ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បទសម្ភាសន៍ VOA៖ អ្នកជំនាញ​បារម្ភ​ពី​ឥទ្ធិពល​អាក្រក់​នៃ​ព័ត៌មាន​ក្លែងក្លាយ


លោក​បណ្ឌិត ជេម ហ្កោម៉េ  (James Gomez) ​នាយក​ប្រចាំ​តំបន់អាស៊ី​នៃ​មជ្ឈមណ្ឌល​អាស៊ី​ (Asia Centre) ​ដែល​ជា​ស្ថាប័ន​ស្រាវជ្រាវ​មួយ​ដែល​បាន​ផ្តោត​លើ​​ចរិត​នៃ​ព័ត៌មាន​ក្លែង​ក្លាយ​និង​វិធីទប់​ស្កាត់​។
លោក​បណ្ឌិត ជេម ហ្កោម៉េ  (James Gomez) ​នាយក​ប្រចាំ​តំបន់អាស៊ី​នៃ​មជ្ឈមណ្ឌល​អាស៊ី​ (Asia Centre) ​ដែល​ជា​ស្ថាប័ន​ស្រាវជ្រាវ​មួយ​ដែល​បាន​ផ្តោត​លើ​​ចរិត​នៃ​ព័ត៌មាន​ក្លែង​ក្លាយ​និង​វិធីទប់​ស្កាត់​។

កំណត់និពន្ធ៖ ព័ត៌មាន​ក្លែងក្លាយ​កំពុងតែ​ក្លាយជា​បញ្ហា​ប្រឈម​មួយ​ដែល​អ្នកប្រើប្រាស់​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​ជួប​ប្រទះ​ក្នុង​ជីវភាព​ប្រចាំថ្ងៃ។ អ្នកជំនាញ​មើលឃើញ​ថា​ព័ត៌មាន​ក្លែងក្លាយ​ផ្តល់​ផលអវិជ្ជមាន​ដែល​អាច​ឈាន​ទៅដល់​ការស្អប់​គ្នា​ហើយ​ត្រូវបាន​អ្នកនយោបាយ​ប្រើប្រាស់​ដើម្បី​វាយ​ប្រហារ​គូបដិបក្ខយ៉ាង​សកម្ម។ តើក្នុងចំណោមអ្នកនយោបាយ​នៃគណបក្ស​កាន់អំណាច ​អ្នកនយោបាយ​បក្ស​ប្រឆាំង​និង​អ្នកឯករាជ្យ មជ្ឈដ្ឋាន​មួយ​ណា​ជាប្រភព​នៃ​ព័ត៌មាន​ក្លែង​ក្លាយ​ច្រើន​ជាងគេ? លោក​ម៉ែន គឹមសេង​នៃ​ VOA បាន​សម្ភាស​លោក​បណ្ឌិត ជេម ហ្កោម៉េ (James Gomez) ​នាយក​ប្រចាំ​តំបន់អាស៊ី​នៃ​មជ្ឈមណ្ឌល​អាស៊ី​ (Asia Centre) ​ដែល​ជា​ស្ថាប័ន​ស្រាវជ្រាវ​មួយ​ដែល​បាន​ផ្តោត​លើ​ចរិត​នៃ​ព័ត៌មាន​ក្លែងក្លាយ​និង​វិធី​ទប់ស្កាត់។

VOA៖ អរុណសួស្តី​លោក James!

James Gomez៖ ​អរុណសួស្តី!

VOA៖ រីករាយណាស់​ដែល​បាន​ជួបលោក​ជាថ្មី​នៅរដ្ឋ​ធានី​វ៉ាស៊ីនតោន!

James Gomez៖ សូមអរគុណដែល​អញ្ជើញខ្ញុំ​មក​ទីនេះ។​

VOA៖ ​លោក​មក​ទីនេះ​ដើម្បី​ថ្លែងពីផលអាក្រក់​នៃព័ត៌មានក្លែងក្លាយ​។ ពាក្យថា​«ព័ត៌មាន​ក្លែងក្លាយ‍»​ត្រូវបាន​គេ​ប្រើ​ច្រើន​ក្នុងរយៈពេលថ្មីនេះ​ ជាពិសេស​ក្រោយ​ពីការបោះឆ្នោត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ក្នុងឆ្នាំ​២០១៦​ហើយ​លោក​ប្រធានាធិបតីដូណាល់ ត្រាំ ក៏​បាន​ប្រើប្រាស់​ជាច្រើន។ ចុះនៅ​តំបន់អាស៊ី​អាគ្នេយ៍​វិញ​តើ​និន្នាការយ៉ាងម៉េចដែរ ហើយ​តើ​ត្រូវ​ប្រយុទ្ធ​នឹង​ព័ត៌មាន​ក្លែងក្លាយ​ដូចម្តេច​ដែរ?

James Gomez៖ ​ពិតជាត្រឹមត្រូវ​ហើយ​ការយល់ដឹងពី​ពាក្យ​«ព័ត៌មានក្លែងក្លាយ‍»​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​ទើបតែ​មាន​នៅ​ឆ្នាំ​២០១៦ទេបន្ទាប់ពីការបោះឆ្នោតប្រធានាធិបតីនៅ​សហរដ្ឋ​អាមេរិក​និង​ពេលប្រទេស​អង់គ្លេស​គ្រោងចាកចេញពី​សហភាពអឺរ៉ុប។ ប៉ុន្តែ​មូលដ្ឋាន​គ្រឹះនៃ​ការខុសគ្នា​រវាង​សហរដ្ឋ​អាមេរិក​និង​អាស៊ីអាគ្នេយ៍​គឺ​លោក​ត្រាំ ប្រើ​ពាក្យ​«ព័ត៌មានក្លែងក្លាយ‍»​ដើម្បី​បង្ខូចកេរ្តិ៍ឈ្មោះ​សារព័ត៌មានដែល​ផ្ទៀងផ្ទាត់​ការពិត។ ប៉ុន្តែ​នៅ​អាស៊ីអាគ្នេយ៍​វិញ របប​ដឹកនាំ​ឯកបក្ស ផ្តាច់ការ ឬ​យោធានិយម ប្រើប្រាស់​វា​ដើម្បី​បំផ្លាញ​អ្នកដែល​ហ៊ានរិះគន់ ពីព្រោះ​រដ្ឋាភិបាល​គ្រប់គ្រង​សារព័ត៌មាន​ធំៗ​ជា​ច្រើន ​ដូច្នេះ​ទស្សនៈ​ណា​ដែល​ផ្ទុយពីរដ្ឋាភិបាល​ហើយចេញ​មក​ពីសារព័ត៌មាន​ផ្សេង ​ពីអង្គការ​សង្គម​ស៊ីវិល ឬ​ពីអ្នកនយោបាយបក្សប្រឆាំង​ ត្រូវ​បាន​រដ្ឋាភិបាល​ហៅ​ថា​«ព័ត៌មាន​ក្លែងក្លាយ‍»​។

បើនិយាយពីនិយម​ន័យ​វិញ​គឺមានពីរសម្រាប់​តំបន់អាស៊ីអាគ្នេយ៍៖

ទីមួយ​គឺ​ «ព័ត៌មានក្លែងក្លាយ​ប្រចាំថ្ងៃ‍»​។ ឧទាហរណ៍​ដូចជា​នៅ​រាជធានីភ្នំពេញ គឺមនុស្ស​ស្ទើរ គ្រប់​គ្នា​ធុញទ្រាន់​នឹងការស្ទះចរាចរណ៍​ ដោយសារ​តែពួកគេ​មិន​ដឹង​ថាត្រូវទៅណា។ ប៉ុន្តែ​មាន​ពិត​ឬ​មិន​ពិត​មិន​អាច​កំណត់​បាន​ព្រោះពេល​ដែល​ជាប់​ស្ទះផ្លូវ​គឺ​អ្នកធ្វើ​ដំណើរ​ធុញទ្រាន់។

មួយ​ទៀត​គឺ ​«ព័ត៌មានក្លែងក្លាយ​នយោបាយ‍»។ បើទោះបី​ជាលោក​និយាយ​ពី​ប្រទេស​ម៉ាឡេស៊ី ឥណ្ឌូនេស៊ី​ ថៃ​ ឬ​កម្ពុជាក៏​ដោយ​គឺ​ទំហំ​ព័ត៌មាន​ក្លែងក្លាយ​មានច្រើន។ រដ្ឋាភិបាល​នៅ​អាស៊ី​អាគ្នេយ៍​ក្នុងនោះ​មាន​កម្ពុជា​ផងដែរ​តែងតែនិយាយ​ពីការ​គ្រប់​គ្រង​ព័ត៌មាន​ក្លែងក្លាយ​ ប៉ុន្តែ​ការពិត​គឺ​រដ្ឋាភិបាល​និង​គណបក្ស​កាន់​អំណាច​ហ្នុងឯង​ជា​អ្នកបង្កើត​និង​ផ្សព្វផ្សាយ​ព័ត៌មាន​ក្លែង​ក្លាយ។ រឿងនេះ​បាន​ក្លាយ​ជាបញ្ហា​មួយ ដោយសារតែ​រដ្ឋាភិបាល​ខ្លះ​តាក់តែង​ច្បាប់​ដើម្បីគ្រប់គ្រង​ព័ត៌មាន​ក្លែងក្លាយ។ ឧទាហរណ៍៖ ប្រទេស​ម៉ាឡេស៊ីមានច្បាប់​ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ សឹង្ហបុរី​ក៏មានច្បាប់​ប្រឆាំងព័ត៌មានក្លែង​ក្លាយ​តាម​អ៊ីនធឺណិត។ នៅមុន​ការបោះឆ្នោត​ជាតិ​ឆ្នាំ​២០១៨​កម្ពុជា​ក៏គំរាម​ប្រើ​វិធានការ​ប្រឆាំង​នឹង​ព័ត៌មានក្លែងក្លាយដែរ។ នៅទីបំផុត​ ​យើង​ដឹង​ថាគឺគណបក្ស​កាន់អំណាច​ជាអ្នកបង្កើត​ព័ត៌មានក្លែងក្លាយ។ ប៉ុន្តែ​បើ​សិន​ជា​យើង​មើលច្បាប់វិញ​គឺ​សំដៅ​ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ​ដែលបង្កើត​ដោយ​ក្រុម​អ្នករិះគន់។ ដូច្នេះ​វាមិនមាន​ភាពស៊ីសង្វាក់​គ្នា​នៅក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​លើ​ការផ្តល់​និយម​ន័យ​លើ​ពាក្យ ​«ព័ត៌មាន​ក្លែងក្លាយ‍»​ទេ។ ជារឿយៗ​គឺគណបក្ស​កាន់​អំណាច​ជាអ្នកកំណត់។ ដូច្នេះ​ហើយ​បាន​ជាយើង​មើលឃើញ​ថា​ព័ត៌មាន​ក្លែង​ក្លាយ​តែងតែ​ចេញ​មក​ពី​ថ្នាក់ដឹកនាំ​កំពូលៗនៅ​ក្នុង​បណ្តា​ប្រទេស​ទាំងនោះ។

​VOA៖ការណ៍​នេះ​ក៏ធ្វើ​ឱ្យ​ការងារ​របស់​អ្នកសារព័ត៌មាន​កាន់តែពិបាកជាងមុន​ហើយ​ក៏​កាន់តែ​មាន​តម្លៃ​ផងដែរ។ ដូច្នេះ​សម្រាប់​សាធារណជនវិញ​តើ​ពួកគេ​ត្រូវ​យល់​ដឹង​អ្វី​ខ្លះ​ដើម្បី​ផ្ទៀងផ្ទាត់​ថា​ព័ត៌មាន​ដែល​ពួកគេ​ទទួល​បាន​គឺ​ជាព័ត៌មានពិត​ឬក្លែងក្លាយ។

លោក​រស់នៅ​ក្នុងតំបន់អាស៊ីអាគ្នេយ៍គឺ​ដឹង​ច្បាស់ហើយ​ថាតើ​អ្នកនយោបាយ​ធ្វើ​យ៉ាង​ណា​ហើយ​អ្នក​ស្មោះស្ម័គ្រ​នឹង​បក្ស​ធ្វើ​យ៉ាងណា​។ អ្នកទទួល​ព័ត៌មាន​ក៏​លម្អៀង​ផងដែរ​ ដោយសារតែព័ត៌មាន​ចេញ​ពី​បក្ស​កាន់អំណាច​មក​គឺ​អ្នកគាំទ្រ​យល់ថាពិត ហើយ​ព័ត៌មាន​ដែល​ចេញ​ពី​ម្ខាង​ទៀត​ត្រូវ​គេ​ចាត់ទុក​ថា​ព័ត៌មាន​ក្លែង​ក្លាយ។

ដោយស្ថិតនៅក្នុងបរិបទ​នេះ​តើ​យើង​ត្រូវ​ធ្វើ​យ៉ាងណា​ដើម្បី​ឱ្យ​ព័ត៌មាន​ពិត​ទៅដល់​ដៃ​មហាជន។

James Gomez៖ ​មាន​កិច្ចខិតខំប្រឹងប្រែង​ចំនួន​បួន​ដែលភាគីពាក់ព័ន្ធ​នានា​បាន​ធ្វើ។ ព័ត៌មាន​ក្លែងក្លាយ​គឺជា​ការព្រួយបារម្ភ​ទូទៅ។ វាជា​បញ្ហា​ពិតប្រាកដ​។ រដ្ឋាភិបាល ពលរដ្ឋ​ សង្គមស៊ីវិល​ អង្គ​ការក្រៅ​រដ្ឋាភិបាល​ អ្នកនយោបាយ និង​អ្នកអប់រំ គឺខិតខំ​ស្វែង​រក​ដំណោះស្រាយ។ ដូច្នេះ​ហើយ​វិធីសាស្ត្រ​ដែល​ពួកគេ​ប្រើ​គឺ​ការ​ផ្ទៀងផ្ទាត់​ការពិត។ ទីពីរ​គឺ​ការ​ជំរុញ​ការយល់ដឹង​ពី​ប្រព័ន្ធ​ឃោសនា។ ទីបី​គឺ​បង្កើន​គុណភាព​អ្នកសារព័ត៌មានដើម្បី​ធានា​ថា​ស្នាដៃ​របស់​អ្នកសារព័ត៌មាន​អាជីព​ត្រូវគេ​អាន​ច្រើន​ជាង​អ្នកផ្សាយ​ព័ត៌មាន​ក្លែងក្លាយ។ ទីបួន គឺ​ឱ្យ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធ្វើការងារ​របស់​ពួកគេ​ផងដែរដើម្បី​កុំ​ឱ្យ​ព័ត៌មាន​ក្លែងក្លាយ​ចេញផ្សាយ​ច្រើន​ពេក។

បើទោះបីជា​មាន​វិធានការ​បួន​នេះ​ក៏ដោយ​ក៏​យើង​ត្រូវ​ដឹង​ថា​តើ​អ្នកណា​ជាអ្នក​ផ្ទៀងផ្ទាត់​ការពិត អ្នកណា​ជាអ្នក​ចំណាយ​លើការផ្ទៀងផ្ទាត់។ រដ្ឋាភិបាល​ជាច្រើន​បាន​បង្កើត​គេហទំព័រ​ផ្ទៀងផ្ទាត់​ការពិត​ ឬអង្គភាព​ផ្ទៀងផ្ទាត់ការពិត ប៉ុន្តែ​ពួកគេផ្តល់​ព័ត៌មាន​ពិត​តាម​ការបកស្រាយ​របស់​រដ្ឋាភិបាល ដែល​ជាព័ត៌មាន​ក្លែងក្លាយ។

ចំពោះ​អ្នកឯករាជ្យ​ដែល​ចង់​ធ្វើការផ្ទៀងផ្ទាត់​ព័ត៌មាន​តែង​តែ​ខ្វះខាតធន​ធាន​បុគ្គលិក​និង​ជំនាញ​ព្រោះ​ជួន​កាល​ពួកគេ​មិន​ផ្ទៀងផ្ទាត់ការពិតប៉ុន្តែផ្ទៀងផ្ទាត់​មតិ​យោបល់។

បញ្ហា​មួយ​ទៀត​គឺ​ល្បឿន​ពីព្រោះ​ការផ្ទៀងផ្ទាត់​ព័ត៌មាន​ត្រូវ​ការពេល​វេលា​ច្រើន​ដែល​ផ្ទុយពី​ព័ត៌មាន​ក្លែង​ក្លាយ​ចេញផ្សាយ​លឿនណាស់។ យើង​អាច​ប្រកាស​ថា​ព័ត៌មាន​នោះក្លែងក្លាយ​ហើយ​ធ្វើ​ឱ្យ​អ្នកដែល​ចេញផ្សាយ​ដំបូង​ខ្មាស់​គេ​ប៉ុន្តែ​ការខូចខាត​បាន​កើត​មានឡើង​រួចហើយ។​

ការយល់ដឹង​ពីសារព័ត៌មាន ខ្ញុំ​គិត​ថា​ព័ត៌មាន​ក្លែងក្លាយជាច្រើន​ជុំវិញ​រឿង​នយោបាយ​ដូច្នេះ​ការយល់​ដឹង​ពីសារព័ត៌មាន​គឺ​គួរតែ​ជាការយល់​ដឹងពីនយោបាយ​ស្តីពី​សិទ្ធិមនុស្ស​ និង​លទ្ធិប្រជាធិបតេយ្យ​ក៏​ដូចជា​ចេតនា​របស់​អ្នកនយោបាយ​អំពីអ្វី​ដែល​ធ្វើ​ឱ្យ​មាន​ប្រសិទ្ធភាព។

ការអប់រំ​ឱ្យ​យល់ពី​សារព័ត៌មាន​ក៏ត្រូវ​មើលលើ​អ្នកផ្តល់មូលនិធិ​អប់រំ​ផងដែរ​ពីព្រោះ​បើ​រដ្ឋាភិបាល​ជា​អ្នកផ្តល់​គឺ​គេ​អប់រំ​តាម​ការបកស្រាយ​របស់​រដ្ឋាភិបាល​ដដែល។

ចំណុច​ទីបីគឺ​សារព័ត៌មាន​ដែល​មាន​គុណភាព ក៏ជា​បញ្ហា​ប្រឈម​ខ្លះដែរ។ ក្នុងពេល​អតីតកាល​សារព័ត៌មាន​ដែល​មាន​គុណភាព​ផ្តល់​ផលល្អ​ប៉ុន្តែ​សព្វថ្ងៃនេះ​ខ្ញុំ​ឃើញ​ថា​វា​គ្រាន់តែ​ជាផ្នែកមួយ​នៃ​សារព័ត៌មាន​ដែលមានច្រើន​សណ្ឋានប៉ុណ្ណោះ។ ដូច្នេះ​អ្នកប្រើប្រាស់​ត្រូវ​តែ​យល់ដឹង​។

ចំណុចចុងក្រោយ​គឺ​ក្រុមហ៊ុន​បច្ចេកវិទ្យា។ ពួកគេ​ជា​អ្នកជំនួញ​ដែល​នឹង​មិន​ផ្តល់តម្លៃ​ដូចគ្នា​លើ​បញ្ហា​សិទ្ធិ​មនុស្ស​និង​ប្រជាធិបតេយ្យ។ ពួកគេ​បញ្ជូនបុគ្គលិក​ចូលរួម​កិច្ចប្រជុំ​និងការពិភាក្សា។ ពួកគេ​ចាប់​អារម្មណ៍​ធ្វើ​ការ​ជាមួយ​នឹង​រដ្ឋាភិបាល​និង​សង្គមស៊ីវិល។ ប៉ុន្តែពួកគេមាន​គោល​ការណ៍​ក្រុមហ៊ុន​ផ្ទាល់​ខ្លួន។​

ខ្ញុំ​គិត​ថាគ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​គឺពួកគេ​នៅតែ​មិន​ទាន់​ជឿជាក់​លើ​ការចូលរួម​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​ក្នុង​ការដោះស្រាយ​បញ្ហា​ទាំងអស់​នេះ។ ព័ត៌មាន​ក្លែងក្លាយ​ជារឿងពិត​ជាពិសេស​នៅពេល​ដែល​វា​បង្កើត​ជា​ការសំអប់​លើ​មនុស្ស​ដទៃ។

VOA៖នៅចំណុចទី៤ដែលសំដៅលើក្រុមហ៊ុន​បច្ចេកវិទ្យា។ ទម្លាប់​នៃការប្រើប្រាស់​ព័ត៌មាន​នាពេល​បច្ចុប្បន្ននេះ​គឺតាម​រយៈបណ្តាញ​សង្គម។ ដូចជានៅប្រទេស​កម្ពុជាធ្លាប់​មាន​ព័ត៌មាន​ពី​សកម្មជន​អតីត​បក្ស​ប្រឆាំង​ម្នាក់​ត្រូវបាន​ប៉ូលិស​សម្លាប់ពេលនៅក្នុងឃុំឃាំងប៉ុន្តែវាជាព័ត៌មាន​ក្លែងក្លាយ​ហើយ​ត្រូវបាន​ចែកចាយ​តាម​បណ្តាញ​សង្គម។ ដូច្នេះ​តើ​លោកគិត​ថា​ក្រុមហ៊ុន​បច្ចេកវិទ្យាគួរតែ​ជាអ្នកដែល​ទទួលខុសត្រូវ​ច្រើន​ជាងគេ​ទេ?

James Gomez៖ ​ខ្ញុំគិត​ថា​ បើ​យើង​និយាយ​ដោយ​យុត្តិធម៌​ចំពោះ​ក្រុមហ៊ុន​បច្ចេកវិទ្យា គឺ​យើង​ត្រូវ​តែ​ដឹង​ថា​តើ​យើង​អាច​ជូនដំណឹង​ទៅ​ក្រុមហ៊ុន​បច្ចេកវិទ្យា​បាន​រហ័ស​កម្រិតណាថា​ព័ត៌មាន​ណាមួយ​ក្លែងក្លាយ​ហើយ​តើ​អ្នកណា​ជាអ្នកផ្ទៀងផ្ទាត់? ដូច្នេះ​យើង​ត្រូវតែ​យល់​ច្បាស់​ពីចំណុច​នេះ។ តើ​ប្រភព​ឯករាជ្យ​ដែល​តាមឃ្លាំមើល​បណ្តាញ​សង្គម​ជាប្រចាំ​ហើយ​ជាអ្នកផ្ទៀងផ្ទាត់​ថា​ព័ត៌មាន​នោះ​ពិត​ឬក៏អត់។ ហើយ​សំណួរមួយ​ទៀត​គឺ​តើ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ជាអ្នកតាមរក​ព័ត៌មាន​នេះ​ដោយ​ខ្លួន​ឯង​ដោយ​មិន​ចាំបាច់​មាន​គេ​ជូនដំណឹងមក?

ដំណាក់កាលទីពីរ​ គឺ​នៅ​ពេល​ដែល​ទទួលបាន​ការជូនដំណឹង​ថា​ព័ត៌មាន​ណាមួយក្លែង​ក្លាយ​ តើ​ក្រុមហ៊ុន​ដោះស្រាយ​បាន​រហ័ស​កម្រិត​ណា​? បណ្តាញ​សង្គម​ដូច​ជា​ហ្វេសប៊ុក​គឺ​គេ​មាន​និយាម​របស់​គេ​ ហើយ​នៅពេល​ណា​ដែល​ព័ត៌មាន​នោះ​ស្ថិតនៅ​ក្នុង​និយាម​របស់​គេ​គឺ​ពួកគេ​អនុញ្ញាត​ឱ្យ​ផ្សាយ​បាន។ ប៉ុន្តែនៅពេល​ណា​ដែល​មាន​ព័ត៌មាន​ដែល​ប៉ះពាល់​ខ្លាំង​ដល់ភាព​សុខសាន្ត​របស់​សហគមន៍​គឺ​យើង​ឃើញ​ថា​អ្នកប្រើប្រាស់​សម្តែងការខឹង​សំបារនឹង​ក្រុមហ៊ុន​បច្ចេកវិទ្យា​ដែល​មិន​បាន​ដក​ព័ត៌មាន​នោះ​ចេញ​ឱ្យ​បាន​ទាន់ពេល៕

XS
SM
MD
LG