ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ហ៊ុន សែន​បញ្ជា​ឱ្យ​កង​កម្លាំង​ប្រដាប់​អាវុធ​បង្ក្រាប​រាល់​ការ​ប៉ុនប៉ង​បំផ្លាញ​និង​ផ្តួល​រដ្ឋា​ភិបាល​របស់​លោក


រូបឯកសារ៖ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​សុន្ទរកថា ក្នុង​វេទិកា​សភា​អាស៊ី-ប៉ាស៊ីហ្វិក​លើក​ទី​២៧​ ​ដែល​ធ្វើ​ឡើង​ក្នុង​ក្រុង​អង្គរ​ខេត្ត​សៀមរាប​កាល​ពី​ថ្ងៃទី ១៥ ខែ មករា ឆ្នាំ២០១៩។ (រូបថត​ពី​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក ហ៊ុន សែន)
រូបឯកសារ៖ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​សុន្ទរកថា ក្នុង​វេទិកា​សភា​អាស៊ី-ប៉ាស៊ីហ្វិក​លើក​ទី​២៧​ ​ដែល​ធ្វើ​ឡើង​ក្នុង​ក្រុង​អង្គរ​ខេត្ត​សៀមរាប​កាល​ពី​ថ្ងៃទី ១៥ ខែ មករា ឆ្នាំ២០១៩។ (រូបថត​ពី​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក ហ៊ុន សែន)

លោក ហ៊ុន សែន​បញ្ជា​ឲ្យ​កង​កម្លាំង​ទាំងអស់​បង្ក្រាប​ផែនការ​គ្រប់​រូប​ភាព​ដែល​មាន​បំណង​បំផ្លាញ​រដ្ឋ​ ​ដោយ​មិន​ចាំបាច់​មាន​បទ​បញ្ជា។​ ​អ្នកវិភាគ​យល់ថា​ ​ការ​បញ្ជា​របស់​លោក​នាយក​រដ្ឋមន្រ្តី​ ​បង្ហាញ​ពី​ការ​ដឹកនាំ​កងទ័ព​ដោយ​ភាព​មិន​ត្រឹមត្រូវ​ ​និង​អាច​ធ្វើ​ឲ្យ​មាន​ភាព​វឹកវរ​ក្នុង​ប្រទេស។

លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន​ ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ​ប្រកាស​ជា​ថ្មី​ដោយ​បញ្ជា​ឲ្យ​កង​កម្លាំង​ប្រដាប់​អាវុធ​ទាំងអស់​ ​ចេញ​បង្ក្រាប​នូវ​ផែនការ​គ្រប់​រូបភាព​ ​ដែល​មាន​បំណង​បំផ្លាញ​រដ្ឋាភិបាល​របស់​លោក ​ដោយ​មិន​ចាំបាច់​មាន​បទ​បញ្ជា។​

លោក​ ហ៊ុន សែនថ្លែង​បែបនេះនៅ​ចំពោះ​មុខ​កងទ័ព​រាប់ពាន់​នាក់ក្នុង​ពិធី​អបអរ​សាទរ​ខួប​២០​ឆ្នាំ​នៃ​ការ​បង្កើត​បញ្ជា​ការដ្ឋាន​កងទ័ព​ជើងគោក​នៃ​កង​យោធពល​ខេមរ​ភូមិន្ទ​នៅ​ថ្ងៃទី​២៤ ខែ​មករា​ ឆ្នាំ​២០១៩។​ ​លោក​លើក​ឡើង​ថា​ ​កងទ័ព​ត្រូវ​មាន​អព្យាក្រឹត្យ​ចំពោះ​គណបក្ស​នយោបាយ​ ​ប៉ុន្តែចាំ​បាច់​ត្រូវ​ការពារ​រដ្ឋាភិបាល។​

លោក​បញ្ជាក់​ថា៖​

«ខ្ញុំ​យល់​ស្រប​ទៅ​លើ​បញ្ហា​អព្យាក្រឹ​តូប​នីយកម្ម​កម្លាំង​ប្រដាប់​អាវុធ​ ​និង​រដ្ឋបាល​ស៊ីវិល​ ​តែ​រវាង​បក្ស​នយោ​បាយ​ ​និង​បក្ស​នយោបាយ​តែ​ប៉ុណ្ណោះ​ ​ក៏​ប៉ុន្តែ​រវាង​បក្ស​នយោបាយ​ជាមួយរដ្ឋគឺ​គ្មាន​ទេពាក្យ​អព្យា​ក្រឹត្យ​ ​មាន​តែ​វាយ​កម្ទេច​ចោល​ប៉ុណ្ណោះ។​ ​នេះ​សូម​បញ្ជាក់​ដោយ​ភាព​ម៉ឺងម៉ាត់»។​

លោក​នាយក​រដ្ឋមន្រ្តី​ ដែល​កាន់​អំណាច​ជាង​៣៤​ឆ្នាំ ​បានប្រកាស​បញ្ជា​ទៅ​កងទ័ព​ថា ​បើ​ឃើញ​មាន​ផែនការ​ណាមួយ​ដែល​មាន​បំណង​បំផ្លាញ​រដ្ឋ​ត្រូវ​ចេញ​បង្ក្រាប​ឲ្យ​បាន​ទាន់​ពេល​វេលា​ដោយ​មិន​ចាំ​បាច់​មាន​បទ​បញ្ជា។​

លោក​បញ្ជា​ថា៖​

«ជាមួយ​នឹង​អ្វី​ដែល​កើត​ឡើង​ ​កុំ​ចាំបាច់​រង់ចាំ​បទ​បញ្ជា។​ ​បើ​ឃើញ​ថា​ ​វា​ផ្ទុយ​នឹង​ច្បាប់​ ​ផ្ទុយ​នឹង​រដ្ឋ​ធម្មនុញ្ញ​ ​មាន​គោលដៅ​បំផ្លាញ​រដ្ឋ ​ផ្តួល​រដ្ឋ​ ​ដែល​វា​មិន​ស្រប​ទៅ​តាម​ច្បាប់​ ទៅ​តាម​រដ្ឋ​ធម្មនុញ្ញ​ ​ក្រោមបាវចនា​ជាតិ​ ​ជាតិ​ ​សាសនា​ ​ព្រះ​មហា​ក្សត្រ​ ​កម្លាំង​ប្រដាប់​អាវុធ​គ្រប់​ប្រភេទត្រូវ​ចេញ​ធ្វើ​សកម្ម​ភាព​បង្ក្រាប​ឲ្យ​ទាន់​ពេល​វេលា។​ ​ស្លាប់​មនុស្ស​បួនប្រាំ​នាក់​ប្រសើរ​ជាង​ស្លាប់​មនុស្ស​រាប់​ម៉ឺន​ ​រាប់​សែន​ ​រាប់​លាន​ ​ដូច​រយៈពេល​កន្លង​ទៅ»។​

ខណៈ​កម្មវិធី​ខួប​២០​ឆ្នាំ​នៃ​ការ​បង្កើត​បញ្ជា​ការដ្ឋាន​កងទ័ព​ជើងគោកនៃ​កង​យោធ​ពល​ខេមរភូមិន្ទ​កំពុង​ដំណើរការ​ទៅ​ ​គេ​ឃើញ​មាន​ការ​ស្រែក​ជូនពរ​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន​ឲ្យ​មាន​សុខ​ភាព​ល្អ ជាច្រើន​ដង​ ​ខណៈ​លោក​កំពុង​ឈរ​លើ​រថយន្ត​បើក​ជា​ច្រើន​ជុំជុំវិញ​កងទ័ព​ដែលកំពុង​ឈរ​ទទួល​លោក​ដោយ​មាន​កូន​ប្រុស​ច្បង​របស់​លោក​គឺ​លោក ហ៊ុន ម៉ាណែត​ឈរ​ក្នុង​រថយន្ត​ផ្សេង​មួយ​ទៀត​អម​ពី​ក្រោយ​លោក។​

ការ​ថ្លែង​បញ្ជា​ជា​ថ្មី​ទៀត​របស់​លោកហ៊ុន សែននេះ​ធ្វើ​ឡើង​បន្ទាប់ពី​ក្រុម​មន្រ្តី​គណ​បក្ស​សង្គ្រោះ​ជាតិ​មួយ​ចំនួន​ ​ដែល​កំពុង​ស្ថិត​នៅ​ក្រៅ​ប្រទេស​ បាន​ប្រកាស​កាល​ពី​សប្តាហ៍​មុន​ថា​ ​នឹង​រៀបចំ​កម្លាំង​ត្រៀមទទួល​លោក សម រង្ស៊ី​ មេដឹកនាំ​គណ​បក្ស​ប្រឆាំង​មួយ​រូប​ដែល​កំពុង​ស្ថិត​នៅ​ក្រៅ​ប្រទេស​ ​ចូល​មក​កម្ពុជា​វិញ​ឆាប់ៗ។​

លោក មាស នី​ ​អ្នកសិក្សា​ពី​ការ​វិវត្ត​សង្គមនិង​ជា​អ្នក​វិភាគ​នយោបាយ​ឯករាជ្យ​ប្រាប់​ ​VOA​ ​ថា​ ​កម្ពុជា​ជា​ប្រទេស​មាន​ច្បាប់​សម្រាប់​អនុវត្ត​ ​ដូច្នេះ​លោក​ថា​ ​ការ​បញ្ជា​របស់​លោក​នាយក​រដ្ឋមន្រ្តីបង្ហាញ​ពី​ការ​ដឹកនាំ​កងទ័ព​ដោយ​ភាព​មិន​ត្រឹម​ត្រូវ។​ ​លោក​បន្ត​ថា​ ​កងទ័ព​មាន​តួនាទី​ការពារ​ជាតិ​ ​មិនមែន​បង្ក្រាប​ប្រជា​ពលរដ្ឋ​របស់​ខ្លួន​នោះ​ទេ​ ​ហើយ​ថា​ ​ការ​ប្រាប់​ឲ្យ​កងទ័ព​បង្ក្រាប​សកម្មភាព​ណាមួយ​ដោយ​មិន​ចាំបាច់​មាន​បទ​បញ្ជា​ ​នឹង​អាចធ្វើ​ឲ្យ​កម្ពុជា​ប្រឈម​នូវ​ភាព​វឹកវរ។​

លោក​មាន​ប្រសាសន៍​ថា៖​

«បើ​ជំនាន់​ប៉ុលពត​គេប្រើ​ភាសា​ហ្នឹងថា​ ​សម្លាប់​សិន​ទៅ​ ​ចាំ​រាយការណ៍​មក​តាម​ក្រោយ។​ ​អ៊ីចឹងអា​កន្លែង​ត្រង់​ហ្នឹង​ ​ខ្ញុំ​គិត​ថា ​រាង​ហាក់​ដូច​ជ្រុល​បន្តិច​ក្នុង​ការ​បណ្តោយ​ ​បើក​ដៃ​ឲ្យ​កងទ័ព​ធ្វើ​បែប​ហ្នឹង។​ អ៊ីចឹងបើសិនណា​ជា ​ឧទាហរណ៍​ថា​ មានកងទ័ព​ហ្នឹង​គាត់​ខឹង​អ្នកណា​មួយ។​ ​គាត់​ខឹង​ពលរដ្ឋ​ណា​មួយ។ ​គាត់​បាញ់​គេសម្លាប់​ចោល​ទៅ​ ​រួច​ហើយ​បាន​រាយ​ការណ៍​មក​ប្រាប់​នាយក​រដ្ឋមន្រ្តី​ថា​ ​អ្នក​ហ្នឹង​ឯង​បាន​ប្រឆាំង​ ​បាន​តវ៉ា។​ ​អ៊ីចឹងអា​អំពើ​ទាំងអស់​ហ្នឹង​វា​នឹង​ទៅ​ជា​ប្រទេសមិន​គោរព​ច្បាប់​ហើយ»។​

លោក មាស នី​ ​បន្ថែម​ថា​ ​រដ្ឋាភិបាល​គួរ​ព្យាយាម​ប្រើ​ការ​កែ​ទម្រង់​ផ្ទៃក្នុង​រដ្ឋាភិបាល​ឲ្យ​មាន​ភាព​ប្រ​សើរ​ឡើង​ជាជាង​ការ​គំរាម​ ​ឬ​ព្រមាន​ប្រជា​ពលរដ្ឋ​ខ្លួន​ឲ្យ​មាន​ការ​ភ័យ​ខ្លាច។​

លោក​បញ្ជាក់​ថា៖​

«អ្វី​ដែល​ជា​ការ​ស្តែង​ចេញ​ ឬ​ក៏​ការព្រមាន​ជា​បន្ត​បន្ទាប់​របស់​រដ្ឋាភិបាល​ហ្នឹង​ ​វា​សុទ្ធ​តែ​ជា​ការ​ព្រមាន​ដើម្បី​គ្រប់គ្រង​ កុំ​ឲ្យ​មាន​ការ​តវ៉ា​ថែម​ទៀត។​ ​ក៏​ប៉ុន្តែ​សម្រាប់​ខ្ញុំ ​ខ្ញុំ​គ្រាន់តែ​យល់​ថា​ ​បើ​មាន​តែ​ការ​ព្រមាន ​និង​ការ​គំរាម​ ​ប៉ុន្តែ​មិន​មាន​ការ​កែ​ទម្រង់​ខាង​ក្នុង​ឲ្យ​បាន​ស៊ីជម្រៅ​ទេ​នោះ ​ ​ខ្ញុំ​គិត​ថា​ ​រដ្ឋាភិបាល​នឹង​ត្រូវ​ប្រើ​កំហឹង​ហ្នឹង​រហូត​ ​ទាល់​តែ​ដល់​ពេល​ថ្ងៃ​ណា​លែង​និយាយ​គ្នា​ត្រូវ។​ ​អាហ្នឹង​វា​កើត​រឿង​អីផ្សេង»។​

ចាប់​តាំង​ពី​ក្រោយ​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​២០១៣​មក​ ​ពោល​គឺ​នៅ​ពេល​ដែល​គណ​បក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​ប្រជា​ពលរដ្ឋ​បោះ​ឆ្នោត​គាំទ្រ​ជាង​៤០​ភាគរយ​នៅ​ទូទាំង​ប្រទេស​ ​ ​គេ​សង្កេត​ឃើញ​មេ​បញ្ជា​ការ​កង​ទ័ព​ជា​ច្រើន​រូប​បាន​ចេញ​មុខ​ស្បថ​ស្បែ​ការពារ​លោក​នាយក​រដ្ឋ​មន្ត្រី​ ​ហ៊ុន សែន​ ​និង​ក្រុម​គ្រួសារ​របស់​លោក ​ជា​បន្ត​បន្ទាប់។

នៅ​មុន​ការ​បោះឆ្នោត​ឆ្នាំ​២០១៨​ ​មេទ័ព​មួយ​ចំនួន​បាន​អំពាវនាវ​ឲ្យ​កងទ័ព​បោះ​ឆ្នោត​ឲ្យ​គណបក្ស​ប្រជា​ជន​កម្ពុជា​ ​និង​មេទ័ព​មួយ​ចំនួនបាន​ប្រកាស​គាំទ្រ​សាល​ដីកាដែល​តុលាការ​កំពូលរំលាយ​គណ​បក្ស​សង្គ្រោះ​ជាតិ​ ​កាល​ពី​ពាក់​កណ្តាល​ខែ​វិច្ឆិកា​ឆ្នាំ​២០១៧​ផង​ដែរ។

ក្រោយ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ ក្រោយការ​ចាប់​ប្រធាន​គណ​បក្ស​នេះគឺ​លោកកឹម សុខាដាក់​ពន្ធ​នាគារ​ ​និង​ការ​ព្យួរ​សិទ្ធិ​នយោបាយ​របស់​មន្រ្តី​ជាន់ខ្ពស់​គណ​បក្ស​នេះ​ចំនួន​១១៨​រូបរយៈពេល​៥​ឆ្នាំ ព្រម​ទាំង​ការ​បង្ក្រាប​លើ​សង្គម​ស៊ីវិល​ ​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​មួយ​ចំនួន​ផង​នោះ​ ​គេ​ឃើញ​រដ្ឋា​ភិបាល​ប្រទេស​កាន់​លទ្ធិ​ប្រជា​ធិបតេយ្យ​ធំៗ​មួយ​ចំនួន​បាន​រិះគន់​ថា​ ​រដ្ឋាភិ​បាល​របស់​លោក​នាយក​រដ្ឋ​មន្រ្តី​ ​ហ៊ុន សែន​កំពុង​ធ្វើ​ឲ្យ​ខូច​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា។​ ​សហ​រដ្ឋ​អាមេរិក​ ​និង​សហ​ភាព​អឺរ៉ុប​បាន​ព្រមាន​ចាត់​វិធានការ​ផ្សេងៗ​លើ​រដ្ឋាភិបាល​កម្ពុជា​ ​ប្រសិន​បើ​ស្ថាន​ភាព​សិទ្ធិ​មនុស្ស​ ​និង​នយោបាយ​នៅ​កម្ពុជា​មិន​បាន​ប្រសើរឡើង​នៅ​មុន​ដំណាច់​ឆ្នាំ​២០១៩​ទេ​នោះ។​

យ៉ាង​ណា​ក្តី​ទាំង​លោក​នាយក​រដ្ឋមន្រ្តីហ៊ុន សែន​ ​និង​មន្រ្តី​ជាន់ខ្ពស់​រដ្ឋាភិបាល​របស់​លោក​បាន​អះ​អាង​ថា​ ​ការ​បង្ក្រាប​ទាំង​នោះ​ធ្វើឡើង​ទៅ​តាម​ច្បាប់​ស្របតាម​ប្រទេស​នីតិរដ្ឋ​ប៉ុណ្ណោះ៕

XS
SM
MD
LG