លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់សារជាថ្មីម្ដងទៀតពីការផ្អាកពិធីបុណ្យអ៊ុំទូកនៅតាមដងទន្លេសាប មុខព្រះបរមរាជវាំងក្នុងឆ្នាំនេះ ដោយសារតែគ្រោះរាំងស្ងួតនិង កម្ពស់ទឹកទាបក្នុងប្រទេសកម្ពុជា បន្ទាប់ពីរដ្ឋាភិបាល បានចេញសារាចរណែនាំអំពីការផ្អាកពិធីបុណ្យនេះកាលពីថ្ងៃសៅរ៍។
លោកនាយករដ្ឋមន្ត្រីដ៏មានឥទ្ធិពលថ្លែងយ៉ាងដូច្នេះ នៅក្នុងពិធីចុះសួរសុខទុក្ខដល់ប្រជាពលរដ្ឋ និងយោធិនពិការនៅតំបន់តាកែនកោះស្លា ស្ថិតនៅក្នុងស្រុកឈូកខេត្តកំពតកាលពីព្រឹកថ្ងៃអាទិត្យ។
ក្នុងពិធីសំណេះសំណាលនោះ លោកនាយករដ្ឋមន្ត្រីពុំបានផ្ញើរសានយោបាយច្រើន ដូចសព្វដងនោះទេ។
ថ្លែងទៅកាន់យោធិនពិការនៅក្នុងពិធីនោះ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន មានប្រសាសន៍ថា៖
«ឆ្នាំនេះទឹកទន្លេទាបខ្លាំងណាស់ ហើយមិនមែនទាបតែស្រុកខ្មែរទេ ទាបតាំងពីស្រុកចិន ធ្លាក់មក មីយ៉ាន់ម៉ាដែលហៅថាភូមា ធ្លាក់មកឡាវ មកថៃ មកកម្ពុជា និងទៅវៀតណាមគឺទាបដូចគ្នា អញ្ចឹងទេ ទឹកអត់មានហូរទេ មិនអាចអ៊ុំបានទេ»។
លោកបញ្ជាក់ថា ថវិកាជាតិដែលគ្រោងសម្រាប់ការរៀបចំពិធីបុណ្យអុំទូកនៅមុខព្រះបរមរាជវាំង និងត្រូវបង្វែរមកក្រសួងធនធានទឹក ដើម្បីដោះស្រាយការចំណាយលើការបូម និងទប់ទឹកសម្រាប់ការធ្វើស្រែក្នុងរដូវប្រាំងវិញ។
ពិធីបុណ្យអុំទូកដែលជាប្រពៃណីតាំងពីបុរាណកាលរបស់ប្រជាពលរដ្ឋខ្មែរ ជាធម្មតាត្រូវរដ្ឋាភិបាលគ្រោងរៀបចំធ្វើនៅមុខព្រះបរមរាជវាំងរយៈពេល៣ថ្ងៃ គឺពីថ្ងៃទី២៤ ២៥ ដល់ថ្ងៃទី២៦ខែវិច្ឆិកា។
ពិធីបុណ្យអុំទូក ត្រូវបានផ្អាកបីដងរួចមកហើយនៅមុខព្រះបរមរាជវាំង គឺនៅឆ្នាំ២០១១ ក្រោយពីព្រឹត្តិការណ៍ជាន់គ្នាស្លាប់អ្នកដើរកម្សាន្តជាង៣៥០នាក់នៅលើស្ពានកោះពេជ្រ នៅឆ្នាំ២០១២ ក្រោយពីការសោយទិវង្គតរបស់ព្រះបរមរតនៈកោដ្ឋសម្ដេចព្រះបាទនរោត្តមសីហនុ និងនៅឆ្នាំ២០១៣ ក្រោយពីការបោះឆ្នោតជាតិនៅខែកក្កដា។
រដ្ឋាភិបាលកម្ពុជា បានរៀបចំពិធីបុណ្យអុំទូកនៅមុខព្រះបរមរាជវាំងសារជាថ្មី នៅឆ្នាំ២០១៤ ក្រោយពេលដែលគណបក្សគ្រប់គ្រងប្រទេស និងគណបក្សប្រឆាំងចុះកិច្ចព្រមព្រៀងបញ្ចប់ការជាប់គាំងនយោបាយអស់រយៈពេលជិតមួយឆ្នាំ។ កិច្ចព្រមព្រៀងនោះ ក៏បានបញ្ចប់ការធ្វើបាតុកម្មជាទ្រង់ទ្រាយធំដែលមិនធ្លាប់មាន ក្រោយការប្រកាសលទ្ធផលឆ្នាំ២០១៣ផងដែរ។
ក៏ប៉ុន្តែ ការផ្អាកពិធីបុណ្យអុំទូកនៅមុខព្រះបរមរាជវាំងនៅក្នុងឆ្នាំ២០១៥នេះ ត្រូវអ្នកតាមដានស្ថានការណ៍នយោបាយ នៅក្នុងប្រទេសកម្ពុជាយល់ថា ជាការផ្អាកមួយដែលជាប់ពាក់ព័ន្ធនឹងរឿងនយោបាយ ក្រោយការផ្ទុះអំពើហិង្សាវាយដំតំណាងរាស្ត្របក្សប្រឆាំង និងការបោះឆ្នោតទម្លាក់អនុប្រធានបក្សប្រឆាំងពីកៅអីអនុប្រធានសភាជាតិ។
លោក អ៊ូ វីរៈ នាយកវេទិកាអនាគត និងជាអ្នកវិភាគឯករាជ្យ បញ្ជាក់ពីការផ្អាកការរៀបចំពិធីបុណ្យអុំទូកនៅព្រះបរមរាជវាំងយ៉ាងដូច្នេះថា៖
«ខ្ញុំមើលទៅ ទាក់ទងរឿងនយោបាយទាំងស្រុង ព្រោះអីមូលហេតុដែលផ្ដល់មក ទាក់ទងរឿងភាពរាំងស្ងួត ឬមួយក៏ទឹកទន្លេទាបអី មិនសមហេតុផល ព្រោះអីនៅក្នុងប្រវត្តិសាស្ត្រខ្មែរយើង បើសិនជាគ្រាន់តែភាពរាំងស្ងួតប៉ុណ្ណឹង យើងឈប់ធ្វើបុណ្យអុំទូក ប្រហែលជាបុណ្យអុំទូកអត់ក្លាយទៅជា ទំនៀមទម្លាប់មួយទេ អត់ទៅជាប្រពៃណីមួយទេ ព្រោះអីយើងឈប់ច្រើនដងពេក ហើយមិនមាន ឱកាសនៅក្នុងការធ្វើរៀងរាល់ឆ្នាំ តាំងពីប្រវត្តិសាស្ត្រយើងមកអញ្ចឹងទេ ដោយសារអញ្ចឹងបានខ្ញុំថាជារឿង មួយជាលេសមួយ »។
លោកថ្លែងបន្តថា ភាពរអាក់រអួលនៃការរៀបចំពិធីបុណ្យអុំទូកនៅមុខព្រះបរមរាជវាំងនេះ អាចធ្វើឲ្យសាបរលាបវប្បធម៌របស់ប្រជាពលរដ្ឋខ្មែរផងដែរ។
«ខ្ញុំមើលទៅបាត់បង់ព្រលឹងជាតិខ្មែរយើងគ្រាន់បើនៅពេលបច្ចុប្បន្នព្រោះអី យើងសម្រេចឈប់បុណ្យសំខាន់ៗមួយចំនួន ដែលមានប្រយោជន៍ ក៏ដូចជាបុណ្យអុំទូកអញ្ចឹង ឥឡូវហ្នឹង ក្មេងៗបែរទៅ បែរទៅជប់លៀងរឿង Halloween រឿងបុណ្យខ្មោចអាមេរិកឯណាវិញ ពាក់មុខខ្មោច ពាក់មុខយក្សអីអាមេរិកឯណោះវិញ តាមអាមេរិកឯណោះវិញទៅ អញ្ចឹង ជារឿងនយោបាយ ហើយជារឿងមួយដែលខ្ញុំសោកស្ដាយដែរ »។
កាលពីចុងខែតុលាកន្លងទៅនេះ អំពើហិង្សាមួយ បានកើតឡើង ដោយអ្នកតវ៉ាមួយក្រុមដែលគេជឿថា ជាអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា និងជាអ្នកដែលនៅសេសសល់ពីការធ្វើបាតុកម្មប្រឆាំងលោក កឹម សុខា បានវាយទាត់ធាក់អ្នកតំណាងរាស្ត្រពីររូបនៃគណបក្សសង្គ្រោះជាតិ គឺលោកគង់ សភា និងលោកញ៉យ ចំរើន។
អំពើហិង្សានោះ កើតឡើងបន្ទាប់ពីអ្នកតវ៉ាជាច្រើនរយនាក់ បានរំសាយពីការធ្វើបាតុកម្មទាមទារដកលោកកឹម សុខាចេញពីតំណែងអនុប្រធានទីមួយនៃសភាជាតិ។
លោកយ៉ែម បុញ្ញឬទ្ធិ អ្នកនាំពាក្យនៃគណបក្សសង្គ្រោះជាតិ បានច្រានចោលការសង្ស័យថា គណបក្សសង្គ្រោះជាតិរៀបចំការតវ៉ា និងបាតុកម្ម ប្រសិនបើមានការរៀបចំពិធីបុណ្យនេះ នៅក្នុងរាជធានីភ្នំពេញ។
«អត់ទេពីព្រោះគណបក្សសង្គ្រោះជាតិ មិនមានគម្រោងធ្វើអីទេ។ ហើយការប្រកាសនោះ គាត់បានបង្ហាញហេតុផលហើយ ដោយសារទឹកមិនគ្រប់គ្រាន់ហើយនិងអាចជួបប្រទះភាពរាំងស្ងួត ដូច្នេះ យើងមិនមានគិតថា ដោយសារហេតុអីមួយនោះទេ »។
រីឯលោកសុខ ឦសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ក៏បានច្រានចោលការចោទប្រកាន់អំពីការផ្អាកពិធីបុណ្យអុំទូកដោយសារតែរឿងនយោបាយ និងការខ្លាចរអាចំពោះការធ្វើបាតុកម្មនោះដែរ។
«ខ្លាចបាតុកម្មអី បាតុកម្មអីទៅធំជាងអាឆ្នាំ២០១៣ ហើយអញ្ចឹងបានតែថា អស់លោកមានមតិហ្នឹងចេះតែមានមតិទៅ ឥឡូវរាជរដ្ឋាភិបាលលោកមានទឡ្ហីករណ៍ច្បាស់លាស់ហើយ អញ្ចឹងអត់មានអីត្រូវនិយាយច្រើនទេ គ្រាន់តែថាចរិតពួកប្រឆាំង ធ្វើអីក៏មិនត្រូវចិត្តគាត់ដែរ គាត់ប្រឆាំងរហូត »។
លោកថ្លែងបញ្ជាក់ថា ការផ្អាកនេះ ក៏នឹងមិនប៉ះពាល់ដល់ប្រពៃណីវប្បធម៌នៃការរៀបចំពិធីបុណ្យនេះដែរ។
ក្នុងសារាចរស្ដីពីការផ្អាកពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុកឆ្នាំ២០១៥ ចុះហត្ថលេខា ដោយលោកនាយករដ្ឋមន្ត្រីហ៊ុន សែននៅថ្ងៃទី៣១តុលា បានបញ្ជាក់ថា ឆ្នាំនេះទឹកទន្លេមានកម្រិតទាបពេក ខណៈដែលប្រទេសកម្ពុជា កំពុងជួបប្រទះគ្រោះរាំងស្ងួត ដែលទាមទារឲ្យរដ្ឋាភិបាល ត្រូវប្រមូលផ្ដុំកម្លាំងសរុប មធ្យោបាយសរុប ក្នុងការដោះស្រាយបញ្ហាកង្វះខាតទឹកសម្រាប់ស្រូវប្រាំងជូនកសិករនៅតាមខេត្ត។
យ៉ាងណាក៏ដោយ លោកហ៊ុន សែន បានថ្លែងប្រាប់យោធិនពិការនៅស្រុកឈូកដដែលនោះថា ការរៀបចំពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក អាចធ្វើបានដូចរាល់ដងដដែលនៅតាមបណ្ដាខេត្តនានានៃប្រទេសកម្ពុជា ដោយយោងទៅតាមលទ្ធភាពរបស់ខេត្តដែលអាចរៀបចំពិធីនេះបាន៕