ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សម្ព័ន្ធ​អ្នក​សារព័ត៌មាន​«ខេមបូចា» ​រំពឹង​ថា​នឹង​បំពេញ​សំឡេង​ឯករាជ្យ


សម្ព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា​«ខេមបូចា»​ ដែល​ជា​ស្ថាប័ន​ធ្វើការ​ដើម្បី​លើក​កម្ពស់​សារ​ព័ត៌មាន​និង​ការពារ​អ្នក​សារព័ត៌មាន​ត្រូវ​បាន​ដាក់​សម្ពោធ​ឲ្យ​ដំណើរការ​នៅ​រាជធានី​ភ្នំពេញ​ជា​ផ្លូវការ នៅថ្ងៃសុក្រ ទី១៣ ខែធ្នូ ឆ្នាំ២០១៩។ (រូបថតផ្តល់ឲ្យដោយ «ខេមបូចា»)
សម្ព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា​«ខេមបូចា»​ ដែល​ជា​ស្ថាប័ន​ធ្វើការ​ដើម្បី​លើក​កម្ពស់​សារ​ព័ត៌មាន​និង​ការពារ​អ្នក​សារព័ត៌មាន​ត្រូវ​បាន​ដាក់​សម្ពោធ​ឲ្យ​ដំណើរការ​នៅ​រាជធានី​ភ្នំពេញ​ជា​ផ្លូវការ នៅថ្ងៃសុក្រ ទី១៣ ខែធ្នូ ឆ្នាំ២០១៩។ (រូបថតផ្តល់ឲ្យដោយ «ខេមបូចា»)

នៅ​ថ្ងៃ​សុក្រ​នេះ ​សម្ព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា​«ខេមបូចា»​ដែល​ជា​ស្ថាប័ន​ធ្វើការ​ដើម្បី​លើក​កម្ពស់​សារ​ព័ត៌មាន​និង​ការពារ​អ្នក​សារព័ត៌មាន​ត្រូវ​បាន​ដាក់​សម្ពោធ​ឲ្យ​ដំណើរការ​នៅ​រាជធានី​ភ្នំពេញ​ជា​ផ្លូវការ។​

សម្ព័ន្ធ​អ្នក​សារព័ត៌មាន ​«ខេមបូចា» ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ក្រុម​អ្នក​យកព័ត៌មាន​បន្ទាប់​ពី​សារព័ត៌មាន​ The​ ​Cambodia​ ​Daily និង​ការិយាល័យ​ប្រចាំ​រាជធានី​ភ្នំពេញ​របស់​វិទ្យុអាស៊ី​សេរី ​បាន​បង្ខំ​ចិត្តបិទ​ទ្វា​ក្នុងឆ្នាំ២០១៧ ​និង​បន្ទាប់​ពី​អតីត​អ្នក​យក​ព័ត៌មាន​ពីរ​រូប​របស់​វិទ្យុ​អាស៊ី​សេរីត្រូវ​បាន​ចាប់ខ្លួន​និង​រង​ការ​ចោទ​ប្រកាន់​របស់​តុលាការ។

លោក ណុប វី ​ជា​ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា។ (លឹម សុធី/VOA)
លោក ណុប វី ​ជា​ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា។ (លឹម សុធី/VOA)

​លោក​ ណុប វី​ ដែល​ជា​ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា​មាន​ប្រសាសន៍​នៅក្នុង​ពិធី​សម្ពោធ​នោះ​ថា ​បន្ទាប់​ពី​សារព័ត៌មាន​ឯករាជ្យ​មួយចំនួន​បាន​បិទ​ការិយាល័យ​របស់​ពួកគេ ​វត្តមាន​របស់​«ខេមបូចា» ​មាន​សារៈសំខាន់​ក្នុង​ការធានា​នូវ​ឯករាជ្យ​ភាព​របស់​អ្នកសារព័ត៌មាន​ដែល​មិន​ចំណុះ​នឹង​រដ្ឋាភិបាល ​ដើម្បី​ការ​អភិវឌ្ឍ​ដែល​មាន​ចីរភាព។

លោក ​ណុប ​វី ​មានប្រសាសន៍​ថា៖​ ​

​«ប្រព័ន្ធ​ផ្សព្វផ្សាយ​កំពុង​ដើរតួ​នាទី​យ៉ាង​សំខាន់​នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ​ ​ដើម្បី​ជួយ​ដល់​រាជរដ្ឋាភិបាល​ក្នុង​ការ​ពង្រឹង​ប្រសិទ្ធភាព​នៃ​ការគ្រប់គ្រង​តាម​បែប​ប្រជាធិបតេយ្យ​ ​សេរី​ពហុ​បក្ស​ ​ការជំរុញ​ឲ្យ​មាន​តម្លាភាព​ ​គណនេយ្យ​ភាព​ ​ការ​ពង្រឹង​ប្រព័ន្ធ​យុត្តិធម៌​សង្គម​ ​ការកាត់បន្ថយ​វិសមភាព​នៅ​ក្នុង​សង្គម​ ​និង​ជាពិសេស​គឺ​ការ​ពង្រឹង​សន្តិភាព​ ​និង​ការ​ធ្វើ​ឲ្យ​សម្រេច​បាន​នូវ​គោល​ការណ៍​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព»។​

លោក ណុប ​វី​ បាន​បន្ថែម​ថា ​អ្នកសារព័ត៌មានដើរតួ​នាទី​យ៉ាងសំខាន់ក្នុង​ ការចូលរួម​លើកកម្ពស់​ការអនុវត្ត​សិទ្ធិសេរីភាព​របស់​ប្រជាពលរដ្ឋនិងការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ព័ត៌មាន​ក្លែងក្លាយ​ ​ដែល​កំពុង​រីក​រាលដាល​នៅ​លើ​បណ្តា​ញ​សង្គម​នានា។

សហគមន៍​អន្តរជាតិ រួម​ទាំង​ស្ថាន​ទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​ទី​ក្រុង​ភ្នំពេញ ធ្លាប់​បាន​ប្រតិកម្ម​ចំពោះ​ការ​ចាប់​ខ្លួន​អតីត​អ្នក​សារ​ព័ត៌មាន​របស់​វិទ្យុ​អាស៊ី​សេរី​គឺ​លោក​ ​អ៊ួន​ ​ឈិន​ ​និង​លោក​ ​យៀង​ ​សុ​ធារិ​ន្ទ​ ​ហៅ ​យៀង​ ​សុ​ជា​មេត្តា​ និង​បាន​ទទូច​ឲ្យ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​ទៅ​លើ​ពួកគេ។​

យោង​ទៅ​លើ​របាយការណ៍​ចេញ​ឆ្នាំ​២០១៩​ របស់​អង្គការ​អ្នក​សារព័ត៌មាន​គ្មាន​ព្រំដែន​ (Reporters Without Borders)​ ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង ហើយ​ដែល​ជា​អង្គការ​អន្តរជាតិ​ធ្វើ​ការ​ដើម្បី​លើក​កម្ពស់​សិទ្ធិ​សេរីភាព​របស់​អ្នកសារ​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា សេរីភាព​សារព័ត៌មាន​កម្ពុជា​ក្នុង​ឆ្នាំ​២០១៨​អាក្រក់​ជាង​ឆ្នាំ​២០១៧​មួយ​កម្រិត។

សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា ចុះ​ចំណាត់​ថ្នាក់​មកលេខ​១៤៣​ ​នៅ​ឆ្នាំ​២០១៨​ក្នុង​ចំណោម​សេរីភាព​សារព័ត៌មាន​នៅ​ប្រទេស​ចំនួន​១៨០​លើ​ពិភពលោក។នេះ​បើ​យោង​តាម​អង្គការ​ឃ្លាំមើល​សេរីភាព​សារព័ត៌មាន​ដដែល៕

XS
SM
MD
LG