ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ហ៊ុន សែន៖ រដ្ឋាភិបាល​ពិចារណា​ច្បាប់​ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ


រូប​ឯកសារ៖ បុរស​ម្នាក់​បើក​មើល​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​ពី​​ទូរស័ព្ទ​របស់​លោក ​ពេល​លោក​​កំពុង​ស្ថិត​នៅ​តាម​ផ្លូវ​​មួយ​ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​ឆ្នាំ​២០១៦។
រូប​ឯកសារ៖ បុរស​ម្នាក់​បើក​មើល​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​ពី​​ទូរស័ព្ទ​របស់​លោក ​ពេល​លោក​​កំពុង​ស្ថិត​នៅ​តាម​ផ្លូវ​​មួយ​ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​ឆ្នាំ​២០១៦។

ការ​ប្រឹងប្រែង​របស់​កម្ពុជា​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ព័ត៌មាន​ក្លែងក្លាយ ត្រូវ​បាន​អ្នក​ជំនាញ​ខាង​ប្រព័ន្ធ​ផ្សព្វផ្សាយ​បារម្ភ​ថា អាច​ត្រូវ​បាន​ប្រើប្រាស់​ ដើម្បី​បំបិទ​សំឡេង​ក្រុម​អ្នក​រិះគន់។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​អង្គារ​ បាន​បញ្ជាក់​ជា​ថ្មី​ថា​ រដ្ឋាភិបាល​របស់​លោក កំពុង​ពិចារណាបង្កើត​ច្បាប់​ប្រឆាំង​នឹង​ព័ត៌មាន​ក្លែងក្លាយ ដែល​ច្បាប់​នេះ​ត្រូវ​បាន​អ្នក​ការពារ​សិទ្ធិមនុស្ស​បារម្ភ​ថា នឹង​រឹត​បន្តឹង​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត។

លោក​នាយករដ្ឋមន្ត្រី​បាន​ថ្លែង​បែប​នេះ​នៅ​ក្នុង​ពិធី​ជួបជុំ​ជាមួយ​អ្នកសារព័ត៌មាន​កាល​ពី​ល្ងាច​ថ្ងៃ​អង្គារ។ លោក ​ហ៊ុន សែន បាន​ថ្លែង​ថា ប្រទេស​ផ្សេងៗ​ដូចជា​ ប្រទេស​សិង្ហបុរី​ បាន​បង្កើត​ច្បាប់​នេះ​រួច​ទៅ​ហើយ ដូច្នេះ​លោក​ថា រដ្ឋាភិបាល​របស់​លោក​ក៏​ទំនង​ជានឹង​អាច​ធ្វើ​ដូចគ្នា​ផង​ដែរ៖

«ឥឡូវ​នេះ​ ពិភពលោក​កំពុង​ខ្វាយខ្វល់​អំពី​ព័ត៌មាន​ក្លែងក្លាយ​ ប្រទេស​ខ្លះ​នៅ​ក្នុង​តំបន់​របស់​យើង សាំងហ្គាពួរ​ជា​អ្នក​បង្កើត​ច្បាប់​ប្រឆាំង​នឹង​ព័ត៌មាន​ក្លែងក្លាយ​មុន​គេ។ ឯ​យើង​អត់​ទាន់​មាន​ទេ យើង​កំពុង​តែ​ពិនិត្យ​ពិចារណា​ថា គប្បី​ធ្វើ​ ឬ​មិន​ធ្វើ។ ប៉ុន្តែ​ប្រហែល​មាន​លទ្ធភាព​ធ្វើ​ច្រើន​ជាង»។

កាលពីខែ​តុលា​ ឆ្នាំ២០១៩ ប្រទេស​សិង្ហបុរី​បាន​អនុម័ត​ច្បាប់​លើ​ព័ត៌មាន​ក្លែងក្លាយ​ ដែល​មាន​ឈ្មោះ​ថា«ច្បាប់ការពារ​ពី​ការ​ប្រឌិត​និង​ការ​បំភ្លៃ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត»។ ច្បាប់​នេះ​អនុញ្ញាត​ឲ្យ​រដ្ឋាភិបាល​សិង្ហបុរី​ដក​ចេញ ឬ​កែ​តម្រូវពី​អ្វី​ដែល​ខ្លួន​ចាត់​ទុក​ថាជា ការ​លើកឡើង​ក្លែងក្លាយ​«ប្រឆាំង​នឹង​ផល​ប្រយោជន៍​សាធារណៈ»។

រាល់​បុគ្គល​ណា​ដែល​ត្រូវ​បាន​រក​ឃើញ​ថា មាន​ទោស​ទណ្ឌ​ពាក់ព័ន្ធ​នឹង​ព័ត៌មាន​ក្លែងក្លាយ​ នឹង​ប្រឈម​នឹង​ការ​ផាក​ពិន័យ​ធ្ងន់ធ្ងរ​ ឬ​ជាប់​ពន្ធនាគារ​រហូត​ដល់​៥ឆ្នាំ។

យ៉ាង​ណា​ក្ដី​ ការ​ប្រឹងប្រែង​របស់​កម្ពុជា​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ព័ត៌មាន​ក្លែងក្លាយ ត្រូវ​បាន​អ្នក​ជំនាញ​ខាង​ប្រព័ន្ធ​ផ្សព្វផ្សាយ​បារម្ភ​ថា អាច​ត្រូវ​បាន​ប្រើប្រាស់​ ដើម្បី​បំបិទ​សំឡេង​ក្រុម​អ្នក​រិះគន់។

កាល​ពី​ខែ​សីហា ឆ្នាំ​២០១៩ លោក​នាយក​រដ្ឋ​មន្ត្រី​កម្ពុជា​ ហ៊ុន សែន បាន​ហៅ​សេចក្ដី​រាយការណ៍​របស់​កាសែត The Wall Street Journal ដែល​រាយការណ៍​ថា​កម្ពុជា​បាន​ចុះ​ហត្ថ​លេខា​ដោយ​សម្ងាត់​ដែល​អនុញ្ញាត​ឲ្យ​កង​ទ័ព​ជើង​ទឹក​ចិន​តាំង​មូលដ្ឋាន​នៅ​ដែន​សមុទ្រ​រាម ក្នុង​ខេត្ត​ព្រះ​សីហនុ គឺ​ជា​ការផ្សាយ​«ព័ត៌មាន​ប្រឌិត​ដ៏​អាក្រក់​បំផុត»​ប្រឆាំង​កម្ពុជា។

លោក ណុប វី នាយក​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៃ​មជ្ឈមណ្ឌល​កម្ពុជា​ ដើម្បី​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឯករាជ្យ​ បាន​ប្រាប់​ VOA នៅ​ថ្ងៃ​ពុធ​នេះ​ថា លោក​មាន​មន្ទិល​ច្រើន​ពាក់ព័ន្ធ​នឹង​ច្បាប់​ស្តីពី​ព័ត៌មាន​ក្លែងក្លាយ ដរាប​ណា​ការ​អប់រំ​ពាក់ព័ន្ធ​នឹង​ព័ត៌មាន​ក្លែងក្លាយ ​នៅ​តែ​មាន​កម្រិត​នៅ​កម្ពុជា។

លោក ណុប វី ពន្យល់​ថា៖ «ប្រសិន​បើ​យើង​ខ្វះ​ការ​អប់រំ​ទៅ​ដល់​ប្រជាពលរដ្ឋ ពលរដ្ឋ​យើង​អត់​យល់​អំពី​ខ្លឹមសារ​ព័ត៌មាន​ក្លែងក្លាយ​ ឬ​ដូច​ជា ខ្ញុំ​បាន​លើក​ឡើង​អម្បាញ់មិញ​នេះ ទោះ​បី​ជា​មាន​ច្បាប់​ដាក់​ទោស​គាត់​ប្រហារ​ជីវិត​ក៏ដោយ​ ក៏​វា​ពិបាក​ក្នុង​ការ​អនុវត្ត​ ឬ​ក៏​ធ្វើ​ឲ្យ​យើង​អាច​កាត់​បន្ថយ​ព័ត៌មាន​ក្លែង​ក្លាយ​ហ្នឹង​បាន​ដែរ លុះ​ត្រា​តែ​យើង​ឆ្លង​កាត់​ការ​អប់រំ»។

លោក ណុប វី​ ដែល​បាន​ចូលរួម​ក្នុងពិធី​ជួបជុំ​ជាមួយ​អ្នកសារព័ត៌មាន​នេះ បាន​បង្ហាញ​ក្ដី​កង្វល់​មួយ​ទៀត​ដោយ​លើក​ឡើង​ថា ប្រសិន​បើ​មិន​មាន​ការ​ចូលរួម​ពី​ភាគី​ពាក់ព័ន្ធ​សំខាន់ៗ​ក្នុង​ការ​ផ្ដល់​យោបល់​លើ​ច្បាប់​នេះ នឹង​អាច​មានផល​ប៉ះពាល់​ទៅ​ដល់​ការ​ប្រើប្រាស់​សេរីភាព​ជា​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ​លើ​ប្រព័ន្ធ​សង្គម។

លោកស្រី​ ចក់ សុភាព នាយិកា​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា មាន​ប្រសាសន៍​ថា អ្នកស្រី​មាន​ការ​ព្រួយបារម្ភ​ចំពោះ​ការ​រៀបចំ​តាក់តែង​ច្បាប់​ថ្មី​ពាក់ព័ន្ធ​នឹង​ព័ត៌មាន​ក្លែងក្លាយ​ អាស្រ័យ​ដោយ​ហេតុ​ថា ច្បាប់ស្ដីពី​ព័ត៌មាន​ក្លែងក្លាយ​អាច​បង្ក​ជា​ឧបសគ្គ​លើ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​យោបល់​របស់​ពលរដ្ឋ​ទៅ​វិញ។

លោកស្រី​បញ្ជាក់​ថា៖ «យើង​ដឹង​ប្រទេស​មួយ​ចំនួន​ជា​ពិសេស​សិង្ហបុរី​អី​ហ្នឹង​ ម៉ាឡេស៊ី​ក៏​ដូចគ្នា​ដែរ ដូច​គាត់​បាន​ចេញ​នូវ​ច្បាប់​នេះ ហើយ​ដែល​សង្គម​ស៊ីវិល​នៅ​ក្នុង​ប្រទេស​ទាំង​អស់​នោះ​មាន​ការ​រិះគន់​ខ្លាំង​មែន​ទែន។ ហើយ​យើង​ឃើញ​ថា ការ​ដាក់​ចេញ​នូវ​ច្បាប់​នោះ​ពិត​ជា​បាន​គំរាម​កំហែង​ដល់​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ។ អញ្ចឹង​សម្រាប់​ខ្ញុំ​ផ្ទាល់​ ខ្ញុំ​មាន​ការ​បារម្ភ​មែន​ទែន​ចំពោះ​ផល​ជះ​លើ​សេរីភាព​បញ្ចេញ​មតិ ជា​ពិសេស​សម្រាប់​ប្រទេស​កម្ពុជា ដែល​លំហ​សង្គម​ស៊ីវិល​រួម​តូច​រួច​ទៅ​ហើយ»។

លោកស្រី​បាន​បន្ថែម​ថា មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​កត់​សម្គាល់​ថា ​ក្នុង​រយៈពេល​៣​ឆ្នាំ​ចុង​ក្រោយ​នេះ ការ​ចាប់​ខ្លួន ការ​ចោទប្រកាន់ និង​ការ​កាត់​ទោស​សកម្មជន និង​ពលរដ្ឋ​ដែល​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យាតាម​រយៈ​ការ​បង្ហោះ​សារ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ មាន​ការ​កើន​ឡើង​គួរ​ឲ្យ​កត់សម្គាល់។

ស្រប​ពេល​ដូច​គ្នា​នេះ​ដែរ ​រដ្ឋាភិបាល​កម្ពុជា​បាន​កំពុង​ធ្វើ​សេចក្ដី​ព្រាង​ច្បាប់​ប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​តាម​ព័ត៌មានវិទ្យា ដែល​បាន​នាំ​ឲ្យ​មាន​ការ​បារម្ភ​ថា ច្បាប់​នេះ​នឹង​អាច​ប៉ះពាល់​ដល់​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ ខណៈ​រដ្ឋាភិបាល​កម្ពុជា​ចាប់​ផ្ដើម​ចាត់​វិធានការ​ចំពោះ​ការ​រិះគន់​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​រួច​ទៅ​ហើយ៕

XS
SM
MD
LG