នឹង​ទទួល​កម្មផល​របស់ខ្លួន​ហើយ​។ ដូច​ជា​ជាប់គុក​ជាប់​អី អីចឹង​ទៅហើយ​ប៉ុល ពត​ងាប់​មើល​ទៅ​គួរ​ឱ្យ​អាម៉ាស់​។ តាម​ខ្ញុំ​មើល​ឃើញ​បើសិន​ជា​នួន ជា​នៅ​រស់ហើយ​គេ​កាត់​សេចក្តី​តទៅ​ទៀត​ក៏​នួន​ជា មិន​បាន​ទៅឆ្លើយ​សារភាព​ថា​ខ្លួន​ឯង​បាន​ធ្វើ​ខុស​អីដែរ‍»។

នួន ជា​មាន​ជីវិត​រស់នៅ​បាន​យូរ​ជាង​អតីតមេដឹកនាំ​ខ្មែរ​ក្រហម​ដទៃទៀត​ដែល​បាន​ស្លាប់​ក្នុង​ពេល​កន្លងមក។ លោក​អៀង សារី អតីត​រដ្ឋ​មន្ត្រី​ការបរទេស​បានស្លាប់​ពេល​មាន​អាយុ​៨៧ឆ្នាំ និង​ភរិយា​របស់​គាត់​គឺ​លោកស្រី​ អៀង ធីរិទ្ធ​អតីត​រដ្ឋ​មន្ត្រី​សង្គមកិច្ច​ស្លាប់​នៅ​អាយុ​៨៣ឆ្នាំ។ រីឯ​ប៉ុលពត អតីត​នាយករដ្ឋ​មន្ត្រី បាន​ស្លាប់​នៅ​អាយុ​៧៣ឆ្នាំក្នុងឆ្នាំ​១៩៩៨នៅ​ក្នុង​ព្រៃ​ជាយ​ដែន​កម្ពុជា-ថៃ។ បច្ចុប្បន្ន​នៅ​មាន​មេដឹកនាំ​ជាន់ខ្ពស់​ខ្មែរ​ក្រហម​តែម្នាក់​គត់​ដែល​នៅ​រស់​រាន​មាន​ជីវិត​គឺ​ ខៀវ សំផន​អតីត​ប្រមុខ​រដ្ឋ​ពេល​នេះ​អាយុ​៨៨ឆ្នាំ​ហើយនិង​កំពុង​ជាប់​ពន្ធ​នាគារ​អស់​មួយ​ជីវិត​ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិហើយក៏រង់ចាំ​ការសម្រេចក្តី​ចុងក្រោយពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្មប្រល័យ​ពូជសាសន៍​។

មានមេខ្មែរក្រហម​ថ្នាក់កណ្តាល​ម្នាក់​ទៀត​គឺ​កាំង ហ្កេកអ៊ាវ​ហៅឌុច​អតីត​ប្រធាន​គុក​ទួលស្លែងកំពុង​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​ដោយសារ​តែបាន​សម្លាប់អ្នកទោស​ជាង​១២.០០០នាក់។ ​

ក្នុងពេល​ដែល​តុលាការខ្មែរ​ក្រហម​នៅបន្ត​ការកាត់​ក្តី​ដែល​អូសបន្លាយ​ជា​យូរឆ្នាំហើយដើម្បី​ស្វែង​រក​យុត្តិធម៌​និង​ការពិត​ជូន​ប្រជាជនខ្មែរ​ប៉ុន្តែ​សម្រាប់​ជនរងគ្រោះ​ដូច​ជា​លោក​រ៉ូនី យឹមសុត លោក​ អ៊ឹង គីឡុង​និង​លោកសៀង សេង ​គឺ​ពួកគេ​ស្វែង​រក​វិធី​ផ្ទាល់​ខ្លួន​ក្នុងការ​ផ្សះផ្សារ​របួស​ផ្លូវចិត្ត​និងប៉ះប៉ូវការ​បាត់បង់ដ៏ធំ​ដែល​គ្មាន​អ្វី​ជំនួស​បាន​តាម​រយៈ​ការ​សរសេរ​សៀវភៅដើម្បី​ចែក​រំលែក​ប្រវត្តិ​គ្រួសារ​ផ្ទាល់ខ្លួន។

លោក​ សៀង សេង ​នៅរដ្ឋ​កាលីហ្វញ៉ា​ បាន​ចែក​រំលែក​បទពិសោធ​ឈឺចាប់​នេះ​តាម​រយៈ​សៀវភៅ​កំណត់ហេតុ​ផ្ទាល់ខ្លួន ​ដែល​មាន​ចំណង​ជើងថា ​«រដូវ​អត់​អាហារ‍» (Starving Season: One Person’s Story)​។ លោក​បាន​បញ្ជាក់​ប្រាប់វីអូអេ​ថាលោកដឹង​ថា​នួន ជា​គឺ​ជា​មេដឹកនាំ​ដែល​មាន​កំហុស​ប៉ុន្តែ​ពេល​នេះ​គឺ​មិនមែន​ជាពេល​ដែល​ត្រូវ​វែកញែកខុសត្រូវ​ទៀត​ទេ​ វាគឺជា​ពេល​ដែល​ត្រូវ​បន្ត​ដំណើរ​ទៅមុខទៀត។​

លោក​សៀង សេង បាន​បន្ថែម​ថា៖

«គាត់ជាមនុស្ស​ដែលនៅ​ក្នុង​ចំណោម​សំខាន់ៗ​ដែល​ធ្វើ​ឱ្យ​បងប្អូនយើង​ស្លាប់​រាប់លាន​នាក់​។ ប៉ុន្តែ​ចំពោះ​ខ្ញុំ​ ខ្ញុំ​យល់​ថា​យើង​ឈប់​គិត​គូ​ពីរឿង​សងសឹកគ្នា​ទៅវិញ​ទៅមក​ពីព្រោះ​រឿង​នេះ​វាកន្លង​ផុត​ទៅហើយ​។ ខ្ញុំ​ជឿ​ថា​យើង​គួរ​តែ​យក​បញ្ហា​ប្រវត្តិសាស្រ្ត​នេះ​ដែល​ទាក់​ទង​ទៅ​នឹង​ការសម្លាប់​រង្គាល​គឺ​ជាមេរៀន​របស់​យើង​វិញសម្រាប់​កែប្រែ​ប្រទេស​យើង​កុំ​ឱ្យ​មាន​រឿង​បែប​ហ្នឹង​កើតឡើងវិញ‍»។​

ចំណែកអ្នក​ស្រី នៅ​ សារីម យល់​ថាអ្នកនយោបាយ​ត្រូវ​ស្មោះត្រង់​ពិតប្រាកដ​នឹង​ជាតិ​ដោយ​មិនត្រូវពឹង​បរទេសហួសហេតុ​ដែល​នាំ​អន្តរាយ​ដល់​ខ្លួន​វិញ​នាពេល​ក្រោយ។

«អ្នកនយោបាយ​ខ្មែរ​ជាបន្តបន្ទាប់​ហ្នឹង​តាំងពី​សម័យ​ខ្មែរ​ក្រហម​មក​ហ្នឹង​ឬសម័យ​មុនហ្នឹង​គឺ​ថា​ធ្វើ​នយោបាយ​មិន​ស្មោះត្រង់​សម្រាប់​ជាតិ​ខ្លួន​ឯង​គឺ​ដូច​ថា​ចេះ​តែពឹង​បរទេសឱ្យ​មក​ជួយ​សម្រាប់​យក​ជ័យ​ជម្នះ​។ ដូច្នេះ​ការដែលខ្លួន​ឯង​ពឹង​ពាក់​បរទេស​មក​ដើម្បី​គាំទ្រ​ខ្លួន​ឯង​ដើម្បី យក​ជ័យ​ជម្នះ​លើ​បក្ស​មួយ​ទៀត​ហ្នុង​គឺ​ថា​នេះ​ហើយ​ជាកម្មផល​របស់​ខ្លួន‍»។

ខុសពី​សមាជិកក្រុមគ្រួសារ​ខ្មែរ​-​អាមេរិកាំងទាំងនេះ​ដែល​បាន​ស្លាប់បាត់បង់ជីវិត​ដោយ​គ្មាន​ពិធី បុណ្យ​តាមសាសនា​និង​រកសាកសព​មិនឃើញ ប៉ុន្តែ​សម្រាប់​អ្នក​បង្កើត​របប​វាល​ពិឃាត​គឺ​លោក​នួន ជា​នឹង​ត្រូវក្រុមគ្រួសារ​រៀបចំ​ពិធី​តាម​ទំនៀម​ទម្លាប់​ខ្មែរ​ដែល​របប​៣ឆ្នាំ​៨ខែ​និង​២០​ថ្ងៃ​របស់​គាត់​បាន​ហាមឃាត់​និង​ចាត់​ទុក​ជា​សត្រូវ​បដិវត្តន៍៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG