ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តំណាង​រាស្ត្រ​គណបក្ស​កាន់​អំណាច​ស្នើ​បង្កើត​មាត្រា​ថ្មី​ដើម្បី​បែង​ចែក​អាសនៈ​សភា​របស់​គណបក្ស​ដែល​ត្រូវ​រំលាយ​ចោល


រូបឯកសារ៖ លោក​ ហេង សំរិន ប្រធាន​រដ្ឋសភាជាតិ អង្គុយ​ជាមួយ​លោក​ ងួន ញិល ​អនុប្រធាន​រដ្ឋសភា​ជាតិ ​​​នៅ​ក្នុង​កិច្ច​ប្រជុំ​រដ្ឋសភា​លើកទី​៦​និតិកាល​ទី​៥ ដែល​គ្មាន​តំណាងរាស្រ្ត​គណបក្ស​សង្រ្គោះជាតិ​ណាមួយ​ចូលរូម​ នៅ​វិមាន​រដ្ឋសភា​ កាលពីថ្ងៃ​ចន្ទ​ ទី​៦ ​ខែ​ឧសភា​ ឆ្នាំ​២០១៦​។ ​(ឡេង ឡែន/VOA)
រូបឯកសារ៖ លោក​ ហេង សំរិន ប្រធាន​រដ្ឋសភាជាតិ អង្គុយ​ជាមួយ​លោក​ ងួន ញិល ​អនុប្រធាន​រដ្ឋសភា​ជាតិ ​​​នៅ​ក្នុង​កិច្ច​ប្រជុំ​រដ្ឋសភា​លើកទី​៦​និតិកាល​ទី​៥ ដែល​គ្មាន​តំណាងរាស្រ្ត​គណបក្ស​សង្រ្គោះជាតិ​ណាមួយ​ចូលរូម​ នៅ​វិមាន​រដ្ឋសភា​ កាលពីថ្ងៃ​ចន្ទ​ ទី​៦ ​ខែ​ឧសភា​ ឆ្នាំ​២០១៦​។ ​(ឡេង ឡែន/VOA)

តំណាង​រាស្ត្រ​គណបក្ស​កាន់​អំណាច​ស្នើ​បង្កើត​មាត្រា​ថ្មី​ដើម្បី​បែង​ចែក​អាសនៈ​សភា​របស់​គណបក្ស​ដែល​ត្រូវ​រំលាយ​ចោល​ ​ប៉ុន្តែ​ក្រុម​អ្នក​ឃ្លាំ​មើល​នយោបាយ​យល់​ថា​ ​សំណើ​នេះ​នឹង​​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ការ​សម្រេច​ចិត្ត​របស់​ប្រជា​ពលរដ្ឋ​ម្ចាស់​ឆ្នោត។

ក្រុម​តំណាង​រាស្ត្រ​គណបក្ស​កាន់​អំណាច​របស់​លោក​ ​ហ៊ុន សែន​ ​បាន​បញ្ជូន​សេចក្តី​ស្នើ​សេច​ក្តី​ព្រាង​ច្បាប់​មួយ​ចំនួន​ទៅ​កាន់​រដ្ឋ​សភាជាតិ​ ​ដោយ​បង្កើត​ឱ្យ​មាន​មាត្រា​ថ្មី​បន្ថែម​ទៀត​ក្នុង​ការ​បែង​ចែក​អាសនៈ​របស់​គណ​បក្ស​មាន​សំឡេង​ក្នុង​រដ្ឋ​សភា​ ទៅ​ឲ្យ​គណបក្ស​ផ្សេងៗ​ទៀត​នៅ​ពេល​គណបក្ស​នោះ​ត្រូវ​បាន​រំលាយ​ចោល។ ក្រុម​អ្នក​ឃ្លាំមើល​ស្ថាន​ការណ៍​សង្គម​ ​និង​នយោបាយ​យល់​ថា​ ​សំណើ​វិសោធន​កម្ម​ច្បាប់​របស់​គណបក្ស​កាន់​អំណាច​នេះ​នឹង​ធ្វើឲ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ការ​សម្រេច​ចិត្ត​របស់​ប្រជា​ពលរដ្ឋ​ម្ចាស់​ឆ្នោត​ ​ជា​ពិសេស​នឹង​ធ្វើ​ឲ្យ​ស្ថានភាព​សង្គម​កម្ពុជា​ឈាន​ទៅ​រក​ការ​បែក​បាក់។

ស្រប​ពេល​ដែល​តុលាការ​កំពូល​កំពុង​ធ្វើ​ការ​លើ​បណ្តឹង​សុំ​រំលាយ​គណ​បក្ស​ជំទាស់​ ក្រុម​តំណាង​រាស្រ្ត​គណបក្ស​កាន់​អំណាច​បាន​ដាក់​សេចក្តី​ស្នើ​សេចក្តី​ព្រាង​វិសោធន​កម្ម​ច្បាប់​ចំនួន​បួន​ទៅ​កាន់​រដ្ឋ​សភា​ ដោយ​ស្នើ​ឲ្យ​មាន​ការ​បែងចែក​អាសនៈ​សភា​របស់​គណបក្ស​នយោបាយ​ទៅ​ឲ្យ​គណ​បក្ស​ផ្សេងៗ​ទៀត បើគណបក្ស​នោះ​ត្រូវ​រំលាយ ​ឬរលាយ។ នេះ​បើ​យោង​តាម​ការ​ឱ្យ​ដឹង​របស់​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ ​និង​អ្នក​នាំពាក្យ​រដ្ឋ​សភា​នៅ​ថ្ងៃ​អង្គារ។​

លោក​ ​អេង ឆៃអ៊ាង​ ​អនុ​ប្រធាន​គណបក្ស​ប្រឆាំង​ ដែល​កំពុង​ស្នាក់​នៅ​សហរដ្ឋ​អារិក​ បានបង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន​របស់​លោក​ដោយ​បង្ហាញ​នូវ​សេចក្តី​ស្នើ​សេចក្តី​ព្រាង​ច្បាប់​មួយ​ចំនួន​ដែល​មាន​ហត្ថលេខារបស់​លោក​ ​ប៉ែន បញ្ញា​ ​និង​លោក​ ​ជាម យៀប​ ​ជា​តំណាង​ក្រុម​តំណាង​រាស្រ្ត​គណបក្ស​ប្រជាជន​កម្ពុជា។​ ​លោក​បាន​សរសេរភ្ជាប់​ជា​មួយ​សេចក្តី​ស្នើ​សេចក្តី​ព្រាង​នោះ​ថា​ ​សេចក្តី​ស្នើ​សុំ​វិសោធន​កម្ម​ច្បាប់​ចំនួន​បួន​របស់​ក្រុម​តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ទៅ​ដល់​រដ្ឋ​សភា​ហើយ​ ហើយថា​ ​គណៈ​កម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​នឹង​ប្រជុំ​សម្រេច​ចាត់​នីតិវិធី​នៅ​ថ្ងៃ​ទី​១២​ ​ខែ​តុលា​ ​ឆ្នាំ​២០១៧ ​ដែល​ជា​ថ្ងៃ​សភា​បើក​បវេសម​កាល​របស់​ខ្លួន។​

រូបឯកសារ៖ លោក សុន ឆ័យ តំណាង​រាស្រ្ត​គណបក្ស​សង្គ្រោះជាតិបាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តី​ពី ស្ថានការណ៍​នយោបាយបច្ចុប្បន្ននៅ​កម្ពុជា នៅ​ទី​ស្នាក់ការគណបក្ស​សង្រ្គោះ​ជាតិ​ក្នុង​ទីក្រុង​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃទី​១២​ ខែកញ្ញា ឆ្នាំ២០១៧។ (កាន់ វិច្ឆិកា/VOA)
រូបឯកសារ៖ លោក សុន ឆ័យ តំណាង​រាស្រ្ត​គណបក្ស​សង្គ្រោះជាតិបាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តី​ពី ស្ថានការណ៍​នយោបាយបច្ចុប្បន្ននៅ​កម្ពុជា នៅ​ទី​ស្នាក់ការគណបក្ស​សង្រ្គោះ​ជាតិ​ក្នុង​ទីក្រុង​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃទី​១២​ ខែកញ្ញា ឆ្នាំ២០១៧។ (កាន់ វិច្ឆិកា/VOA)

អនុ​ប្រធាន​គណបក្ស​ជំទាស់​រូប​នេះ​ក៏​បាន​បញ្ជាក់​ក្នុង​សារ​ដែល​បង្ហោះ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​ ​ច្បាប់​ចំនួន​បួន​ដែល​ក្រុម​តំណាងរាស្រ្ត​គណបក្ស​កាន់​អំណាច​ស្នើ​ទៅ​រដ្ឋ​សភា​ដើម្បី​ធ្វើ​វិសោធនកម្ម​នោះ​មាន​ដូច​ជា​ ​ច្បាប់​ស្តីពី​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​ ​ច្បាប់​ស្តីពី​ការ​បោះឆ្នោត​ជ្រើសតាំង​ព្រឹទ្ធ​សភា​ ​ច្បាប់​ស្តីពី​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​រាជធានី​ ​ខេត្ត​ ​ក្រុង​ ​ស្រុក​ ​ខណ្ឌ​ ​និង​ច្បាប់​ស្តីពី​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ ។​

លោក​ ​អេង ឆៃអ៊ាង​ បាន​សរសេរ​បន្ថែម​ក្នុង​ន័យ​ដើម​ថា៖​

«ខ្លឹមសារ​នៃ​ការ​សុំ​ធ្វើ​វិសោធនកម្ម​ច្បាប់​ទាំង​បួន​នេះ​គឺ​យក​អាសនៈ​របស់​គណបក្ស​ដែល​ត្រូវ​រំលាយ​ដោយ​តុលាការ​ ​ទៅ​ចែក​ឲ្យ​គណបក្ស​ផ្សេងៗ​តាម​រូបមន្ត​សមាមាត្រ​ដែល​ចែង​ក្នុង​ច្បាប់​ទាំង​បួន​ខាង​លើ»។​

សេចក្តី​ស្នើ​សេចក្តី​ព្រាង​ធ្វើ​វិសោធន​កម្ម​នេះ​ ធ្វើ​ឡើង​ខណៈ​ដែល​ក្រសួង​មហាផ្ទៃ​បាន​ដាក់ពាក្យ​បណ្តឹង​ទៅ​តុលាការ​កំពូល​ ​សុំ​ឲ្យ​រំលាយ​គណបក្ស​សង្គ្រោះជាតិ​ដែល​ជា​គណបក្ស​មាន​សំឡេង​៥៥​ លើ​១២៣​ក្នុង​រដ្ឋសភា​ ​ដោយ​ចោទ​ថា​ ​គណបក្ស​នេះ​ឃុបឃិត​ជាមួយ​បរទេស​ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិបាល​របស់​លោក​ ​ហ៊ុន សែន។ ការ​ប៉ុនប៉ង​រំលាយ​គណបក្ស​ជំទាស់​ដ៏​ធំ​នៅ​កម្ពុជា​នេះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ ​ជា​ការ​ទាញ​ឱ្យ​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា​ធ្លាក់​ក្នុង​ភាព​ងងឹត។​

លោក​ ​ឡេង ប៉េងឡុង​ ​អ្នក​នាំពាក្យ​រដ្ឋ​សភា​ ​ប្រាប់​ ​VOA​ ​នា​រសៀល​ថ្ងៃ​អង្គារ​នេះ​ថា​ ​រដ្ឋ​សភា​បាន​ទទួល​សេចក្តី​ស្នើ​ច្បាប់​ទាំង​នោះ​ពី​ក្រុម​តំណាង​រាស្រ្ត​គណបក្ស​ប្រជាជន​កម្ពុជា​កាល​ពី​ថ្ងៃចន្ទ​ ​និង​កំពុង​ពិភាក្សា​ដើម្បី​ដាក់​ចូល​ទៅ​ក្នុង​ការ​ប្រជុំ​រដ្ឋសភា​នា​ថ្ងៃ​ទី​១២​ ​ខែ​តុលា​ខាង​មុខ។​ ​ទោះ​ជា​យ៉ាង​ណា​ ​លោក​មិន​បាន​បញ្ជាក់​លម្អិត​ពី​សំណេរ​នៃ​សេចក្តី​ស្នើ​ច្បាប់​ទាំង​នោះ​ទេ​ ​ដោយ​លោក​បាន​បង្វែរ​ឲ្យ​ VOA ​សួរ​លោក​ ​ប៉ែន បញ្ញា​ ​និង​លោក​ ​ជាម យៀប​ ​ដែល​ជា​អ្នក​ដាក់​សេចក្តី​ស្នើ​នោះ​វិញ។

លោក​ ឡេង ប៉េងឡុង មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ៖​

«យើង​ទទួល​បាន​សេចក្តី​ស្នើ​ច្បាប់​ទាំង​បួន​ហ្នឹង​ហើយ​ ​ហើយ​រៀបចំ​ដាក់​ប្រជុំ​អចិន្រ្តៃយ៍​ក្នុង​ពេល​ឆាប់ៗ​ហ្នឹង​ដែរ។​ ខ្ញុំ​គ្រាន់តែ​ធ្វើ​ការងារ​រដ្ឋបាល​ ​ឥឡូវ​សូម​សួរ​លោក​ ​ជាម យៀប​ ​ដែល​ជា​អ្នក​នយោបាយ​ ​និង​ជា​អ្នក​តំណាង​សេចក្តី​ស្នើ​សេចក្តី​ព្រាង​ច្បាប់​ហ្នឹង។​ គាត់​និយាយ​ច្បាស់​ជាង»។​

VOA ​ ​មិនអាច​ទាក់ទង​សុំ​ការ​អធិប្បាយ​ពី​លោក​ ​ប៉ែន បញ្ញា​ ​និង​លោក​ ​ជាម យៀប​ ​តំណាង​រាស្ត្រ​គណបក្ស​កាន់អំណាច​បាន​ទេ​ ​រហូត​ដល់​ល្ងាច​ថ្ងៃ​អង្គារ​នេះ។​

ទោះ​ជា​យ៉ាង​ណា​ ​លោក​ ​សុខ ឥសាន​ ​អ្នកនាំពាក្យ​ ​និង​ជា​តំណាង​រាស្រ្ត​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​ច្រាន​ចោល​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​សេចក្តី​ស្នើ​សេចក្តី​ព្រាង​ច្បាប់នេះ​ ដោយ​លោក​អះអាង​ថា ​ជា​រឿង​មិន​ពិត។​

លោក​ ម៉ៅ មុនីវណ្ណ​ ​តំណាង​រាស្រ្ត​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​ខេត្ត​ត្បូង​ឃ្មុំ​ ​មិន​ធ្វើ​អត្ថាធិប្បាយ​លម្អិត​អំពី​ការ​យល់​ឃើញ​លើ​សេចក្តី​ស្នើ​សេចក្តី​ព្រាង​នេះ​ទេ​ ​ដោយ​លោក​គ្រាន់​តែ​បញ្ជាក់​ថា៖​

«បើសិនជា​យើង​វិភាគ​ផ្លូវច្បាប់​ ​ធម្មតា​ច្បាប់​ធ្វើ​ថ្ងៃ​ហ្នឹង​គេ​សម្រាប់​អនុវត្ត​ពី​ថ្ងៃ​ហ្នឹង​ទៅ​ថ្ងៃមុខ​ ​វាអត់​ធាក់​ថយ​ក្រោយ​ទេ។​ ​ប៉ុន្តែ​ធម្មតា​ក្នុង​ព្រះ​រាជាណាចក្រ​កម្ពុជា​របស់​យើង​ ​ធ្វើ​អី​ក៏​អាច​ធ្វើ​បាន​ដែរ​ ​ព្រោះ​វាជា​អាណាចក្រ​អច្ឆរិយៈ ​ធ្វើអី​ក៏​អច្ឆរិយៈដែរ»។​

ក្រុម​អ្នក​ឃ្លាំមើល​ស្ថាន​ការណ៍​សង្គម​ ​និង​នយោបាយ​យល់​ថា​ ​សំណើ​វិសោធនកម្ម​ច្បាប់​ដែល​ធ្វើ​ឡើង​ដោយ​គណបក្ស​កាន់អំណាច​ ​ដើម្បី​បែងចែក​អាសនៈ​របស់​គណបក្ស​ដែល​ត្រូវ​រំលាយ​ចោល ហើយ​យក​ទៅ​ឲ្យ​គណបក្ស​ផ្សេងៗ​ទៀត​នោះ​ ​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ការ​សម្រេច​ចិត្ត​របស់​ប្រជា​ពលរដ្ឋ​ម្ចាស់​ឆ្នោត​ ​ជា​ពិសេស​នឹង​ធ្វើ​ឲ្យ​ស្ថានភាព​សង្គម​កម្ពុជា​ឈាន​ទៅ​រក​ការ​បែកបាក់។

លោក​ ​ឯម សុវណ្ណារ៉ា​ ​អ្នក​វិភាគ​ ​និង​ជា​អ្នក​ឃ្លាំ​មើល​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា​ ​លើក​ឡើង​ថា ​សំឡេង​របស់​គណបក្ស​ប្រឆាំងទទួល​បាន​ការ​គាំទ្រ​ពី​ប្រជា​ពលរដ្ឋ​ទូទាំង​ប្រទេសប្រមាណ​៤៥​ភាគរយ​ ​ដូច្នេះ​លោក​ថា​ ​ប្រសិន​បើ​ដំណើរការ​នៃ​ការ​ធ្វើ​សេចក្តី​ព្រាង​ច្បាប់​នេះ​សម្រេច​ទៅ​មុខ​ នោះ​កម្ពុជា​នឹង​រង​វិបត្តិ​ផ្នែក​សេដ្ឋកិច្ច​ ​និង​នយោបាយ​យ៉ាង​ធ្ងន់ធ្ងរ​នា​ពេល​ខាង​មុខ។​

លោក​ ​ឯម សុវណ្ណារ៉ា​ ​បញ្ជាក់​ថា៖​

«ការ​ព្រាង​នេះ​ទៀត​សោត​ ​វា​មិនឆ្លើយ​តប​ទៅ​នឹង​ការ​ចង់​បាន​របស់​មតិ​ពលរដ្ឋ​ដែល​គាំទ្រ​គណ​បក្ស​ប្រឆាំង​ ​និង​មតិ​អន្តរជាតិ​ដែល​គាំទ្រ​គណបក្ស​ក្រៅ​រដ្ឋាភិបាល​ហ្នឹង​ទេ។​ ​ខ្ញុំគិត​ថា ​នេះ​ជា​ចំណុច​មួយ​ដែល​ធ្វើ​ឲ្យ​បញ្ហា​ប្រឈម​ទៅ​ថ្ងៃ​ខាង​មុខ​ ​កម្ពុជា​អាច​ប្រឈម​នឹង​ភាព​មិន​បាន​ទទួល​ការ​គាំទ្រ​ពី​សហគមន៍​អន្តរ​ជាតិ​ទេ​ ​ហើយ​អីចឹង បញ្ហា​នេះ​កម្ពុជា​នឹង​រង​ផល​ប៉ះពាល់លើ​វិស័យសេដ្ឋកិច្ច​ និង​ស្ថិរនយោបាយ​ហើយ​ ​ហើយ​វា​អាច​ជួប​នឹង​វិបត្តិ​នៅ​ថ្ងៃ​អនាគត»។​

លោក​ ​ឯម សុវណ្ណារ៉ា​ ​បន្ថែម​ថា​ ​រដ្ឋាភិបាល​គួរតែ​ធ្វើការ​ស្នើ​កែប្រែ​ច្បាប់​ណា​មួយ​ដោយ​មាន​ការ​ចូល​រួម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​ ​ពិសេស​ពី​តំណាង​គណបក្ស​នយោបាយ​ ​និង​សង្គម​ស៊ីវិល​ ​ដើម្បី​ធានា​ថា​ ច្បាប់​នោះ​បង្កើត​ឡើង​ដោយ​មាន​តម្លា​ភាព​ ​និង​ផ្តល់​ប្រយោជន៍​ឲ្យ​សង្គម​ជា​រួម។​

រូបឯកសារ៖ តំណាងរាស្ត្រ​ចូល​រួម​កិច្ច​ប្រជុំ​នៅ​វិមាន​សភា​ជាតិ​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​ធ្នូ ឆ្នាំ​២០១៦។
រូបឯកសារ៖ តំណាងរាស្ត្រ​ចូល​រួម​កិច្ច​ប្រជុំ​នៅ​វិមាន​សភា​ជាតិ​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​ធ្នូ ឆ្នាំ​២០១៦។

ចំណែក​លោក​ ​សំ គន្ធាមី​ នាយក​ប្រតិបត្តិ​គណៈ​កម្មាធិការ​អព្យាក្រឹត្យ​ និង​យុត្តិធម៌​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី​ ​និង​ត្រឹមត្រូវ​នៅ​កម្ពុជា​ ហៅ​កាត់​ថា​ និកហ្វិច​ ​យល់ថា ​ ​ការ​បែង​ចែង​អាសនៈ​របស់​គណបក្ស​ណា​មួយ​ទៅ​គណបក្ស​ផ្សេង​ គឺ​ជា​ការ​បែងចែក​ដែល​ខុស​ពី​គោល​ការណ៍​ច្បាប់​ ​និង​ខុស​ពី​ឆន្ទៈ​របស់​ប្រជា​ពលរដ្ឋ​ដែល​ជា​ម្ចាស់​ឆ្នោត។​

លោក​ ​សំ គន្ធាមី​ ​បញ្ជាក់​ថា៖​

«យើង​យក​អាសនៈ​គេ​ទៅ​បែង​ចែក​ឲ្យ​គណបក្ស​ផ្សេង ​សម្លឹង​មើល​ថា​ ​វាខុស​ពី​ឆន្ទៈ​អ្នក​បោះឆ្នោត​ ​អ្នក​គាំ​ទ្រ​ហើយ​ ព្រោះអី​ធម្មតា​អ្នក​បោះឆ្នោត​គាត់​ពេញ​ចិត្ត​គណបក្ស​ហ្នឹង​បាន​គាត់​បោះ​ឆ្នោត​ឲ្យ​ ​ហើយ​ដល់​អីចឹង​យើង​យក​សន្លឹក​ឆ្នោត​ឲ្យ​គណបក្ស​ផ្សេង​ទៀត​ វា​ខុស​ឆន្ទៈ​អ្នក​បោះឆ្នោត»។​

ចាប់​តាំង​ពី​ខែ​កុម្ភៈ​ ​ឆ្នាំ​២០១៧​មក​ ក្រុម​តំណាង​រាស្ត្រ​គណបក្ស​កាន់​អំណាច​បាន​ស្នើ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ចំនួន​ពីរ​លើក​ ​ទៅ​តាម​ការ​បញ្ជា​របស់​លោក​នាយក​រដ្ឋ​មន្រ្តី​ ​ហ៊ុន សែន។

វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​លើក​ទី​មួយ​ ​កាល​ពី​ខែ​កុម្ភៈ​កន្លង​ទៅ​ ​បាន​កំណត់​ថា​ ​មេ​ដឹកនាំ​គណបក្ស​នយោបាយ​ត្រូវ​តែ​ជា​ជន​គ្មាន​ទោស​ពៃរ៍។​ វិសោធន​កម្ម​នា​ពេល​នោះ​ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ​រចនា​សម្ព័ន្ធ​ដឹក​នាំ​របស់​គណបក្ស​ប្រឆាំង​ និង​បង្ខំ​ឲ្យ​លោក​ ​សម រង្ស៊ី​ ​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​ ​លាលែង​ពី​តំណែង​ជា​ប្រធាន​គណបក្ស​មួយ​នេះ។

វិសោធនកម្ម​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​លើក​ទី​២​ ​ដែល​បាន​ស្នើ​កាលពី​ដើម​ខែ​កក្កដា​កន្លង​ទៅ​នេះ ​បាន​កំណត់​ថា​ ​គ្រប់​គណបក្ស​នយោបាយ​ទាំង​អស់​នឹង​ត្រូវ​រំលាយ​ចោល​ ​ប្រសិន​បើ​មាន​ទំនាក់​ទំនង​ជាមួយ​បុគ្គល​ដែល​ជាប់​ពាក់​ព័ន្ធ​នឹង​បទ​ល្មើស​មជ្ឈិម​ ​ឬ​បទ​ឧក្រិដ្ឋ​ណា​មួយ។​ ​វិសោធន​កម្ម​លើកទី​ពីរ​នេះ​កំពុង​ធ្វើ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​ប្រឈម​នឹង​ការ​រំលាយ បន្ទាប់​ពី​ប្រ​ធាន​គណបក្ស​ប្រឆាំង​គឺ​លោក​ ​កឹម សុខា​ ​ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ និង​ឃុំ​ខ្លួន​នៅ​ពន្ធនា​គារ ​ពាក់​ព័ន្ធ​នឹង​ការចោទ​ពី​បទ​ក្បត់​ជាតិ។

នារសៀល​ថ្ងៃអង្គារ​នេះ​ ក្រុមតំណាង​រាស្រ្ត​គណបក្ស​សង្គ្រោះជាតិ​ក៏​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​ប្រកាស​ថា តំណាង​រាស្រ្ត​ចំនួន​២៤​រូប​ដែល​កំពុង​ស្ថិត​នៅ​ក្នុង​ប្រទេស​កម្ពុជា នឹង​មិន​ចូល​រួម​ប្រជុំ​ក្នុង​សម័យ​ប្រជុំ​រដ្ឋសភា​លើកទី​៩ នីតិកាល​ទី៥ នៅ​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០១៧​នោះទេ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG