រមណីយដ្ឋានកោះពេជ្រ ដែលជាកន្លែងកម្សាន្តដ៏ស្រស់ត្រកាលមួយនារាជធានីភ្នំពេញក្នុងប្រទេសកម្ពុជាបានឆក់ជីវិត និងធ្វើឲ្យមនុស្សរងរបួសយ៉ាងច្រើនមិនគួរឲ្យជឿ តែក្នុងរយៈពេលជាងពីរម៉ោងប៉ុណ្ណោះ។
កាលពីយប់ថ្ងៃច័ន្ទទី២២ខែវិច្ឆិកាឆ្នាំ២០១០ នៅថ្ងៃចុងក្រោយនៃព្រះរាជពិធីបុណ្យអុំទូក អកអំបុក និងសំពះព្រះខែ តំបន់កោះពេជ្របានធ្វើឲ្យមនុស្សប្រមាណ៣៧៩នាក់បានស្លាប់បាត់បង់ជីវិត និងប្រមាណ៧៥៥នាក់ផ្សេងទៀត បានទទួលរងរបួសនៅក្នុងព្រឹត្តិការណ៍ដ៏គួរឲ្យរន្ឋត់មួយ ដែលមិនធ្លាប់មានទេក្នុងប្រទេសកម្ពុជា។
ក្រុមអ្នកជួយសង្គ្រោះ បានខិតខំប្រឹងប្រែងទាញយកជនរងគ្រោះចេញពីគំនរមនុស្សរាប់ពាន់ នាក់ដែលបានពពាក់ពពូនគរលើគ្នាកម្ពស់ប្រមាណជិតមួយម៉ែត្រ នៅលើស្ពានលំហែកាយមួយដែល មានឈ្មោះថាកោះពេជ្រ កាលពីយប់ថ្ងៃច័ន្ទ។
តំបន់លំហែកាយកោះពេជ្រនេះ មានទីតាំងនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ជិត ក្រសួងការបរទេស និងកាស៊ីណូ NAGA World។
ក្រោយពីបានកើតឡើងប្រមាណតែជិតពីរម៉ោងប៉ុណ្ណោះ លោកនាយករដ្ឋមន្រ្តីហ៊ុន សែន បានចេញសេចក្តីថ្លែងការណ៍ភ្លាមៗមួយតាមកញ្ចក់ទូរទស្សន៍ ដោយបានចាត់ទុកថា នេះគឺជាសោកនាដកម្មលើកទីពីរ បន្ទាប់ប្រជាពលរដ្ឋបានស្លាប់បាត់បង់ជីវិតនៅក្នុងរបបខ្មែរក្រហម។ លោកនាយករដ្ឋមន្រ្តីហ៊ុន សែន ក៏បានបង្កើតឲ្យគណៈកម្មាធិការស៊ើបអង្គេតជាពិសេសមួយ ទៅលើហេតុការណ៍ដ៏គួរឲ្យរន្ធត់នេះ។ ក៏ប៉ុន្តែទោះជាយ៉ាងណា ក៏លោកនាយករដ្ឋមន្រ្តីហ៊ុន សែន បានចាត់ទុកថា នេះមិនមែនជាការវាយប្រហារបែបភេរវកម្មទេ។
រំលឹកពីព្រឹត្តិការណ៍កាលពីយប់ថ្ងៃច័ន្ទបើតាមសាក្សីជាច្រើន ដែលបានផ្តល់សម្ភាសន៍ដោយ ផ្ទាល់ជាមួយនឹងវីអូអេសំឡេងសហរដ្ឋអាមេរិក នៅក្បែរកន្លែងកើតហេតុនេះ បានអះអាងខុសៗគ្នា អំពីមូលហេតុ ដែលបណ្តាលឲ្យមានព្រឹត្តិការណ៍ជ្រួលច្របល់រត់ជន់គ្នា នាំឲ្យមនុស្សស្លាប់យ៉ាងច្រើននោះ។ ពួគគេឲ្យដឹងថា មូលហេតុគឺមកពីក្មេងជំទង់ៗមួយចំនួនបានឈ្លោះគ្នានៅស្ពានកោះពេជ្រ ហើយបានបង្កឲ្យមានការចលាចលតែម្តង។ សាក្សីបន្ថែមថា៖
«ហេតុការណ៍ដំបូង គឺឃើញក្មេងស្ទាវមួយហ្វូង បានរត់ដេញវាយគ្នាសំដៅស្ពាន បន្ទាប់មក បានឮ អ៊ូអរជ្រួលច្របល់មនុស្សច្រានគ្នាចុះឡើង មានធ្លាក់ទឹកស្ពានខ្លះៗ អ្នកខ្លះដល់ភ័យទៅលោតពី លើស្ពានអាចត្រូវថ្មធា្លក់បែកក្បាលបាក់ជើង»។
សាក្សីផ្សេងទៀតបាននិយាយថា ព្រឹត្តិការណ៍នេះ បានកើតឡើង ដោយសារតែមានសំឡេង ស្រែកតគ្នាពីមាត់មួយទៅមាត់មួយ ថាស្ពានកោះពេជ្រនេះបានបាក់ ហើយអ្នកខ្លះទៀតបាននិយាយថា បណ្តាលមកពីប្រជាពលរដ្ឋបានឆក់ខ្សែភ្លើង ទើបបង្កឲ្យមានចលាចលរត់ជាន់គ្នាតែម្តង។ សាក្សីបន្តថា៖
«ដល់ប្រជ្រៀតគ្នា វាស្រែកអ្ហេអ្ហូៗមកឈុលជាប់ដួល។ ដល់អញ្ចឹងវាជាប់នៅទីនេះគាំង វាផ្អើល វាស្រេកអ្ហេអ្ហូថា ស្ពានរង្គើយ៉ាងម៉េច វាចេះតែស្រែកទៅ។ ដល់ស្រែកផ្អើលឈុលដួល អាមុខ ដួលគរលើគ្នា អាក្រោយចេះតែមកជាប់កិននៅហ្នឹង»។
លោកស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដែលបានចុះទៅពិនិត្យកន្លែង កើតហេតុដោយផ្ទាល់ បានថ្លែងប្រាប់វីអូអេសំឡេងសរហដ្ឋអាមេរិកថា អាជ្ញាធរពុំទាន់បានកំណត់មូលហេតុជាផ្លូវការនៅឡើយ។ លោក ស ខេង បានមានប្រសាសន៍ថា រដ្ឋាភិបាលនឹងធ្វើការស៊ើបអង្កេត បន្ថែមទៀតចំពោះហេតុការណ៍ដ៏គួរឲ្យរន្ឋត់នេះ។ លោកស ខេង ថ្លែងថា៖
«មកដល់ពេលនេះ យើងខ្ញុំមិនទាន់សន្ឋិដ្ឋានថា មូលហេតុមកពីអ្វីទេ ប៉ុន្តែយើងខ្ញុំមានការ សោកស្តាយណាស់ករណីនេះ ដែលកើតឡើងដោយយើងមិនបានដឹងមុនទាល់តែសោះ ហើយយើងនឹងបន្តសិក្សាស្រាវជ្រាវមើល ថាតើវាមូលហេតុអ្វីពិតបា្រកដ។ ជាបឋម យើងគ្រាន់តែដឹងថា មូលហេតុ ដោយសារខ្យល់គរ ហើយមនុស្សមកបុកគ្នាពីលិចមក ពីកើតមក បុកគ្នាទៅវាគរគ្នាអញ្ចឹងទៅ»។
នៅលើរមណីយដ្ឋានកោះពេជ្រនេះ មានកន្លែងកម្សាន្ត និងតូបលក់ទំនិញជាច្រើនស្អេកស្កះ ដែលធ្វើឲ្យមនុស្សដើរប្រជ្រៀតគ្នា នៅក្នុងល្បឿនយឺតៗ។
លោកឧបនាយករដ្ឋមន្រ្តីស ខេង បានបញ្ជាក់ថា រដ្ឋាភិបាលពុំទាន់មានវិធានការទៅលើកោះ ពេជ្រនេះនៅឡើយទេ ក៏ប៉ុន្តែរដ្ឋាភិបាលបានបិទច្រកចេញចូលកោះពេជ្រនេះមួយរយៈសិន ដើម្បីឲ្យ កម្លាំងសម្ថកិច្ចធ្វើការស៊ើបអង្កេតរបស់ខ្លួន។
បន្ទាប់ពីសោកនាដកម្ម ដែលធ្វើឲ្យមនុស្សស្លាប់ និងរងបួសយ៉ាងច្រើនសន្ឋឹកសន្ឋាប់នេះ រដ្ឋាភិបាលកម្ពុជា បានប្រកាសយកថ្ងៃទី២៥ ខែវិច្ឆិកា ជារៀងរាល់ឆ្នាំ ជាថ្ងៃកាន់មរណៈទុកដល់អ្នកស្លាប់ បាត់បង់ជីវិតនៅក្នុងហេតុការណ៍នោះ។
ទិដ្ឋភាពជាទូទៅ នៅតាមសួនច្បារមុខវត្តបទុមវត្តី និង កាស៊ីណូ NAGA Wolrd តូបលក់ទំនិញ ជាច្រើនរាប់ម៉ឺនតូប និងការប្រគុំតន្រ្តីជាច្រើនកន្លែងត្រូវបានបើកដើម្បីបម្រើការកម្សាន្តរបស់ប្រជាពលរដ្ឋ។ ក៏ប៉ុន្តែបើតាមក្រុមមន្រ្តីបច្ចេកទេសបាននិយាយថា ការដែលសាលាក្រុងភ្នំពេញអនុញ្ញាតឲ្យមានការដាក់តាំងផលិតផលជាច្រើនស្អេកស្កះនៅក្នុងពិធីបុណ្យអុំទូកនេះ បានបណ្តាលខ្វះខ្យល់ខ្យល់អុកស៊ីសែនសម្រាប់ប្រជាពលរដ្ឋដែលបានមកទស្សនាពិធីបុណ្យអុំទូកនោះដកដង្ហើម៕